ក្រុមយុវជនចលនាមាតាធម្មជាតិអះអាងថា ពួកគេនឹងមិនបញ្ឈប់យុទ្ធនាការស្នើឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅ ជាតំបន់ការពារធនធានធម្មជាតិសមុទ្រឡើយ។
ការអះអាងនេះនៅក្រោយពេលដែលយុទ្ធនាការជិះកង់សង្គ្រោះកោះកុងក្រៅរបស់ពួកគេត្រូវខកខានមិនបានដល់គោលដៅដោយសារអាជ្ញាធររារាំង និងស្របពេលដែលប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ចេញប្រកាស បញ្ជាក់ថា រដ្ឋាភិបាលបានប្រគល់កោះកុងក្រៅឱ្យក្រុមហ៊ុន អេសអ៊ីហ្សិត(SEZ) របស់លោក លី យ៉ុងផាត់ តាំងពីពាក់កណ្ដាលឆ្នាំ២០១៩។
តំណាងក្រុមយុវជន កញ្ញា ភួន កែវរស្មី ឱ្យដឹងថា ក្រុមយុវជនចលនាមាតាធម្មជាតិ មានគម្រោងនឹងបន្តយុទ្ធនាការសង្គ្រោះកោះកុងក្រៅ ជាសាធារណៈបន្តទៀត ដើម្បីជំរុញទៅរដ្ឋាភិបាលឱ្យដាក់កោះនេះជាតំបន់ការពារ បញ្ចៀសការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏ស្រស់ត្រកាលនៅលើកោះនេះ ក្រោមស្លាកអភិវឌ្ឍន៍។
កញ្ញាបន្តថា បើទោះជាឆ្លងកាត់ការរារាំង ការគំរាមកំហែងពីសំណាក់អាជ្ញាធរក្នុងខេត្តកោះកុងក៏ពួកនាងមិនបោះបង់គោលដៅសង្គ្រោះកោះកុងក្រៅនេះដែរ។ រីឯការទម្លាយព័ត៌មានរបស់ថារដ្ឋាភិបាលប្រគល់កោះកុងក្រៅទៅឱ្យក្រុមហ៊ុន របស់លោក លី យ៉ុងផាត់ អភិវឌ្ឍនោះក៏នឹងជំរុញឱ្យពួកគេកាន់តែប្រឹងប្រែងការពារកោះនេះបន្ថែមទៀត៖ « ចំពោះសកម្មភាពបន្ទាប់ហ្នឹង ពួកយើងកំពុងស្ថិតនៅក្នុងការជជែក យើងអត់ទាន់អាចបង្ហាញបានទេថា យើងនឹងធ្វើសកម្មភាពអី ប៉ុន្តែដោយសារតែមានព័ត៌មានមួយថ្មីគឺសម្ដេច ហ៊ុន សែន បានសម្រេចឱ្យកោះកុងក្រៅឱ្យក្រុមហ៊ុនមួយអភិវឌ្ឍន៍ គឺក្រុមហ៊ុន SEZ ដែលមានលោក លី យ៉ុងផាត់ ជានាយក។ អ៊ីចឹងវាមានភាពចម្រូងចម្រាសគ្នាដែលគាត់ ( អាជ្ញាធរ ) ថា បានសិក្សារយៈពេល៣ឆ្នាំមកហើយ ដើម្បីដាក់ជាតំបន់ការពារ ឬជាឧទ្យានជាតិ »។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមិថុនា បានប្រកាសបង្កើតគណៈកម្មការពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅ ដែលមានសមាសភាពចម្រុះពីគ្រប់ក្រសួងពាក់ព័ន្ធដឹកនាំដោយលោក រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់។ គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុន អេស អ៊ី ហ្សិត(SEZ) និងធ្វើរបាយការណ៍ត្រឡប់ទៅគណៈរដ្ឋមន្ត្រីវិញ។ ក្នុងសេចក្ដីប្រកាសនោះបង្ហាញថា គណៈរដ្ឋមន្ត្រី របស់លោក ហ៊ុន សែន មានសេចក្ដីជូនដំណឹងពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន លោក លី យ៉ុងផាត់ នេះតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មក។
