​វេទិកា​ស្ដីពី​ការ​​បន្ស៊ាំ​ខ្លួន​របស់​សហគមន៍​រស់នៅ​តាម​មាត់​សមុទ្រ

0:00 / 0:00

តំណាង​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ មក​ពី​ប្រទេស​ចំនួន​៣ មាន​វៀតណាម ថៃ និង​កម្ពុជា រួម​គ្នា​បើក​វេទិកា​ថ្នាក់​តំបន់ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ស្ដីពី​គម្រោង នៃ​ការ​កសាង​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​អាគ្នេយ៍។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន ដែល​ចូលរួម​បើក​វេទិកា បាន​គាំទ្រ​គម្រោង​នេះ និង​ចាត់​ទុក​ការ​ប្រែប្រួល​អាកាស​ធាតុ​ពេល​បច្ចុប្បន្ន ថា​ជា​បញ្ហា​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ ក្នុង​នោះ​រួម​ទាំង​កម្ពុជា ថៃ និង​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ ឬ​ហៅ​កាត់​ថា អាយយូស៊ីអិន (IUCN) ប្រចាំ​ប្រទេស​កម្ពុជា លោក គង់ គឹមស្រេង មាន​ប្រសាសន៍​ថា វេទិកា​ថ្នាក់​តំបន់​ប្រចាំ​ឆ្នាំ​លើក​ទី​៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ហើយ​វេទិកា​នេះ រៀបចំ​នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ថា គម្រោង​នៃ​ការ​កសាង​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់ អាយយូស៊ីអិន សម្រាប់​កម្ពុជា គឺ​បាន​ជ្រើស​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​កំពត និង​កោះកុង ដើម្បី​ផ្ដោត​លើ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ផ្តល់​ការ​អប់រំ​ផ្សេងៗ​ដល់​ប្រជា​សហគមន៍​ដែល​ងាយ​រងគ្រោះ។ លោក​បន្ត​ថា មុន​នឹង​អនុវត្ត​គម្រោង​នេះ គឺ​អង្គការ អាយយូស៊ីអិន បាន​ធ្វើ​ផែនការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ព្រម​ទាំង​បាន​កាត់​បន្ថយ​ការ​គំរាម​កំហែង​ទៅ​លើ​ធនធាន​ធម្មជាតិ និង​ជួយ​បង្កើន​ភាព​ធន់​ទ្រាំ​ដល់​ប្រជា​សហគមន៍ ត​ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក​បន្ថែម​ថា ការងារ​របស់ អាយយូស៊ីអិន ប្រចាំ​កម្ពុជា គឺ​បាន​ជួយ​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​របស់​សហគមន៍​កោះ​កាពិ ពី​ការ​ប្រែប្រួល​អាកាស​ធាតុ តាម​រយៈ​ការ​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ទឹក​ធ្វើ​ដំណើរ​ពី​កោះ​កាពិ មក​ទី​រួម​ខេត្ត​កោះកុង ព្រម​ទាំង​បាន​កំណត់​ផែនទី និង​ការ​អនុវត្ត​ជាក់ស្តែង​អំពី​ព្រៃ​កោងកាង និង​ស្មៅ​សមុទ្រ​នា​ខេត្ត​កំពត ដើម្បី​រួម​ចំណែក​ដល់​ការ​ការពារ​ពី​ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​រវាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មាន​លំនៅឋាន និង​ប្រកប​របរ​តាម​ឆ្នេរ​សមុទ្រ៖ «អ្វី​ដែល​ជា​បទពិសោធន៍​នៅ​ខាង​ថៃ ឬ​វៀតណាម និង​អ្វី​ដែល​ជា​បទពិសោធន៍​នៅ​ខាង​ថៃ និង​វៀតណាម ឬ​អ្វី​ដែល​ជា​បញ្ហា​នៅ​ខាង​ថៃ និង​វៀតណាម ឬ​នៅ​កម្ពុជា យើង​អាច​ផ្លាស់​ប្ដូរ​នៅ​ក្នុង​វេទិកា​នេះ។ អ្នក​រៀបចំ​គោល​នយោបាយ​អាច​ជួប​គ្នា​ជជែក​គ្នា ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​ជួប​មុខ​គ្នា ដើម្បី​កសាង​បណ្ដាញ​ទំនាក់ទំនង។ ទី​២ សហគមន៍ និង​សហគមន៍ ដូច​ដែល​លោក​បាន​ឃើញ​ស្រាប់​ហើយ គឺ​យើង​មាន​សហគមន៍​មក​ពី​ប្រទេស និង​សហគមន៍​មក​ពី​តាម​តំបន់​ឆ្នេរ​នៃ​ខេត្ត​ទាំង​៤​នៅ​កម្ពុជា និង​សហគមន៍​ពី​ខេត្ត​ចំនួន​៤​ទៀត​ពី​ប្រទេស​វៀតណាម បាន​អញ្ជើញ​មក​ជួប​ជជែក​គ្នា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក»

