នៅសល់ ៣ថ្ងៃទៀត ក្រុមហ៊ុនអចលទ្រព្យអន្តរជាតិមួយ នឹងបញ្ចប់ការវាយតម្លៃ និងដាក់ឲ្យដេញថ្លៃសម្ភារៈជាច្រើនក្នុងរោងចក្រចំនួនពីរនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានវិវាទការងារអូសបន្លាយជិត ១ឆ្នាំ រវាងកម្មករជាង ១ពាន់នាក់ និងថៅកែចិនហុងកុង។ មន្ត្រីសហជីព និងកម្មកររំពឹងថា លទ្ធផលដែលចេញពីការលក់ទ្រព្យសម្បត្តិទាំងអស់នោះ អាចដោះស្រាយបញ្ចប់បញ្ហាការងារជូនកម្មករបាន។
មន្ត្រីផ្នែកច្បាប់ និងដោះស្រាយវិវាទនៃសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ឲ្យដឹងថា ក្រុមហ៊ុន អ៊ីឃ្វីបណែត (E-Quiptnet) នឹងបញ្ចប់ការបូកសរុបតម្លៃទំនិញ និងសម្ភារៈជាច្រើនក្នុងរោងចក្រ (Dignity Knitter Limited) និងរោងចក្រ អេខូ បេស (Eco Base) ត្រឹមថ្ងៃទី២៦ វិច្ឆិកាខាងមុខ ហើយតុលាការខេត្តកណ្ដាលក៏នឹងចេញនីតិវិធីមួយ ដើម្បីបើកឲ្យមានការលក់ដេញថ្លៃរបស់ទាំងអស់នោះ ដើម្បីយកប្រាក់បើកឲ្យកម្មករជាង ១ពាន់នាក់។
លោក បន្តថា ទំហំទឹកប្រាក់សរុបនៃការវាយតម្លៃរបស់ក្នុងក្រុមហ៊ុននៅទាន់ដឹងឡើយ ប៉ុន្តែចំពោះទឹកប្រាក់សរុប ដែលត្រូវបើកឲ្យកម្មករសរុបទាំងអស់ ១.១២៦នាក់ គឺប្រមាណជាង ២លាន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីសហជីពរូបនេះរំពឹងថា ទឹកប្រាក់ដែលនឹងបានមកពីការលក់សម្ភារៈនៅពេលខាងមុខ នឹងអាចបើកឲ្យកម្មករបាន ព្រោះមានសម្ភារៈជាច្រើននៅក្នុងរោងចក្រ ដែលថៅកែមិនបានដឹកបញ្ជូនចេញទៅក្រៅ ដូចជារោងចក្រផ្សេងទៀតនោះទេ៖ «ការរាប់ជាមួយគ្នា ជាមួយតុលាការ និងតំណាងកម្មករហ្នឹង ឃើញថាទ្រព្យសម្បត្តិហ្នឹង គឺច្រើន បើសិនជាលក់ទឹកប្រាក់ហ្នឹង គឺអាចយកមកបើកឲ្យបងប្អូនកម្មករបាន អាចនឹងបានគ្រប់។ យើងឃើញថា ទ្រព្យសម្បត្តិគឺច្រើន ហើយឥវ៉ាន់សុទ្ធតែមានតម្លៃគួរសមដែរ។ អ៊ីចឹង ! អាចយកហើយ យកប្រាក់មកបើកឲ្យបងប្អូនកម្មករបានគ្រប់»។
កម្មការិនីផ្នែកដេររោងចក្រ អេខូ បេស (Eco Base) លោកស្រី ឡេង ស្រី ថ្លែងថា វិវាទការងារជាមួយភាគីថៅកែ ដែលអូសបន្លាយជិត ១ឆ្នាំមកនេះ គឺល្មមដល់ពេលដោះស្រាយបញ្ចប់ឲ្យកម្មករ ដើម្បីឲ្យពួកគាត់ទទួលបានថវិកាយកទៅដោះស្រាយជីវភាពរស់នៅ និងស្វែងកន្លែងការងារធ្វើថ្មី។
