រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ បូមខ្សាច់ចាក់លុបដីដុះតាមដងទន្លេមេគង្គ និងពង្រីកចូលទន្លេមេគង្គ នៅតំបន់អរិយក្សត្រ ជិត១រយហិកតារ ឋិតនៅទល់មុខកោះនរា និងកោះពេជ្រ។ សកម្មជនបរិស្ថាន សោកស្ដាយចំពោះការបន្តឲ្យក្រុមហ៊ុនឯកជនលុបទន្លេមេគង្គជាបន្តបន្ទាប់ ដោយសារតែគម្រោងទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុនឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់ឧកញ៉ាឃុន សៀ ដែលរងការចោទប្រកាន់ថា ធ្វើទុក្ខបុកម្នេញនិងប្រើហិង្សា ដើម្បីបណ្ដេញពលរដ្ឋយកដីនោះ កំពុងធ្វើសកម្មភាពបូមខ្សាច់ ចាក់លុបតាមដងទន្លេមេគង្គ ស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ សកម្មភាពបូមខ្សាច់ចាក់បំពេញដីដុះ តាមមាត់ទន្លេមេគង្គ និងចាក់ពង្រីកចូលទន្លេមេគង្គនេះ កំពុងប្រណាំងប្រជែងគ្នាជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលកំពុងចាក់ខ្សាច់ និងថ្មលុបទន្លេមេគង្គម្ខាងទៀត ស្ថិតនៅតំបន់កោះនរា ក្នុងខណ្ឌច្បារអំពៅ។
ពលរដ្ឋរស់នៅឃុំអរិយក្សត្រ ឲ្យដឹងថា ទំហំផ្ទៃដី ដែលដុះតាមមាត់ទន្លេ និងផ្ទៃទឹកទន្លេមេគង្គដែលក្រុមហ៊ុន ឃុន សៀ កំពុងចាក់លុបនោះ មានទទឹងចាប់ពី ៦០០ ទៅ ៧០០ម៉ែត្រ និងបណ្ដោយជិត៤គីឡូម៉ែត្រ ដែលគិតជាផ្ទៃក្រឡាជាង ៧០ហិកតារ គឺគិតចាប់ពីកំពង់ចម្លងអរិយក្សត្រ រហូតដល់វត្តសារិកាកែវ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ បានបូមខ្សាច់លុបបានប្រវែងជិត២គីឡូម៉ែត្រហើយ។ពលរដ្ឋរស់នៅតំបន់នោះ អះអាងថា បើគិតជាដីដុះតាមបណ្ដោយមាត់ទន្លេ ដែលក្រុមហ៊ុនបូមខ្សាច់ពន្លិចនោះ គឺមានខ្ទង់ ២០០ម៉ែត្រ និង៣០០ម៉ែត្រ ទៅតាមកន្លែង ហើយក្រុមហ៊ុន បានបូមខ្សាច់ពង្រីកចូលផ្ទៃទន្លេជាច្រើនរយម៉ែត្រថែមទៀត។ ក្នុងមួយថ្ងៃៗ មានសាឡងធំៗ រាប់សិបគ្រឿង បានដឹកខ្សាច់ពីឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល សម្រាប់ចាក់លុបតាមដងទន្លេនេះដោយប្រើប្រាស់ម៉ាស៊ីនជាច្រើនគ្រឿង និងបំពង់ទុយោធំៗជាច្រើនដើម សម្រាប់បូមខ្សាច់នោះ។
