លោក អាឡិច ថា អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រៀន​តាម​ខ្មែរក្រហម​ទើប​ចោទ​លោក​ថា ធ្វើ​ចារកម្ម​ឱ្យ​បរទេស

0:00 / 0:00

សកម្មជន​បរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវីតសឹន (Alejandro Gonzalez Davidson) (ហៅ​អាឡិច) ច្រានចោល​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ថា លោក​ជា​ចារកម្ម​បរទេស។ លោក​ថ្លែង​ថា ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​បែបនេះ គឺជា​របៀប​ដែល​លោក សុខ ឥសាន រៀន​ពី​របប​ខ្មែរក្រហម និង​ពី​មេ​កើយ​របស់​លោក​សព្វថ្ងៃ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិច យល់ឃើញ​ថា ការចោទប្រកាន់​លើ​រូបលោក​នេះ ទំនងជា​លោក សុខ ឥសាន ទទួលបញ្ជា​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ឱ្យ​វាយប្រហារ​លោក ដោយសារ​សកម្មភាព​របស់​អង្គការ​មាតា​ធម្មជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អសកម្ម និង​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ។ លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់អំណាច​វាយប្រហារ​លោក​ដោយ​ពាក្យ​សម្តី​បែបនេះ ព្រោះ​ពួកគេ​មិន​អាច​ចាប់ខ្លួន ឬ​ធ្វើបាប​រូបលោក​ដោយ​ផ្ទាល់​បាន។ លោក​បន្ថែម​ថា រឿង​នេះ​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​បក្ស​កាន់អំណាច ឬ​របប​ក្រុងភ្នំពេញ​ឡើយ ហើយ​លោក​ថា អ្វី​ដែល​របប​នេះ​ត្រូវ​ធ្វើ គឺ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​ទៅវិញ​ទេ៖ «ពេលណា​ដែល​អ្នក​ដទៃ​រិះគន់​យើង បើ​យើង​ឆ្លាត យើង​យកពាក្យ​សម្ដី​របស់​គេ ការរិះគន់​របស់​គេ ដើម្បី​កែ​ទម្លាប់​ខ្លួនឯង ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន ប៉ុន្តែ លោក សុខ ឥសាន អត់​ធ្វើ​អ៊ីចឹង​ទេ។ គាត់​ចោទប្រកាន់ លាប​ពណ៌ ធ្វើបាប​ទៅលើ​អ្នក​រិះគន់ អ៊ីចឹង​បានជា​រដ្ឋាភិបាល​របស់​គាត់​កាន់តែ​អន់​ទៅៗ អ៊ីចឹង​បានជា​ប្រទេស​កម្ពុជា​កាន់តែ​ហិនហោច​ទៅៗ»។

កាលពី​ថ្ងៃទី២១ ធ្នូ កន្លង​ទៅ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​លោក សុខ ឥសាន បាន​ចោទ​លោក អាឡិច ថា ជា​ចារកម្ម​បរទេស​ដែល​កំពុង​បំផ្លាញ​កម្ពុជា។ លោក​ថ្លែង​ថា សកម្មជន​រូប​នេះ​គ្មាន​សិទ្ធិ​បញ្ចេញយោបល់​លើ​ការងារ​គ្រប់គ្រង​របស់​របប​លោក​ឡើយ ហើយ​គួរ​ទុក​ពេល​ពិនិត្យមើល​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​វិញ​ទៅ។ លោក​បន្ថែម​ថា មានតែ​របប​របស់​លោក​ទេ​ដែល​មាន​សិទ្ធិ​ការពារ​ធនធានធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​ជាតិ គ្មាន​ជនបរទេស​ណា​អាច​មក​ជ្រៀតជ្រែក​រឿង​នេះ​ឡើយ។

