សកម្មជនបរិស្ថាន និងមហាជនកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃការស្រាវជ្រាវ ករណីសំរាម៨៣កុងតឺន័រ ដែលគេយកមកផ្លុងចោលនៅកំពង់ផែក្រុងព្រះសីហនុ តាមការសន្យារបស់មេគយ។ អ្នកស្រលាញ់បរិស្ថាន ទាមទារឲ្យពន្លឿនការបង្ហាញលទ្ធផលស៊ើបអង្កេត និងប្រញាប់ដឹកសំរាមចេញពីកម្ពុជាវិញ ឲ្យលឿន។
អ្នកការពារបរិស្ថាន ចង់ឲ្យរបបក្រុងភ្នំពេញ បង្ហាញលទ្ធផល និងបញ្ជូនសំរាមចេញឲ្យលឿន ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា កុំឲ្យជាប់ឈ្មោះថា ជាប្រទេសចាំទទួលកាកសំណល់។ អ្នកនាង លឹម គឹមស័រ រំពឹងថា ការស៊ើបអង្កេតអាចបញ្ចប់លឿន ព្រោះមហាជនកំពុងរង់ចាំអ៊ុតមើលលទ្ធផលនេះ។ សកម្មជនបរិស្ថានរូបនេះ ថា អ្នកបរិស្ថាន និងពលរដ្ឋ កំពុងចង់ដឹងថា មន្ត្រីរូបណាខ្លះ ជាប់ពាក់ព័ន្ធនឹងការបើកដៃឲ្យក្រុមហ៊ុន នាំចូលសំរាម មកកម្ពុជា យ៉ាងច្រើនសន្ធឹក៖ « ខ្ញុំគិតថា អ្វីដែលគាត់កំពុងធ្វើនេះ គឺកំពុងគេចវេះ ជាមួយនឹងអាការស្រាវជ្រាវហ្នឹង។ និយាយទៅខ្ញុំអត់សប្បាយចិត្ត អត់សប្បាយចិត្តមែនទែនហ្មង អ្វីដែលគាត់ធ្វើហ្នឹង ហើយបើអនាគតទៅ គាត់នៅតែធ្វើអ៊ីចឹងទៀត គាត់ព្យាយាមលាក់បាំង អាសំរាមនឹងចូលមកទៀត។ យើងឃើញថា សព្វថ្ងៃសំរាមនៅស្រុកខ្មែរយើង រកតែកន្លែងដាក់អត់បានផងហ្នឹង ហើយទម្រាំតែគាត់នាំអាសំរាម មកពីក្រៅទៀត តើប្រទេសខ្មែរយើង ជាកន្លែងដាក់សំរាមមែន ?» ។
មន្ត្រីគយ អះអាងថា សំរាមដែលក្រុមហ៊ុនចិនយកមកផ្លុងចោល ចំនួន ៨៣កុងតឺន័រ បានមកដល់ប្រទេសកម្ពុជាតាំងពីជិតមួយឆ្នាំមុនមកម្ល៉េះ គឺតាំងពីកំឡុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែអាជ្ញាធរទើបតែបញ្ចេញព័ត៌មាន នៅថ្ងៃទី១៦ កក្កដា ដោយសារមានការដោះដូរមុខតំណែងអភិបាលខេត្តព្រះសីហនុថ្មី ពីលោក យន្ត មីន មក លោក គួច ចំរើន។ សំរាម ទាំង៨៣កុងតឺន័រ មានទម្ងន់សរុបជិត ២ពាន់ (១.៦០០) តោន ហើយសុទ្ធសឹងជាកាកសំណល់ប្លាស្ទិក ដែលបានវេចខ្ចប់ យ៉ាងមានរបៀបរៀបរយ ដឹកចូលមកកម្ពុជាផ្លុងចោលនៅកំពង់ផែក្រុងព្រះសីហនុ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗ នេះថា ស្ថាប័នគយ និងក្រសួងបរិស្ថាន នឹងបញ្ចប់ការស្រាវជ្រាវ ហើយបង្ហាញលទ្ធផលជាសាធារណៈ នៅចុងសប្ដាហ៍នេះ ។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃទី២៦ កក្កដា អាជ្ញាធរមិនទាន់ប្រកាសលទ្ធផលនៃការស៊ើបអង្កេតនេះនៅឡើយទេ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា ស្ថាប័នគយ ជាអ្នកទទួលបន្ទុកស៊ើបអង្កេត និងស្រាវជ្រាវទាំងស្រុង។ ឯសាលាខេត្ត មិនបានចូលរួមការស្រាវជ្រាវនេះទេ។ កំឡុងពេលស្រាវជ្រាវ គយក៏បានសួរទៅខាងក្រុមហ៊ុនចិន ដែលនាំចូលសំរាម ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឲ្យដឹងថា សំរាមចំនួន ៨៣កុងតឺន័រ មានប្រភពមកពីសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ហើយត្រូវបានក្រុមហ៊ុនឯកជនមួយ ដឹកចូលកំពង់ផែក្រុងព្រះសីហនុ។ លោក អះអាងថា អាជ្ញាធរនឹងបញ្ជូន ទៅប្រទេសដើមវិញក្នុងពេលឆាប់ៗ តែមិនទាន់កំណត់ពេលជាក់លាក់ទេ។ ប៉ុន្តែការអះអាងនេះ ត្រូវបានសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច យល់ថា របបក្រុងភ្នំពេញ ធ្វើប្រជាភិថុតិ ព្រោះថា បើទោះសំរាមនោះ ជារបស់ប្រទេសណាក៏ដោយចុះ ក៏គេមិនព្រមទទួលយកវិញដែរ។
សកម្មជនបរិស្ថាន អ្នកនាង លឹម គឹមស័រ យល់ថា ការនាំចូលសំរាមចំនួន៨៣កុងតឺន័រ ហើយអាចស្ដុកទុក និងបិទបាំងព័ត៌មានបានទៅជិតមួយឆ្នាំដូច្នេះ ទាល់តែមានការឃុបឃិតគ្នា ជាប្រព័ន្ធទើបអាចប្រព្រឹត្តិទៅដោយរលូន និងលាក់ការណ៍ បានជិតល្អ។ អ្នកនាង លឹម គឹមស័រ ស្នើសុំឲ្យបង្ហាញឈ្មោះមន្ត្រីពាក់ព័ន្ធ និងដាក់ទោស ដើម្បីបង្ការករណីនេះ កើតឡើងទៀត។ អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅអគ្គនាយកគយ និងរដ្ឋាករ លោក គុណ ញឹម និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ តែមិនលើកទូរស័ព្ទ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។