ជនជនដើមភាគតិចព្នងដែលរងគ្រោះដោយទំនប់សេសានក្រោមពីរ កំពុងប្រឈមបញ្ហាជាច្រើននៅលើតំបន់ទីទួលក្បែរភូមិចាស់ដែលលិចលង់
កាលពីពេលថ្មីៗនេះ វារីអគ្គិសនីសេសានក្រោមពីរ ដែលជាផ្នែកមួយនៃគម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលចិន ត្រូវបានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន ហៅកាត់ថា អេអាយអាយប៊ី (AIIB) ដែលផ្ដល់ប្រាក់កម្ចីដល់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេមួយនេះ ហៅគម្រោងដ៏ចម្រូងចម្រាសនេះថាជា «បទពិសោធន៍ជោគជ័យ» របស់ខ្លួន។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋដែលរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន ដោយសារទំនប់នេះវិញ ពួកគាត់យល់ថា វាជាបទពិសោធន៍ដ៏ឈឺចាប់។
តើពលរដ្ឋរងគ្រោះដោយសារគម្រោងអភិវឌ្ឍដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលចិនកំពុងជួបប្រទះបញ្ហាអ្វីខ្លះ?
« ថ្ងៃទី១៧ ខែ១០ ២០១៧ គឺទឹកចាប់ផ្ដើម ចូលក្រោមភូមិ ថ្ងៃទី១៨ ដល់ស្រែ ដល់ទី១៩ លិចពេញភូមិតែម្ដង។ ពលរដ្ឋខ្លះបានដឹកទ្រព្យសម្បត្តិចេញ អ្នកខ្លះដឹកជញ្ជូនមិនទាន់។ មានគ្រួសារខ្លះគាត់ស្ដាយ រហូតដល់អ្នកខ្លះស្រក់ទឹកភ្នែក ដោយសារការអភិវឌ្ឍប្រៀបបាននឹងការធ្វើបាបពួកគាត់»។
នេះគឺជាការរំឭកឡើងវិញរបស់តំណាងជនជាតិដើមភាគតិចព្នងភូមិក្បាលរមាស លោក ប្រ៉ាច រិទ្ធី អំពីទិដ្ឋភាពនៃពេលទឹកចាប់ផ្ដើមជន់លិចភូមិឋានចាស់របស់ពួកគាត់ នៅពេលទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបានបិទទ្វារទឹក។
«សេសានក្រោមពីរ» ជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់កម្ពុជា ស្ថិតនៅចម្ងាយ១គីឡូម៉ែត្រកន្លះពីចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ដែលជាដៃទន្លេមេគង្គ។ វាជាទំនប់វារីអគ្គិសនីទី៧ ដែលវិនិយោគដោយក្រុមហ៊ុនចិន។ ការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺជាការវិនិយោគរួមគ្នាក្នុងទឹកប្រាក់ជិត ៨០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចំនួនបី រួមមាន ក្រុមហ៊ុនចិនឈ្មោះ ហាយដ្រូឡាងឆាន អ៊ិនធើណេសិនណល អេណឺជី (Hydrolancang International Energy) (មានភាគហ៊ុន ៥១%) ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោក គិត ម៉េង (មានភាគហ៊ុន ៣៩%) និងក្រុមហ៊ុនវៀតណាម អ៊ី.វី.អិន (EVN) (មានភាគហ៊ុន ១០%)។
ក្រោយចំណាយពេលសាងសង់អស់ជាង ៤ឆ្នាំ ទំនប់នេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។
