អាជ្ញាធរ​ដោះលែង​ក្រុម​យុវជន​ជិះកង់​សង្គ្រោះ​កោះកុង​ក្រៅ ក្រោយ​ឃាត់ខ្លួន​ជាច្រើន​ម៉ោង

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ឃាត់ខ្លួន​ក្រុម​យុវជន​សកម្មជន​បរិស្ថាន រយៈពេល​ជាច្រើន​ម៉ោង ដើម្បី​សាកសួរ ធ្វើ​កំណត់​ហេតុ ព្រមទាំង​ឱ្យ​ពួកគេ​បញ្ឈប់​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ។ ក្រុម​យុវជន​បាន​សម្រេច​រំសាយ​ការ​ជិះ​កង់ ដោយសារ​ការ​បង្ខិតបង្ខំ​ពី​អាជ្ញាធរ។

ក្រោយ​សម្រាក​មិន​គ្រប់គ្រាន់​ដោយសារ​អាជ្ញាធរ​តាម​រំខាន​ស្ទើរ​ពេញ​មួយ​យប់​ថ្ងៃ​ទី​០៣ មិថុនា​មក ក្រុម​យុវជន​បាន​ចាប់ផ្តើម​ដើរ​ត្រឡប់​មក​សាលាស្រុក​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា ដើម្បី​ស្នើសុំ​កង់​របស់​ពួកគេ​វិញ ។ ទោះជា​យ៉ាងណា អាជ្ញាធរ​មិន​បាន​ធ្វើតាម​សំណើ​នេះ​ទេ ដោយ​បាន​ហៅ​ក្រុម​យុវជន​មក​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង។

ក្រុម​អាជ្ញាធរ និង​យុវជន​បាន​ជជែក​គ្នា​តឹង​សរសៃក ហើយ​ទាំងសងខាង​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​។ អាជ្ញាធរ​បាន​ព្យាយាម​ជំរុញ​ឱ្យ​ក្រុម​យុវជន​ប្រគល់​ញត្តិ​ជូន​នាយករង​ខុទ្ទកាល័យ​លោក ហ៊ុន សែន លោក ប៉ាន់ ខែមប៊ុនថន នៅ​ពេល​នោះ ហើយ​រំសាយ​យុទ្ធនាការ​នេះ​វិញ។ ក្រុម​យុវជន​បាន​បដិសេធ ហើយ​ទទូច​ថា ពួកគេ​ត្រូវតែ​យក​ញត្តិ​នេះ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ភ្នំពេញ ពីព្រោះ​ពួកគេ​យល់ថា ការ​ជិះ​កង់​មិន​ខុសច្បាប់​នោះ​ទេ ហើយ​ពួកគេ​ចង់​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​កោះកុង​ក្រៅ។

ក្រោយ​ជជែក​គ្នា​ជាង ១​ម៉ោង តែ​គ្មាន​ដំណោះស្រាយ អភិបាលរង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ស្នើ​ទៅ​តំណាង​អយ្យការ​មួយ​រូប​ដែល​មាន​វត្ត​មាននៅ​ទីនោះ​ស្រាប់ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ក្រុម​យុវជន៖ «មិន​អនុញ្ញាត​ឱ្យ​ធ្វើ​កិច្ច​ការងារ​នេះ ជិះ​កង់ ជិះ​អ្វី​ហ្នឹង​ទៀត​ទេ ទាក់ទង​ដង្ហែ​ក្បួន​យុទ្ធនាការ​នេះ​ទេ អ៊ីចឹង​សូម​ធ្វើ​កិច្ចសន្យា​នៅ​ទីនេះ​។ ធ្វើ​កិច្ចសន្យា​ហើយ​បាន​ខាង​ខ្ញុំ​ឱ្យ​ប្អូន​បំបែក ហើយ​និង​ប្រគល់​កង់​ជូន​វិញ​។ ធ្វើ​កិច្ចសន្យា​នៅ​ទី​នេះ ព្រោះ​នេះ​គឺជា​វិធានការ​ផ្លូវច្បាប់​ដែល​លោក​ព្រះរាជអាជ្ញា សូម​ឱ្យ​ខ្ញុំ​លើកឡើង​។ (​ យុវជន​សួរ​ ) តើ​ពួក​ខ្ញុំ​ខុស​អ្វី​ដែរ​ទៅ​លោកពូ​ ? (​ ចម្លើយ​ ) គឺ​រក្សា​សណ្ដាប់ធ្នាប់»។

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ឃាត់ខ្លួន​ក្រុម​យុវជន ចាប់ពី​ម៉ោងជាង​១១ ព្រឹក រហូត​ដល់​ម៉ោងជាង​៣ រសៀល ទើប​ដោះលែង​ពួកគេ​វិញ​។ យុវជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ មាន​ចំនួន​២១ នាក់ ដោយសារ​មាន​យុវជន​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ជួយ​តស៊ូ​មតិ និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន​ដែល​កំពុង​ប្រឈម​ជាមួយ​អាជ្ញាធរ។

