ប្រជាពលរដ្ឋ និងយុវជនមួយចំនួនសាទរចំពោះការទាញបានដំណក់ប្រេងដំបូងនៅកម្ពុជា ប៉ុន្តែពួកគេក៏ព្រួយបារម្ភអំពីការគ្រប់គ្រងថវិកាដែលបានមកពីការបូមប្រេងនោះដែរ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មានកេរ្តិ៍ឈ្មោះមិនល្អរឿងអំពើពុករលួយ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគ្រប់គ្រងថវិកា និងការបូមប្រេងនេះឲ្យបានត្រឹមត្រូវ និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ផលប្រយោជន៍បានមកពីការបូមប្រេងអាចផ្ដល់ប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនលើកឡើងពីក្តីបារម្ភដូចៗគ្នាជុំវិញការទទួលបានដំណក់ប្រេងជាផ្លូវការនៅកម្ពុជានេះ ដោយពួកគេខ្លាចមន្ត្រីរដ្ឋាភិបាលមួយចំនួនប្រព្រឹត្តិអំពើពុករលួយ កិបកេងលុយដែលបានមកពីការផលិតប្រេង និងមិនបានសិក្សាអំពីផលប៉ះពាល់នាពេលខាងមុខ។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌល ភី.ឌី.ភី (PDP) យុវជន ហេង គីមហុង ឲ្យដឹងថា លោកសាទរចំពោះការសម្រេចបានជោគជ័យក្នុងការបូមប្រេងនៅដែនសមុទ្រកម្ពុជា ប៉ុន្តែលោកបារម្ភថា បើការគ្រប់គ្រងបច្ចេកទេសមិនបានល្អ នោះនឹងអាចប៉ះពាល់ដល់ធនធានសមុទ្រ។ លោកបន្តថា រដ្ឋាភិបាលគួរធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តថា ការទាញយកប្រេងធម្មជាតិនេះ គឺមានស្តង់ដារសុវត្ថិភាពខ្ពស់ ហើយមិនពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ និងផ្តល់មធ្យោបាយយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញអំពីដំណើរការវិនិយោគលើវិស័យប្រេងកាត ឬវិស័យធម្មជាតិផ្សេងទៀតផងដែរ៖ « ក្នុងនាមជាពលរដ្ឋកម្ពុជា ក្នុងនាមជាម្ចាស់ប្រទេស ឲ្យយើងបានដឹងថា តើធនធានរបស់យើងហ្នឹងកំពុងតែត្រូវបានវិនិយោគ ឬក៏រុករកដោយក្រុមហ៊ុនណាមួយ ហើយក្រុមហ៊ុនទាំងអស់នោះជាក្រុមហ៊ុនប្រភេទណា ? ហើយការអនុវត្តការរុករក ឬក៏ទាញយកផលរបស់ក្រុមហ៊ុនទាំងនោះ... ថាតើមានទំហំប៉ុណ្ណាដែលក្លាយទៅជាប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណា...ដើម្បីធានាថា នឹងមិនមានអំពើពុករលួយ ហើយក៏ដូចជាតម្លាភាពនៃការផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋទាំងអស់នោះ គាត់បានដឹងថា គាត់ពិតជាម្ចាស់នៃធនធានធម្មជាតិទាំងអស់ហ្នឹងក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ »។
