សកម្មជនព្រៃឈើបានលើកឡើងថា សកម្មភាពនៃការបំផ្លាញព្រៃឈើនៅក្នុងខេត្តរតនគីរី គឺក្រុមឈ្មួញបានខ្ចីដៃពលរដ្ឋឱ្យដឹកជញ្ជូនឈើឱ្យខ្លួនទាំងនៅក្នុងប្រទេសក៏ដូចជាដឹកចេញទៅប្រទេសវៀតណាម ដោយប្រើប្រាស់ម៉ូតូ។
សន្ធឹកម៉ូតូលាន់កងរំពងនៅតាមដងផ្លូវ នៅក្នុងឃុំប៉ាក់កាឡាន ឃុំកាចូន ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដើម្បីដឹកឈើទៅលក់ឱ្យឈ្មួញនៅក្នុងខេត្តរតនគីរី និងដឹកឈើចេញពីខេត្តតាមម៉ូតូ ទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម តាមច្រកព្រំដែនអូរសេដ្ឋី។
សកម្មភាពនៃការដឹកជញ្ជូនឈើនេះចាប់មានសកម្មភាពពីព្រលឹមអុរ ដែលក្រុមអ្នកដឹកឈើតាមម៉ូតូសម្រុកដឹកឈើចេញពីក្នុងព្រៃ ដើម្បីបានមកដល់ក្នុងភូមិនៅរវាងម៉ោង ៨ ទៅ ៩ព្រឹកហើយអ្នកដឹកជញ្ជូនតាមម៉ូតូបានចាប់ផ្តើមចែកផ្លូវគ្នានៅក្នុងផ្លូវបំបែកត្រង់ចំណុចឃុំញ៉ាង ដោយអ្នកខ្លះដឹកឈើតាមម៉ូតូចូលខេត្តរតនគីរី ដើម្បីយកទៅលក់ឱ្យឈ្មួញ និងអ្នកខ្លះទៀតបានដឹកបន្តតាមច្រកព្រំដែនអូរសេដ្ឋី ឆ្លងចូលខេត្តយ៉ាឡាយប្រទេសវៀតណាម។

អង្គុយជាក្រុមសម្រាកយកកម្លាំងបន្ទាប់ពីបានដឹកឈើចេញពីព្រៃតាំងពីម៉ោង ៥ព្រឹក ដែលមានម៉ូតូចំនួន ១០គ្រឿង ចតនៅក្បែរៗ គ្នា ផ្ទុកទៅដោយឈើជាច្រើនដុំនោះ។ លោក ចន្ថា ជាអ្នកដើរប្រមូលទិញឈើពីប្រជាពលរដ្ឋធម្មតានៅក្នុងភូមិ រួចយកទៅលក់បន្ត។ លោកឱ្យដឹងថា លោកបានដើរប្រមូលទិញឈើពីពលរដ្ឋ ដែលរស់នៅក្នុងភូមិ ជាជនជាតិភាគតិច រួចដឹកចេញតាមម៉ូតូរបស់លោកយកទៅលក់បន្តឱ្យឈ្មួញនៅក្នុងខេត្ត។ មានពេលខ្លះ លោកក៏ដឹកយកទៅលក់បន្តនៅប្រទេសវៀតណាមដែរ គឺអាស្រ័យលើខាងណាទិញថ្លៃជាង។
លោកថា អ្នកដែលចាំទទួលទិញឈើពីលោក គឺជាជនជាតិវៀតណាម។ ឈើដែលដែលយកទៅលក់នៅប្រទេសវៀតណាម គឺឈើតូចគេទិញក្នុង ១ម៉ែត្រគូបតម្លៃ ១៨លានដុង ស្មើនឹង ៩០០ដុល្លារ រីឯឈើធំមានតម្លៃពី ២០លាន ឬ ២២លានដុង ស្មើនឹង ១ពាន់ ១រយដុល្លារ ក្នុងមួយម៉ែត្រគូប៖ «ទិញមកលាយចូលគ្នាច្រឡូកច្រឡំមិនដឹងប៉ុន្មានទេ ! ។ ប៉ុន្តែបើរាប់ទាំងម៉ូតូខ្ញុំហ្មង ខ្ញុំស្មានៗ អ៊ីចឹងប្រហែលជា ២០ម៉ឺនជាង។ ហេម៉ាដុំនេះខ្ញុំទិញ ១០ម៉ឺន អាវែង ប៉ុន្មានដុំនេះអាវែងៗ នេះ ម៉ូតូវ៉ៃទាបបំផុត ៤០ម៉ឺន ទៅ ៥០ម៉ឺន។ លក់វិញបានប្រហែលជា ៣លាន ៤លានដុង។ ៤ លានស្មើនឹង ៨០ម៉ឺនលុយខ្មែរ»។