ប្រជានេសាទតាមដងទន្លេមេគង្គ ក្នុងឃុំអរិយក្សត្រ លោកស្រី នៅ រៀបរាប់ថា កន្លែងដែលក្រុមហ៊ុន ឃុន សៀ កំពុងចាក់ខ្សាច់លុបនោះ គឺជាកន្លែងដែលលោកស្រី តែងតែនេសាទជាច្រើនឆ្នាំមកហើយ ដើម្បីចិញ្ចឹមជីវិត។ លោកស្រី ត្អូញត្អែរថា ការនេសាទត្រីរបស់ពួកលោកស្រី កំពុងជួបការលំបាកខ្លាំង ដោយសារចំនួនត្រីថយចុះខុសធម្មតា ស្របពេលដែលសាឡង់បូមខ្សាច់កើនច្រើនឡើងពេញផ្ទៃទឹកទន្លេ ហើយសាឡង់បូមខ្សាច់ទាំងនោះ តែងតែធ្វើឲ្យដាច់រហែកមងរបស់ពួកលោកស្រីជាញឹកញាប់ទៀតផង។ លោកស្រីមិនពេញចិត្តចំពោះការអភិវឌ្ឍ ដែលលុបដងទន្លេមេគង្គជាបន្តបន្ទាប់នេះទេ ប៉ុន្តែលោកស្រី និយាយថា ពលរដ្ឋក្រីក្រតូចតាច មិនអាចប្រឆាំង ឬស្នើសុំឲ្យបញ្ឈប់គម្រោងនេះបានឡើយ៖ «ហើយគាត់ថា ឲ្យយើងទៀតថា កន្លែងនេះ គាត់ត្រូវបូមមិនមែនកន្លែង យើងរកស៊ីទេ ហើយគាត់ ( សាឡង់បូមខ្សាច់ ) បណ្ដាក់គ្នារហូត ដូច្នេះយើងរកអីអត់បានទេ។ យើងអត់ធំដូចគាត់ យើង អត់អាចប្រកែកជាមួយគាត់បានទេ មានតែគេចៗគាត់ខ្លះអ៊ីចឹងទៅ»។
កាលពីឆ្នាំទៅ រដ្ឋាភិបាលសម្រេចធ្វើអនុប្រយោគ គឺដំណើរប្ដូរពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រពសម្បត្តិឯកជនរបស់រដ្ឋ ពាក់ព័ន្ធនឹងដីទំហំប្រមាណ៧០ហិកតារ ស្ថិតនៅភូមិអរិយក្សត្រ និង ភូមិខ្សាច់ ស្ថិតក្នុងឃុំអរិយក្សត្រ។ រដ្ឋាភិបាលអនុញ្ញាតឲ្យអាជ្ញាធរខេត្តកណ្ដាល ចុះកិច្ចសន្យាសិទ្ធិជួលអចិន្ត្រៃយ៍ជាមួយក្រុមហ៊ុន ឃុន សៀ ក្នុងរយៈពេល ៥០ឆ្នាំ និងអាចបន្តជាថ្មីបាន បន្ទាប់ពីក្រុមហ៊ុនដោះស្រាយជាមួយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងអាស្រ័យផលដំណាំផ្សេងៗ លើដីដុះតាមមាត់ទន្លេនោះ។
ទោះជាយ៉ាងណា ពលរដ្ឋអះអាងថា កន្លងមក ក្រុមហ៊ុន ឃុន សៀ បានដាក់កម្លាំងអាជ្ញាធរចម្រុះ និងគ្រឿងចក្រជាច្រើនគ្រឿង ចូលឈូសឆាយផលដំណាំ និងហ៊ុមព័ទ្ធរបងយកដីនោះដោយគ្មានជូនដំណឹង និងគ្មានដំណោះស្រាយសមរម្យជូនពលរដ្ឋឡើយ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋដែលដាំដុះអាស្រ័យផលលើដីដុះតាមច្រាំងទន្លេជាច្រើនគ្រួសារ ផ្ទុះការតវ៉ាជាច្រើនលើក។ ពលរដ្ឋអះអាងថា បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ៤គ្រួសារទៀត មិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុននៅឡើយ។
មេភូមិខ្សាច់លោក សៅ សាវ៉ា ថ្លែងថា លោក មិនបានឃើញពលរដ្ឋតវ៉ារឿងដីធ្លីទៀតទេ ប៉ុន្តែលោកបានឃើញក្រុមហ៊ុន ឃុន សៀ កំពុងបូមខ្សាច់ចាក់បំពេញដីដុះតាមមាត់ទន្លេ ដែលមានទឹករាក់ ជារៀងរាល់ថ្ងៃ។ លោកមិនទាន់បានដឹងអំពីតម្លៃ ដែលរដ្ឋជួយឲ្យក្រុមហ៊ុនឯកជនមួយនេះ និងមិនទាន់ដឹងថា ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍអ្វីនោះឡើយ។ មេភូមិរូបនេះអះអាងថា