លោកស្រីស្នើដល់ស្ថាប័នតុលាការ និងអាជ្ញាធរខេត្តជួយសម្រួលយ៉ាងណា ឲ្យការដាក់ដេញថ្លៃនៅ ពេលខាងមុខ ទទួលបានចំណូលសមរម្យ ដើម្បីយកទៅបែងចែកឲ្យកម្មករបានគ្រប់ៗ គ្នា៖ «របស់ទាំងហ្នឹង បងសុំឲ្យគាត់លក់ទៅ ព្រោះរបស់២រោងចក្រហ្នឹង វាច្រើនដែរ។ វាអាចទូទាត់ឲ្យកម្មករបានគ្រប់ចំនួនហើយ បើអាជ្ញាធរជួយដោះស្រាយឲ្យកម្មករ។ ខ្ញុំសំណូមពរ ប៉ុនហ្នឹង ព្រោះរបស់របរច្រើនដែរតើ។ បើកឲ្យគ្រប់ជូនកម្មករមក អាណិតគ្នា ព្រោះគ្នាចាំយូរខែដែរហើយ»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា រឿងដាក់លក់ដេញថ្លៃឥវ៉ាន់នៅក្នុងរោងចក្រទាំងពីរនេះ គឺស្ថិតក្នុងនីតិវិធីរបស់តុលាការ ដោយមានកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាពន្លឿនដំណោះស្រាយជូនកម្មករឲ្យឆាប់តាមតែអាចធ្វើទៅបាន។
លោកបញ្ជាក់ថា នៅពេលតុលាការបញ្ចប់នីតិវិធី ហើយប្រកាសដាក់លក់ដេញថ្លៃ នឹងមានការចូលរួមពិនិត្យតាមដានពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើឲ្យប្រាកដថា ដំណើរការរឿងនេះ គឺត្រឹមត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់។ លោករំពឹងថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃទិញយកឥវ៉ាន់ក្នុងរោងចក្រទាំងពីរនេះ ក្នុងតម្លៃមួយសមរម្យ៖ «ខ្ញុំជំរុញរឿងហ្នឹងជាប់ សូមធ្វើឲ្យបានលឿនតាមនីតិវិធី។ អ៊ីចឹងហើយ ! ខ្ញុំប្រើវិធីមួយ សូមឲ្យធ្វើត្រឹមត្រូវតាមច្បាប់ ហើយកម្មករទាំងអស់នៅអង្គុយមើលបងប្អូនគ្រប់គ្នា។ បងប្អូនធ្វើត្រឹមត្រូវ គាត់សាទរសប្បាយហើយ តែបើធ្វើមិនត្រឹមត្រូវ បងប្អូនជាប់ប្រឡាក់នឹងរឿងហ្នឹងហើយ។ ហើយអង្គភាពលោកអង្គុយត្រួតពិនិត្យមើល។ អ៊ីចឹង ! ត្រូវលឿន បានការលក់ឡាយឡុង បានលុយបានកាក់ដល់ពួកគាត់ នូវអ្វីដែលប្រាក់ត្រូវទទួលបាន»។
កម្មកររោងចក្រ ឌីកនីធី នីតធើរ (Dignity Knitter Limited) និងរោងចក្រ អេខូបេស (Eco Base) បានផ្ទុះការតវ៉ា កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយសារថៅកែរោងចក្របិទរោងចក្រភ្លាមៗ ដោយមិនទូទាត់សំណងតាមច្បាប់ការងារ ដូចជា មិនព្រមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ប្រចាំឆ្នាំជាដើម។
រោងចក្រទាំងពីរ មានថៅកែតែមួយជាជនជាតិចិនហុងកុង និងមានទីតាំងជាប់គ្នា ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ រោងចក្រទាំងពីរនេះកាត់ដេរសំលៀកបំពាក់ និងស្រោមជើង ដូចគ្នា គឺប្រភេទចាក់ និងតម្បាញ ដែលមានកម្មករធ្វើការសរុប ១.១២៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។