ទំនប់បង្កផលប៉ះពាល់ដល់ផ្ទៃដីជាងបីម៉ឺនហិកតារ (៣៣.៥០០ហិកតារ) ក្នុងនោះ លំនៅឋានរបស់ពលរដ្ឋជិត ៥.០០០នាក់ ឬជាង ៨០០គ្រួសារ ត្រូវលិចលង់។ ពលរដ្ឋជាច្រើនបានបង្ខំចិត្តចាកចេញពីភូមិស្ថាន ដែលពួកគេធ្លាប់រស់នៅជាយូរមកហើយនោះ ទៅតាំងទីលំនៅនៅតំបន់ថ្មី ដែលក្រុមហ៊ុន និងអាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំឲ្យ។
អ្នកភូមិអះអាងថា ពលរដ្ឋ ៥២គ្រួសារ នៅឃុំក្បាលរមាស និង ៧២គ្រួសារទៀតនៅឃុំស្រែគរនៅតែប្រកាន់ជំហរមិនព្រមផ្លាស់ទៅរស់នៅលើដីដែលក្រុមហ៊ុនផ្ដល់ឲ្យ ដោយសារពួកគេចង់រស់នៅក្បែរភូមិដូនតារបស់ពួកគេ និងបារម្ភថា ការរស់នៅទីតាំងថ្មីនោះនឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែដុនដាប។
ប៉ុន្តែលោក ហ៊ុន សែន និងមន្ត្រីរបបរបស់លោកតែងតែចាត់ទុកការជម្នះរបស់អ្នកភូមិទាំងនោះថា ដោយសារមានបរទេស និងអង្គការសង្គមស៊ីវិលជាអ្នកញុះញង់៖ « ការកសាងនៅកន្លែងនេះ ប្រជាពលរដ្ឋរបស់យើងភាគច្រើនគាត់គាំទ្រនូវគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែនៅមានមួយចំនួន គឺគេបានបង្កើតឡើងនូវស្ថានភាពដ៏លំបាកក្រោមការញុះញង់របស់ជនបរទេសខ្លះ » ។
តំណាងអ្នកភូមិក្បាលរមាស៥២គ្រួសារ លោក ប្រ៉ាច រិទ្ធី ដែលមិនព្រមទៅតាំងទីលំនៅលើដីថ្មី មានប្រសាសន៍ថា បច្ចុប្បន្នអ្នកភូមិក្បាលរមាស ៣នាក់ដែលធ្លាប់សកម្មក្នុងការទាមទារសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួនកំពុងរងគំនាបពីតុលាការ៖ « គេចោទប្រកាន់គាត់ពាក់ព័ន្ធនឹងការរារាំងមន្ត្រីសាធារណៈ។ យើងគ្រាន់តែឲ្យជនជាតិដើមភាគតិចយើងជួយរំលែកទុក្ខគ្នាទៅវិញទៅមក។ សំខាន់គឺយើងចង់ថែរក្សាវប្បធម៌ និងទឹកដីរបស់យើង។ យើងមានការតស៊ូមតិជាច្រើន រហូតដល់មានការចោទប្រកាន់ថា យើងប្រឆាំងនឹងការអភិវឌ្ឍទំនប់សេសានក្រោម២។ យើងមិនមែនប្រឆាំងជាមួយការអភិវឌ្ឍរបស់គាត់ទេ។ សម្រាប់ជនជាតិដើមភាគតិចយើង យើងនៅតែថែរក្សាព្រៃដែលសេសសល់ពីតំបន់ទឹកលិច ប្រពៃណី ហើយពួកគាត់នឹងស៊ូរស់នៅនៅតំបន់ភូមិក្បាលរមាសចាស់នេះដែលយើងនៅសល់។ រាល់ថ្ងៃគឺយើងទាមទារឲ្យអាជ្ញាធរពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចដែលគាត់កំពុងរស់នៅ ៥២គ្រួសារ ដើម្បីងាយស្រួលដល់គាត់កាន់កាប់ ក៏ដូចជាការពារកុំឲ្យឈ្មួញពីខាងក្រៅលួចយកដីគាត់ ហើយមួយទៀត ទាក់ទងនឹងការពន្លិចផ្ទះសម្បែង ផ្នូរដូនតា ព្រៃជំនឿ គឺយើងនៅតែគិត។ ប៉ុន្តែយើងធ្វើមួយជំហានសិន » ។
