អ្នកច្បាប់និងមន្រ្តីសង្គមស៊ីវិល ថាប្រព័ន្ធយុត្តិធម៌កម្ពុជានៅមានភាពទន់ខ្សោយ និងមិនទាន់ជាទីទុកចិត្ត ទើបធ្វើឲ្យអ្នកវិនិយោគពឹងអ្នកមានអំណាច ឲ្យជួយអន្តរាគមន៍ ពេលមានវិវាទពាណិជ្ជកម្ម ដែលឡើងដល់តុលាការ។ ពួកគាត់យល់ថា ស្ថានភាពបែបនេះ មិនអំណោយផលល្អសម្រាប់ការទាក់ទាញវិនិយោគិននោះទេ។ ដូច្នេះ ពួកគាត់ស្នើឲ្យកម្ពុជា បង្កើតតុលាការពាណិជ្ជកម្មឯករាជ្យមួយ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកច្បាប់ថា រូបភាពនៃការដោះស្រាយវិវាទពាណិជ្ជកម្ម តាមប្រព័ន្ធតុលាការព្រហ្មទណ្ឌ រហូតឈានដល់ភាគីទាំងសងខាង ចាប់ផ្តើមយកបណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយដើម្បីចោទប្រកាន់គ្នា បរិហារស្ថាប័នតុលាការ និងចុងក្រោយដង្ហោយរកអន្តរាគមន៍ពីអ្នកមានអំណាចនៃស្ថាប័ននីតិប្រតិបត្តិឲ្យជួយនោះ គឺមិនមែនជារឿងអ្វីថ្មី ដែលគួរឲ្យភ្ញាក់ផ្អើលនោះឡើយ។ ប៉ុន្តែ ជារឿងគួរឲ្យព្រួយបារម្ភអំពីប្រព័ន្ធយុត្តិធម៌ ដែលធ្វើឲ្យអ្នកវិនិយោគមិនទុកចិត្ត។
មេធាវីនៃការិយាល័យមេធាវី អ&អិល (R&L) លោក សេក សោភ័ណ ថាវាជារឿងអកុសល និងគួរឲ្យសោកស្ដាយ ដែលសង្គមរបស់យើងបែរជាឲ្យតម្លៃទៅលើអ្នកមានអំណាច ក្នុងការរកយុត្តិធម៌ជូនពួកគាត់ទៅវិញ៖ «ខាងតៃវ៉ាន់នោះគាត់ក៏ប្រើហ្វេសប៊ុកហ្នឹងអំពាវនាវឲ្យនាយករដ្ឋមន្រ្តីឲ្យជួយឲ្យអីចឹងទៅ ! អ៊ីចឹងហាក់ដូចជាគាត់មិនជឿលើអំណាចតុលាការទេ។ គាត់ទៅជឿលើនាយករដ្ឋមន្រ្តីជាអ្នកឲ្យយុត្តិធម៌ទៅវិញ។ វាបញ្ច្រាសនឹងច្បាប់របស់ស្រុកខ្មែរ ព្រោះច្បាប់របស់ស្រុកខ្មែរសម្តេចនាយករដ្ឋមន្រ្តី លោកជាអង្គការនីតិប្រតិបត្តិទេ គាត់មិនមែនជាអ្នកឲ្យយុត្តិធម៌ទេ។ កន្លែងរកយុត្តិធម៌គឺនៅតុលាការទេ» ។
លោកថា ការរកអន្តរាគមន៍ពីអ្នកមានអំណាចនេះ បានកា្លយជាទម្លាប់ និងមានកើតឡើងជាច្រើនករណីពាក់ព័ន្ធភាពអយុត្តិធម៌សង្គម ដូចជាអ្នកមានរឿងដីធ្លី នាំគ្នាទៅផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬទៅមុខក្រសួងយុត្តិធម៌ ឬក្រសួងមហាផ្ទៃ ដើម្បីរកអន្តរាគមន៍ជាដើមនោះ។
