ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវកំពុងធ្វើឲ្យដងផ្លូវមួយចំនួន ស្ទើរតែក្លាយទៅជាទីលានចាក់សំរាម បើទោះជារដ្ឋាភិបាលទទួលស្គាល់ និងបានដាក់ចេញនូវវិធានការដោះស្រាយយ៉ាងណាក្ដី ។ សកម្មជន និងអ្នកជំនាញបរិស្ថាន ស្នើដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអប់រំ ឲ្យពលរដ្ឋយល់ដឹងពីការគ្រប់គ្រង និងបែងចែកសំណល់ និងប្លាស្ទិកឲ្យបានត្រឹមត្រូវ។
បើអ្នកធ្វើដំណើរតាមដងផ្លូវពីរាជធានីភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តនានា ជាពិសេសគឺផ្លូវជាតិលេខ៤ អ្នកនឹងឃើញសំរាម និងកាកសំណល់ប្លាស្ទិកស្អេកស្កះ តាមតំបន់មួយចំនួនក្បែរទីប្រជុំជន។
សំរាម និងកាកសំណល់ទាំងនោះ ខ្លះបានបន្សល់ទុកតាំងពីឆ្នាំមុន ខ្លះត្រូវបានគេឈូសដីកប់ពីលើ ខ្លះធ្លាក់ចូលទៅក្នុងប្រភពទឹក ខ្លះទៀតត្រូវបានគេដុត និងខ្លះទៀតជាប់នៅតាមស្មៅជាដើម ។ ទន្ទឹមនឹងនេះ សំរាម និងកាកសំណល់ទាំងនេះ ក៏កំពុងបង្កជាក្លិនមិនល្អ និងប៉ះពាល់ដល់សោភណភាពតាមដងផ្លូវ។
ធុងសំរាមតិចតួច ហើយសំរាមនៅក្បែរធុង
គេសង្កេតឃើញ នៅលើផ្លូវជាតិលេខ៤នេះ មានធុងសំរាមតិចតួចប៉ុណ្ណោះ សម្រាប់ឲ្យពលរដ្ឋចោលសំរាម ហើយធុងសំរាមទាំងនោះ តែងតែមានសភាពពេញ ហើយពលរដ្ឋដាក់សំរាមចោលនៅក្បែរៗនោះ ខណៈផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិ មួយក្នុងចំណោមផ្លូវជាតិចំនួន៤ នៃយុទ្ធនាការសំអាតផ្លូវជាតិរបស់ក្រសួងបរិស្ថាន។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ អ្នកនាង ស៊ុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រើប្រាស់ថង់ប្លាស្ទិក គឺមិនត្រឹមតែប៉ះពាល់ដល់សោភណភាពតាមដងផ្លូវ និងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ដែរ នៅពេលអ្នកប្រើប្រាស់យកថង់ប្លាស្ទិកច្រកម្ហូបអាហារ ដែលមានសីតុណ្ហភាពក្ដៅ។
អ្នកនាង ស៊ុន រដ្ឋា៖«នៅពេល ដែលយើងទៅថតរូប យើងមិនដែលចង់ទៅថតមកជាប់សំរាម ភ្ញៀវទេសចរទៅថតរូបដោយមកសុទ្ធតែសំរាម អាហ្នឹងប៉ះពាល់ដល់សោភណភាពមួយហើយប៉ះពាល់ដល់គុណភាពដី ទោះបីជាយើងដុតក៏វានៅសារធាតុគីមី ដែលប៉ះពាល់ដី បើយើងអត់ដុត ហើយយើងកប់វាចោលសំណល់ប្លាស្ទិកខ្លះត្រូវការចំណាយពេលវេលារាប់រយឆ្នាំបានវារលាយ ហើយពេលរលាយហ្នឹង គឺមិនមែនរលាយអស់ទេ វាក្លាយទៅជាមីក្រូប្លាស្ទិកតូចៗចូលទៅក្នុងដី ដែលប៉ះពាល់ដល់គុណភាពដី ហើយនៅពេលវាចូលទៅក្នុងទឹកវាប៉ះពាល់ដល់ត្រី ដែលស៊ីសំណល់ប្លាស្ទិកហ្នឹងទៅ ហើយដល់ពេលយើងយកត្រីមកបរិភោគ វាប៉ះពាល់ដល់សុខភាពយើងមួយតង់ទៀតដែរ»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានទទួលស្គាល់ថា បញ្ហាសំរាមនៅតែជាបញ្ហាប្រឈមមួយសម្រាប់រដ្ឋាភិបាលនីតិកាលទី៧ ។ លោកបានដាស់តឿនដល់អាជ្ញាធរនៅតាមបណ្ដាលរាជធានី-ខេត្ត ឲ្យរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ រហូតទាល់តែមានថ្នាក់ដឹកនាំឆ្លងកាត់។ លោកថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោក ស សុខា៖«ប៉ុន្តែការផុសផុលមួយ ដែលចង់ឲ្យមានការចូលរួមនោះ គឺប្រជាពលរដ្ឋ ហើយនឹងអាជ្ញាធរខ្លួនឯងគួរតែដាស់តឿន ក្នុងការជំរុញ គ្រប់គ្រងអនាម័យនៅក្នុងខេត្តរបស់ខ្លួននេះ ។ ឥឡូវពេលខ្លះយើងខ្មាសគេដែរ យើងជិះតាមផ្លូវ យើងគិតថា ប្រទេសយើងជាប្រទេសមួយអច្ឆរិយ ប៉ុន្តែងាកឆ្វេង ងាកស្ដាំ សំរាមពេញតាមដងផ្លូវ តាមទីប្រជុំជនធំៗ អ៊ីចឹងទៅគឺពិបាក»។
