គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ផល ប៉ះពាល់​លើ​គម្រោង​អភិវឌ្ឍ​កោះ​នរា

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ទាមទារ​ឲ្យ​រដ្ឋាភិបាល សិក្សា​ស្រាវជ្រាវ​និង​បង្ហាញ ជា​សាធារណៈ​អំពី​គម្រោង​អភិវឌ្ឍ​កោះ​នរា​ដែល​ឈាន​ដល់​លុប​ទន្លេ​មេគង្គ​ក្រោម​ជិត​ពាក់​កណ្តាល ក្បែរ​ទីក្រុង​រណប​កោះ​ពេជ្រ ដោយក្រុម​ហ៊ុន ​អូ.ស៊ី.អាយ.ស៊ី​(OCIC​)។ គណបក្ស​មួយ​នេះព្រួយបារម្ភ​ថា ការ​លុប​ទន្លេ​មេគង្គ​នេះ នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សង្គម និង​បរិស្ថាន។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិនិត្យ​ឃើញ​ថា សកម្មភាព​ចាក់​ថ្ម និង​ខ្សាច់​លុប​ទន្លេ​មេគង្គ ក្រោម​ជិត​ពាក់​កណ្ដាល​ចាប់ពី​ចំណុច​កោះ​នរា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​រហូតដល់​កោះ​ប្រាក់​ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​នោះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន​សុទ្ធសាធ ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​ខុស​ឆ្ងាយ​ពី​ផ្ទាំង​បិទ​ប្រកាស​ព័ត៌មាន​អំពី​គម្រោង​អភិវឌ្ឍ​កោះ​នរា​នោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ព្រួយ​បារម្ភ​ថា ការ​លុប​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ​ធំធេង​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជាពិសេស ការ​រារាំង​ផ្លូវ​មច្ឆាជាតិ បង្ក​ទឹកជំនន់ និង​ការ​បាក់​ច្រាំងទន្លេ​នា​ពេល​អនាគត។ គណបក្ស​មួយ​នេះ ទាមទារ​ឲ្យ​ក្រសួងបរិស្ថាន​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស​ចុះ​វាយ​តម្លៃ​ជា​បន្ទាន់ និង​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកចិត្ត​ទុកដាក់​ពិនិត្យ​រឿង​នេះ ឲ្យបាន​ដិតដល់​ចៀសវាង​បន្សល់​ទុក​មរតក​បំផ្លាញ​ទន្លេ​មេគង្គ​ក្រោម​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ លើកឡើង​ថា គណបក្ស​លោក នឹង​មិន​នៅ​ស្ងៀម​ឈរ​ឱបដៃ​មើល​ការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​អាយុ​​ជីវិត​ប្រជាពលរដ្ឋ​បែបនេះ​ឡើយ៖ «

ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់​ឧកញ៉ា ពុង ឃាវសែ កំពុង​ចាក់​លុប​នោះ មាន​ទទឹង ៤០០ ទៅ ៥០០ម៉ែត្រ​ពី​ច្រាំង​ទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃ​ក្រឡា​អាច​លើស​ពី ១០០ហិកតារ។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ជា​ច្រើន​លើក​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ព្រមទាំង​អគ្គនាយករង​ក្រុម ហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លោក ទូច សំណាង ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ី​ផាន បាន​បង្ហោះ​សារ លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា​ថា ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី គ្មាន​ភាព​ចាំបាច់ ដើម្បី​រាយការណ៍ ឬ​ឆ្លើយ​តប​រឿង​នេះ​ជាមួយ​សកម្មជន​បរិស្ថាន និង​ស្ថាប័ន​ព័ត៌មាន​អាស៊ី​សេរី​នោះ​ទេ។ លោក​បាន​ជេរប្រមាថ​អ្នក ដែល​មិន​ពេញចិត្ត ចំពោះ​ការ​អភិវឌ្ឍ​លុប​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ថា ជា​ក្រុម​តិរច្ឆាន​ទៀត​ផង។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍​ថា មន្ត្រី​រដ្ឋាភិបាល គួរ​តែ​ឆ្លើយតប​ឲ្យបាន​ត្រឹម ត្រូវ​ចំពោះ​ក្តី​កង្វល់​នានា​របស់​ប្រជា​ពលរដ្ឋ មិន​គួរ​ឆ្លើយ​តប​មិន​ចំ​ចំណុច និង​មាន​ចរិត​ដូច​ជើងកាង​នោះ​ទេ។ សកម្មជន​បរិស្ថាន​រូប​នេះ សង្កេតឃើញ​ថា អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដោយសារ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​នេះ គឺ​មាន​ចំនួន​ច្រើនលើស​លុប ហើយ​ការ ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ត្រឹមត្រូវ​បែប​នេះ គឺ​បង្ហាញ ពី​ការ​អភិវឌ្ឍន៍​ដែល​គ្មាន​តម្លាភាព និង​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​លាង​លុយ​កខ្វក់​​របស់​ក្រុម​អ្នកមាន​អំណាច​កំពូលៗ នៅ​កម្ពុជា៖ «

តំណាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី លោក ទូច សំណាង ធ្លាប់​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កោះ​នរា ជាទី​ក្រុង​ទំនើប​លើ​ផ្ទៃដី ប្រមាណ ១០០ហិកតារ ដែល​បាន​មក​ពី​ការ​លុប​ទន្លេ​មេគង្គ និង​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ទីក្រុង​រណប​កោះ​ពេជ្រ​ដែរ។ គម្រោង​នេះ នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ពីរ​ពាន់ (២.០០០) លាន ដុល្លារ​អាមេរិក ដែល​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ២០២៣ ខាង​មុខ។ បច្ចុប្បន្ន ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​ជា​ច្រើន​នាក់ ព្រម​ទាំង​សាឡង់ និង​រថយន្ត​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ខ្សាច់ និង​ថ្មភ្នំ ដើម្បី​ចាក់​លុប​ទន្លេ​យ៉ាង​មមាញឹក​បំផុត។ ទោះ​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល នៅ​មិន​ទាន់​បង្ហាញ​តម្លាភាព ឬ​បញ្ជាក់​ថា មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន​ដូច​ដែល​ច្បាប់​កំណត់​នៅ​ឡើយ​ទេ មុននឹង​សម្រេច​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​ទន្លេ ដើម្បី​បង្កើត​កោះ​សិប្ប​និមិត​បែប​នេះ៕