ប្រតិកម្មរបស់អ្នកច្បាប់រូបនេះ ធ្វើឡើងស្របទៅនឹងជម្លោះពាណិជ្ជកម្មដ៏រ៉ាំរ៉ៃ រវាងអ្នកជំនួញពីរនាក់ ម្នាក់ជាជនជាតិតៃវ៉ាន់ និងម្នាក់ទៀតជាឧកញ៉ាខ្មែរដ៏មានឥទ្ធិពល ដែលជាមន្រ្តីមានអំណាចនៅក្រសួងមហាផ្ទៃពាក់ផ្កាយ ៣ ផងគឺលោកឌួង ងៀប រឿងបោកបន្លំ ដោយសារលោកចេញសែកអត់លុយឲ្យភាគីចិនតៃវ៉ាន់ ដែលបានផ្ទុះកក្រើកតាមបណ្តាញសង្គម ក្រោយលោក ឌួង ងៀប បានអះអាងថាលោកបានសូកតុលាការរហូតខ្សោះអស់លុយពីខ្លួន ដើម្បីទប់ តុលាការកុំឲ្យឃុំខ្លួនលោក និងទម្លាក់ចោលបទចោទប្រកាន់ទៅលើរូបលោក។
លោក ឌួង ងៀប តាមរយៈសារក្នុងវីដេអូជិត ៣០ នាទី លើកដៃសំពះសុំឲ្យលោក ហ៊ុន សែន ជួយលោក៖ «សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំបាទ ដោយសូមស្នើសម្តេចទាំងពីរមេត្តាជួយសុំអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលចុះធ្វើអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់ខ្ញុំបាទនៅតុលាការរាជធានីភ្នំពេញ»។
លោក ឌួង ងៀប អះអាងថា លោកជាជនរងគ្រោះក្នុងរឿងក្តីនេះ និងអះអាងទៀតថា លោកមិនដែលបោកប្រាស់នរណានោះទេ។ ប៉ុន្តែបើតាមសារតាមវីដេអូរបស់ជនជាតិតៃវ៉ាន់ ដែលជាដៃគូពាណិជ្ជកម្មជាមួយលោក ឌួង ងៀប និងដែលថា លោក ឌួង ងៀប ចេញសែកអត់លុយឲ្យនោះ អះអាងថាលោកឯណោះទៅវិញទេ ដែលជាជនរងគ្រោះពិតប្រាកដ ព្រោះលោកថាលោក ឌួង ងៀប បោកប្រាស់អស់ប្រាក់ជាង ១០ លានដុល្លារ។ លោក វ័ង ស៊ែវស៊ាន តាមវីដេអូដែលបង្ហោះតាមហ្វេសប៊ុកដែរ បានលុតជង្គង់សម្ពះ និងស្រែកយំអង្វរឲ្យអ្នកមានអំណាច ជួយរកយុត្តិធម៌ឲ្យលោកដែរ៖ «លោកវ័ងបានសំណូមពរ ទៅសម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ជាទីគោរពដ៏ខ្ពស់ខ្ពស់ ជួយផ្ដល់យុត្តិធម៌ឲ្យគាត់»។
ជាទូទៅរឿងក្ដីនៃវិវាទពាណិជ្ជកម្មបែបនេះ នៅប្រទេសជាច្រើន រួមទាំងប្រទេសសមាជិកអាស៊ាន ដូចជាសិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) និងថៃ (Thailand) ផង គេតែងតែដោះស្រាយវា ក្នុងប្រព័ន្ធតុលាការពាណិជ្ជកម្មមួយ ដែលមានយន្តការពិសេសសម្រាប់ដោះស្រាយតែរឿងនេះ។ តុលាការពាណិជ្ជកម្មនេះ ជាស្ថាប័នឯករាជ្យ និងប្រមូលផ្តុំដោយអ្នកជំនាញផ្នែកច្បាប់ពាណិជ្ជកម្ម និងធុរកិច្ច។ ប៉ុន្តែនៅកម្ពុជា មិនទាន់មានតុលាការបែបនេះនៅឡើយទេ។