ការទម្លាយព័ត៌មានពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននៅកោះកុងក្រៅទាំងមូលនេះ គឺស្របពេលដែលអាជ្ញាធរក្នុងខេត្តកោះកុងកាលពីថ្ងៃទី៣ និងទី៤ មិថុនា បានប្រើគ្រប់មធ្យោបាយរារាំង និងបញ្ឈប់ឱ្យខាងតែបានយុទ្ធនាការជិះកង់សង្គ្រោះកោះកុងក្រៅរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ។ ទាំងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង និងក្រសួងបរិស្ថានបានហៅយុទ្ធនាការរបស់ក្រុមយុវជនថាជាការសម្ដែង និងមានបង្កប់និន្នាការនយោបាយទុច្ចរិត។ ក្រសួងបរិស្ថានបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែមិថុនា ថា ក្រសួងបានសិក្សាពីសក្ដានុពលនៅលើកោះកុងក្រៅតាំងពីឆ្នាំ២០១៦ ហើយគ្រោងនឹងប្រកាសពីការដាក់កោះនេះជាឧទ្យានជាតិសមុទ្រនៅឆ្នាំ២០២១ខាងមុខ។
អាស៊ីសេរីបានព្យាយាមសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថាតើហេតុអ្វីក៏មានឈ្មោះក្រុមហ៊ុន SEZ អភិវឌ្ឍទៅវិញ នៅពេលដែលក្រសួងគ្រោងនឹងដាក់កោះកុងក្រៅជាតំបន់ការពារធនធានសមុទ្រ ឬឧទ្យានជាតិសមុទ្រ? តើក្រុមហ៊ុននោះគេធ្វើអ្វីខ្លះនៅលើកោះនោះ?
ប៉ុន្តែលោកឆ្លើយតបថា លោកមិនទាន់មានអ្វីអធិប្បាយឱ្យលើសពីអ្វី ដែលមានចែងក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលឡើយ។
ទាក់ទងនឹងយុទ្ធនាការសង្គ្រោះកោះកុងវិញ បើទោះបីជាក្រុមយុវជននៅមិនទាន់បញ្ជាក់ពីគម្រោងថា ពួកគេនឹងធ្វើអ្វីទៀតនៅឡើយ ក៏នៅលើហ្វេសប៊ុក របស់ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច បានសរសេរថា ប្រសិនបើមានការចូលរួមពីសាធារណជនបន្តទៀតនោះ ក្រុមរបស់លោក នឹងអាចបានជោគជ័យក្នុងការជំរុញទៅរដ្ឋាភិបាលឱ្យលុបចោលគម្រោងអភិវឌ្ឍន៍កោះមួយនេះ និងបង្កើតច្បាប់ ដើម្បីធានាថា កោះនេះត្រូវបានការពារ និងរក្សានូវសភាពដើម ដើម្បីផលប្រយោជន៍របស់ខ្មែរក្នុងជំនាន់នេះ និងជំនាន់ក្រោយ។
កោះកុង ឬអ្នកស្រុកនិយមហៅថាកោះកុងក្រៅ គឺជាកោះធំជាងគេនៅកម្ពុជាមានផ្ទៃក្រឡា ១០៣គីឡូម៉ែតក្រឡា(ការ៉េ) មានចម្ងាយ ៣០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ នៅក្នុងវីដេអូដែលក្រុមយុវជនបានបង្ហោះនាពេលកន្លងទៅ កោះកុងមានសម្រស់ដ៏ត្រកាល មានព្រៃឈើក្រាស់ឃ្មឹក មានឆ្នេរខ្សាច់សក្បោះ មានទឹកសមុទ្រថ្លាឈ្វេង មានកូនភ្នំជ្រោះជ្រលង និងមានទឹកធ្លាក់ជាទីមនោរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។