ចំណែក ពលរដ្ឋខេត្តសៀមរាប លោក ពុយ លេខ លើកឡើងថា លោកព្រួយបារម្ភអំពីការគ្រប់គ្រងចំណូលបានមកពីការបូមប្រេង ដោយសារតែមានអំពើពុករលួយជាលក្ខណៈប្រព័ន្ធក្នុងជួររដ្ឋាភិបាល។ លោកសំណូមពរឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើការគ្រប់គ្រងប្រេងនេះ និងការបែងចែកថវិកាទាំងនោះឲ្យមានតម្លាភាព ដើម្បីជួយប្រជាពលរដ្ឋខ្មែរ៖ « ខ្ញុំសូមសំណូមពរឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដោយសារគ្រប់គ្រងប្រេងហ្នឹង ថាតើយុវជនខ្មែរយើងហ្នឹងគាត់អាចទទួលផលដែលបានពីដំណក់ប្រេងនៅក្នុងប្រទេសយើងហ្នឹងឬក៏អត់ ? រដ្ឋាភិបាលយើងហ្នឹងយកចិត្តទៅលើការគ្រប់គ្រងប្រេងហ្នឹងឲ្យមានតម្លាភាពព្រោះអាហ្នឹងជាធនធានរបស់ជាតិយើង អញ្ចឹងប្រជាជនទាំងអស់ហ្នឹងគាត់សង្ឃឹមទៅលើរដ្ឋាភិបាល »។
ដោយឡែក ពលរដ្ឋខេត្តព្រះសីហនុ លោក សុន សុផាត មានប្រសាសន៍ថា ក្រសួងរ៉ែ និងថាមពល គួរប្រកាសពីចំណូលបានមកពីការទាញយកប្រេងនេះ ឱ្យបានទៀងទាត់ ក្នុងរយៈពេល១ខែម្តង ដើម្បីបង្ហាញពីតម្លាភាពនៃការគ្រប់គ្រង។ ម្យ៉ាងទៀត លោកស្នើឱ្យរដ្ឋាភិបាលត្រូវពិនិត្យឲ្យបានច្បាស់លើក្រុមហ៊ុនដែលវិនិយោគលើវិស័យប្រេងកាតនេះ ជៀសវាងការកេងប្រវ័ញ្ចលើធនធានជាតិ ឬការប្រើបច្ចេកទេសមិនត្រឹមត្រូវប៉ះពាល់ដល់សមុទ្រ និងធនធានផ្សេងទៀតរបស់កម្ពុជា៖ « ចង់ឲ្យអាជ្ញាធរប្រេងកាតទាំងអស់ហ្នឹង អ្វីដែលគាត់ជីកបានប៉ុន្មានចឹង ហើយក៏ឲ្យក្រុមហ៊ុនហ្នឹង ដែលមានចំណែកចេញមកឲ្យផ្តល់មកប៉ុន្មានភាគរយមកដល់រដ្ឋាភិបាល ហើយខាងអាជ្ញាធរប្រេងហ្នឹងត្រូវតែប្រកាសថា លុយដែលទទួលបានហ្នឹង គឺទទួលបានមកពីប្រេងកាតហ្នឹង ក្នុងរយៈពេលមួយឆ្នាំ ឬក៏មួយខែអីអញ្ចឹង ហើយទទួលបានប៉ុន្មានក្នុងមួយឆ្នាំអីចឹងទទួលបានប៉ុន្មានរយលានចឹងមក។ យើងព្រួយបារម្ភថា បើសិនជាគាត់មិនប្រកាសទេ លុយទាំងនោះគឺចាយវាយគឺអត់មានតម្លាភាពទៀត »។
រីឯ យុវជននៅរាជធានីភ្នំពេញ លោក កំសត់ ថ្លែងថា ប្រេងកាតដែលកម្ពុជាជីកនេះ គឺជាធនធានធម្មជាតិដែលមានជាយូរឆ្នាំ ហើយជាកម្មសិទ្ធិរួមរបស់ពលរដ្ឋខ្មែរ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់នោះទេ។ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលគ្រប់គ្រងអំពើពុករលួយមិនបានទេ នោះនឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅដោយមានគម្លាតគ្នារវាងអ្នកមាន និងអ្នកក្រ ការកេងប្រវ័ញ្ចសម្បត្តិធនធានធម្មជាតិក៏កាន់តែរីករាលដាលជាងមុន។ លោកស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនពាក់ព័ន្ធត្រូវបង្ហាញរបាយការណ៍នៃការទាញយកប្រេងធម្មជាតិនេះឲ្យមានតម្លាភាព ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងឲ្យកាន់តែទូលំទូលាយ៖« ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលគាត់ចាត់ចែងទុកជាកញ្ចប់មួយសម្រាប់អ្នកជំនាន់ក្រោយ ព្រោះអីប្រេងកាតហ្នឹងវាជាសម្បត្តិយើងទាំងអស់គ្នា។ ចឹងធ្វើឲ្យវិស័យឬក៏តំបន់ណាមួយវារីកចម្រើនសម្រាប់ឲ្យយុវជនក៏ដូចជាប្រជាពលរដ្ឋ កូនចៅជំនាន់ក្រោយគេបានឃើញថា