ក្រុមយុវជនជាពលករខ្មែរធ្វើការនៅប្រទេសថៃ នាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកអាជ្ញាប័ណ្ណវិនិយោគកោះកុងក្រៅពីក្រុមហ៊ុន កោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីក្រសួងបរិស្ថាន ចោទប្រកាន់ថា ការតវ៉ារបស់ក្រុមយុវជនទាំងនេះ មានរបៀបវារៈនយោបាយនៅពីក្រោយ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ កញ្ញា ដាំ ស្រីធាន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២១ មិថុនាថា យុទ្ធនាការដែលបានធ្វើឡើងនៅខេត្តសាមុតប្រាកាន (Samut Prakan) ប្រទេសថៃនេះ គោលបំណង គឺដើម្បីចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជា និងស្នើសុំឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងអភិវឌ្ឍន៍នៅលើកោះកុងក្រៅនេះជាបន្ទាន់។
កញ្ញាលើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តផ្ដល់អាជ្ញាប័ណ្ណវិនិយោគកោះកុងក្រៅទៅឱ្យក្រុមហ៊ុនកោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ឬឈ្មួញមានអំណាចដទៃទៀត គឺកញ្ញា និងក្រុមពលករដទៃទៀត នឹងនៅតែបន្តការទាមទារ និងប្រឆាំងនឹងគម្រោងនេះដដែល៖ « ខ្ញុំធ្វើនេះក្នុងគោលបំណងដើម្បីចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសខ្មែរយើង គឺកោះកុងក្រៅនេះ គឺជាកន្លែងទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ហើយអាចរកចំណូលជូនជាតិយើងបានច្រើនទៀត។ គោលបំណងរបស់ពួកខ្ញុំ ក៏ដូចជាយុវជនទាំងអស់ដែលបានធ្វើយុទ្ធនាការនៅថ្ងៃនេះ គោលបំណង គឺចូលរួមជាកម្លាំង ដើម្បីនូវទឹកដីកោះកុងក្រៅនេះឱ្យស្ថិតស្ថេរ »។
ពលករខ្មែរធ្វើការនៅប្រទេសថៃមួយរូបទៀតដែលបានចូលរួមក្នុងការទាមទារនេះ កញ្ញា សា ដា និយាយថា កញ្ញាចង់ឱ្យរដ្ឋាភិបាលរក្សាភាពស្រស់ស្អាតនៃកោះនេះដូចដើម ដោយមិនចង់ឱ្យមានការកាប់បំផ្លាញ រុះរើ ឬជួញដូរកោះនេះទៅឱ្យឈ្មួញមានអំណាចណាម្នាក់នោះទេ៖ « ការទាមទាររបស់ពួកខ្ញុំ គឺពួកខ្ញុំអត់ចង់បាត់បង់ព្រៃឈើ អត់ចង់បាត់បង់ធនធានរបស់ខ្មែរយើងតាំងពីយូរលង់មក។ ពួកខ្ញុំទាមទារឱ្យមានការ ដូចថាធនធាននៅស្ថិតស្ថេរ មិនបាត់បង់ទៅកណ្ដាប់ដៃឧកញ៉ាណាម្នាក់ដែលថា ចង់លក់ដូរ ចង់ផ្លាស់ប្ដូរអីតាមតែអំពើចិត្ត អ៊ីចឹងពួកខ្ញុំត្រូវមានការទាមទារមិនឱ្យឧកញ៉ាណាម្នាក់ធ្វើស្រេចតែចិត្ត »។
ក្នុងយុទ្ធនាការសង្គ្រោះកោះកុងក្រៅនេះ ក្រុមយុវជនទាំងនេះ បាននាំគ្នាលើកបដាដែលសរសេរថា កោះកុងក្រៅ មិនមែនសម្រាប់លក់នោះទេ គ្មានធម្មជាតិ គ្មានជីវិត យើងស្រលាញ់ធម្មជាតិ និងថា កោះកុងក្រៅជារបស់ខ្មែរ មិនមែនជារបស់ក្រុមហ៊ុនឯកជននោះទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការលើរឿងនេះហើយ។ លោកចាត់ទុកសកម្មភាពទាមទាររបស់យុវជនថា ជាការកេងចំណេញនយោបាយ៖ « ប្រជាពលរដ្ឋដែលនៅកោះកុងគេស្រលាញ់កោះកុងច្រើនជាង។ ប្រជាជនមួយចំនួនដែលអឺអះអាងថា ខ្លួនឯងស្រលាញ់ ក៏ប៉ុន្តែការធ្វើសកម្មភាពរបស់ពួកគាត់ គឺមានបង្កប់ទៅដោយរបៀបវារៈនយោបាយ។ ហើយយើងដឹងហើយថា ដែលធ្វើសកម្មភាពហ្នឹង គឺដើម្បីអ្វី។ ចំពោះបញ្ហានេះ ខ្ញុំមិនធ្វើអត្ថាធិប្បាយអ្វីច្រើនទេ »។
រីឯ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ លើកឡើងថា សកម្មភាពរបស់យុវជន និងការទាមទាររបស់ពលករខ្មែរ គឺជាទម្រង់នៃការអនុវត្តសិទ្ធសេរីភាពបញ្ចេញមតិ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកយល់ថា គម្រោងអភិវឌ្ឍន៍លើកោះកុងក្រៅ អាចប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ ធនធានធម្មជាតិដែលមាននៅលើកោះ និងប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើកោះនោះ៖ « សម្រាប់ខ្ញុំ ខ្ញុំគាំទ្រចំពោះសកម្មភាពនៃការចូលរួមទាមទារឱ្យមានការដកមកវិញនូវលិខិត ឬក៏អាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យមានការវិនិយោគនៅកោះកុងក្រៅហ្នឹង។ សម្រាប់ខ្ញុំ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែសិក្សាឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍន៍ ឬក៏ការធ្វើតាមគម្រោងវិនិយោគអភិវឌ្ឍន៍នៅលើកោះកុងក្រៅហ្នឹង ពីព្រោះយើងចង់ឱ្យការអភិវឌ្ឍន៍ហ្នឹង គឺផ្ដល់ផលវិជ្ជមានច្រើនជាងផលអវិជ្ជមាន »។
កន្លងមក ក្រុមយុវជនមាតាធម្មជាតិធ្លាប់បានធ្វើយុទ្ធនាការជិះកង់ដើម្បីផ្សព្វផ្សាយអំពីកោះកុងក្រៅនេះពីរដងរួចមកហើយ តែត្រូវបានអាជ្ញាធររារាំងជាបន្តបន្ទាប់។ យុទ្ធនាការជិះកង់លើកទីមួយធ្វើឡើងកាលពីដើមខែមិថុនា ត្រូវអាជ្ញាធរខេត្តកោះកុងរារាំង ចំណែកលើកទីពីរធ្វើឡើងនៅថ្ងៃទី១៤ មិថុនា ត្រូវអាជ្ញាធររាជធានីភ្នំពេញរារាំង ក្រោមហេតុដូចគ្នាគឺ ក្រុមយុវជនមិនបានសុំច្បាប់។
ទោះជាយ៉ាងណា ក្រុមយុវជនមាតាធម្មជាតិ នៅតែគ្រោងនឹងរៀបចំតាំងពិព័រណ៍រូបភាពផ្សព្វផ្សាយពីកោះកុងក្រៅ នៅល្ងាចថ្ងៃទី២២ មិថុនា បន្តទៀត។
កោះកុងក្រៅនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ តំបន់នេះ សម្បូរណ៍ដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់៕