ក្រសួងកសិកម្មចុះMOUជាមួយក្រុមហ៊ុនចំនួនពីរដែលសហការគ្នា គឺក្រុមហ៊ុន Nippon Express Cambodia និង ក្រុមហ៊ុន យ៉ាម៉ាតូ ហ្គ្រីន (Yamato Green Co., Ltd) ថ្ងៃទី១៩ ខែកក្កដា ដើម្បីផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ការចុះ MOU នេះ ខណៈផលិតកសិកម្ម របស់កសិករនៅតំបន់មួយចំនួនគ្មានទីផ្សារ និងមានការនាំចូលពីក្រៅប្រទេសច្រើនដូចជា ប្រទេសវៀតណាម និងថៃ ជាដើម និងស្របពេលពិភពលោកកំពុងប្រឈមខ្លាំង នឹងបញ្ហាជំងឺកូវីដ-១៩។
ទំព័រហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខុន ចុះផ្សាយថា ក្រសួងកសិកម្មចុះMOUនេះ ដើម្បីជំរុញការអភិវឌ្ឍបន្លែសុវត្ថិភាពកម្ពុជាឱ្យទាន់សភាពការណ៍បច្ចុប្បន្ន និងតម្រូវការទីផ្សារ។
ទំព័រហ្វេសប៊ុកដដែលសរសេរទៀតថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានដឹកនាំសហការីធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលក្រុមហ៊ុននេះជាដៃគូជាមួយក្រុមហ៊ុន Yamato Green ដែលបានចូលរួមសហការវិនិយោគដើម្បីអភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជា។
លោក វេង សាខុន បានបញ្ជាក់ប្រាប់តំណាងក្រុមហ៊ុនក្នុងឱកាសនោះថា វិស័យផលិតកម្មបន្លែកម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ទាំងខ្នាតតូច ខ្នាតធំ ឃ្លាំងស្តុក ទូត្រជាក់ រថយន្តដឹកបន្លែបំពាក់ដោយម៉ាស៊ីនត្រជាក់ជាដើម។
ប៉ុន្តែ តំណាង ក្រុម ហ៊ុនទាំងពីរ គឺក្រុមហ៊ុន Nippon Express Cambodia និងក្រុមហ៊ុន Yamato Green បញ្ជាក់ថា បញ្ហាទាំងនេះ ក្រុមហ៊ុនបានត្រៀមទុករួចជាស្រេចអស់ហើយក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ:គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងការនាំចេញនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។