អាជ្ញាធរខេត្តព្រះសីហនុបានកំណត់ពេលត្រឹមចុងខែកុម្ភៈ ឱ្យម្ចាស់កាស៊ីណូយីហោ ជីនទីង (Jingding) រុះរើសំណង់របស់ខ្លួនចេញពីទីតាំងឆ្នេរកោះរ៉ុងសន្លឹម។ សកម្មជនបរិស្ថានមិនទាន់ជឿជាក់ទាំងស្រុងលើការប្រកាសនេះនៅឡើយទេ ដោយរង់ចាំមើលការអនុវត្តជាក់ស្ដែងជាមុនសិន។
អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យម្ចាស់មជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង រុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញពីឆ្នេរកោះរ៉ុងសន្លឹម និងរៀបចំសម្អាតទីតាំងនោះឱ្យបានស្អាតឡើងវិញ ចាប់ពីថ្ងៃទី១៣ ធ្នូ រហូតដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ ជាកំហិត។
លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១៧ មករា បង្ហាញថា អាជ្ញាធរសម្រេចដាក់ចេញវិធានការនេះ ដោយសារតែម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីនទីង មានការយឺតយ៉ាវក្នុងការស្វែងរកទីតាំងថ្មី និងមិនបានកំណត់ពេលវេលាជាក់លាក់ក្នុងការរុះរើសំណង់របស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានយល់ព្រមតាមសំណើសុំពន្យារពេលរុះរើ ដើម្បីឱ្យម្ចាស់មជ្ឈមណ្ឌលកម្សាន្តមួយនេះ ស្វែងរកទីតាំងថ្មី និងកន្លែងទុកដាក់សម្ភារៈផ្សេងៗ មួយរយៈរួចមក។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ អះអាងថា ប្រសិនបើដល់ថ្ងៃកំណត់ ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីនទីង មិនព្រមរុះរើសំណង់នោះទេ អាជ្ញាធរខេត្តនឹងចុះអនុវត្តការងារនេះដោយផ្ទាល់៖ «បើគាត់មិនអនុវត្ត មានន័យថា គាត់អត់គោរពតាមការណែនាំ។ មិនគោរពតាមការណែនាំ គឺរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង នឹងចាត់វិធានការរុះរើ។ អត់មានអ្វីត្រូវតវ៉ាទេ»។
អ្នកនាំពាក្យរូបនេះឱ្យដឹងថា ម្ចាស់ទីតាំងកាស៊ីណូ ជីនទីង គឺជាជនជាតិខ្មែរ ប៉ុន្តែបានជួលបន្តឱ្យជនជាតិចិនបើកធ្វើអាជីវកម្ម។ លោកអះអាងថា ម្ចាស់ទីតាំងនោះបានចូលរួមធ្វើកំណត់ហេតុ និងស្ដាប់ការណែនាំរបស់អាជ្ញាធរជាប្រចាំ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីអត្តសញ្ញាណ និងសវតារបស់ម្ចាស់ទីតាំងដែលជាជនជាតិខ្មែរនោះទេ ដោយលោកបង្វែរសំណួរទៅអាជ្ញាធរក្រុងកោះរ៉ុងវិញ។
អាស៊ីសេរីបានព្យាយាមទាក់ទាក់អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល តាមទូរស័ព្ទជាច្រើនដង នៅថ្ងៃទី១៧ មករា ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ចាត់ទុកលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុនេះថា ជាការឆ្លើយតបវិជ្ជមានរបស់អាជ្ញាធរទៅនឹងសំណើរបស់ពលរដ្ឋ ហើយលោករំពឹងថា អាជ្ញាធរនឹងបន្តឆ្លើយតបបែបនេះទៀត ចំពោះរាល់សំណូមពររបស់ពលរដ្ឋ។
