សហជីព​ស្នើ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​រក​ដំណោះស្រាយ​រឿង EBA ដើម្បី​ប្រយោជន៍​កម្មករ

0:00 / 0:00

សហជីព​ឯករាជ្យ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ចេញមុខ​ដោះស្រាយ​វិបត្តិ​ទាំងឡាយ​ដែល​កម្មករ​រោងចក្រ​កំពុង​ប្រឈម​ទាក់ទង​នឹង​បញ្ហា EBA​។ កម្មករ​កាត់ដេរ​បាន​ឱ្យដឹង​ថា ពួកគាត់​កំពុង​ប្រឈម​ការ​បាត់បង់​ការងារ និង​អត្ថប្រយោជន៍​ជាច្រើន​ពី​វិស័យ​មួយ​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពន្លឿន​ការ​រក​ដំណោះស្រាយ​រឿង EBA ឱ្យ​បាន​ឆាប់ ពី​ព្រោះ​កម្មករ​រោងចក្រ​បាន​ចាប់ផ្តើម​រង​ផល​ប៉ះ​ពាល់​​ជា​បណ្ដើរៗ​ហើយ​។ លោក​បន្ត​ថា បើ​ស្ថានភាព​នេះ​នៅតែ​អូស​បន្លាយ​តទៅទៀត កម្មករ​កាត់ដេរ​នឹង​បាត់បង់​ផលប្រយោជន៍​កាន់តែ​ច្រើន៖ «បញ្ហា​ហ្នឹង រដ្ឋាភិបាល​ត្រូវតែ​រូតរះ​បន្ទាន់ មិន​ត្រូវ​ឱ្យ​ពេលវេលា​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត​ទេ ពីព្រោះ​បើ​យើង​ទុក​ពេលវេលា​អូស​បន្លាយ អ៊ីចឹង​អ្នក​ដែល​កុម្ម៉ង់​ទិញ និង​ថៅកែ ក៏​មិន​ហ៊ាន​មក​ទិញ។ គេ​រង់ចាំ​មើល​រឿង EBA ហ្នឹង​ដូចគ្នា»។

កម្មករ​វិស័យ​កាត់ដេរ​ត្អូញត្អែរ​ថា ការព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​របស់​ពួកគាត់​ជា​បន្តបន្ទាប់ ពីព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន បាន​ផ្អាក ឬ​កាត់បន្ថយ​បរិមាណ​ទិញ​ផលិតផល​ពី​រោងចក្រ​របស់​ពួកគាត់។

កម្មករ​កាត់ដេរ​មួយ​រូប​មកពី​ខេត្ត​កំពង់ឆ្នាំង កញ្ញា ឃុន ស្រីពៅ ថ្លែង​ថា កញ្ញា​មិន​បាន​ថែម​ម៉ោង​ដូច​ពីមុន​ឡើយ ព្រោះ​រោងចក្រ​មិន​សូវ​មាន​ឥវ៉ាន់​ច្រើន​ឱ្យ​កម្មករ​ដេរ។ កញ្ញា​បន្ត​ថា រោងចក្រ​បាន​កាត់បន្ថយ​កម្មករ​រាប់​រយ​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ និង​បាន​ចាប់ផ្ដើម​សន្សំសំចៃ​ទឹក​ភ្លើង ដោយ​ដក​កង្ហារ និង​ម៉ាស៊ីនត្រជាក់​ចេញពី​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​ទៀត​ផង។ ស្ថានភាព​បែបនេះ​ធ្វើ​ឱ្យ​កញ្ញា​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា អាច​នឹង​គ្មាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ណាមួយ ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA៖ «ស្ថានភាព​កន្លែង​ធ្វើការ ដូចជា​បរិយាកាស ឬក៏​សម្ភារៈ​ផ្សេងៗ គេ​កាត់បន្ថយ​ចំណាយ ដូចជា​ទឹក​ភ្លើង កង្ហារ​អី គេ​ដក​ខ្លះ​ៗ​អ៊ីចឹង ពីព្រោះ​គេ​ថា គេ​ចំណាយ​ច្រើន​អត់​សូវ​ចំណេញ​។ គេ​អត់​ចង់​ផ្ដល់​ជា​ប្រាក់ខែ​ខ្ពស់​សម្រាប់​កម្មករ​ទេ ពីព្រោះ​គេ​គិត​ថា គេ​ចំណាយ​ទៅលើ​ពន្ធ​ដែល​គេ​នាំចេញ​នាំចូល​ហ្នឹង។ មួយទៀត គេ​បង្ខិតបង្ខំ​ចំនួន​ធ្វើការ​ឱ្យ​ចេញ​លទ្ធផល​ច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ ហើយ​អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​ការ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន ហើយ​អត់​សូវ​បាន​កម្រៃ​អី​ប៉ុន្មាន​ទេ»។

សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដំណាក់កាល​ទី​២ នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា គឺ​ការ​សរសេរ​របាយការណ៍ និង​សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាមដាន​៦ ខែ​ដំបូង​។ សហភាព​អឺរ៉ុប​នឹង​អនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត រហូតដល់​ការសម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សា EBA នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ។ បើ​អឺរ៉ុប​សម្រេច​ដក​មែន នោះ​កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​ចំពោះ​ទំនិញ​នាំ​ចេញទៅ​អឺរ៉ុប​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០។

