សាលាដំបូង​ខេត្តមណ្ឌលគិរី ​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​ការពារ​ព្រៃ​ឈើ ៣នាក់ ​នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ

សាលាដំបូង​ខេត្តមណ្ឌលគិរី ​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​ការពារ​ព្រៃ​ឈើ ៣នាក់ ​នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ ​ប៉ុន្តែ​មិនទាន់​សម្រេច​ឃុំខ្លួន​នៅ​ឡើយ។ សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដូច្នេះ​ប្រសិន​ បើ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ និង​​តុលាការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នោះ​ ប្រាកដ​ជា​អាច​ចាប់ ខ្លួន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ទាំង​មន្ត្រីធំៗ​ និង​ឈ្មួញ​រកស៊ី​ឈើ​ធំៗ។

អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​លោក ​មាស​ ប្រុស ​ប្រាប់​អាស៊ី​សេរីថា ​តំណាង​អយ្យការ​ បាន​ចោទ​ប្រកាន់​មន្ត្រី​ការពារ​ព្រៃ​ឈើ ៣នាក់​ពី​បទ​ផ្តល់​ការ​អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃ​ឈើ​ និង​ពី​បទ​ផ្តល់​ការ​អនុញ្ញាត​ណាមួយ ​ដែលផ្ទុយ​នឹងបទ​បញ្ញត្តិ​នៃ​ច្បាប់​តាម​មាត្រា​១០១​ ស្តីពី​ច្បាប់​ព្រៃ​ឈើ។

មន្ត្រី​ទាំង ៣រូប​នេះ ​រួមមាន​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ​លោក ​ហាន ​សាខន​ នាយ​រង​រដ្ឋបាល ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សារូ រតនា និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​រយ៉ លោក ហ៊ុន វណ្ណេ។

បន្ទាប់ពី​ចោទ​ប្រកាន់​រួច​តំណាង​អយ្យការ ​បានបញ្ជូន​សំណុំរឿង​ឲ្យចៅ​ក្រម​ស៊ើបសួរ ​ចាត់​ការ​បន្ត។ ចៅក្រម​ស៊ើបសួរ ​មិន​ទាន់​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ទាំង ​៣នេះ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ ប៉ុន្តែ​បាន​បញ្ជូន​ ទៅ​ឃុំ​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរីវិញ ​ដើម្បី​បន្ត​នីតិវិធី​នៅថ្ងៃ​ទី៣០​ ខែ​កក្កដា៖ « ចៅក្រម​ សួរ​បានមួយ​ហើយផ្ញើទៅ​ឲ្យខាងប៉េអ៊ឹម​វិញ​សិន។ ស្អែក ​បានដឹង​លទ្ធផល​ថា ​ឃុំ​ឬ​មិន​ឃុំ»

លោក​ មាស ​ប្រុស ​ឲ្យ​ដឹង​ដែរ​ថា​ កាលពី​ព្រលប់​ថ្ងៃ​ទី២៨​ ខែ​កក្កដា ​តុលាការ ​ក៏​បាន​សម្រេច​ឃុំខ្លួន​ ជន​ជាតិ​ចិន ៣នាក់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ក្រុម​ហ៊ុន ​ថាច់វូដ​ ដែរ។

គិតមក​ដល់ពេលនេះ​មាន​មនុស្ស​ជាង ១០​នាក់​ហើយ ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​នៅ​ក្នុង​ ខេត្ត​មណ្ឌលគិរី​ ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា​ម្នាក់​ឈ្មោះ​ស៊ឹង ​សំអុល ដែល​ជាប់​ចោទ​រឿង​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំ។ គណៈកម្មការ​ជាតិ​ទប់​ស្កាត់ ​និងបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ​និង​សាលា​ដំបូង​ ខេត្ត​ខេត្តមណ្ឌលគិរី​ ក៏​បាន​ចេញ​ដីកា និង​កំពុង​តាម​រក​ជន​សង្ស័យ​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន​នាក់ ទៀត​ផង​ដែរ។

