ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃប្រតិកម្មនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនធ្វើតាមអនុសាសន៍របស់សហភាពអឺរ៉ុបឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA ថា ជាការធ្វើឡើងដើម្បីតែរក្សាអំណាចរបស់ខ្លួនទៅមុខទៀត ដោយមិនគិតពីប្រជាពលរដ្ឋក្រីក្រឡើយ។
ពលករខ្មែរធ្វើការនៅប្រទេសថៃអំពាវនាវឱ្យពលរដ្ឋនៅក្នុងស្រុកងើបតវ៉ាបណ្ដេញលោក ហ៊ុន សែន ចេញពីតំណែង ដើម្បីរក្សាពន្ធ EBA ពីសហភាពអឺរ៉ុប។
ពលករធ្វើនៅខេត្តសមុទ្រប្រាកាណ (Samut Prakan) លោក ថន ស្ដើង ថ្លែងនៅថ្ងៃទី១១ កុម្ភៈថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ជារឿងសំខាន់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋ ដោយមិនអាចអត់បានឡើយ ពីព្រោះជួយឱ្យពលរដ្ឋក្រីក្ររាប់សែននាក់មានការងារធ្វើដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។ពលកររូបនេះ បន្ថែមទៀតថា ពួកគាត់ធ្វើការនៅប្រទេសថៃ ត្រូវថៅកែមើលងាយមើលថោក និងចំណាយប្រាក់កាសធ្វើលិខិតស្នាមអស់ច្រើន ដើម្បីបានធ្វើការស្របច្បាប់ ដូច្នេះលោកមិនគាំទ្រនឹងសម្ដីរបស់លោក ហ៊ុន សែន ដែលទុកឱ្យសហភាពអឺរ៉ុបព្យួរ EBA នោះឡើយ៖ «អីចឹងអ្វីដែលលោក ហ៊ុន សែន ហ្នឹងគឺ ដើម្បីតែក្រុមគ្រួសារបក្សពួកគាត់ទេ អ្វីដែលជាតិបាត់បង់ ប្រជាពលរដ្ឋអត់ការងារធ្វើ គឺគាត់អត់បានការព្រួយបារម្ភផង ព្រោះលោក ហ៊ុន សែន និងកូនចៅរបស់គាត់បានកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ មានលុយចាយមិនអស់ ដែលប្រជាពលរដ្ឋស្លូតត្រង់ទៅធ្វើខ្ញុំគេនៅប្រទេសថៃយ៉ាងលំបាកវេទនា » ។
ស្រដៀងគ្នានេះដែរពលករខ្មែរនៅខេត្តរ៉ាក់យ៉ង (Rayong) លោក សាន សំបូរ វិញ ថ្លែងថា មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ ធ្វើការដើម្បីតែរក្សាអំណាចរបស់ខ្លួន ទើបមិនធ្វើតាមសហភាពអឺរ៉ុបបែបនេះ។ លោកចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន នេះថា ជាទង្វើក្បត់ជាតិ ពីព្រោះធ្វើឱ្យខូចប្រយោជន៍របស់ពលរដ្ឋពិតប្រាកដ៖ «គាត់ខ្វល់ពីអំណាចគាត់ខ្វល់ពីបក្សរបស់គាត់មិនខ្វល់ពីប្រជាពលរដ្ឋ ខ្ញុំឃើញទង្វើរបស់គាត់អ៊ីចឹងខ្ញុំមិនពេញចិត្តទេ។ បើគាត់ជាមេដឹកនាំល្អគាត់ដោះស្រាយជូនប្រជាពលរដ្ឋ ហើយរឿង EBA ហ្នឹង បើគាត់មិនដោះស្រាយទេ ដឹងតែចប់ហើយខ្មែរយើងហ្នឹងធ្វើចំណាកស្រុកកាន់តែច្រើនឡើង ហើយកាន់តែក្រខ្លាំង។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំងព្រោះខ្ញុំជាកូនខ្មែរ ឃើញមេដឹកនាំ ហ៊ុន សែន ជាមេដឹកនាំមិនល្អ មិនចេះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋអ៊ីចឹង។ ខ្ញុំចង់បានមេដឹកនាំណាល្អចេះដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ និងចេះការពារ EBA» ។
