បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គ្រោង​ស្នើ​រដ្ឋាភិបាល​បកស្រាយ​រឿង​គម្រោង​អភិវឌ្ឍន៍​កោះ​នរា

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) គ្រោង​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ឯកបក្ស កោះ​ហៅ​រដ្ឋាភិបាល​មក​សួរនាំ​អំពី​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) លុប​ទន្លេ​មេគង្គ​ក្រោម ទំហំ​ជាង ១០០​ហិកតារ សម្រាប់​បង្កើត​ជា​ទីក្រុង​រណប​ថ្មី​មួយទៀត​ស្ថិត​នៅ​ក្បែ​ទីក្រុង​កោះពេជ្រ។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋសភា​មួយ​នេះ សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​កោះនរា កំពុង​ធ្វើ​ខុស​ពី​គម្រោង ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សង្គម និង​បរិស្ថាន។ ទាក់ទង​នឹង​ករណី​នេះ មន្ត្រី​រដ្ឋសភា និង​មន្ត្រី​រដ្ឋាភិបាល កំពុង​រុញ​ដាក់គ្នា​ទៅវិញ​ទៅ​មក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែងប្រាប់​អាស៊ីសេរី​ថា គម្រោង ដាក់​លិខិត​ជូន​រដ្ឋសភា នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​សីហា​ខាងមុខនេះ ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​អំពី​សកម្ម​ភាព​ចាក់​ថ្ម និង​ខ្សាច់​លុប​ទន្លេ​មេគង្គ​ក្រោម​ជិត​ពាក់​កណ្តាល​ចាប់ពី​ចំណុច​កោះ​នរា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​រហូតដល់​កោះ​ប្រាក់​ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ទេ​នោះ។

លោក ឡឹក សុធារ បញ្ជាក់​ថា នៅ​មុន​ការ​ដាក់​លិខិត​ជូន​រដ្ឋសភា​នោះ គណបក្ស​របស់​លោក ក៏​នឹង​ប្រមូល​ភស្តុតាង ក្តី​បារម្ភ និង​មតិយោបល់​នានា​របស់​ប្រជាពលរដ្ឋ និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ក្រុម​អ្នកធ្វើ​ផ្នែក​បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ «វិនិយោគ​នៅ​កន្លែង​ណា​ក៏​ដោយ អ្វី​ដែល​យើង​ចង់បាន​នោះ​គឺ​សុំ​ឲ្យ មាន​តម្លាភាព ទី​២ បង្ហាញ​គម្រោង​ជា​សាធារណៈ​មក ទី​៣ គឺ​ការអនុវត្ត​គម្រោង​នោះ​សូម​ឲ្យ​ប្រាកដ ទៅ​តាម​អ្វី​ដែល​យើង​ដាក់​ឯកសារ សរសេរ​ថា លុប​៥០​ម៉ែត្រ​ដល់ពេល​ជាក់ស្ដែង​លុប ១០០​ម៉ែត្រ ឬក៏​៤០០​ម៉ែត្រ​ទៅវិញ ដែល​នេះ​ជា​ឧទាហរណ៍។ ការអភិវឌ្ឍន៍​កន្លែង​ណា​ក៏​ដោយ សូម​ឲ្យ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ច្បាស់លាស់»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។ (រូប​ពី​ហ្វេសប៊ុក លោក ឡឹក សុធារ)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្កេត​ឃើញ​ថា ការ​លុប​ទន្លេ​មេគង្គ​ក្រោម ដោយ​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) ដើម្បី​យក​ដី​អភិវឌ្ឍន៍​នេះ គឺជា​ការបម្រើ​ផលប្រយោជន៍​ឯកជន​សុទ្ធសាធ ដែល​ផ្ទុយ​នឹង​ច្បាប់​។ គណបក្ស​មួយ​នេះ ព្រួយ​បារម្ភ​ថា ការ​លុប​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ធំធេង​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជាពិសេស ការរារាំង​ផ្លូវ​មច្ឆា​ជាតិ បង្ក​ទឹកជំនន់ និង​ការ​បាក់​ច្រាំងទន្លេ​នា​ពេល​អនាគត។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា គណបក្ស​ក្រៅ​រដ្ឋសភា គ្មាន​សិទ្ធិ​កោះហៅ​រដ្ឋាភិបាល​មក​សួរនាំ​នោះ​ទេ​។ លោក បន្ថែម​ថា បើ​ទោះ​បី​ជា​គណបក្ស​មួយ​នេះ ដាក់​លិខិត​មក​រដ្ឋសភា​ឲ្យ​កោះហៅ​រដ្ឋាភិបាល មក​ឆ្លើយ​បំភ្លឺ ក៏​ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ដែរ ប្រសិនបើ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាប់អារម្មណ៍​លើ​រឿង​នេះ៖ «គណបក្ស​ក្រៅ​រដ្ឋសភា និង​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​គឺ​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ ហើយ​មក​ដល់​សភា ក៏​សភា​អត់​មាន​សិទ្ធិ​ទៅ​ធ្វើ​អ៊ីចឹង​ទេ ដូច​ថា នែក​អត់​មានអី​ត្រូវ​ធ្វើ​អ៊ីចឹង​ផង ហើយ​ខាង​ខ្ញុំ​ដូចជា​អត់ មាន​នីតិវិធី​ធ្វើ​រឿង​នឹង​ផង»។