លោកឱ្យដឹងថា លោកទើបតែចាប់ផ្ដើមប្រកបរបរថ្មីជាអ្នកជាដឹកឈើតាមម៉ូតូនេះបានពីរទៅបីខែប៉ុណ្ណោះ ព្រោះលោកពុំដឹងថា នឹងត្រូវប្រកបរបរអ្វីក្រៅពីនេះ ហើយលោកក៏មិនដឹងថា នឹងត្រូវធ្វើអ្វីទៀតដែរ ប្រសិនបើអាជ្ញាធរបិទនោះ៖ «ខ្ញុំទើបតែរកប្រហែលជា២ ទៅ៣ខែ ហើយមួយថ្ងៃប្រហែលជា ៥០ម៉ូតូ ខ្លាំងបំផុត ចង់និយាយថា រួមទាំងអស់ បើគេបិទមានអីទេ មានតែអត់ហ្នឹងហើយ។ យើងទៅធ្វើអីបើគេបិទ យើងរកអីអត់បាន»។

ចំណែកឯ លោក ឌី ដែលជាអ្នកដើរទិញឈើឯណោះវិញ ម៉ូតូរបស់លោកបានបញ្ឆេះចាកចេញពីផ្ទះនៅម៉ោង ៦ព្រឹក ដើម្បីដើររកទិញឈើនៅក្នុងព្រៃ។ លោកចាប់ផ្ដើមដឹកឈើត្រឡប់មកវិញ នៅរង្វង់ម៉ោង១០ បន្ទាប់ពីលោកបានទិញឈើពីនាក់ភូមិប្រមាណ ៤០ ទៅ ៥០សន្លឹករួចមក។ ប្រភេទឈើដែលលោកទិញនោះ គឺមានប្រភេទខុសៗគ្នា៖ «ដើររកទិញឈើគេបើគ្នាច្រើនទិញទុក៤០ សន្លឹក ៥០សន្លឹកអីវ៉ាន់ហ្នឹង ទិញយកមកហើយបានរៀបឈើដាក់លើម៉ូតូ ដឹកយកមកតាមផ្លូវ។ ជួនកាលអា១៣ , ២០គត់ ១៣ , ២៥ រឺ១៣ , ៣៣ រឺក៏២០ឃ្លុំ ៤០ឃ្លុំ ៣០ឃ្លុំអ៊ីចឹងទៅណាស់។ បើសិនជាយើងដឹកម៉ូតូត្រឹមតែ ២០ឃ្លុំ យើងដឹក៦ដុំ រឺក៏៤ដុំតាមម៉ូតូអ្នកដែលប៉ិនដឹក ឬក៏មិនសូវប៉ិនដឹកអ៊ីចឹងណាស់។ ហីបើ ១៣ , ២៥ ដឹកបាន ១ម៉ូតូដឹកបាន ១២ដុំ ១៣ដុំ ១០ដុំ។ តម្លៃទិញនៅព្រៃមាន ២ម៉ឺន ៥ពាន់ អា១៣ , ២០ ១ដុំ ១ម៉ឺន ៥ពាន់ ហើយ១៣ , ២៥ ១ដុំ ២ម៉ឺន ៥ពាន់ បើ១៣ , ៣៣ ១ដុំ ៤ម៉ឺន តាមយើងទិញកន្លែងណាថោកកន្លែងណាថ្លៃ»។
បើទោះបីជាការប្រកបរបរនេះមើលទៅហាក់បីដូចជាទទួលបានប្រាក់ច្រើន ប៉ុន្តែក្រុមអ្នករកស៊ីដឹកឈើតាមម៉ូតូនេះ មិនសូវសល់ប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារប៉ុន្មាននោះទេ ដោយសារតែការប្រកបមុខរបរនេះជាមុខរបរខុសច្បាប់។ ដូច្នេះ ពួកគេត្រូវសូកប៉ាន់លុយទៅមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យពួកគេអាចដឹកឈើចេញបានដោយពុំមានការចាប់ចង។ ពួកគេបង់លុយក្នុងមួយម៉ូតូ ១ម៉ឺន ឬ ២ម៉ឺនរៀល។
ជាការងាយស្រួលក្នុងការទំនាក់ទំនង អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ដែលដាក់កុងត្រូល ដេកចាំយកលុយពីអ្នកដឹកឈើតាមម៉ូតូនោះ បានឱ្យលេខទូរស័ព្ទពួកគេ (សមត្ថកិច្ច) មកពួកលោក ដើម្បីឱ្យងាយស្រួលទាក់ទងមកគេ នៅពេលដែលមានឈើដឹកចេញពីព្រៃ។
លោក ឌី បន្ថែមថា អាជ្ញាធរទាំងនោះមានពាក់ឯកសណ្ឋាន ហើយឈរចាំតាមផ្លូវ៖ «បើគេហៅយើងមិនឈប់គេដេញចាប់យើង យើងមុខតែឱ្យលុយគាត់ថា មកពីស្ថាប័នណាៗ គេឃាត់យើង លើកទី១ គេគ្រាន់ប្រាប់យើងថា ចូលមកសាក្រោយប្រាប់គាត់ផង ព្រោះអីគាត់នៅស្ថាប័ន ឧទាហរណ៍ ថា ទាហាន ឬក៏ប៉េអិមគាត់ទើបតែមកអ៊ីចឹងប្រាប់គាត់ផង បើអត់ប្រាប់ថ្ងៃក្រោយៗចាប់ហើយ បើសារក្រោយគេឃើញយើងដឹកគេចាប់យើងហើយ ព្រោះយើងអត់បានបង់ អត់បានប្រាប់គេ ហើយគេឱ្យលេខទូរស័ព្ទគេមកយើងមក បង់តាមផ្លូវតាមម៉ូតូ កន្លែងណានេះទៅប៉ុស្តិ៍គេយក ១ម៉ូតូ ៥ពាន់ ម៉ូតូ ១ម៉ឺន បើប៉េអិម ១ម៉ឺន។ បើនៅអូរជុំគេយក ១ម៉ូតូ ២ម៉ឺន មេព្រៃគាត់យក ១ម៉ូតូ ១ម៉ឺន និយាយរួមទៅ សមត្ថកិច្ចតាមផ្លូវប៉ុន្មានបង់តាមប៉ុណ្ណឹង»។