ប្រតិកម្មរបស់ពលករខ្មែរនេះ បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា លោកមិនខ្វល់ពីការបាត់បង់ EBA ពីកម្ពុជាឡើយ។លោក ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ២ឡើងវិញនៅព្រឹកថ្ងៃទី១១ កុម្ភៈថា ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយក៏មិនអាចយកសន្តិភាព អធិបតេយ្យរបស់ជាតិទៅប្ដូរយកការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបបានដែរ៖ «ប្រសិនបើគេមិនយល់ពីយើងហើយចាប់បង្ខំយើងក៏យើងមិនព្រមតាមដែរ។ យើងធ្លាប់ភ្លក់រស់ជាតិរួចមកហើយនៃសង្គ្រាមសោកនាដកម្មរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង។ អ៊ីចឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសសូមងើបឈរឡើងទាំងគ្នា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា » ។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ មេសហជីពនៅកម្ពុជាយល់ថា ការយល់ព្រមធ្វើតាមអនុសាសន៍របស់សហភាពអឺរ៉ុបមិនធ្វើឱ្យកម្ពុជា បាត់បង់សន្តិភាពនិងអធិបតេយ្យរបស់ជាតិនោះឡើយ។
ប្រធានសហជីពកម្ពុជា លោក អាត់ ធន មានប្រសាសន៍ថា រដ្ឋាភិបាលមិនធ្វើតាមសំណើរបស់អឺរ៉ុបនឹងធ្វើឱ្យកម្ពុជាខាតបង់អត្ថប្រយោជន៍ជាច្រើន ជាពិសេសធ្វើឱ្យកម្មកររោងចក្រជាច្រើនប្រឈមនឹងអត់ការងារ ដោយសារត្រូវរោងចក្របិទទ្វារមិនដំណើរការ បាត់បង់ការអនុគ្រោះពន្ធ EBA៖ «យើងអត់ចង់ឃើញការមិនត្រូវគ្នារវាងរដ្ឋាភិបាលហ្នឹងសហភាពអឺរ៉ុបរហូតដល់មានការកាត់ប្រព័ន្ធការអនុគ្រោះទេ។អ៊ីចឹងបើទោះបីជាកាត់ក្នុងទំហំតិច ឬច្រើនយ៉ាងណាក៏ដោយ កាលណាកាត់ទៅយើងបារម្ភខ្លាចប៉ះពាល់ទៅដល់ការងាររបស់កម្មករ និងនិយោជិក ហើយយើងក៏មិនដឹងរដ្ឋាភិបាល គាត់និយាយបែបហ្នឹង គាត់មានអ្វីដើម្បីជំនួស នៅពេលដែលកម្មករបាត់បង់ការងារយើងអត់ទាន់ដឹងទេ » ។
របាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ ស្ដីពីការព្យួរការអនុគ្រោះពន្ធ EBA ដែលមានកម្រាស់ ៧០ទំព័រ ដែលអាស៊ីសេរីទទួលបានបង្ហាញថា បញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាអធិបតេយ្យ ដែលគណៈកម្មការនេះបានស្នើឲ្យស្ដារឡើងវិញនោះ រឹតតែអាក្រក់ជាងមុន។ ទោះជាយ៉ាងនេះក្តី គណៈកម្មការអឺរ៉ុបទទួលស្គាល់ថា មានការប្រសើរឡើងខ្លះដែរ ក្នុងផ្នែកសិទ្ធិដីធ្លី និងសិទ្ធិការងារ។ ប៉ុន្តែ គណៈកម្មការថា ភាពប្រសើរឡើងខ្លះនេះ គឺនៅតិចតួចណាស់ ដែលមិនគ្រប់គ្រាន់ ក្នុងការបំពេញតាមលក្ខខណ្ឌ ដែលអាចបន្តទទួលបានការអនុគ្រោះពន្ធ EBA តទៅទៀតនោះទេ។
គណៈកម្មការអឺរ៉ុបគ្រោងប្រកាសលទ្ធផលនៃសេចក្ដីសម្រេចរបស់ខ្លួនស្ដីពីការព្យួរ ឬមិនព្យួរ ឬព្យួរខ្លះនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្លូវការដល់កម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។