កម្មករ​ត្អូញត្អែរ​ពី​ជីវភាព​លំបាក​និង​ថៅកែ​បង្ខំ​ឱ្យ​ធ្វើការ​លើស​កម្រិត ខណៈ​រោងចក្រ​និង​ការ​វិនិយោគ​ចិន​កើន​ឡើង​នៅ​កម្ពុជា

សហជីព​និង​កម្មករ​មួយ​ចំនួន​អះអាង​ថា ទោះបីជា​​ចំនួន​រោងចក្រ និង​អ្នក​វិនិយោគ​ចិន ​កំពុង​កើន​ឡើង​នាំមុខ​គេ​នៅ​កម្ពុជា​ក្តី​ ប៉ុន្តែ​ជីវភាព​របស់​កម្មករ​មិន​ប្រសើរ​ទេ។ ពួកគេ​ក៏​កំពុង​រង​សម្ពាធ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​ឱ្យ​បាន​ច្រើន​ជាង​មុន ហួស​ពី​សមត្ថភាព​ផង​ដែរ។

កម្មករ​មួយ​ចំនួន​ធ្វើការ​នៅ​តាម​រោងចក្រ​ត្អូញត្អែរ​ថា​ ជីវភាព​របស់​គាត់​បច្ចុប្បន្ន មិន​ប្រសើរ​ទេ ​ដោយសារ​តែ​ប្រាក់​ខែ​មាន​ចំនួន​តិចតួច ​រីឯ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​ព្រម​ទាំង​តម្លៃ​បន្ទប់​ជួល​ស្នាក់​នៅ​ក៏​ឡើង​ថ្លៃ​ខ្ពស់។

កម្មករ​រោងចក្រ​កាត់ដេរ​ស្បែកជើង​ស៊ូព្រីមៀរ (Shoe Primer Cambodia) នៅ​សង្កាត់​ទួលសង្កែ ​រាជធានី​ភ្នំពេញ​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​បច្ចុប្បន្ន​រូប​លោក​ក៏​ដូច​ជា​កម្មករ​ជា​ច្រើន​ទៀត​ មាន​ការ​លំបាក​លើ​ជីវភាព​ប្រចាំ​ថ្ងៃ ។ លោក​ថា​ ក្នុង​១​ខែ​ៗ​ លោក​បាន​ទទួល​ប្រាក់ខែ​សរុប​ប្រមាណ​២៥០​ដុល្លារ ​ក៏​ប៉ុន្តែ​ចំនួន​ប្រាក់​ខែ​នេះ​ មិន​អាច​ទប់ទល់​ជាមួយ​ទំនិញ​ទីផ្សារ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​បាន​ទេ។

កម្មករ​ដដែល​បញ្ជាក់​ទៀត​ថា ​ក្រៅ​ពី​ប្រឈម​និង​ជីវភាព​ប្រចាំ​ថ្ងៃ​ គឺ​កម្មករ​កំពុង​ប្រឈម​និង​សម្ពាធ​របស់​ថៅកែ​ចិន​ ដែល​បង្ខំ​ឱ្យ​បង្កើន​ការផលិត​ទំនិញ​ឱ្យ​បាន​ច្រើន​ជាង​មុន ​លើស​ពី​សមត្ថភាព​របស់​កម្មករ​ផង​ដែរ។

កម្មករ​ថ្លែង​លាក់​ឈ្មោះ៖ «​ក្នុង​១​ម៉ោង​សង្វាក់​ផលិតកម្ម​អាច​ផលិត​ស្បែកជើង​​​បាន​ឧទាហរណ៍​ថា​១៨០​គូ ​ពី​ក្រុម១ រហូត​ដល់​ក្រុម​៣ ​ក៏​ប៉ុន្តែ​ថៅកែ​​បង្ខំ​ឱ្យ​ផលិត​ក្នុង ១​ម៉ោង​ឱ្យ​បាន​រហូត​ដល់​២៥០-២៦០​គូ។ ចំនួន​ដែល​តម្រូវ​ឱ្យ​កម្មករ​ផលិត​នេះ​គឺ​ខ្ពស់​ពេក ​មិន​អាច​​ផលិត​បាន​ទេ​។ ចំពោះ​ជីវភាព​វិញ​បច្ចុប្បន្ន​នេះ​មិន​ប្រសើរ​ទេ ​ពីព្រោះ​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់ ​ហើយ​ប្រាក់​ខែ​កម្មករ​ប្រមាណ​២៥០​​ដុល្លារ ​គឺ​វា​លំបាក​ណាស់»។

ចំណែក​អនុ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោកស្រី សាយ សុខនី ក៏​បាន​បង្ហាញ​កង្វល់​ជុំវិញ​ជីវភាព​របស់​កម្មករ​ ដោយសារ​តែ​ប្រាក់ខែ​​តិច​ព្រម​ទាំង​មាន​ការ​បង្ខំ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​ច្រើន​ជាង​មុន​នេះ។

