មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់ រងការចោទថា បានរំលោភដីព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរីជិត ២ពាន់ហិកតារ បំប្លែងជាសម្បត្តិបុគ្គល។ ការចោទប្រកាន់នេះ ក្រោយក្រុមសហគមន៍ជនជាតិដើមភាគតិចរកឃើញ ឯកសារស្នើសុំកាន់កាប់ដីធ្លី ដែលចុះហត្ថលេខាដោយមេភូមិ មេឃុំ អភិបាលស្រុក និងអភិបាលខេត្ត។ រីឯក្រុមជនជាតិជាតិដើមភាគតិចព្រមានថា នឹងលើកគ្នាតវ៉ា ប្រសិនបើអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិ មិននិរាករណ៍ ឬមោឃភាពឯកសារមិនប្រក្រតីទាំងនោះទេ។
ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក និងស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងថា បុគ្គលមានអំណាចម្នាក់ មានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឈ្មោះ សេង សុវណ្ណារ៉ា បានឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ រំលោភដីព្រៃអភិរក្សជិត ២ពាន់ហិកតារ ឋិតនៅស្រុកកោះញែក និងអូររាំង។
សេចក្ដីរាយការណ៍ពីសហគមន៍ជនជាតិភាគតិចឲ្យដឹងថា ទំហំដីជាង ៩៩០ហិកតា (៩៩០,២៤២ហិកតារ)ដែលអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ចុះហត្ថលេខាឯកភាពពាក្យស្នើសុំកាន់កាប់ដីធ្លីទៅឲ្យបុគ្គលឈ្មោះ សេង សុវណ្ណារ៉ា ជាន់ចំដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក។ លើសពីនេះ មានដីសហគមន៍ពីរទីតាំងផ្សេងទៀតមានទំហំសរុប ៧៦៤ហិកតារ ឋិតនៅភូមិពូហ្យាម និងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំងក្នុងដែនជម្រកសត្វកែវ សីមា ក៏ត្រូវបាន បុគ្គលឈ្មោះ សេង សុវណ្ណរ៉ា រំលោភបំពានដែរ។ អ្នកភូមិថា មកទល់នេះ ក្រុមជនជាតិដើមភាគតិចជាង ៥០គ្រួសារ បានផ្ដិតមេដៃប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយករណីនេះ។
ប្រធានសហគមន៍ភូមិពូរាំង លោក ញ៉ាន ស្រេវ ឲ្យដឹងនៅថ្ងៃទី១៦ កក្កដាថា ព្រៃសហគមន៍ភូមិពូរាំង ដែលជនជាតិដើមភាគតិច ស្នើសុំចុះបញ្ជីប្រើប្រាស់សមូហភាព ត្រូវគេកាប់ផ្ដួលដើមឈើអស់មួយចំនួន បំណងហ៊ុមព័ទ្ធយកដីទំហំ ៤៧២ហិកតារ។ លោកថា ក្រុមពលរដ្ឋជាង ៥០គ្រួសារ បានផ្ដិតមេដៃ ស្នើឲ្យអាជ្ញាធរដកហូតដីទាំងនោះមកវិញ ហើយមកទល់ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេត និងដោះស្រាយ។ លោកបន្ថែមថា ព្រៃសហគមន៍ភូមិពូរាំង មានផ្ទៃដីជាង ១ពាន់ហិកតារ ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃ កែវសីមា អ្នកភូមិ មានទិសដៅ ថែរក្សាព្រៃនេះ ជាសម្បត្តិសមូហភាព បន្សល់ចុងក្រោយសម្រាប់ឃ្វាលគោក្របី រកឃ្មុំ អាស្រ័យផលបែបប្រពៃណី