ការណ៍ដែលមិនមានតុលាការពាណិជ្ជកម្ម ហើយយកតុលាការព្រហ្មទណ្ឌ មកដោះស្រាយវិវាទពាណិជ្ជកម្មបែបនេះ អ្នកច្បាប់មួយរូបទៀត ថាវាជារឿងស្មុគស្មាញ និងពិបាករកយុត្តិធម៌ជូនភាគីក្នុងរឿងក្តីណាស់។ ប្រធានក្រុមអ្នកច្បាប់អមរិន្ទលោក សុក សំអឿន ថាក្នុងប្រព័ន្ធតុលាការស្រុកយើងសព្វថ្ងៃ ចៅក្រមកាន់ច្រើនរឿង គឺកាន់រឿងព្រហ្មទណ្ឌផង និងរឿងរដ្ឋប្បវេណីផង៖ « ហេតុដូច្នេះបើយើងអត់មានតុលាការពាណិជ្ជកម្មដាច់ដោយឡែកទេ ចៅក្រមព្រហ្មទណ្ឌទៅកាត់ក្តីរឿងពាណិជ្ជកម្ម អាណាប្តឹងមុនអាហ្នឹងមានប្រៀប។ ពួកអាប្តឹងក្រោយគឺជាចុងចម្លើយដូចជនជាប់ចោទអ៊ីចឹង។ គាត់មើលទៅជនជាប់ចោទហ្នឹងខុសរហូត។ ដូច្នេះបើសិនជាយើងមានតុលាការដាច់ ចៅក្រមអត់មានឡូកឡំជាមួយរឿងព្រហ្មទណ្ឌ អារម្មណ៍របស់គាត់អាចស៊ីជម្រៅរឿងពាណិជ្ជកម្ម។ ប៉ុន្តែចំណុចហ្នឹង វាមិនមែនតែប៉ុណ្ណឹងទេ វាត្រូវការមានច្បាប់ពាណិជ្ជកម្មមួយដាច់ដោយឡែកផ្សេងទៀត»។
ប្រទេសកម្ពុជាបានកែទម្រង់គោលនយោបាយសេដ្ឋកិច្ច មកជាសេដ្ឋកិច្ចទីផ្សារសេរី អស់រយៈពេល ៣៣ ឆ្នាំមកហើយ (តាំងពីឆ្នាំ ១៩៨៩)។ ប៉ុន្តែកម្ពុជាគ្មានតុលាការពាណិជ្ជកម្មនោះទេ។ ទើបតែកាលពីដើមឆ្នាំ ២០២១ទេ ដែលក្រសួងយុត្តិធម៌ សម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។ គណៈកម្មការនេះ មានតួនាទីនិងភារកិច្ចរៀបចំរាល់ឯកសារ ដើម្បីដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់ និងរៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្មជាដើម។
រយៈពេលជាងមួយឆ្នាំ បានកន្លងផុតទៅហើយ នៅតែមិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីថា តើគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មនេះ បានដំណើរការដល់ណាហើយនោះដែរ។ វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន កាលពីថ្ងៃទី១៣ ខែមីនា ប៉ុន្តែលោកមិនឆ្លើយតបសារសុំការបំភ្លឺនេះ។