កាលពីឆ្នាំ២០១៦ មុនពេលបិទទ្វារទំនប់ទឹក អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បានអះអាងថា អាជ្ញាធរខេត្តនឹងមិនបំពានសិទ្ធិជនជាតិដើមភាគតិចឡើយ។ លោកថា អាជ្ញាធរនឹងរៀបចំដីព្រៃសហគមន៍នៅតំបន់ថ្មីជូនសហគមន៍ជនជាតិដើមភាគតិចទាំងនោះ ហើយនឹងធ្វើឲ្យពួកគេមានការរស់នៅប្រសើរជាងមុន៖ «យើងនឹងរៀបចំកំណត់ផែនទីសហគមន៍ព្រៃឈើហ្នឹងសម្រាប់គាត់នៅទីតាំងថ្មី ហ្នឹងទៀត។ ប៉ុន្តែនៅក្នុងកំឡុងពេលហ្នឹង បើសិនថា គាត់នៅតែអាស្រ័យផលពីសហគមន៍ហ្នឹងបាន គាត់អាស្រ័យផលចុះ។ យើងអត់មានទៅហាមឃាត់គាត់ទេ។ សូម្បីដីកសិកម្មរបស់គាត់នៅសហគមន៍របស់គាត់នៅទីតាំងចាស់ បើគាត់ថា នៅបង្កបង្កើនផល គាត់បង្កបង្កើនផលចុះ »។
ចាប់តាំងពីដើមឆ្នាំ២០១៨ មក អាជ្ញាធរខេត្តស្ទឹងត្រែង និងតំណាងក្រុមហ៊ុន បានសន្យាចុះបញ្ជីដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ស្រះទឹក ជូនអ្នកភូមិនៅនៅតំបន់ទីទួល ដែលមិនព្រមចាកចេញទៅនៅតំបន់ថ្មី។ ប៉ុន្តែតំណាងអ្នកភូមិក្បាលរមាស លោក ប៉្រាច រិទ្ធី យល់ថា អាជ្ញាធរហាក់គោរពពាក្យសន្យាបានតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកភូមិ នៅតែព្រួយបារម្ភខ្លាចអាជ្ញាធរបណ្ដេញពួកគេចេញពីតំបន់ទីទួលបច្ចុប្បន្ននៅថ្ងៃណាមួយ៖ « ដូចជួសជុលផ្លូវអ៊ីចឹង ជួសជុលមែន តែភ្លៀងតែប៉ុន្មានសា ផ្លូវហ្នឹងដាច់អស់បាត់ហើយហ្នឹង។ យើងឃើញថា ផ្លូវហ្នឹងអាយុប្រហែលមិនបាន១ឆ្នាំទេ ខូចអស់បាត់ហើយ មួយវស្សាហ្នឹង។ មួយទៀតប៉ុស្តិ៍សុខភាពមាន តែអត់មានបុគ្គលិក ដល់ពេលមានប៉ុស្តិ៍ហ្នឹង ដូចអត់មានដដែលហ្នឹង។ ពេលឈឺ ទៅពេទ្យឯកជនដដែលហ្នឹង។ ការទំនាក់ទំនងក៏ពិបាក មិនសូវមានសេវាទូរស័ព្ទ ដូចនៅភូមិចាស់ ពេលឈឺថ្កាត់មានអាសន្នពិបាកទំនាក់ទំនង។ ទីតាំងថ្មីជិតក្រុងជាងភូមិចាស់មែន តែពិបាកនៅតែពិបាក។ ឧទាហរណ៍ស្ត្រីឆ្លងទន្លេ គាត់ពិបាក ក្រុមហ៊ុនបានជួសជុលផ្លូវឲ្យតែមិនមែនជាផ្លូវរឹងមាំឡើយ។ ពេលឈឺទៅពេទ្យឯកជនតាមផ្ទះ បើឈឺខ្លាំងទៅពេទ្យខេត្ត ទៅរតនគិរីក៏ឆ្ងាយ ទៅស្ទឹងត្រែងក៏ឆ្ងាយ » ។
ក្រៅពីនេះ សហគមន៍ជនជាតិដើមភាគតិចភូមិក្បាលរមាស កំពុងខ្វះខាតទឹកស្អាតបរិភោគ និងប្រើប្រាស់ជាចាំបាច់៖ « យើងអត់មានទឹកស្អាតទេ គឺយើងប្រើប្រាស់ទឹកបាតអាង មិនមែនដូចភូមិចាស់ទេ យើងជាប់មាត់ទន្លេ។ យើងមិនអាចបរិភោគបានទេទឹកហ្នឹង។ យើងអាចប្រើប្រាស់ លាងចាន ឬមួយក៏មុជ។ ទឹកផឹកយើងទិញគេ។ ៣ពាន់ក្នុងមួយធុង។ ពេលខ្លះ ៤ពាន់តាមហាងឆេងឡើងចុះ ហើយគ្រួសារខ្លះមិនមានប្រើទេ ភាគតិចណាស់ដែលគាត់ប្រើទឹកនេះ។ គ្រួសារខ្លះគាត់ប្រើទឹកបាតអាង ដាំអ៊ីចឹងទៅ ដោយសារជីវភាពគ្រួសារ » ។