យុទ្ធនាការសំអាតផ្លូវជាតិ
ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីដើមខែមករា កន្លងទៅ បានដាក់ចេញនូវយុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម» ក្នុងគោលបំណងធ្វើឲ្យផ្លូវជាតិ ស្អាត និងគ្មានសំណល់ប្លាស្ទិកជាដើម។
លោក អ៊ាង សុផល្លែត៖«ក្នុងឱកាស នៃការសាកល្បងនេះ ខ្ញុំបានសម្រេចចិត្តដាក់យុទ្ធនាការនេះ ចេញតែម្ដង ដើម្បីជំរុញធ្វើយ៉ាងណាឲ្យផ្លូវជាតិយើងទូទាំងប្រទេស មានភាពស្អាត ដែលភាសាខ្មែរយើងមានពាក្យថា មានផ្លូវមានសង្ឃឹម មានផ្លូវល្អ មានសង្ឃឹមល្អ ។ អ៊ីចឹងយុទ្ធនាការនេះ ដាក់ចេញហើយ គោលដៅរបស់ខ្ញុំដែរ ក្នុងឆ្នាំ២០២៥នេះដាច់ខាតត្រូវតែចប់ ហើយផ្លូវជាតិនៅក្នុងប្រទេសយើងត្រូវតែស្អាត»។
នេះជាយុទ្ធនាការទី៣ហើយ ដែលក្រសួងបរិស្ថាន បានដាក់ចេញដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ យុទ្ធនាការទាំងពីរនោះគឺ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ថ្វីបើក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការបែបនេះក្ដី ក៏ប៉ុន្តែបញ្ហាសំរាម និងកាកសំណល់ប្លាស្ទិកស្អេកស្កះនៅតាមដងផ្លូវនៅតែបន្តកើតមានឡើង។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការឆ្លើយតបជុំវិញ បញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៨ ខែមីនា។
ទោះជាយ៉ាងនេះក្ដី សកម្មជនបរិស្ថាន អ្នកនាង ស៊ុន រដ្ឋា លើកឡើងថា ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិក រដ្ឋាភិបាល គួរតែផ្សព្វផ្សាយអំពីការគ្រប់គ្រង ការបែងចែក ការកែច្នៃ និងផលប៉ះពាល់ ដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជជែកជាមួយក្រុមហ៊ុនប្រមូលសំរាមឲ្យរៀបចំបច្ចេកទេសដឹកសំរាម ដោយបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងគ្មានការហូរទឹកសំរាមនៅលើផ្លូវ។
អ្នកនាង ស៊ុន រដ្ឋា៖«ចុងក្រោយខ្ញុំជឿជាក់លើប្រជាជនខ្មែរ ខ្ញុំជឿជាក់ថា គាត់ក៏ចង់ឲ្យប្រទេសយើងស្អាតដូចគ្នាដែរ ហើយខ្ញុំក៏ជឿជាក់ថា ពួកគាត់មានចំណេះដឹងហើយគ្រាន់តែខ្វះការលើកទឹកចិត្ត ។ អីចឹងខ្ញុំសូមលើកទឹកចិត្តពួកគាត់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះគ្រប់គ្រងសំរាមនៅពេលដើរលេង ឬក៏មានកម្មវិធីណាមួយ នៅរមណីយដ្ឋានណាមួយក៏ដោយ សូមគ្រប់គ្រងសំរាមឲ្យបានល្អ ហើយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ខ្ញុំក៏ជឿដែរថា គាត់ក៏ចង់ឲ្យប្រទេសកម្ពុជាយើងមានមុខមាត់នៅក្នុងឆាកអន្តរជាតិ»។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន គួរតែចូលរួមលើកទឹកចិត្តដល់ពលរដ្ឋឲ្យចូលរួមសំអាតបរិស្ថាន និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនានា ឲ្យមានប្រសិទ្ធភាព។