លោកមេធាវី សេក សោភ័ណ ថាកម្ពុជាគួរស្រូតរូតបង្កើតតុលាការពាណិជ្ជកម្មនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះលោកថាពេលនេះ ប្រទេសគេដើរទៅមុនអស់ហើយ។ គេមានច្បាប់បែបនេះ ព្រោះអ្នករកស៊ីគេមិនចង់ចូលតុលាការទូទៅទេ ពោលគឺពួកគេចង់បានតុលាការដែលមានជំនាញ ឬឯកទេសដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ពួកគេ។ ម្យ៉ាងទៀត លោកថាជារឿងសំខាន់បំផុតមួយដែរ ដែលកម្ពុជាត្រូវស្តារទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។
មិនខុសពីលោក សេក សោភ័ណ លោកមេធាវី សុក សំអឿន ឯណោះវិញ លោកចង់ឃើញកម្ពុជាមានតុលាការពាណិជ្ជកម្មនេះដែរ។ ប៉ុន្តែដោយសារកម្ពុជាញាំញីដោយសារប្រព័ន្ធបក្សពួកនិយម លោកបារម្ភ ថាកម្ពុជាអាចពិបាក នៅក្នុងការរកអ្នកជំនាញពិតប្រាកដ និងឯករាជ្យ ដើម្បីបំពេញកិច្ចការក្នុងស្ថាប័នតុលាការពាណិជ្ជកម្មនេះ៖ «អស់លោកមន្រ្តីនៅក្រសួងយុត្តិធម៌ ខ្ញុំសង្កេតឃើញភាគច្រើនគាត់គ្រាន់តែមានខ្សែបក្សទីមួយ ហើយទីពីរគាត់គ្រាន់តែទៅរៀននៅស្រុកក្រៅ ភាគច្រើនរៀនបានតែអនុបណ្ឌិត មកអត់ដែលធ្វើជាចៅក្រម អត់ដែលធ្វើជាមេធាវី ហើយទៅកាន់ក្រសួងហ្នឹងតែម្តង ដល់អ៊ីចឹងទៅខ្ញុំគិតថាបើគាត់មិនបានធ្វើការសិក្សាស្រាវជ្រាវបន្ថែមទេ វាអត់អាចក្លាយជាអ្នកជំនាញបានទេ។ ដល់អ៊ីចឹងវាអាចមានបញ្ហាដែរ។ បើយើងចង់បង្កើត មិនដឹងបង្កើតយ៉ាងម៉េច ? គេឲ្យបង្កើតយ៉ាងម៉េចកើត ? នៅតេមតូមៗ» ។
ទោះជាយ៉ាងនេះក្ដី មន្រ្តីអង្គការសង្គមស៊ីវិលផ្នែកតម្លាភាព គណនេយ្យភាពសង្គម និងផ្នែកប្រយុទ្ធប្រឆាំងអំពើអំពើពុករលួយ រួមមានលោក ប៉ិច ពិសី លោក សន ជ័យ និងអ្នកស្រី អ្នកស្រី ម៉ម ស៊ីថា សុទ្ធតែយល់ស្របគ្នាថា បញ្ហាសំខាន់នៅចំពោះមុខនៅពេលនេះ គឺស្ថាប័នពាក់ព័ន្ធក៏មិនត្រូវព្រងើយកន្តើយ ក្នុងការបើកការស៊ើបអង្កេតដោយឯករាជ្យ និងស៊ីជម្រៅមួយ លើករណីអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ដូចអ្វីដែលលោក ឌួង ងៀប បានលាតត្រដាងនោះសិន ដើម្បីតម្លាភាព ភាពយុត្តិធម៌ និងជម្រះមន្ទិលសាធារណជន និងវិនិយោគិនលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
ប្រព័ន្ធយុត្តិធម៌កម្ពុជាជាប់ពិន្ទុមិនល្អរាល់ឆ្នាំ ព្រោះកម្ពុជាបន្តជាប់លេខបាតតារាង ថាជាប្រទេសគ្មាននីតិរដ្ឋ។ កាលពីឆ្នាំ២០២១ កម្ពុជាជាប់លេខជិតចុងប៉ូចគេ គឺ ១៣៨ លើ ១៣៩ ប្រទេស ក្នុងរបាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។