លោកបន្ថែមថា ដោយសារប្រភពទឹកនៅឆ្ងាយពីផ្ទះ អ្នកភូមិត្រូវចំណាយច្រើនក្នុងការដឹកទឹកបាតអាងមកប្រើប្រាស់នៅតាមផ្ទះ៖ «នៅតំបន់ទីទួលនេះ គឺយើងប្រើប្រាស់ថវិកា ដើម្បីទិញប្រេង ជួនកាលក្នុងមួយថ្ងៃហ្នឹងសម្រាប់ដឹកទឹក៥ពាន់ទៅ៦ពាន់ហើយ ដើម្បីទិញប្រេងទៅដឹកទឹកចម្ងាយប្រហែលជា ១គីឡូដី»។
ដោយសារបញ្ហាជីវភាព គ្រួសារតិចតួចប៉ុណ្ណោះ ដែលមានលទ្ធភាពបញ្ជូនកូនទៅបន្តការសិក្សានៅកម្រិតអនុវិទ្យាល័យ៖ « សូម្បីតែផ្លែស្វាយ ផ្លែអីហ្នឹងក៏យើងទិញគេដែរ ផ្លែអំពិលក៏យើងទិញគេដែរ។ និយាយឲ្យចំ ទាំងអស់តែម្ដង។ ចំណូលនៅទីនេះ គឺយើងឃើញថា យើងបានពីអនុផលព្រៃឈឺ និងការនេសាទ ប៉ុន្តែត្រីមានកម្រិតតម្លៃទាបៗ ។ នៅភូមិចាស់ យើងមានត្រីរហូតដល់ ៣០ដុល្លារឡើង។ ដល់ឥឡូវត្រីវាសម្បូរមែន ប៉ុន្តែតម្លៃទីផ្សារ គឺថយ ចុះ អត់មានពូជតែម្ដងនិយាយឲ្យចំ » ។
ចំពោះបញ្ហាខ្វះគ្រូពេទ្យប្រចាំការនៅប៉ុស្តិ៍សុខភាព អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី ០៧ មិថុនា ថា អាជ្ញាធរទើបបានប្រជុំសម្រេចនាពេលថ្មីៗនេះ ថានឹងចាត់តាំងមន្ត្រីសុខាភិបាលពីមណ្ឌលសុខភាពឃុំក្បាលរមាសថ្មី ឲ្យទៅបម្រើការនៅប៉ុស្ដ៍សុខភាពលើតំបន់ទីទួលនោះក្នុងពេលឆាប់ៗ តែលោកមិនអាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បាននៅឡើយ ។ ចំពោះការចុះបញ្ជីដីសមូហភាពវិញ លោក ម៉ែន គុង អះអាងថា ក្រសួងមហាផ្ទៃកំពុងធ្វើការលើរឿងនេះជាមួយក្រសួងពាក់ព័ន្ធ៖ « យើងបានរៀបចំឯកសារហ្នឹងបញ្ជូនទៅដល់ក្រសួងមហាផ្ទៃរួចហើយ ហើយក្រសួងមហាផ្ទៃកំពុងរៀបចំកិច្ចការងារទាំងអស់នេះ ហើយកិច្ចការងារនេះមិនមែនស្រួលទេបង ព្រោះវាត្រូវការទាក់ទងទៅនឹងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ អ៊ីចឹងត្រូវមកប្រជុំគ្នាហើយពិនិត្យលើឯកសារពាក់ព័ន្ធទាំងអស់ហ្នឹង។ ហើយបើមានពាក់ព័ន្ធនឹងក្រុមហ៊ុនសម្បទាន យើងត្រូវឆ្វៀលម៉េច ត្រូវធ្វើទៅតាមផែនទី អ្វីដែលបានអនុម័តដោយក្រុមការងារ ជាមួយសហគមន៍ជនជាតិដើមភាគតិចដែលមានតំណាងរបស់គាត់ចូលរួមប្រជុំសម្រេចនៅក្នុងមូលដ្ឋានកន្លងមកហ្នឹង » ។
ទោះបីការរស់នៅលើទីទួលសព្វថ្ងៃប្រឈមនឹងបញ្ហាយ៉ាងច្រើនក្ដី ក៏តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិក្បាលរមាស លោក ប្រ៉ាច រិទ្ធី អះអាងថា សហគមន៍លោកនឹងតស៊ូរស់នៅតំបន់ភូមិក្បាលរមាសចាស់នេះ ដើម្បីថែរក្សាព្រៃដែលសេសសល់ពីតំបន់ទឹកលិច និងប្រពៃណីរបស់ពួកគេ៕
ស្រះទឹកជីកថ្មី នៅភូមិក្បាលរមាសចាស់។ ថតថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។