បើ​ទោះ​បី​ជា​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ចាក់​លុប​នោះ មាន​ទំហំ​ធំ​ល្វឹងល្វើយ ឋិត​នៅ​មិន​ឆ្ងាយ​ពី​អាគារ​រដ្ឋសភា និង​អាច​មើល​ឃើញ​ពី​អគារ​រដ្ឋសភា​ក្តី ប៉ុន្តែ លោក ឡេង ប៉េងឡុង ថ្លែង​ថា ក្រុម​អ្នក​ធ្វើ​ច្បាប់ និង​ជា​តំណាងរាស្ត្រ​ទាំង ១២៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ដឹង និង​មិន​ចាប់អារម្មណ៍​អំពី​បញ្ហា​នេះ​ទេ៖ «យើង​មិនទាន់​ឃើញ​របាយការណ៍ ឬ​មិនទាន់​ឃើញ​តំណាងរាស្ត្រ​ណាមួយ​លោក​ចាប់អារម្មណ៍​បញ្ហា​នេះ ហើយ​រាយការណ៍​ចំពោះ​បញ្ហា​នេះ​នៅឡើយ​ទេ»។

ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​អភិវឌ្ឍ​កោះ​នរា ជាទី​ក្រុង​ទំនើប​មួយទៀត លើ​ផ្ទៃដី ប្រមាណ ១០០​ហិកតារ ដែល​បាន​មក​ពី​ការ​លុប​ទន្លេ​មេគង្គ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​ដែរ​។ គម្រោង​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់ (២.០០០) លាន ដុល្លារ​អាមេរិក ដែល​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។ ផ្ទៃ​ទឹកទន្លេ​ដែល​ត្រូវ​ចាក់​លុប​មាន​ទទឹង ៤០០ ទៅ ៥០០​ម៉ែត្រ​ចាប់ពី​ច្រាំងទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​អាច​លើស​ពី​១០០​ហិកតារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។ (រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន)

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​នេះ​ទេ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​អ្វី​ទាំងអស់ ហើយ​បង្វែរ​ឲ្យ​អាស៊ីសេរី សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និង​ក្រសួង​ធនធាន​ទឹក​វិញ​។ នៅ​ពេល​អាស៊ីសេរី បន្ត​សួរ​ថា តើ​គម្រោង​អភិវឌ្ឍន៍​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ មានការ​ស្រាវជ្រាវ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង សង្គម​ហើយ ឬ​នៅ ? លោក ផៃ ស៊ីផាន ឆ្លើយ​បែប​ស្មានថា ប្រហែល​ជា​មានការ​សិក្សា​ស្រាវជ្រាវ​រួច​ហើយ៖ «បាទ​ ! ខ្ញុំ​ជឿ​ថា គេ​មានការ​ស្រាវជ្រាវ ហើយ​ក្រសួង​ដែល​ទទួលខុសត្រូវ​នេះ អាច​ជា​ក្រសួង​ធនធាន​ទឹក ក្រសួងបរិស្ថាន គេ​ធ្វើការ​ជាមួយគ្នា​ធ្វើការ​ស្រាវជ្រាវ ធ្វើការ​សិក្សា ហើយ​ខ្ញុំ​ជឿ​ថា មាន​អ៊ីចឹង»។

ទោះបីជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ ថ្លែង​ថា លោក​មិន​បាន​ដឹង​អ្វី​ទាំងអស់​អំពី​គម្រោង​អភិវឌ្ឍន៍​កោះនរា​ក៏ដោយ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា លោក បាន​បង្ហោះ​សារ​ជេរប្រមាថ​អ្នក​ដែល​មិន​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​លុប​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ថា ជា​ក្រុម​តិរច្ឆាន​ទៅវិញ។

រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​ថា លោក​មិន​អាច​ឆ្លើយតប​រឿង​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) លុប​ទន្លេ​មេគង្គ​នេះ​ទេ និង​បាន​ផ្ដាច់​ទូរស័ព្ទ៖ «អាហ្នឹង​ទាក់ទង​ទៅ​ខាង​ក្រសួង​ផ្សេងទៀត​ទៅ ។ បង​អត់​មានអី​អត្ថាធិប្បាយ​បន្ថែម​ពីលើ​នេះ​ផង»។