លោក អាឡិច ថ្លែង​ថា គ្មាន​ច្បាប់​ណាមួយ​របស់​កម្ពុជា ដែល​ហាមឃាត់​មិន​ឱ្យ​ជនបរទេស​ចូលរួម​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នោះ​ឡើយ ហើយ​ច្បាប់​អន្តរជាតិ​វិញ ក៏​ដូចគ្នា​ដែរ។ លោក​បន្ត​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ចង់​ជួយ​ថែរក្សា​ធនធានធម្មជាតិ​របស់​ខ្មែរ ខណៈ​របប​ក្រុងភ្នំពេញ​បរាជ័យ​នឹង​រឿង​ការពារ​ធនធានធម្មជាតិ​នេះ​។ លោក​បន្ថែម​ថា លោក​មិន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​រឿង​ការគ្រប់គ្រង​នៅ​អេស្ប៉ាញ​ឡើយ ព្រោះ​អេស្ប៉ាញ​មាន​រដ្ឋាភិបាល​ដែល​គិតគូរ និង​ស្ដាប់​មតិ​ពលរដ្ឋ មិន​ដូច​របប​ក្រុងភ្នំពេញ​ឡើយ៖ «ខ្ញុំ​បញ្ចេញមតិ​រិះគន់​តាម​រដ្ឋធម្មនុញ្ញ​ហ្នឹង អ៊ីចឹង​ប្រសិនបើ​គាត់​អត់​ចង់​ឱ្យ​ជនបរទេស​បញ្ចេញយោបល់​រិះគន់​រដ្ឋាភិបាល​ហ្នឹង គាត់​គួរតែ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ នោះ​ទើប​គាត់​និយាយ​អាច​ត្រូវ។ ដរាបណា​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នៅតែ​ចាប់​សកម្មជន​បរិស្ថាន​ដាក់គុក ឬក៏​នៅតែ​រករឿង​ជាមួយ​គេ នៅតែ​សម្លាប់​គេ ខ្ញុំ​នៅតែ​តស៊ូ ខ្ញុំ​នៅតែ​បន្ត​ការងារ​របស់ខ្ញុំ ដោយសារ​សកម្មជន​បរិស្ថាន​នៅ​ខ្មែរ​អត់​សូវ​មាន​សុវត្ថិភាព បើ​ចេញ​មុខជា​សាធារណៈ»។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿជាក់​ថា សកម្មភាព​របស់​លោក អាឡិច កន្លងមក មិនមែន​ជា​ការ​ធ្វើ​ចារកម្ម​អ្វី​ឡើយ ផ្ទុយទៅវិញ​កិច្ច​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ដែល​លោក​បាន​ធ្វើ​ទាំងឡាយ​នោះ គឺជា​ការអនុវត្ត​ស្របតាម​ឆន្ទៈ​របស់​របប​ក្រុងភ្នំពេញ​ទៅវិញ​ទេ។ លោក​កត់សម្គាល់​ទៀត​ថា សកម្មភាព​ទាំងនោះ​ក៏​មិនមែន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក​នោះ​ដែរ ប៉ុន្តែ​គឺជា​ការ​លាតត្រដាង​នូវ​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ។ លោក​ថា របប​ក្រុងភ្នំពេញ​គួរ​មានការ​លើកទឹកចិត្ត​ចំពោះ​លោក អា​ឡិច និង​បើកផ្លូវ​ឱ្យ​លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ៖ «វា​ជា​រឿង​មួយ​ល្អ​ទៅវិញ​ទេ សម្រាប់​រដ្ឋាភិបាល​ដែល​មិនទាន់​បាន​បំពេញ​តួនាទី​ហ្នឹង​ល្អ ហើយ​យើង​យក​ការ​ចេញ​របាយការណ៍ ការផ្សាយ​ពី​អ្វី​ដែល​រក​ឃើញ​ទាំងអស់​ហ្នឹង​មក​កែ​លម្អ វា​ប្រសើរ​ជាង​ក្នុង​ការ​ចោទប្រកាន់។ យើង​មិន​មិន​ឃើញ​ថា អាឡិច យក​ព័ត៌មាន​ទាំងអស់​ហ្នឹង​មក​បំផ្លាញ​កម្ពុជា​ទេ ផ្ទុយទៅវិញ គឺ​បាន​ជួយ​រក​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​រដ្ឋាភិបាល​បាន​ច្រើន​មែនទែន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​នូវ​សកម្មភាព​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ហ្នឹង»។

លោក អា​ឡិច ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បណ្ដេញ​ចេញពី​កម្ពុជា កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​ផ្អែកលើ​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​ផុត​កំណត់។ ក្រោយពី​ត្រូវ​បាន​បណ្តេញ​ចេញ លោក អា​ឡិច ក៏បាន​ស្វះស្វែង​តាម​មធ្យោបាយ​ជាច្រើន ដើម្បី​អាច​ត្រឡប់​មក​កម្ពុជា​វិញ ប៉ុន្តែ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បដិសេធ ដ្បិត​លោក​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​នោះ​ឡើយ។ លោក​ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​កោះកុង​មួយ​ផង​ដែរ គឺ​បទ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” ជាមួយ​ក្រុម​យុវជន​អង្គការ​មាតា​ធម្មជាតិ ក៏ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ទៅ​ហើយ ដោយ​គ្មាន​ការ​ជំនុំជម្រះ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។