លោក សេង សុខហេង៖«អាជ្ញាធរដែនដីគួរតែចូលរួមអនុវត្តតាមគោលការណ៍នានា ជាពិសេសគឺច្បាប់ពាក់ព័ន្ធនឹងការចោលសំរាមផ្ដេសផ្ដាសហ្នឹង ការផ្សព្វផ្សាយហ្នឹងគួរតែជំរុញ លើកទឹកចិត្តបន្តទៀត ឲ្យបានខ្លាំងជាងនេះទៅទៀត ដើម្បីធានាថា បញ្ហាចោលសំរាមផ្ដេសផ្ដាស ឬបញ្ហាបរិស្ថានត្រូវបានដោះស្រាយដោយមានការចូលរួមពីភាគីពាក់ព័ន្ធជារឿងសំខាន់ ដែលអាជ្ញាធរត្រូវធ្វើ ហើយច្បាប់ដែលពាក់ព័ន្ធទាំងឡាយត្រូវតែអនុវត្តឲ្យបានទូលំទូលាយ»។
កាលពីខែធ្នូ ឆ្នាំ២០១៦ ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យមួយប្រគល់មុខងារគ្រប់គ្រងសំរាមសំណល់ទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានីក្រុង និងស្រុកធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅឱ្យរដ្ឋបាលថ្នាក់ខណ្ឌដោយចាត់វិធានការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន។
អត្ថបទដែលទាក់ទង៖
ទោះជាក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យនេះ អស់រយៈពេលជិត ១០ឆ្នាំមកហើយក្ដី ក៏បញ្ហាសំរាមនៅតែមិនទាន់អាចដោះស្រាយបាន ហើយរដ្ឋាភិបាលថែមទាំងរងការរិះគន់ថា អសមត្ថភាពដោះស្រាយបញ្ហាសំរាមជូនពលរដ្ឋ។
លើសពីនេះ ពលរដ្ឋខ្លះ ជាពិសេសយុវជន ហាក់អស់ទំនុកចិត្តលើការដោះស្រាយរបស់រដ្ឋាភិបាល ហើយពួកគាត់បានចងក្រងគ្នាទៅជាក្រុម ដើររើសសំរាមតាមទីសាធារណៈ ដូចជានៅតាមមាត់ទន្លេ និងទីកន្លែងប្រគំតន្ត្រីជាដើម ។ ក្រៅពីនេះ យុវជនមួយក្រុមផ្សេងទៀត គឺយុវជនចលនាមាតាធម្មជាតិ បានធ្វើសកម្មភាពមួយចំនួន ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកដូចជា ដាក់ញត្តិទាមទារឲ្យក្រសួងបរិស្ថានតំឡើងពន្ធនាំចូលប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ នៃសំរាម និងប្លាស្ទិកនិងការបង្ហាញពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម ។ ប៉ុន្តែសកម្មភាពទាំងនេះ មិនត្រូវបានរដ្ឋាភិបាល លើកទឹកចិត្តនោះឡើយ ថែមទាំងបានលាបពណ៌ ចោទប្រកាន់ពួកគេតាមផ្លូវតុលាការ និងចាប់ខ្លួនពួកគេ ដាក់គុកច្រើនលើកថែមទៀត។
សកម្មជន និងអ្នកជំនាញបរិស្ថាន ទទូចដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់បរិស្ថាន និងសុខភាព ឲ្យពលរដ្ឋបានយល់ដឹងពីឥរិយាបថរស់នៅស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រប់គ្រងសំណល់គ្រប់ប្រភេទឲ្យបានត្រឹមត្រូវ ។ ពួកគាត់ ក៏ស្នើដល់អាជ្ញាធរ ឲ្យពង្រឹងការផាកពិន័យចំពោះអ្នកគ្រប់គ្រង និងបោះចោលសំរាមមិនបានត្រឹមត្រូវ ព្រមទាំងពង្រឹងគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងមានបរិស្ថានស្អាតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។