លោកស្រី សាយ សុខនី បញ្ជាក់​ថា តាម​ការ​ចរចា​កាល​ពី​ខែ​មុន​ គឺ​កម្មករ​នឹង​ទទួល​បាន​ប្រាក់ខែ​គោល​ចំនួន ២០៨​ដុល្លារ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២៥។ ​ប្រាក់​ខែ​ដ៏​តិច​តួច​នេះ ​បាន​ធ្វើ​ឱ្យ​កម្មករ​មាន​ការ​ប្រឈម​លើ​បញ្ហា​ជា​ច្រើន ​ទាំង​ការ​ហូបចុក​មិន​គ្រប់​គ្រាន់ ​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ ​និង​សុខភាព​ទ្រុឌទ្រោម​ជា​ដើម។

អ្នកនាង សាយ សុខនី៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​នឹង​មាន​អ្វី​ខ្លះ​​កើត​ឡើង​​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ដ៏​តិចតួច​នេះ​ទេ។ បើ​តាម​អង្គការ​ជា​ច្រើន ​ដែល​សិក្សា​ស្រាវជ្រាវ ​គេ​បាន​រក​ឃើញ​ថា ប្រាក់​ខែ​គោល​កម្មករ​២០៨​ដុល្លារ ​មិន​អាច​ឱ្យ​រស់​នៅ​បាន​សមរម្យ​ទេ។ ប្រាក់​ខែ​ប៉ុណ្ណឹង ​ទប់ទល់​នឹង​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​មិន​រួច​ទេ»។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្លាប់​ចេញ​សេចក្តី​​ប្រកាស​​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ ​កាត់ដេរ ​ផលិត​ស្បែកជើង​ ​​ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប​ក្នុង​កម្រិត​​អប្បបរមា​​២០៤​ ​ដុល្លារ ​ក្នុង ១​ខែ ​​​ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០២៤​​។ ​ប៉ុន្តែ​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ឆ្នាំ​២០២៤​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ​បាន​​ប្រកាស​​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ថ្មី​​​ទៀត​ឱ្យ​កម្មករ​​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ​ផលិត​​ស្បែកជើង ​​​​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​​​ដោយ​ដំឡើង​ពី ២០៤​ដុល្លារ ទៅ​ ២០៨​ដុល្លារ​ក្នុង​១​ខែ​ ចាប់​ពី​ខែ​មករា​​ឆ្នាំ​​២០២៥។

ការ​លើក​ឡើង​របស់​កម្មករ​ជុំវិញ​ការ​លំបាក និង​ការ​បង្ខំ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​នាំ​ចេញ​លើស​ពី​សមត្ថភាព​ម្ដង​ទៀត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បង្ហាញ​ថា ​បច្ចុប្បន្ន​ចំនួន​រោងចក្រ​និង​អ្នក​វិនិយោគ​ចិន ​កំពុង​នាំមុខ​គេ​នៅ​កម្ពុជា។

គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២៤​ ក្នុង​ចំណោម​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ជាង ២​ពាន់ ៣​រយ (២.៣២៦) នៅ​កម្ពុជា ​គឺ​រោងចក្រ​ជិត ១​ពាន់ ៣រយ (១.២៧៣) ជា​របស់​ថៅកែ​ចិន។ ចំពោះ​ការ​វិនិយោគ​វិញ ​ក៏​ចិន​នាំមុខ​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៩ (៩.០៨៦) ពាន់លាន​ដុល្លារ​អាមេរិក ​ស្មើ​និង​៤៥,៤៩ ​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​របស់​កម្ពុជា។

បើ​ទោះបីជាយ៉ាង​ណា ​វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​អធិប្បាយ​ជុំវិញ​សារសំខាន់​នៃ​កំណើន​រោងចក្រ​និង​ការ​វិនិយោគ​របស់​ចិន ​នៅ​កម្ពុជា​នេះ ​ពី​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ​លោក ហេង សុខគង់ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួ (Xinhua) បាន​ដកស្រង់​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម វណ្ឌី ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ​បាន​ចាត់​ទុក​ប្រទេស​ចិន​គឺ​ជា​អ្នក​វិនិយោគ​បរទេស​កំពូល​របស់​កម្ពុជា ក្នុង​វិស័យ​ផលិតកម្ម​ សម្រាប់​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត។

បើ​ទោះបីជា​យ៉ាង​នេះ​ក្តី ​ក៏​អ្នក​វិភាគ​សង្គម​ខ្លះ​ មិន​យល់​ស្រប​តាម​ការ​យល់​ឃើញ​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំង​ស្រុង​ទេ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ យល់​ថា ​ទីផ្សារ​របស់​ចិន​ មិន​អាច​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ប្រសើរ​ដូច​ការ​ស្រមៃ​នោះ​ទេ​ ពីព្រោះ​តែ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​គឺ​ជា​ពាណិជ្ជកម្ម​ប្រកួត​ប្រជែង​ មិន​មែន​ជា​ពាណិជ្ជកម្ម​​អនុ​គ្រោះ​ដូច​សហរដ្ឋ​អាមេរិក​និង​សភាព​អឺរ៉ុប​ឡើយ។ លោក​ថា​ បើទោះបី​ជា​មាន​

