គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ញត្តិមួយទៀត ទៅរដ្ឋសភា ដើម្បីស្នើសុំឲ្យពិនិត្យមើលញត្តិចាស់ ដាក់កាលពីខែមិថុនា ស្នើឲ្យកោះហៅតំណាងរដ្ឋអំណាចក្រុងភ្នំពេញ មកសាកសួរពីគម្រោងលុបបឹងតាមោក ចំនួន២០ហិកតារដោយអះអាងថា ដើម្បីបង្កើតផ្សារបន្លែ និងចំណតឡាន។ មន្ត្រីរដ្ឋសភា ប្រាប់ថា កំពុងដំណើរការរៀបចំកោះហៅមន្ត្រីរបបក្រុងភ្នំពេញ។ ចំណែកសង្គមស៊ីវិល យល់ថា ការបំភ្លឺ ឬមិនបំភ្លឺ មិនអាស្រ័យលើការដាក់ញត្តិរបស់គណបក្សនយោបាយទេ គឺអាស្រ័យលើឆន្ទរបស់រដ្ឋសភា និងរបបក្រុងភ្នំពេញ ដែលគួរគោរពការទទួលខុសត្រូវរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ប្រាប់អាស៊ីសេរីថា មន្ត្រីគណៈកម្មការទទួលពាក្យបណ្ដឹង គឺគណៈកម្មការទី១ នៃរដ្ឋសភា ណែនាំឲ្យប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ មិនចាំបាច់ដាក់ញត្តិទី២ទេ ព្រោះរដ្ឋសភា កំពុងដំណើរការញត្តិស្នើសុំរបស់គណបក្សប្រជាធិបតេយ្យ ដែលដាក់កាលពីខែមិថុនា។
លោក ឡឹក សុធារ ប្រាប់ថា ទោះយ៉ាងណា បក្សមូលដ្ឋានកំពុងរង់ចាំ និងតាមដានមើល។ តែមន្ត្រីរដ្ឋសភាបានបង្ហើបថា នឹងមានគម្រោងកោះហៅតំណាងរដ្ឋាភិបាលច្រើនស្ថាប័នមកសាកសួរ ក្នុងនោះ ក៏មានតំណាងសាលារាជធានីភ្នំពេញដែរ៖ « ក្នុងពេលនេះ យើងទទួលយកបានហើយ។ ទទួលយកបានក្នុងន័យថា ទី១ គឺរដ្ឋសភាបានទទួលយកសំណើរបស់យើង ហើយទី២រដ្ឋសភា ក៏បានចាត់ចែងការងារតាមហ្នឹងដែរ។ លទ្ធផលយ៉ាងណានោះ យើងនឹងរង់ចាំលទ្ធផលបន្តទៀត ថាតើ រដ្ឋសភា នឹងកោះហៅអ្នកពាក់ព័ន្ធណាខ្លះមកឆ្លើយបំភ្លឺ ហើយតើការឆ្លើយបំភ្លឺយ៉ាងម្ដេចនោះ យើងកំពុងរង់ចាំមើល » ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១១ មិថុនា បានដាក់លិខិតស្នើសុំឲ្យរដ្ឋសភាឯកបក្ស កោះហៅរបបក្រុងភ្នំពេញ មកពន្យល់ពីគម្រោងលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ នៅខណ្ឌព្រែកព្នៅ ឲ្យបានច្បាស់លាស់ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រោះបារម្ភថា បឹងធម្មជាតិចុងក្រោយនៅភ្នំពេញមួយនេះ អាចត្រូវលុបចោលទាំងស្រុងដូចបឹងបឹងកក់។
លោក ឡឹក សុធារ ប្រាប់ថា ការណ៍ដែលបក្សមូលដ្ឋាន ទាមទារឲ្យរដ្ឋសភា កោះហៅតំណាងរដ្ឋាភិបាលមកសួរឲ្យច្បាស់ ព្រោះគណបក្សនេះ រកឃើញសកម្មភាពឡានដឹកដី កំពុងចាក់លុបផ្ទៃបឹងតាមោកជាបន្តបន្ទាប់។ គណបក្សនេះ សង្ស័យថា មានភាពមិនប្រក្រតី ក្នុងការលួចចាក់ដី លុបផ្ទៃបឹងស្ងាត់ៗ ព្រោះអនុក្រឹត្យឲ្យលុប ២០ហិកតារ មិនទាន់បញ្ជាក់ថា ត្រូវលុបទីតាំងណា នៃផ្ទៃបឹងឲ្យប្រាកដ។
អនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បង្ហាញថា ផ្ទៃបឹងតាមោក មានទំហំ ៣.២៣៩ហិកតារ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ បឹងតាមោក ស្ថិតនៅខាងលិច ឆៀងខាងជើង រាជធានីភ្នំពេញ ស្ថិតនៅចន្លោះ ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ និងមានភូមិចំនួន១៩ ព័ទ្ធជុំវិញបឹង។ ក្រោយចេញអនុក្រឹត្យនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់ចេញអនុក្រឹត្យកាត់ផ្ទៃបឹង៤៥ហិកតារ ឲ្យទៅម្ចាស់ដីវិញ ប៉ុន្តែមិនបង្ហាញថា ម្ចាស់ដីនោះ ជាពលរដ្ឋ ឬជាឈ្មួញ ឬឧកញ៉ា ណាឡើយ។
នៅខែសីហា ឆ្នាំ២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញអនុក្រឹត្យមួយទៀត សម្រេចឲ្យសាលារាជធានីភ្នំពេញ លុបផ្ទៃបឹង ២០ហិកតារបន្ថែមទៀត ដើម្បីបង្កើតជាផ្សារបន្លែ និងចំណតរថយន្ត ដោយផ្ទេរចេញពីផ្សារដើមគ។ ទោះយ៉ាងណា អនុក្រឹត្យនោះ មិនបង្ហាញលំអិតថា ត្រូវលុបផ្ទៃបឹងកន្លែងណា ឬផ្លាស់ប្ដូរទីតាំងផ្សារបន្លែ និងចំណតឡាន របៀបណាទេ ខណៈអ្នកលក់នៅផ្សារដើមគ ក៏មិនទាន់ទទួលបានព័ត៌មានលំអិត ពីអាជ្ញាធរផ្សារដែរ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ថា ការកោះហៅ ឬមិនកោះហៅតំណាងរដ្ឋាភិបាលមកសួរនាំ គឺជាឆន្ទរបស់រដ្ឋសភានិងរដ្ឋាភិបាលខ្លួនឯង សុទ្ធសាធ។ តែយ៉ាងណា សង្គមស៊ីវិលរូបនេះ មិនចង់ឃើញ ការកោះហៅ បានត្រឹមសួរ ដោយគ្មានចេញលទ្ធផលវិជ្ជមានឡើយ៖ « សំខាន់ត្រង់ថា ញត្តិទី១ ឬញត្តិទី២ គាត់បានទទួលហើយក្ដី។ ទោះបីគាត់ទទួលយកញត្តិទី២ ក៏វាមិនទាស់ខុសអ្វីដែរ ពីព្រោះតាមខ្ញុំសង្កេតមើលទៅបើសិនជាញត្តិក្នុងការស្នើសុំឲ្យគណៈកម្មការទី១នៃរដ្ឋសភាហ្នឹង ឬក៏រាជរដ្ឋាភិបាលក្នុងការដោះស្រាយហ្នឹង វាអត់មានអ្វីខុសគ្នាក្រៅពី ពិភាក្សាគ្នាស្វែងរកដំណោះស្រាយសមស្របដែលអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសក្រុមគ្រួសារដែលរងប៉ះពាល់នោះទេ » ។
ចំណែកសកម្មជនបរិស្ថាន លោក ថុន រដ្ឋា វិញ គ្មានជំនឿថា រដ្ឋសភាឯកបក្សហ៊ានកោះហៅរបបក្រុងភ្នំពេញមកសួរនាំអ្វីទេ ហើយបើទោះហ៊ានកោះហៅមក ក៏គ្រាន់ជាការសម្ដែងល្ខោន ឱ្យមហាជនមើលដែរ។ លោក ថុន រដ្ឋា សង្កេតឃើញថា គ្មាននរណា អាចហាមឃាត់រដ្ឋាភិបាលមិនឲ្យលុបបឹងបានទេ ព្រោះសូម្បីបឹងព្រែកទប់ ជាបឹងផ្គត់ផ្គងទឹកសាប តែមួយគត់ សម្រាប់ខេត្តព្រះសីហនុ ក៏របបក្រុងភ្នំពេញ ឲ្យឈ្មួញលុបក្រោមលេសអភិវឌ្ឍន៍ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។