ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ប្ដឹងចៅក្រមតុលាការខេត្តកោះកុងពីររូបអំពីកំហុស និងភាពអសកម្មក្នុងការបំពេញការងារវិជ្ជាជីវៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកធ្ងន់ធ្ងរ។ បណ្ដឹងធ្វើឡើងដោយសារតែលោក អាឡិច ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងសំណុំរឿងព្រហ្មទណ្ឌ ករណីយុវជន ៣នាក់ ត្រូវបានចោទប្រកាន់ពីបទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ” ក្រោយពេលពួកគេចុះទប់ស្កាត់សកម្មភាពបូមខ្សាច់បែបអានាធិបតេយ្យនៅតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង កាលពីអំឡុងឆ្នាំ ២០១៥ កន្លងទៅ។
សកម្មជនបរិស្ថាន លោក អាឡិច អះអាងថា ការប្តឹងប្រធានតុលាការខេត្តកោះកុង លោក មីន មករា និងចៅក្រម ភាព សុភា ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ ដោយសារមន្ត្រីតុលាការទាំងពីរមិនអើពើចំពោះសំណុំរឿងព្រហ្មទណ្ឌមួយដែលលោក គឺជាជនជាប់ចោទរួមគំនិត ជាមួយសកម្មជនបរិស្ថាន ៣ នាក់ផ្សេងទៀត។ លោកបញ្ជាក់ថា តុលាការបានបំបែកសំណុំរឿងនេះជាពីរ ដោយសំណុំរឿងទីមួយ មានជនជាប់ចោទ ៣នាក់ គឺ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង ហើយសំណុំរឿងនេះត្រូវបានតុលាការកំណត់ថ្ងៃជំនុំជម្រះ និងបានប្រកាសសាលក្រមរួចស្រេចទៅហើយ។ ដោយឡែកសំណុំរឿងទីពីរដែលមានរូបលោកជាជនជាប់ចោទនោះ បែរជាតុលាការមិនរវីរវល់ចាត់ការតាមនីតិវិធីទៅវិញ ទោះបីជាមានការស្នើសុំឱ្យកំណត់ពេលជំនុំជម្រះពីមេធាវីរបស់លោក និងខាងតំណាងអយ្យការជាច្រើនលើកច្រើនសារបែបណាក្តី។
លោកបន្ថែមថា ការមិនយកចិត្តទុកដាក់របស់ចៅក្រមតុលាការខេត្តកោះកុងនេះ ធ្វើឱ្យលោកត្រូវមានឈ្មោះជាជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះជិត ៣ឆ្នាំទៅហើយ ទាំងដែលលោកមិនបានប្រព្រឹត្តទោសកំហុសអ្វីនោះឡើយ៖ « ខ្ញុំចង់សម្អាតកិត្តិនាមរបស់ខ្ញុំក្នុងនាមជាសកម្មជនបរិស្ថានដែលចេញមុខអស់រយៈពេលជាង ៥ឆ្នាំ កន្លងទៅនេះ។ ខ្ញុំចង់ឱ្យសាធារណជនទាំងអស់ទាំងក្នុងស្រុក និងក្រៅស្រុកបានដឹងថា ខ្ញុំអត់ដែលបានធ្វើអ្វីមួយពាក់ព័ន្ធនឹងរឿងអំពើហិង្សាទេ ទោះដោយផ្ទាល់ ឬក៏ដោយប្រយោលក្តី។ ខ្ញុំធ្វើរបៀបអហិង្សាគ្រប់ពេលវេលា ហើយអ្វីដែលគេចោទប្រកាន់ គេចោទថា ខ្ញុំបានផ្ដល់ថវិកាឱ្យសកម្មជន ៣នាក់ មាន ស៊ីម សំណាង សាន់ ម៉ាឡា និង ទ្រី សុវិគា ដើម្បីឱ្យពួកគេធ្វើសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងអំពើហិង្សា។ អ៊ីចឹងខ្ញុំទាមទារសិទ្ធិរបស់ខ្ញុំ ដែលចែងតាមច្បាប់ជាតិ និងអន្តរជាតិដើម្បីការពារក្ដី ការពារនូវទង្វើដែលគេចោទថា ខ្ញុំបានធ្វើ នៅក្នុងតុលាការខេត្តកោះកុង »។
លោក អាឡិច ត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញ បណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៥ ដោយផ្អែកលើហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលជាច្រើននៅគ្រានោះ បានស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងព្រះមហាក្សត្រផង ដើម្បីបន្តទិដ្ឋាការដល់លោក អាឡិច ដោយសារលោកជាសកម្មជនបរិស្ថានមួយរូបដែលបានចេញមុខយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនទទួលបានជោគជ័យឡើយ។ បន្ទាប់ពីត្រូវបានបណ្តេញចេញ លោកបានព្យាយាមជាច្រើនដងដើម្បីចូលមកកម្ពុជាវិញ ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជាបដិសេធ ដោយសារឈ្មោះរបស់លោក ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាឡើយ។