បើ​ត្រូវ​បង់ពន្ធ​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាតបង់​ថវិកា​ជិត ៧០០​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​នាំចេញ​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ហើយ​ពេលនោះ ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​ពិចារណា​ដក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ប្រទេស​ដទៃ ដែល​មាន​លក្ខខណ្ឌ​វិនិយោគ​ល្អ​ជាង​កម្ពុជា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​អំពី​ការ​ដោះស្រាយ​ប្រឈម​របស់​កម្មករ​នេះ​ឡើយ នៅ​ថ្ងៃ​ទី​២០ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រាប់​កម្មករ​កាលពី​ប៉ុន្មាន​ខែ​មុន​ថា មិន​ចាំបាច់​បារម្ភ​រឿង EBA ឡើយ ពីព្រោះ​កម្មករ​នៅតែ​មាន​ការងារ​ធ្វើ និង​បើកប្រាក់​បៀវត្សរ៍​ជា​ទៀងទាត់​ដដែល៖ «កុំ​ខ្វល់​ថា​អ្នកណា​និយាយ​ពី​អ្វី ពីព្រោះ​ការឃោសនា​អកុសល​វា​មាន​ច្រើនពេក​ហើយ ក៏ប៉ុន្តែ​ពូ​មានការ​លើកទឹកចិត្ត​ណាស់ (​ ដែល​ )​ មិនបាន​ឃើញ​ប្រជាពលរដ្ឋ​របស់​យើង​តក់ស្លុត​ជា​មួយ​​នឹង​អ្វី​ដែល​ជា​ការ​បំផុស​សង្គ្រាមចិត្តសាស្ត្រ​ទេ ព្រោះ​សព្វថ្ងៃ​ក្មួយ​ៗ​កំពុង​ធ្វើ​ការ​តើ។ ថ្ងៃ​ហ្នឹង​មក​ជួប​ពូ ល្ងាច​នេះ​ឈប់សម្រាក ថ្ងៃស្អែក​ចូល​ធ្វើការ ហើយ​ជិត​ដល់ពេល​បើក​ប្រាក់ខែ​ទៀតហើយ ពី​ព្រោះ​​ឥឡូវ​​ពីរ​អាទិត្យ​បើក​ម្ដង ដូច្នេះ​វា​ជា​ការ​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​តទៅទៀត»។

ទោះជា​យ៉ាងណា កម្មករ​រោងចក្រ កញ្ញា ឃុន ស្រីពៅ បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ មិន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​នេះ​ឡើយ ព្រោះ​កម្មករ​គ្រប់គ្នា រួម​ទាំង​កញ្ញា​ផង កំពុងតែ​បារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ ពេល​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ EBA។ ជា​ឧទាហរណ៍ សហភាព​អឺរ៉ុប​មិន​ទាន់​បាន​ដក EBA ផង ប្រាក់​ឈ្នួល​ដែល​កញ្ញា​ធ្លាប់តែ​រក​បាន​៣០០ដុល្លារ​ក្នុង​មួយ​ខែ បាន​ថយ​ចុះ​មក​នៅ​ត្រឹម ​២០០ដុល្លារ រួច​ទៅ​ហើយ៖ «នេះ​គ្រាន់តែ​ជា​ពាក្យ​លួងលោម​ប្រកាស​លើកទឹកចិត្ត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ស្ងប់ចិត្ត​ទេ ប៉ុន្តែ​ធាតុ​ពិត​ពួក​ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​នៅ​កន្លែង​ធ្វើការ ដូចជា ការ​បង្ខិត​បង្ខំ បិទបាំង​សិទ្ធិ​សេរីភាព ការ​ទាមទារ ការ​តវ៉ា​អី​ជាដើម​ហ្នឹង គឺ​ពួក​យើង​អត់​សូវ​ទទួល​បាន​សិទ្ធិ​ប៉ុន្មាន​ទេ»។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា ការ​ដកហូត EBA នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ជិត ​៤លាន​នាក់ ដែល​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​កាត់ដេរ​។ GMAC បញ្ជាក់​ទៀត​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ហើយ​មិន​អាច​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​បាន​ឡើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​កង្វល់​របស់​កម្មករ ព្រោះ​ការ​លើកឡើង​របស់​ពួកគាត់ គឺជា​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែង​ការងារ​នីមួយៗ៖ «ជា​ការ​បារម្ភ​មួយ​ដែល​សម​ហេតុ​សម​ផល ហើយ​ដែល​យើង​ក៏​មាន​ការ​បារម្ភ​ស្រដៀង​ទៅ​នឹង​គាត់​ដែរ​។ ដោយសារតែ​ការ​បារម្ភ​ហ្នឹងហើយ បានជា​យើង​តែងតែ​លើកឡើង តែងតែ​ស្នើ​ទៅ​ខាង​រដ្ឋាភិបាល សហគមន៍​អឺរ៉ុប ឬក៏​អ្នក​ពាក់ព័ន្ធ​ហ្នឹង​ឱ្យ​ជួយ​បន្ត EBA ឬក៏​ដំណើរ​ការ​វិវឌ្ឍ​សិទ្ធិ​ការងារ​នៅ​កម្ពុជា»។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ជំហរ​ច្បាស់​ហើយ​ថា មានតែ​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត​បាន។ ចំណែក​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ វិញ បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ឱ្យ​អនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ចំណែក​ទីផ្សារ​កម្ពុជា​អាច​រីកចម្រើន​ឡើង និង​មាន​និរន្ត​ភាព។ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ ទាំងនោះ បាន​ព្រមាន​ចំៗ​ ថា ប្រសិនបើ​កម្ពុជា​ពិតជា​ចង់​រក្សា​ទំនុក​ចិត្ត​របស់​ពួកគេ​មែន​នោះ របប​នេះ​ត្រូវតែ​គោរព​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។