លោក ចន្ថា ថ្លែងបន្តថា កន្លែងដែលត្រូវបង់លុយនោះមានច្រើនកន្លែង៖ « អឺ និយាយទៅគេសុំតែលុយចាយ ១ម៉ូតូ១ម៉ឺន ខ្លះ២ម៉ឺន បាទ។ ធូរធារអីគេ បង់ពីហ្នឹងរហូតទម្រាំទៅដល់នោះ។ អូហ៍ បើរាប់លែងចេះរាប់ហើយ ច្រើនពេកហើយ ១ម៉ឺន ២ម៉ឺន ប៉ូលីស ទាហាន ប៉េអិម និយាយទៅស្មៀនក៏យកដែរ»។
ទាក់ទងទៅនឹងការប្ដូរយុទ្ធសាស្ត្រដឹកឈើនោះ ត្រូវបានលោក ហេង ស្រស់ ដែលជាសកម្មជនព្រៃឈើនោះបានលើកឡើងថា ចំពោះរូបភាព ដែលគេកាប់បំផ្លាញព្រៃឈើគេពុំដែលប្រើរូបភាពតែ ១នោះទេ គឺគេតែងតែដូររូបភាពនៅពេលណា ដែលមានការបង្ក្រាប ជាពិសេស ករណីដូចជានៅស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ បានផ្លាស់ប្ដូររូបភាព នៅពេលដែលមានការបង្ក្រាបហើយ។

លោកបន្តថា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃអ៊ីចឹងដែរ នៅពេលណាមានការបង្ក្រាប គេត្រូវប្ដូររូបភាពរកស៊ីនៃការកាប់បំផ្លាញព្រៃឈើ ជាក់ស្ដែងយើងមើលឃើញស្រាប់ នៅខាងស្រុកអណ្ដូងមាស បន្ទាប់ពីមានការបង្ក្រាបដោយដុតឡានអារ៉េវ គឺមានការដឹកជញ្ជូនឈើដោយប្រើគោយន្ត ដោយប្រើទូក នៅតាមព្រំដែន គឺគេប្រើរូបភាពទាំងអស់នេះដឹក។ ការដឹកនេះទៀតគេឱ្យម៉ូតូដឹកយកទៅ គេមានថៅកែគេមួយនៅតាមតំបន់ រង់ចាំប្រមូលឈើទាំងអស់នោះដាក់មួយកន្លែង។ លោកថា នេះគឺជារូបភាពបែងចែកសកម្មភាពគ្នារកស៊ី ដោយខ្ចីដៃប្រជាពលរដ្ឋឱ្យដឹកឈើយកមកដាក់នៅក្នុងតំបន់គេ ហើយបើមានអាជ្ញាធរចេញមុខរារាំង គឺគេនឹងចេញមុខដោះស្រាយមិនឱ្យប៉ះពាល់ក្រុមដែលដឹកឈើឱ្យគេនោះទេ៖ «ខ្ញុំគិតថាសកម្មភាពនេះគឺវា រួមចំណែកក្នុងការកាប់បំផ្លា្ញញព្រៃឈើ បើសិនជាយើងរាប់ក្នុងមួយថ្ងៃ គឺមិនក្រោមពី ៥០គ្រឿងទៅ ១០០គ្រឿងទេ សម្រាប់ម៉ូតូ ដែលដឹកយកចេញពីប្រទេសកម្ពុជាយកទៅលក់នៅប្រទេសវៀតណាម។ ហើយអារូបភាពទៀតសោតយើងដឹងស្រាប់ហើយថា បើសិនជានៅក្នុងតំបន់នឹងមួយប្រសិនជារូបភាពដែលដឹកជាលក្ខណៈទ្រង់ទ្រាយធំ គឺវាពិបាកភ្នែកមើលពេក អាហ្នឹងចំពោះឧក្រិដ្ឋជនរកស៊ីកាប់បំផ្លាញព្រៃឈើ។ យើងងាកមកពីអាជ្ញាធរវិញគឺគាត់គួរតែបិទទាំងអស់ មិនត្រូវអនុញ្ញាតឱ្យមានការដឹកឈើឆ្លងដែនអ៊ីចឹងទេ ហើយការដឹកឈើឆ្លងដែនតាមម៉ូតូ ដូចជា ដឹកចេញតាមតំបន់ចេញពីអណ្តូងមាស ចេញពីអូយ៉ាដាវ ចេញពីតាវែងយកលក់នៅប្រទេសវៀតណាមវាខុសច្បាប់ទាំងស្រុងតែម្ដង គឺវាអត់មានអីត្រូវច្បាប់នោះទេ គឺដឹកតាមម៉ូតូអត់មានបានបង់ពន្ធចូលរដ្ឋ អត់មានបានបង់អ្វីក្រៅតែពីអំពើពុករលួយនៅតាមច្រកតំបន់ព្រំដែនហ្នឹងបាទ»។