នៅខែកុម្ភៈឆ្នាំ ២០១៦ តុលាការខេត្តកោះកុងបានចោទប្រកាន់សកម្មជនរូបនេះពីបទ “សមគំនិត” ក្នុងសំណុំរឿង “គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ” របស់លោក សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ឹម សំណាង។ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុងក៏បានចេញដីកាតាមខ្លួនលោក ខណៈលោកត្រូវបានបណ្ដេញចេញពីកម្ពុជារួចទៅហើយនោះ ហើយតាំងពីពេលនោះមក សំណុំរឿងនេះក៏ត្រូវទុកកប់ចោលរហូតមកទល់នឹងពេលបច្ចុប្បន្ន។
សកម្មជនបរិស្ថានរូបនេះ ស្នើយ៉ាងទទូចដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឱ្យពិនិត្យ និងចាត់វិធានការណ៍លើចៅក្រមតុលាការខេត្តកោះកុងទាំងពីររូប ដើម្បីធានាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឱ្យមានដំណើរការល្អនៃអង្គការតុលាការ និងអង្គការអយ្យការ ព្រមទាំងផ្តល់យុត្តិធម៌ក្នុងសំណុំរឿងក្តីគ្រប់ប្រភេទឱ្យបានឆាប់រហ័ស ដើម្បីបង្កើនទំនុកចិត្តពីពលរដ្ឋ៖ « ប្រសិនបើយើងចង់ជោគជ័យនៅក្នុងយុទ្ធនាការប្រឆាំងនឹងរបបផ្ដាច់ការ យើងត្រូវតែមានជំនាញច្រើន ត្រូវតែមានចំណេះដឹង ត្រូវតែមានបទពិសោធន៍ជាដើម ប៉ុន្តែចំណុចដែលសំខាន់បំផុតនោះ គឺយើងត្រូវតែមានសេចក្ដីក្លាហាន។ ខ្ញុំមិនមែនជាមនុស្សដែលជំរុញឱ្យសកម្មជនប្រឈមរយៈពេល ៣ ឆ្នាំកន្លងមក ដោយខ្ញុំខ្លួនឯងអត់ហ៊ាននៅប្រឈមនោះទេ។ ខ្ញុំមិនមែនជាមនុស្សអញ្ចឹងនោះទេ។ បើខ្ញុំជំរុញឱ្យអ្នកដែលធ្វើការជាមួយខ្ញុំហ៊ានប្រឈម ខ្ញុំខ្លួនឯងផ្ទាល់ក៏ត្រូវតែហ៊ានប្រឈមដូចគ្នា ឬលើសពីគេទៅទៀត។ អញ្ចឹងបើឆ្លើយឱ្យខ្លី គឺថាខ្ញុំអត់មានខ្លាចអ្វីទាំងអស់។ ខ្ញុំមានតែសោកស្ដាយដែលរដ្ឋាភិបាល ជាពិសេសលោក ហ៊ុន សែន ជាអ្នកខ្លាចខ្ញុំទៅវិញ ដែលមិនអនុញ្ញាតឱ្យខ្ញុំទៅវិញនោះ ទោះបីជាខ្ញុំបានព្យាយាមជាច្រើនដងទៅហើយក្ដី »។
ពាក្យបណ្តឹងរបស់លោក អាឡិច នោះ ត្រូវបានមេធាវីរបស់លោក គឺលោក សំ ចំរើន ដាក់ជូននាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមរួចរាល់ហើយ កាលពីថ្ងៃទី៣ កក្កដា កន្លងទៅ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានតុលាការខេត្តកោះកុង លោក មីន មករា និងចៅក្រម ភាព សុភា ដែលរងការប្ដឹងផ្ដល់ពីសកម្មជនបរិស្ថាន លោក អាឡិច បានទេនៅថ្ងៃទី៧ កក្កដា។
មេធាវី សំ ចំរើន នៃក្រុមមេធាវីដូនពេញ ថ្លែងថា ការប្តឹងចៅក្រមអំពីកំហុសឆ្គងក្នុងការបំពេញមុខងារវិជ្ជាជីវៈទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបែបនេះ គឺជាករណីកម្រ ក៏ប៉ុន្តែវាអាចធ្វើទៅបាន ក្នុងករណីអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងមិនពេញចិត្តចំពោះភាពយឺតយ៉ាវ ឬភាពអសកម្មរបស់ចៅក្រមដែលកាន់សំណុំរឿង។ លោកបន្តថា សេចក្ដីសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គឺជារឿងសម្ងាត់ ដែលមិនអាចបង្ហាញប្រាប់សាធារណជនឡើយ៖ « ប្រសិនបើគូភាគីដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងក្ដីគាត់យល់ថា