សកម្មជន​បរិស្ថាន​​ លោក ​ហេង ​ស្រស់ ​មើល​ឃើញ​ថា ​ការ​អនុវត្ត​ច្បាប់នេះ​មិនទាន់​គ្រប់​ជ្រុង​ជ្រោយ​ នៅ​ឡើយ ​ព្រោះ​មន្ត្រី​អាវុធហត្ថ​ និង​តុលាការ​ខេត្ត​មណ្ឌលគិរី ​អាច​ធ្វើ​បានតែ​មន្ត្រីតូច​តាចឬ​ចំពោះ​មនុស្ស​ណា ដែល​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។ លោក ​បន្តថា​ ប្រសិន​បើ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​ បទល្មើស​ព្រៃឈើ​ មានឆន្ទៈ​ក្នុង​ការ​អនុវត្ត​ច្បាប់មែននោះ ​គឺ​ប្រាកដ​ជា​ចាប់​អ្នកពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ ឈើ​ជា​បន្ត​បន្ទាប់​ដូច​ជា​សម្ល​កំពឹស​មិន​ខាន ​ហើយ​សុទ្ធតែ​ជា​មន្ត្រី​ធំៗ​ រួម​ទាំង​ឧកញ៉ា​ និង​ឈ្មួញ​រក​ស៊ី ឈើ​ធំៗ​ទៀត​ផង៖ «បើ​សិន​មាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត​មួយ​ហើយ​ចៅហ្វាយ​ខេត្ត​មិន​ដឹង សួរ​ថា តើ​នៅ​ធ្វើ​ចៅហ្វាយ​ខេត្ត​ធ្វើ​អី​ទៀត។ គួរតែ​សារភាព​ថា ខ្លួន​អសមត្ថ​ភាព ហើយ​ដើរចេញ​ឲ្យ​គេ​អ្នកផ្សេង​ធ្វើ​ជា​ចៅហ្វាយ​ខេត្តវិញ​ទៅ។ មិនមែន​មាន​តែ​ខេត្ត​មួយ​ទេ គឺ​មាន​ខេត្ត​មណ្ឌលគិរី ​ខេត្ត​រតនៈគិរី ​ស្ទឹងត្រែង ​ក្រចេះ ​ព្រះវិហារ ​កំពង់ធំ ​និង​ខេត្ត​ពោធិ៍សាត់​ កំពង់ស្អឺ​ ហើយ​ចៅហ្វាយ​ខេត្ត​ទាំង​អស់​នេះ​ សុទ្ធតែ​ពាក់ព័ន្ធ​ទាំងអស់ ​ព្រោះ​ដរាប​ណា​មិន​មាន​ការ​អនុញ្ញាត​ចេញ ពី​ចៅ​ហ្វាយ​ខេត្ត ​គឺ​ព្រៃ​ឈើ​ប្រាកដ​ជាមិន​មាន​ការ​កាប់​បំផ្លាញ​និង​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់​នោះ​ទេ »

សកម្ម​ជន​បរិស្ថាន​រូប​នេះ​ ជំរុញ​ឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ ចុះ​ ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត ​មិន​មែន​ធ្វើតែ​ក្នុង​ខេត្ត​មណ្ឌលគិរីមួយ​ នោះ​ទេ៖ «ហេតុ​អី​បាន​ជា​គណៈកម្មការ​ទាំង​អស់​នេះ​មិន​ចុះ​ស៊ើប ​អង្កេត​ហើយ​ហេតុអី​តុលាការ​ក្នុងខេត្ត​ទាំង​អស់​នោះ​ មិន​ចេញ​ដីកា​កោះ​ហៅ​ក្រុមហ៊ុន​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ»

លោក​ ហេង ​ស្រស់​ មាន​ជំនឿ​ថា​ បទ​ល្មើស​ព្រៃ​ឈើ​ អាច​នឹង​កាត់​បន្ថយ​បាន ​ប្រសិន​បើ​អាជ្ញាធរ​ និង​តុលាការ​តាម​ខេត្ត​នានា​ ក្លាហាន​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​ពុក​រលួយ​ និង​ឈ្មួញ​រក​ស៊ី​ឈើ​ខុស ច្បាប់។

កាល​ពី​ពេល​ថ្មីៗ នេះ​ អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រកា ស​ដាក់​ជីវិត​របស់​ខ្លួន​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឱ្យ​ទាល់​តែ​បាន។ លោក សៅ សុខា អះអាង​ថា ទោះ​បី​ជា​ជន​ល្មើស​មាន​តំណែង​ប៉ុន​ណា​ក៏​ដោយ ក៏​លោក​បញ្ជា​ឱ្យ​ចាប់​ទាំង​អស់។ ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ថា លោក សៅ សុខា អាច​ចាញ់​ពាក្យ​សន្យា ព្រោះ​លោក​នាយក​រដ្ឋមន្រ្តី ដែល​ធ្លាប់​ប្រកាស​កាត់​ក្បាល​ចោល បើ​មិន​អាច​បង្ក្រាប​ការ​បំផ្លាញ​ព្រៃ​ឈើ​នោះ នៅ​មិន​ទាន់​ធ្វើ​តាម​ពាក្យ​សន្យា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។