ក្រុមហ៊ុនមិនបានបូមខ្សាច់លុបរំលោភចូលផ្ទៃទឹកទន្លេនោះទេ ហើយលោក ក៏មិនព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានដែរ ព្រោះលោកអះអាងថា មុនជួលឲ្យក្រុមហ៊ុននេះ អាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានចុះសិក្សា និងវាយតម្លៃរួចរាល់ហើយ៖ «ក្រុមហ៊ុនគេបូមខ្សាច់នេះ គេគ្របតែលើដីដុះនេះទេ ហើយការបូមដាក់ក្នុងទន្លេនោះ គឺបូមដាក់វាមិននៅទេ ព្រោះដីខ្សាច់ហើយទឹកវាហូរទៅប៉ើងអស់»។
ប្រជាពលរដ្ឋ ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍លុបដងទន្លេមេគង្គ ដោយមានទឹកប្រាក់រាប់លានដុល្លារនេះ ទាំងក្រុមហ៊ុន ឃុន សៀ និងរដ្ឋាភិបាល មិនបានផ្សព្វផ្សាយជាសាធារណៈអំពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមនោះទេ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ឃុន សៀ បានទេកាលពីថ្ងៃទី៣០ តុលា។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនបានដឹងអំពីការជួលដី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀ នេះទេ ប៉ុន្តែលោកថ្លែងការពារថា ក្រុមហ៊ុននេះ មិនបានបូមខ្សាច់លុបទន្លេឡើយ គឺគ្រាន់តែពង្រីកច្រាំងទន្លេប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកជឿជាក់ថា ប្រសិនបើគម្រោងនេះ មានការយល់ព្រមពីរដ្ឋាភិបាលនោះ គឺប្រាកដជាមានការសិក្សាស្រាវជ្រាវ ពីក្រសួងជំនាញពាក់ព័ន្ធរួចរាល់ហើយ៖ «បើកាលណាគេចេញស . ជ . ណ ចេញសេចក្ដីជូនដំណឹង បានន័យថា រដ្ឋាភិបាលបានទទួលស្គាល់ ឬបានអនុញ្ញាតឲ្យធ្វើហើយ។ បើសួរថា ហេតុដូចម្ដេចបានឲ្យធ្វើ អាហ្នឹងទាល់តែទៅតាមពីក្រោយទៀត។ តើខ្ញុំមានពេលឯណាទៅតាមរឿងអ៊ីចឹងៗ ?»។
ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ទីតាំងដែលក្រុមហ៊ុនឧកញ៉ា ឃុន សៀ កំពុងបូមខ្សាច់ចាក់បំពេញនោះ គឺជាដីដុះតាមមាត់ទន្លេ ដែលរដ្ឋជួលឲ្យក្រុមហ៊ុនមួយនេះ តាមនីតិវិធីច្បាប់រយៈពេល ៥០ឆ្នាំ សម្រាប់សាងសង់អគារអចលនទ្រព្យផ្សេងៗ។ នៅពេលអាស៊ីសេរី សួរថា តើការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្រុមហ៊ុនឯកជននេះ រដ្ឋទទួលបានផលចំណេញអ្វីខ្លះ? លោក គង់ សោភ័ណ្ឌ ឆ្លើយតបថា លោកមិនបានដឹងច្បាស់នោះទេ ព្រោះទើបឡើងជាអភិបាលខេត្តថ្មី ហើយរបាយការណ៍នេះ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងជំនាញពាក់ព័ន្ធជាច្រើនទៀត ប៉ុន្តែលោកថា នឹងពិនិត្យមើលកិច្ចសន្យាជួល និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ឃុន សៀនេះ បន្តទៀត៖ «តាមមើលតែរហូត ប្រសិនបើមានកន្លែងណាមួយដែលវាប៉ះពាល់ដូច្នេះយើងគិតថា វានៅក្នុងក្របខ័ណ្ឌមួយទៀត គឺក្របខ័ណ្ឌថ្នាក់ជាតិនឹងយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានេះ»។