លោក ហៃ ភីវ៉ាត ប្រធានសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកវ៉ឺនសៃ ដែលអ្នកកាប់ឈើចោទប្រកាន់ថា ជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងយកលុយពីអ្នកដឹកតាមម៉ូតូ អាស៊ីសេរី ពុំអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។
របាយការណ៍ស៊ើបអង្កេតស្ដីពីផលប៉ះពាល់បរិស្ថាន (EIA) មួយ ដែលចេញផ្សាយនៅឆ្នាំ២០១៨ បានរកឃើញតំបន់សំខាន់ៗ ចំនួន ៣ នៅក្នុងប្រទេសកម្ពុជា ដែលមានការកាប់ឈើខុសច្បាប់ជាច្រើនកំពុងដំណើរការគឺ ឧទ្យានជាតិវរជ័យ ស្ថិតក្នុងខេត្តរតនគិរី តំបន់ព្រៃដែលនៅព័ទ្ធជុំវិញទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី។ EIA បានអង្កេតតាមដានកំណាត់ឈើពីកន្លែងទាំងនេះ ទៅដល់កន្លែង ដែលគេដឹកចូលទៅប្រទេសវៀតណាម។

អាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញផ្សាយកាលពីខែកុម្ភៈ បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញបានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំមានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលួចបន្លំដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំងយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក។
របាយការណ៍ដដែលបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កម្លាំងបង្ក្រាប ចាប់ និងរឹបអូសបានឈើចម្រុះជាង ៩ ពាន់ (៩.២១៥) ម៉ែត្រគូប និងរឹបអូសសម្ភារនានា ដែលជាមធ្យោបាយបម្រើឱ្យការធ្វើអាជីវកម្មសរុប ៤៩១ គ្រឿង និងរថយន្តដឹកឈើបាកុង និងមធ្យោបាយកែច្នៃ ដែលត្រូវបានបំផ្ទុះ ដុត និងកាត់បំផ្លាញចោល គឺមានចំនួន ២១២គ្រឿង។ ឈើចាប់បានទាំងអស់ ត្រូវបានរក្សាទុកមិនឱ្យបាត់បង់ ដើម្បីដាក់ដេញថ្លៃប្រមូលថវិកាចូលរដ្ឋ។
យោងទៅតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៥ -២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៦- ២០១៧ បានឱ្យដឹងថា ធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះ ពីចំនួន ៧៣,០៤ភាគរយមកនៅត្រឹម៤៩,៤៨ភាគរយ ហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។