ទោះជាបែបនេះក្តី សកម្មជនបរិស្ថានរូបនេះបញ្ជាក់ថា លោកមិនទាន់ទុកចិត្តលើការប្រកាសរបស់អាជ្ញាធរនេះទេ ដរាបណាសំណង់កាស៊ីណូ ជីនទីង មិនទាន់ត្រូវបានរុះរើចេញពីឆ្នេរកោះរ៉ុងសន្លឹម។ លោកឱ្យដឹងថា ក្រុមសកម្មជនរបស់លោកទើបតែបានចុះទៅកោះរ៉ុងសន្លឹមកាលពីដើមសប្ដាហ៍នេះ និងបានពិនិត្យឃើញថា សំណង់កាស៊ីណូ ជីនទីង មិនទាន់មានការរុះរើ ឬមានការជញ្ជូនសម្ភារៈណាមួយចេញពីទីតាំងនោះនៅឡើយទេ៖ «ចលនាមាតាធម្មជាតិ យើងនៅតែបន្តតាមដានឃ្លាំមើលជានិច្ចចំពោះចំណាត់ការអាជ្ញាធរទៅលើកាស៊ីណូ ជីនទីង ហ្នឹង។ យើងមិនបញ្ឈប់ត្រឹមហ្នឹងទេ ហើយប្រសិនបើមានអ្វីដែលពួកយើងមើលឃើញថា មានភាពមិនប្រក្រតី យើងនឹងបន្តផ្សព្វផ្សាយទៅកាន់សារព័ត៌មាន និងតាមរយៈវីដេអូនៅក្នុងទំព័រហ្វេសប៊ុករបស់យើងជាដើម»។
អាជ្ញាធរខេត្តព្រះសីហនុ និងយុវជនចលនាមាតាធម្មជាតិបានរកឃើញបទល្មើសជាច្រើននៅទីតាំងមជ្ឈមណ្ឌលកម្សាន្ត ជីនទីង ដូចជា ការសាងសង់រំលោភលើដីឆ្នេរ ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ការចាក់គ្រឿងបំពងសំឡេងលឺខ្លាំង និងការប្រើប្រាស់អាជ្ញាប័ណ្ណល្បែងអនឡាញផុតកំណត់ ជាដើម។ អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទទីតាំងអាជីវកម្មនេះ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក៏ប៉ុន្តែមិនបានរុះរើសំណង់នេះទេ ក្រោមហេតុផលថា ម្ចាស់ទីតាំងបានស្នើសុំពន្យារពេលរុះរើមួយរយៈ ដើម្បីស្វែងរកទីតាំងថ្មីឱ្យបានជាមុនសិន។

ក្រុមយុវជនមាតាធម្មជាតិបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដូចជា ការធ្វើធម្មយាត្រាពីភ្នំពេញទៅក្រុងព្រះសីហនុ និងការដាក់ញត្តិជូនអភិបាលខេត្តព្រះសីហនុ ជាដើម ដើម្បីស្នើសុំឱ្យអាជ្ញាធរចុះរុះរើសំណង់ខុសច្បាប់នេះឱ្យបានជាដាច់ខាត ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារបរិស្ថានឆ្នេរសមុទ្រកម្ពុជា។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កត់សម្គាល់ថា ករណីមជ្ឈមណ្ឌលកម្សាន្តជីនទីងនេះ អាជ្ញាធរខេត្តព្រះសីហនុហាក់មានការអនុគ្រោះច្រើន ចំពោះម្ចាស់ទីតាំង បើទោះជារកឃើញថា មានបទល្មើសកើតឡើងក៏ដោយ ផ្ទុយពីអ្វីដែលអាជ្ញាធរបានធ្វើទៅលើពលរដ្ឋសាមញ្ញក្នុងទំនាស់ដីធ្លី និងការបណ្តេញអាជីវករចេញពីកន្លែងលក់ដូរជាដើម។ លោកជំរុញឱ្យអាជ្ញាធរត្រូវតែហ៊ានអនុវត្តច្បាប់ ប្រសិនបើដល់ថ្ងៃកំណត់ហើយ ម្ចាស់កាស៊ីណូ ជីនទីង នៅតែមិនព្រមរុះរើសំណង់របស់ខ្លួនទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។