គម្រោងអភិវឌ្ឍតាមដងទន្លេមេគង្គផ្នែកខាងក្រោមនៅតំបន់អរិយក្សត្រ ដោយក្រុមហ៊ុនឃុន សៀនេះ បានបង្កឲ្យអ្នកបរិស្ថាននិងអង្គការសង្គមស៊ីវិល ព្រួយបារម្ភបន្ថែមទៀតអំពីផលប៉ះពាល់ធំធេងដល់បរិស្ថាន និងសង្គម។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហានដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ទោះបីជាច្បាប់ភូមិបាល បានហាមឃាត់ មិនឲ្យជួលឬលក់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានបឹងបួ ទន្លេនិងឧទ្យានជាតិទៅឲ្យក្រុមហ៊ុនឯកជនក្តី ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន សែន មិនខ្វល់អំពីច្បាប់ មិនខ្វល់អំពីតម្រូវការ និងអារម្មណ៍របស់ប្រជាជនខ្មែរនោះទេ៖ «ពេលអត់មានបក្សប្រឆាំងក្នុងសភា ពេលសកម្មជនបរិស្ថានត្រូវបានចាប់ដាក់គុកជិតអស់ ហើយស្ថាប័នព័ត៌មានឯករាជ្យ ស្ទើរតែមិនមានទៀតនេះ ធ្វើឲ្យល្បឿននៃការបំផ្លិចបំផ្លាញបរិស្ថាននេះ កាន់តែលឿនទៅៗ ដែលអាចនិយាយថា ជិះសេះលែងដៃមែនទែន»។
សកម្មជនបរិស្ថានរូបនេះ ជឿជាក់ថា គម្រោងអភិវឌ្ឍន៍ ដែលធ្វើឲ្យផ្ទៃទឹកទន្លេមេគង្គកាន់តែរួមតូចនេះ នឹងបង្កជាគ្រោះមហន្តរាយទឹកជំនន់កាន់តែធ្ងន់ធ្ងរ ធ្វើឲ្យធ្លាក់ចុះធនធានមច្ឆាជាតិ បំពុលបរិស្ថាន និងបាក់ច្រាំងទន្លេជាដើម៖ «យើងឃើញលទ្ធផលជាក់ស្ដែងអ៊ីចឹងមែន គឺក្រោយពីលុបបឹងកក់ លិចធ្ងន់ធ្ងរ ហើយឥឡូវនេះលុបបឹងស្ទឹងទាំងអស់ហើយដូច្នេះគ្មាននរណាអាចប្រកែកបានទេ អំពីទំនាក់ទំនងនៃការលុបបឹងនិងការលិចផ្លូវ។ ឥឡូវយើងឃើញច្បាស់ក្រឡែត»។
មាត្រា ១៦ នៃច្បាប់ភូមិបាល ចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋ មានដូចជា បឹង ទន្លេជាដើម មិនអាចលក់ដូរបានឡើយ លុះត្រាតែបាត់បង់ផលប្រយោជន៍ជាសាធារណៈ។ សកម្មជនបរិស្ថាន និងសង្គមស៊ីវិល ពិនិត្យឃើញថា ទីតាំងសាធារណៈដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុន ឃុន សៀ និងក្រុមហ៊ុនឯកជនដទៃទៀតកន្លងមកនោះ គឺមិនទាន់បាត់បង់ផលប្រយោជន៍សាធារណៈឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។