ចំណែក​ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក យិន សាវុធ ព្រមទាំង​អគ្គនាយករង​ក្រុម ហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លោក ទូច សំណាង មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ លោក ហែម ឧត្តម សោកស្ដាយ​ដែល​មន្ត្រី​រដ្ឋាភិបាល រុញ​ដាក់គ្នា​ទៅវិញទៅមក និង​ឆ្លើយ​បែប​គ្មាន​វិជ្ជាជីវៈ ហើយ​លោក យល់ថា ករណី​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍ និង​បង្កើត​ឲ្យ​មាន​សំណួរ​និង​មន្ទិល​សង្ស័យ​ជាច្រើន​ទៀត​អំពី​តម្លាភាព និង​សុចរិត​ភាព​នៃ​ការអភិវឌ្ឍន៍​គម្រោង​ខ្នាត់​ធំ​មួយ​នេះ​។ លោក បន្ត​ថា ប្រសិនបើ​ការអភិវឌ្ឍន៍​មួយ​ដែល​ល្អ​នោះ រដ្ឋាភិបាល មិន​គួរ​លាក់បាំង​សាធារណជន​នោះ​ទេ៖ «អ្វី​ដែល​កើតឡើង​ក្នុង​ប្រទេស​នេះ អ្នកដឹកនាំ​ប្រទេស ត្រូវតែ​ដឹង បើ​មិន​ក្រសួង​មួយ ក៏​មាន​ក្រសួង​មួយទៀត​ដែរ ហើយ​បើ​យើង​ឆ្លើយ​តាម​អ៊ីចឹង​ហើយ​ថា មិន​មាន​តួនាទី​ប្រាប់ ដូច្នេះ​តើន​រណា​ដែល​មាន​តួនាទី​វិញ​ ? បើ​អ៊ីចឹង​វា​ហាក់​ដូចជា​គម្រោង​មួយ​ដែល​កើតឡើង​ដោយ​អនាធិបតេយ្យ ហើយ​បើ​អនាធិបតេយ្យ គឺ​រដ្ឋាភិបាល បណ្ដោយ​ឲ្យ​វា​កើត​អ៊ីចឹង​។ យើង​អាច​មាន​ជា​នីតិវិធី​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ ទទួលខុសត្រូវ​ក្នុង​ការ​ឆ្លើយតប ឬ​ឆ្លើយ​បំភ្លឺ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ក៏​គេ​និយាយ​អំពី​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាមួយ​សាធារណជន។ យ៉ាងហោចណាស់​នៅ​ក្នុង​ដំណើរការ​សិក្សា និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នេះ មានការ​ប្រជុំ​ជា​សាធារណៈ​ពីរ​ដង​ដែរ»។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ​រូប​នេះ បន្ត​ថា ស្ថាប័ន​រដ្ឋសភា​ដែល​តំណាង​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា គួរតែ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន សួរ​នាំទៅ​រដ្ឋាភិបាល​ឬ​ក្រសួង​សាមី ប្រសិន​ការ​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ ធ្វើឡើង​ដោយ​គ្មាន​ការវាយតម្លៃ ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាមុន​ទេ​នោះ​។ លោក ស​ទទួល​ស្គាល់​ថា ការ​កសាង​អចលនទ្រព្យ និង​អាគារ​ខ្ពស់ៗ ជា​រឿង​សំខាន់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ធនធាន​ទឹក​រយៈពេល​វែង​នោះ​ទេ៖ «ស្ថានភាព​ទន្លេ​មេគង្គ ឬ​ស្ថានភាព​ធាន​ទឹក​យើង​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ស្រួចស្រាល់ ហើយ​យើង​និយាយ​តាំងពី​ឆ្នាំ​ទៅ​មក​ថា យើង​មាន​ការ​ខ្វះ​ខាត​ទឹក ដោយសារ​មាន​ទំនប់ ( ទំនប់វារី​អគ្គិសនី ) មានអី​ច្រើន​នៅ​ខាងលើ ហើយ​នៅ​ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​ស្រួចស្រាល់​អ៊ីចឹង​ផង ហើយ​យើង​បន្ត​ចាក់​ដី​លុប​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​រូបសាស្ត្រ នៃ​ទន្លេ​អ៊ីចឹង​ទៀត វា​អាច​នឹង​បន្ថែម​បន្ទុក ឬ​ដាក់​សម្ពាធ​ទៅលើ​ទន្លេ​នេះ​មួយ​កម្រិត​ទៀត តែ​ត្រង់​ថា ប៉ះពាល់​បែប​ណា​គឺ​យើង​ត្រូវ​ការសិក្សា ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ជាមុន​សិន»។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​ជាច្រើន​នាក់ ព្រមទាំង​សា​ឡង់ និង​រថយន្ត​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ខ្សាច់ និង​ថ្មភ្នំ ដើម្បី​ចាក់​លុប​ទន្លេ​យ៉ាង​មមាញឹក​បំផុត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែង​ថា គណបក្ស​លោក នៅតែ​ប្ដេជ្ញា​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ពិនិត្យ​រឿង​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ ឲ្យ​បាន​ដិតដល់ ដើម្បី​ចៀសវាង​បន្សល់​ទុក​មរតក​បំផ្លាញ​ទន្លេ​មេគង្គ​ក្រោម​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។