រោងចក្រ​និង​ការ​វិនិយោគ​ចិន ​នាំមុខ​គេ​នៅ​កម្ពុជា​ក្តី ក៏​ការ​វិនិយោគ​ចិន​ទាំង​នោះ​ មិន​បាន​ផ្ដល់​ប្រយោជន៍​ធំដុំ​ដល់​កម្មករ និង​សេដ្ឋកិច្ច​កម្ពុជា​ឡើយ។

លោក គឹម សុខ៖ «ថ្វីត្បិត​តែ​អ្នក​វិនិយោគ​ចិន ​មាន​កំណើន​កាន់​តែ​កើន​ឡើង ​ក៏​ប៉ុន្តែ​​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ដុនដាប ​ដោយសារ​តែ​អ្នក​វិនិយោគ​ទាំង​នោះ​មិន​គោរព​ច្បាប់​ទាំង​អស់​គ្នា​ទេ។​ ភាគ​ច្រើន​គឺ​រកស៊ី​​ឃុបឃិត​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស ​ដើម្បី​ប្រមូល​លុយ​តាម​របៀប​លាង​លុយ​កខ្វក់។ដូច្នេះ​វា​មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ឡើយ»។

ស្រដៀង​គ្នា​នេះ​ អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន យល់​ថា ​រោងចក្រ​និង​អ្នក​វិនិយោគ​ចិន​ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​និង​សេដ្ឋកិច្ច​កម្ពុជា​ច្រើន​ទេ​ គឺ​ភាគ​ច្រើន​បាន​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឱ្យ​តែ​មន្ត្រី​ជាន់​ខ្ពស់​ ក្នុង​រដ្ឋាភិបាល​ខ្លះ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន៖ «ពីព្រោះ​យើង​ដឹង​ហើយ​ថា ​រោងចក្រ​និង​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​បាន​មក​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ​ រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​មន្ត្រី​ខ្មែរ​។ ​ចំណែក​អ្នក​វិនិយោគទុន​​និង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​និង​ការ​បង្ខាំង​មនុស្ស​ឱ្យ​​ឆបោក​តាម​អនឡាញ ​និង​ចាប់​ជំរិត​មនុស្ស​ជា​ដើម ។ ជា​ពិសេស​ក្រុមហ៊ុន​ខ្លះ​មក​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ថ្វីបើ​តួលេខ​បង្ហាញ​ថា​ចំនួន​រោងចក្រ​និង​អ្នក​វិនិយោគ​ចិន ​កំពុង​នាំមុខ​គេ​នៅ​កម្ពុជា​ក្តី ​ក៏​ប៉ុន្តែ​បើ​សម្លឹង​មើល​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ ទទួល​បាន​ពី​ចិន​វិញ​ឃើញ​ថា ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​តិច​តួច។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល ​ចិន-កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​​៤ ខែ​វិច្ឆិកា ថា​ រយៈ​ពេល ៩​ខែ​ឆ្នាំ​២០២៤ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ចិន​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង១ (១,២៧)​ពាន់​លាន​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ចិន​បាន​នាំចូល​មក​កម្ពុជា​វិញ​ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ៩ (៨,៥២) ពាន់​លាន​ដុល្លារ​អាមេរិក។

បើទោះបីជា​ចំនួន​រោងចក្រ​និង​អ្នក​វិនិយោគ​ចិន​ កំពុង​នាំមុខ​គេ​នៅ​កម្ពុជា​ក្តី ​ក៏​បាតុភាព​ បង្ខំ​កម្មករ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​នាំចេញ​លើស​ពី​សមត្ថភាព​កម្មករ​កំពុង​កើត​ឡើង។

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០២៤ សមាគម​សំលៀកបំពាក់​ និង​ស្បែកជើង​អាមេរិក​(AAFA)​និង​ក្រុមហ៊ុន​VF Corporation ក៏​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​ដែល​ថៅកែ​បង្ខំ​ឱ្យ​កម្មករ​នៅ​តាម​រោងចក្រ​ បង្កើន​ការ​ផលិត​ទំនិញ​នាំចេញ​ហួស​ពី​សមត្ថភាព​កម្មករ​នេះ។ កាលណោះ​សមាគម​សំលៀក​បំពាក់​និង​ស្បែក​ជើង​អាម៉េរិក (AAFA) និង​ក្រុមហ៊ុនVF Corporation ក៏​ធ្លាប់​ជំរុញ​ឱ្យ​គណៈកម្មការ​គ្រប់​គ្រង​កិច្ចសន្យា​ ជួល​ផលិត​បន្ត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​ វាយនភណ្ឌ និង​ស្បែកជើង​​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ឱ្យ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ម្ដង​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។