តុលាការកាត់ក្ដីមានការយឺតយ៉ាវ ហើយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គាត់ ហើយគាត់គិតថា នេះជាកំហុសរបស់តុលាការ នោះគាត់មានសិទ្ធិប្ដឹងទៅស្ថាប័នដែលឃ្លាំមើលការអនុវត្តរបស់មន្ត្រីតុលាការ ដើម្បីឱ្យពន្លឿន ( នីតិវិធី ) ឬក៏ដើម្បីឱ្យកែតម្រូវចំណុចអសកម្ម។ នេះជាសិទ្ធិដែលមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ »។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ក៏អះអាងស្រដៀងគ្នានេះដែរថា ជនពាក់ព័ន្ធនៅក្នុងសំណុំរឿងមានសិទ្ធិប្តឹងទៅស្ថាប័នកំពូលនៃអង្គការតុលាការ ប្រសិនបើយល់ឃើញថា ដំណើរការនៃសំណុំរឿងក្តីរបស់ខ្លួនមានភាពយឺតយ៉ាវ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ឬមុខរបររបស់ខ្លួន ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកជំរុញឱ្យតុលាការខេត្តកោះកុងពន្លឿននីតិវិធីក្នុងសំណុំរឿងរបស់ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ដើម្បីជម្រះមន្ទិលរបស់អ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ៖ « ទោះបីជាថានៅក្នុងនីតិវិធីរបស់តុលាការ មិនមានកំណត់ថេរវេលាឱ្យបានច្បាស់លាស់ក៏ដោយ ប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងសិទ្ធិរបស់បុគ្គល គួរតែពន្លឿនដំណើរការនីតិវិធី ដើម្បីឱ្យដឹងស ឬខ្មៅ។ បើថាការជំនុំជម្រះទៅ រកឃើញថាមានទោស ក៏មានទោសទៅ បើថាគ្មាន គឺគ្មានទៅ ដើម្បីជម្រះនូវមន្ទិលសង្ស័យរបស់បុគ្គលនីមួយៗ » ។
អង្គការមាតាធម្មជាតិ (Mother Nature) ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលរួចស្រេចទៅហើយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនឹងលោក ហ៊ុន សែន។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារពួកគេបានចេញមុខតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ នៅតាមដងព្រែក និងស្ទឹងនៃតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង។ សកម្មជន ៣នាក់ដំបូងដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០១៥ នោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ឹម សំណាង និងក្រោយមកមាន ២នាក់ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវបានចាប់ខ្លួននៅអំឡុងខែកញ្ញា ឆ្នាំ២០១៧។ សកម្មជន ៣ នាក់ដំបូង ត្រូវជាប់ពន្ធនាគារ ១៨ខែ និងត្រូវពិន័យជាប្រាក់ ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារ ចំណែកសកម្មជន ២នាក់បន្ទាប់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ម្នាក់ ១ លានរៀល។ ក៏ប៉ុន្តែពួកគេទាំងអស់សុទ្ធតែត្រូវបានព្យួរទោស ក្រោយមានសាលក្រមពីតុលាការខេត្តកោះកុង បន្ទាប់ពីត្រូវជាប់ពន្ធនាគារជាច្រើនខែរួចទៅហើយនោះ។
ចំណាត់ការទាំងឡាយរបស់អាជ្ញាធរលើសកម្មជនបរិស្ថាន និងអង្គការមាតាធម្មជាតិនេះ បានរងការរិះគន់ថា ជាការធ្វើទុកបុកម្នេញដើម្បីបំបិទមាត់អ្នកហ៊ានចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ ដែលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ក្រុមឈ្មួញទុច្ចរិតនៅក្នុងខេត្តកោះកុងតែប៉ុណ្ណោះ មិនមែនជាការអនុវត្តច្បាប់ពិតប្រាកដឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។