និងជាទីតាំងជ្រកសត្វដំរីព្រៃរស់នៅជាដើម៖ «គាត់ហ្នឹងគាត់ថា ដីព្រៃសហគមន៍ហ្នឹងត្រូវអញយកៗ។ គាត់ថា អ៊ីចឹង ឈ្មោះគាត់ សេង សុវណ្ណារ៉ា ថ្នាក់គាត់ឯកឧត្ដម នៅក្រសួងយុត្តិធម៌។ ដីហ្នឹងដីចម្ការវិលជុំ ដីភ្នំ ដីតំណម មួយភូមិហ្នឹងតែម្ដងដីហ្នឹង » ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោក បូរ៉េត កាពី ចាត់ទុក ការរំលោភដីព្រៃអភិរក្សរបស់សហគមន៍ គឺជាទង្វើល្មើសច្បាប់ភូមិបាល និងបំពានអនុក្រឹត្យលេខ ៨៣ របស់រដ្ឋាភិបាល។ លោកថា ដីព្រៃអភិរក្សដែលឈ្មួញព្យាយាមរំលោភយកទាំងនោះ ជាតំបន់ដែលជនជាតិដើមភាគតិច អាស្រ័យផលបែបប្រពៃណី និងជាតំបន់កេរដំណែលវប្បធម៌ ដែលសល់ចុងក្រោយរបស់ជនជាតិដើមភាគតិចនៅទីនោះ។ លើសពីនេះ ក្រសួងមហាផ្ទៃធ្លាប់ប្រកាសទទួលស្គាល់ជនជាតិដើមភាគតិចព្នង ដែលកំពុងអាស្រ័យព្រៃឈើក្នុងតំបន់អភិរក្សនេះដែរ ហើយក្រសួងដែនដី កំពុងពិចារណាចុះបញ្ជីដីសមូហភាពជូនសហគមន៍៖ «ដីដែលគេរំលោភហ្នឹង ជាដីចម្ការវិលជុំរបស់ពួកគាត់ ដីសម្រាប់បន្តវេនដំណាំ ដីសម្រាប់បម្រុងទុក។ ខ្ញុំយល់ឃើញថា គាត់រំលោភលើ អនុក្រឹត្យ ៨៣ របស់រាជរដ្ឋាភិបាល ដែលគេនិយាយអំពី នីតិវិធីនៃការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច និងរំលោភច្បាប់ភូមិបាល មាត្រា ២៣, ២៥, ២៦, ២៧ និង២៨ គេការពារដីជនជាតិដើមភាគតិច និងប្រកបរបរ ជាលក្ខណៈសមូហភាព » ។
ឯកសារ ដែលអាស៊ីសេរីទទួលបានបង្ហាញថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានចុះហត្ថលេខាឯកភាព លើពាក្យស្នើសុំកាន់កាប់ដីធ្លីមួយកន្លែងទំហំជាង ៩៩០ហិកតារ (៩៩,២៤២ហិកតារ) ទៅឲ្យបុគ្គលឈ្មោះ សេង សុវណ្ណារ៉ា ឋិតនៅឃុំអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងដីមួយកន្លែងទៀត ឋិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង មានទំហំជាង ២៩២ហិកតារ (២៩២,៣៧៩ហិកតារ)។ លើសពីនេះ មានដីមួយកន្លែងផ្សេងទៀត មានទំហំ ៤៧២ហិកតារ ឋិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំងមានហត្ថលេខាត្រឹមមេភូមិ បានឯកភាពធ្វើលិខិតស្នើសុំកាន់កាប់ដីធ្លីទៅឲ្យបុគ្គលឈ្មោះ សេង សុវណ្ណារ៉ាដែរ។
អាស៊ីសេរីបានទាក់ទង អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែលោកមិនលើកទូរស័ព្ទ។ តែយ៉ាងណា លោកធ្លាប់ប្រាប់អាស៊ីសេរីថា នឹងមិនឆ្លើយបំភ្លឺតាមទូរស័ព្ទទេ៖ «ទម្លាប់ខ្ញុំ គឺខ្ញុំអត់សម្ភាសន៍តាមខ្យល់ទេ។ គឺមានការអី បងអញ្ជើញមកជួបខ្ញុំផ្ទាល់»។
រីឯអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា រដ្ឋបាលខេត្តនៅមិនទាន់ទទួលដំណឹងទាក់ទិន ឯកសារស្នើសុំកាន់កាប់ដីធ្លីទាំងនេះទេ។ លោកថា ប្រសិនបើក្រុមពលរដ្ឋមិនសុខចិត្តរឿងនេះ អាចសរសេរពាក្យបណ្ដឹងមកអាជ្ញាធរពាក់ព័ន្ធ។ ចំពោះសំនួរដែលសួរថា ពលរដ្ឋជាង ៥០គ្រួសារ បានផ្ដិតមេដៃស្នើឲ្យអាជ្ញាធរខេត្តដោះស្រាយវិបត្តិដីទំហំ ៤៧២ហិកតារ ដែលបុគ្គលឈ្មោះ សេង សុវណ្ណរ៉ា រំលោភយក អ្នកនាំពាក្យរូបនេះ ឆ្លើយថា រដ្ឋបាលខេត្តកំពុងស្រាវជ្រាវបញ្ហានេះ ហើយប្រសិនបើរកឃើញថា មានផលប៉ះពាល់ធំធេង រដ្ឋបាលខេត្តនឹងនិរាករណ៍ឯកសារពាក់ព័ន្ធទាំងនោះមកវិញ៖ «ខេត្តកំពុងធ្វើការ បើឃើញថា បើប៉ះពាល់ធំដុំ ខេត្តនឹងសូមដកទុកជាដីសម្បត្តិរដ្ឋ និរាករណ៍គ្រប់លិខិតពាក់ព័ន្ធ ព្រោះដីកន្លែងផ្សេងៗ ឪពុកថា អត់ដឹងថា តែកូនលក់។ គេមានលិខិតកន្លែងផ្សេងៗ មិនមែននិយាយកន្លែងហ្នឹងទេ។ គាត់លក់អស់ហើយ វាល ភ្នំអី លក់ខ្ទេចខ្ទីអស់ហើយ នៅសល់តែមួយដុំហ្នឹង។ ឥឡូវហ្នឹងខេត្ត ឲ្យធ្វើការដោះស្រាយ សម្របសម្រួលដីសហគមន៍យ៉ាងម៉េច ទៅយកព័ត៌មានឲ្យជាក់លាក់ » ។
សមាជិកសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលាថា ចាត់ទុក ការធ្វើពាក្យស្នើសុំកាប់កាប់ដីធ្លីនេះ មានភាពមិនប្រក្រតីច្រើន និងជាអំពើពុករលួយជាប្រព័ន្ធ ដែលអាជ្ញាធរពាក់ព័ន្ធ បានឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនមានឥទ្ធិពល បំផ្លាញធនធានធម្មជាតិ។ លោកថា ទំហំដីដែលបុគ្គលឈ្មោះ សេង សុវណ្ណរ៉ា រំលោភជាសម្បត្តិបុគ្គល មានទំហំជិត ២ពាន់ហិកតារ សុទ្ធសឹងជាដីព្រៃអភិរក្សដែលការពារដោយព្រះរាជក្រឹត្យ ហេតុអ្វីបានជា រដ្ឋបាលខេត្តឯកភាពស៊ីញេដីទាំងនោះ ដោយមិនបានសហការជាមួយក្រសួងដែនដី ក្រសួងបរិស្ថាន និងរដ្ឋាភិបាល? លោកសង្កត់ធ្ងន់ថា លោក សេង សុវណ្ណរ៉ា បានអះអាងនៅចំពោះមុខពលរដ្ឋថា ខ្លួនជាឯកឧត្ដម និងជាអនុរដ្ឋលេខាធិការរបស់ក្រសួង យុត្តិធម៌ និងបានគំរាមពលរដ្ឋណា ដែលចេញមុខរារាំង សកម្មភាពហ៊ុមព័ទ្ធយកដីព្រៃរបស់គេ៖ «សេង សុវណ្ណរ៉ា ម្នាក់ឯងគ្រប់គ្រងដីច្រើន។ អានេះជាង ៩ពាន់ បូកជាមួយ ២៩២ហិកតារ យើងបូកជាមួយ ៤៧២ហ្នឹង វាច្រើនមែនទែន លើសលប់ម្នាក់ឯង ហើយដីហ្នឹងសុទ្ធតែជាដីព្រៃទាំងអស់។ កន្លែងខ្លះត្រូវស្រែរបស់ពួកគាត់អ៊ីចឹង។ សហគមន៍ក៏ដូចជា ពលរដ្ឋនៅខេត្តមណ្ឌលគិរី យើងកំពុងពិភាក្សាថា តើយើងគួរប្តឹងនរណាខ្លះ ? ប្រមូលភស្តុតាង បានតំបន់ណាខ្លះ ? ដាក់ពាក្យបណ្ដឹងទៅតុលាការជាផ្លូវការ » ។