លោក គង់ គឹមស្រេង ចាត់​ទុក​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​សមុទ្រ ថា​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​គ្មាន​និរន្តរភាព និង​ការ​ថយ​ចុះ​ធនធាន​ធម្មជាតិ ដែល​នាំ​ឲ្យ​បាត់​បង់​តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ធ្វើ​ឲ្យ​ខូច​ដល់​សុខមាលភាព​ធនធាន​ធម្មជាតិ ដែល​ទ្រទ្រង់ និង​ផ្តល់​សេវាកម្ម​ដល់​ចង្វាក់​ចំណី​អាហារ ទី​ជម្រក​លំនៅឋាន និង​ថាមពល។ លោក​ថា ទន្ទឹម​គ្នា​នេះ ការ​ប្រែប្រួល​អាកាស​ធាតុ ក៏​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ទៀត​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត ខ្យល់​ព្យុះ រន្ទះ​បាញ់ និង​រលក​កម្ដៅ ហើយ​ភាព​អវិជ្ជមាន​នេះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត ផល​ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ របរ​ចិញ្ចឹម​ជីវិត សេដ្ឋកិច្ច​សង្គម និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​បញ្ហា​ប្រឈម​នេះ គឺ​សហគមន៍​តាម​តំបន់​ឆ្នេរ​ជា​អ្នក​មាន​ភាព​រងគ្រោះ​ជាង​គេ ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ដោយសារ​តែ​អសមត្ថភាព​នៃ​ការ​បន្ស៊ាំ​ខ្លួន​របស់​ប្រជា​សហគមន៍​រស់​តាម​មាត់​សមុទ្រ បាន​យល់​ដឹង​តិចតួច និង​ជីវភាព​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ធនធាន​ធម្មជាតិ និង​ការ​ខ្វះ​ព័ត៌មាន ជាដើម។

បញ្ហា​នេះ​ដែរ លោក ចាយ សាមិត្ត ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន មាន​ប្រសាសន៍​ថា បញ្ហា​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ។ បញ្ហា​ប្រឈម​នេះ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា ថៃ និង​វៀតណាម ថែម​ទៀត។ លោក​បន្ត​ថា បញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ហើយ​ក្រសួង​បរិស្ថាន ក៏​បាន​សហការ​ធ្វើ​ការងារ​នេះ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជា​បន្តបន្ទាប់។

លោក ចាយ សាមិត្ត ទទួល​ស្គាល់​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ដូចជា​ព្រៃ​កោងកាង និង​ស្មៅ​សមុទ្រ ជាដើម ថា​បាន​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​តំបន់​ឆ្នេរ និង​តួនាទី​របស់​វា ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ថែម​ទៀត៖ «ចឹង​ហើយ​បាន​ជា​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ម៉េច​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ការ​យល់​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ ក៏ដូចជា​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​យើង»

គម្រោង​ការ​កសាង​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​អាស៊ី​អាគ្នេយ៍ ដែល​មាន​ការិយាល័យ​តំណាង​នៅ​ប្រទេស​វៀតណាម ថៃ និង​កម្ពុជា របស់​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ដោយ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ។ តាម​រយៈ​វេទិកា​ថ្នាក់​តំបន់​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ អាយយូស៊ីអិន អះអាង​ថា តាម​រយៈ​វេទិកា​ប្រចាំ​ឆ្នាំ​ថ្នាក់​តំបន់ ហើយ​មាន​ការ​ចូលរួម​ផ្តល់​នូវ​បទពិសោធន៍ ចំណេះ​ដឹង និង​ការ​អនុវត្ត​ល្អៗ​ពី​កម្រិត​ថ្នាក់​តំបន់ ដល់​ថ្នាក់​មូលដ្ឋាន រវាង​អ្នក​ពាក់ព័ន្ធ​ប្រទេស​ទាំង​៣ គឺ​កម្ពុជា វៀតណាម និង​ថៃ នឹង​ជំរុញ​ឲ្យ​ការ​បន្ស៊ាំ​ខ្លួន​របស់​ប្រជា​សហគមន៍ ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​សមុទ្រ​មាន​លទ្ធផល​ប្រសើរ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។