សមិទ្ធផលនៃប្រេងកាតហ្នឹងវាបានផលល្អសម្រាប់ពួកគាត់ដែរ មិនមែនមានន័យថា អ្នកមុនគឺស៊ីអស់របស់អ្នកក្រោយ ហើយដល់ពេលអ្នកក្រោយកើតមកក៏អត់មានអីស៊ី ហើយអ្នកក្រោយគឺជាអ្នកដោះបំណុលសម្រាប់អ្នកជំនាន់មុន។ តែខ្ញុំអត់ចង់ឲ្យអញ្ចឹង ហើយសំណូមពរទៅរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលយើងថា ឲ្យយើងកុំរវល់វក់ទៅហ្នឹងសម្បត្តិដែលដូនតាយើងបន្សល់ទុកឲ្យ ហើយយើងគួរតែតាមដាន ក៏ដូចជាយើងមើលថា ការបែងចែករបស់រាជរដ្ឋាភិបាលរបស់យើងឲ្យបានគ្រប់ៗគ្នាផង »។
កង្វល់របស់ប្រជាពលរដ្ឋ និងយុវជននេះ កើតមានឡើងក្រោយពីរដ្ឋាភិបាល និងក្រុមហ៊ុនធ្វើអាជីវកម្មប្រេង បានប្រកាសពីការទាញបានដំណក់ប្រេងដំបូងក្នុងដែនសមុទ្រខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ។
ក្រុមហ៊ុន គ្រីស អេនើជី (Kris Energy) ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មប្រេងពីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ដំណក់ប្រេងដំបូងនេះត្រូវបានបូមចេញពីអណ្តូងអប្សរាទីមួយ (A-01D) កាលពីថ្ងៃទី២៨ ធ្នូ។ ក្រុមហ៊ុនឱ្យដឹងទៀតថា នៅពេលកម្មវិធីខួងយកប្រេងដំណើរការពេញលេញនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ នោះការផលិតប្រេងនឹងមានប្រមាណ៧ពាន់៥រយធុង (៧.៥០០bopd) ក្នុងមួយថ្ងៃ។
សាវតារនៃការអភិវឌ្ឍប្រេងកាតតំបន់ដែនសមុទ្រ ប្លុក A កម្ពុជាសាវតារនៃការអភិវឌ្ឍប្រេងកាតតំបន់ដែនសមុទ្រ ប្លុក A កម្ពុជា
Posted by Ministry of Mines and Energy Cambodia on Tuesday, December 29, 2020
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ លោកបន្តថា នេះជាការចាប់ផ្តើមជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបានសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ លោកថ្លែងទៀតថា ចំណូលដែលបានមកពីប្រេង នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែលោកមិនបានបញ្ជាក់អំពីចំណូលពិតប្រាកដដែលនឹងត្រូវទទួលបានពីការទាញយកប្រេងនេះនៅឡើយទេ។
ទោះជាបែបនេះក្តី អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើរបបលោក ហ៊ុន សែន គ្រប់គ្រងចំណូលបានមកពីការបូមប្រេងនេះមិនបានត្រឹមត្រូវទេ នោះផលិតកម្មប្រេងនេះនឹងក្លាយជាបណ្តាសា មិនមែនជាពរជ័យសម្រាប់កម្ពុជាឡើយ។ ពួកគេជំរុញឱ្យរបបលោក ហ៊ុន សែន ប្រឹងប្រែងទប់ស្កាត់អំពើពុករលួយ និងបង្ហាញតម្លាភាពរាល់ព័ត៌មានទាក់ទងនឹងអាជីវកម្មប្រេង ជាពិសេសតម្លាភាពនៃការគ្រប់គ្រងចំណូល ដើម្បីធានាថា កម្ពុជានឹងទទួលបានផលប្រយោជន៍ពិតប្រាកដ និងពេញលេញពីអាជីវកម្មប្រេងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។