លោក ក្រើង តុលា មានមន្ទិលថា ហេតុអ្វីមន្ត្រីបរិស្ថាន ដែលមានតួនាទីការពារដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវ សីមា ធ្វើមិនដឹងមិនឮ ចំពោះការធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីត្រួតស៊ីគ្នានឹងដីអភិរក្សនេះ? លោកសង្ស័យថា អំពើពុករលួយ ឃុបឃិតគ្នាលក់ដីព្រៃអភិរក្ស កំពុងក្លាយជាជំងឺមហារីកធ្ងន់ធ្ងរក្នុងសង្គម និងជាគ្រោះមហន្តរាយធំធេងដល់ធនធានធម្មជាតិ៖ «ខ្ញុំគិតថា គួរតែអនុវត្តអភិក្រមទី៥ ប្រសើរជាងលួងលោម។ មនុស្សមានសមត្ថភាពច្រើនណាស់នៅកម្ពុជាយើង ព្រោះមនុស្សទាំងនេះ សុទ្ធតែបំផ្លាញជាតិគួរណាស់តែដាក់ទោសទណ្ឌ យកអភិរក្សទី៥ ល្អជាងទុកត្រីតែស្អុយ មកបន្លំជាមួយត្រីល្អៗ ខ្ញុំទទួលយកអត់បានទេ » ។
អាស៊ីសេរីនៅបានទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបំភ្លឺពីសាវតា លោក សេង សុវណ្ណរ៉ា តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា លើកទូរស័ព្ទដែរតែលោកថា កំពុងជាប់ប្រជុំ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់ថា អាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ ត្រូវតែស៊ើបអង្កេតឲ្យស៊ីជម្រៅ ពីភាពមិនប្រក្រតីនៃការចុះហត្ថលេខាធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីដ៏ធំសម្បើមនេះ។ លោកថា សន្ទុះនៃការចុះហត្ថលេខា ស្នើសុំកាន់កាប់ដីធ្លីរបស់អាជ្ញាធរមូលដ្ឋាននៅខេត្តនេះ កំពុងរីកដូចផ្សិតដែលលោកចាត់ទុកថា ជាទង្វើផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងដែនដី និងជាអំពើល្មើសច្បាប់៖ «អាជ្ញាធរខេត្ត ពុំមានសិទ្ធិចុះហត្ថលេខា ឲ្យបុគ្គលឯកជននោះទេ។ ទាក់ទងការរំលោភបំពានដីធ្លីនេះ បើបុគ្គលណាមួយ ប្រើអំណាចឃុបឃិតគ្នា មានការគំរាមកំហែង រំលោភយកដីសហគមន៍ និងដីរដ្ឋ គាត់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ » ។
សហគមន៍ជនជាតិដើមភាគតិច អំពាវនាវជាថ្មីទៀត ឲ្យក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ត្រូវអនុវត្តច្បាប់ភូមិបាល និងច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាពឡើងវិញ ខណៈបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានភាគច្រើន នៅតែឃុបឃិតធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី លើដីសាធារណៈរបស់រដ្ឋ ដីព្រៃអភិរក្ស និងដីព្រៃស្រោងដោយខុសច្បាប់។
ច្បាប់ភូមិបាលមាត្រា ២៦២ និង ២៦៣ ចែងថា អាជ្ញាធរមានសមត្ថកិច្ច ដែលរំលោភយកដីរបស់រដ្ឋត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៣០លានរៀល និងដាក់ពន្ធនាគារ ចាប់ពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។ អាជ្ញាធរមានសមត្ថកិច្ច ដែលព្រងើយកន្តើយបណ្ដោយឱ្យមានការរំលោភយកដីធ្លីរបស់រដ្ឋ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០លានរៀល និងត្រូវទទួលទោសរដ្ឋបាលមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។