អ្នកដឹកនាំ​យុទ្ធនាការ និង​ជា​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ កញ្ញា រ៉ី រក្សា ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សួរ​យុវជន​ម្តង​ម្នាក់ៗ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន និង​គោលបំណង​នៃ​ការ​ធ្វើ​យុទ្ធនាការ រួច​ឱ្យ​យុវជន​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ប៉ុន្តែ​យុវជន​ស្ទើរតែ​ទាំងអស់​មិនបាន​ផ្តិត​មេដៃ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ឡើយ។ បន្ថែម​ពី​លើ​នេះ កញ្ញា​ថា អាជ្ញាធរ​បាន​ដក​ហូត​យក​អាវយឺត​ដែល​មាន​ពាក្យ​ថា សង្គ្រោះ​កោះកុង​ក្រៅ ពី​ក្រុម​យុវជន ហើយ​អាជ្ញាធរ​បាន​សន្យា​ថា នឹង​ប្រគល់​កង់​ជូន​ក្រុម​យុវជន​នៅ​ថ្ងៃ​ទី​០៦ មិថុនា ដោយ​ដឹក​យក​ទៅ​ឱ្យ​ដល់​ភ្នំពេញ​វិញ។

កញ្ញា រ៉ី រក្សា ចាត់​ទុក​ទង្វើ​របស់​ក្រុម​អាជ្ញាធរ​ខេត្ត​កោះកុង​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដោយ​បំពាន៖ «ការ​ធ្វើ​បែបនេះ គឺជា​ទង្វើ​ដែល​រំលោភបំពាន​សិទ្ធិ បំបិទ​សិទ្ធិ​សេរីភាព​ទៅលើ​យុវជន​យ៉ាង​ពេញទំហឹង​។ បំបិទ​សិទ្ធិ មិន​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​ស្រឡាញ់​បរិស្ថាន ហើយ​អត់​ឱ្យ​គោលបំណង​ដែល​យុវជន​គ្រោងទុក​ហ្នឹង បានសម្រេច»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​(LICADHO)​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា បាន​ចេញ​កំណត់​ខ្លី​នៅ​លើ​គេហទំព័រ​ថា​ការរារាំង និង​សាកសួរ​ក្រុម​យុវជន​អស់​ជាច្រើន​ម៉ោង​គឺជា​ការ​បំភិតបំភ័យ​ដល់​ក្រុម​យុវជន ដែល​ស្រឡាញ់ និង​ចង់​ការពារ​ធនធានធម្មជាតិ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន ដែល​ចុះទៅ​អង្កេត​រឿង​នេះ វាយតម្លៃ​ថា អាជ្ញាធរ​បាន​ប្រើ​អំណាច​ជ្រុល​ហួសហេតុ រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជន​។ លោក​ថា ទង្វើ​របស់​ក្រុម​យុវជន មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​នេះ​ជា​ការ​ចូលរួម​ការពារ​បរិស្ថាន ស្របតាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល៖ «អត់​មាន​ច្បាប់​ណាមួយ​ដើម្បី​ហាមឃាត់​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន​ហ្នឹង គ្រាន់តែ​ជិះ​កង់​ដើម្បី​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​សម្ដេច​ក្នុង​គោលបំណង​ការពារ​កោះកុង​ក្រៅ​ទេ ហើយ​អ៊ីចឹង​វា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព ហើយ​មិនបាន​លើកទឹកចិត្ត​ដល់​យុវជន​ដែល​មាន​ឆន្ទៈ​ស្រឡាញ់ ការពារ​ធនធានធម្មជាតិ»។

អាស៊ីសេរី​បាន​ទាក់ទង​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ការ​ចោទប្រកាន់​ថា អាជ្ញាធរ​ប្រើ​អំណាច​បំពាន​សិទ្ធិ​ពលរដ្ឋ​នេះ​ដែរ តែ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា អ្នកស្រី​កំពុង​ជាប់រវល់​ធ្វើ​របាយការណ៍​ករណី​នេះ​បញ្ជូន​ទៅ​ថ្នាក់លើ ហើយ​បង្វែរ​ឱ្យ​ទៅ​សួរ​អភិបាលរង​ខេត្ត លោក សុខ សុទ្ធី ដែល​ទទួលបន្ទុក​ដោះស្រាយ​រឿង​នេះ​វិញ​។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក សុខ សុទ្ធី ជាច្រើន​ដង តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​០៤ មិថុនា។

ទោះជា​ក្រុម​យុវជន​បាន​បរាជ័យ​ក្នុង​ការ​ជិះ​កង់​ដោយសារ​ការរារាំង​ពី​អាជ្ញាធរ​ក៏ដោយ ក៏​ពួកគាត់​ប្ដេជ្ញា​ថា នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ឱ្យខាងតែ​បាន នៅ​ថ្ងៃ​ទី​០៥ មិថុនា ចំ​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។