យុវជនកម្ពុជាមួយចំនួន ចាប់អារម្មណ៍កាន់តែខ្លាំងអំពីសក្ដានុពលកោះកុងក្រៅ បន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិធ្វើយុទ្ធនាការផ្សព្វផ្សាយ និង ទាមទារឲ្យរដ្ឋាភិបាលដាក់បញ្ចូលកោះកុងក្រៅជាតំបន់អភិរក្ស នៅពេលថ្មីៗ នេះ។ ទន្ទឹមនឹងនេះ ពួកគេថ្កោលទោសទង្វើគាបសង្កត់របស់អាជ្ញាធរលើក្រុមយុវជនមាតាធម្មជាតិដែលកំពុងជួយការពារកោះកុងក្រៅ។
យុវជនមួយរូបមកពីខេត្តកំពង់ធំ លោក សុខ វណ្ណៈ ដែលមានមុខរបរជាអ្នកលក់ហ្គាស ក្នុងរាជធានីភ្នំពេញ ប្រាប់អាស៊ីសេរីថា លោកគាំទ្រចំពោះសកម្មភាពរបស់ក្រុមសកម្មជនដែលបានផ្សព្វផ្សាយអំពីកោះកុងក្រៅឲ្យប្រជាពលរដ្ឋ បានស្គាល់កោះដែលជាសម្បត្តិរួមរបស់ប្រជាជនខ្មែរមួយនេះ។
លោកបន្ថែមថា មុនពេលយុទ្ធនាការរបស់ក្រុមមាតាធម្មជាតិ ពុំមានយុវជនណានិយាយ ឬឮឈ្មោះកោះកុងក្រៅឡើយ តែពេលនេះ ពួកគេបានងាកមកចាប់អារម្មណ៍រឿងនេះវិញហើយ។ លោកសំណូមពរឲ្យយុវជនខ្មែរចូលរួមឈឺឆ្អាល និងការពារសម្បត្តិធនធានធម្មជាតិឲ្យបានគង់វង្ស៖ « ខ្ញុំបានស្គាល់តាមរយៈពួកគាត់ផ្សាយ ហើយនឹងតាម អេឡិច គាត់ធ្លាប់ផ្សាយពីមុនមកម្ដងដែរ។ ប៉ុន្តែ ខ្ញុំអត់ដែលបានទៅទេ។ ខ្ញុំកំពុងមានគម្រោងថា ចង់ទៅឲ្យឃើញផ្ទាល់ លក្ខណៈជាក្រុម ព្រោះខ្ញុំមានមិត្តភក្តិ អ៊ីចឹងត្រូវការទៅឲ្យស្គាល់ដែរ។ ចង់ឃើញជាក់ស្ដែង តើរូបភាពដែលគាត់ផ្សាយ វីដេអូដែលគាត់ថតយកមកផ្សាយក្នុងហ្វេសប៊ុកនេះ តើវាស្អាតកម្រិតណា ! អញ្ចឹងហើយបានជាខ្ញុំកំពុងរៀបគម្រោងថា នឹងទៅមើលជាក់ស្ដែង ឲ្យឃើញជាក់ស្ដែង ហើយនឹងទៅបោះតង់ឲ្យបាន ២ - ៣ថ្ងៃ »។
ទោះជាយ៉ាងណាយុវជនរូបនេះខកចិត្ត ដែលរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ឌវិនិយោគកោះនេះទៅឲ្យក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់។
យុវជនមួយរូបទៀតមកពីក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាជាងជួសជុលកុំព្យូទ័រ និងកាមេរ៉ាសុវត្ថិភាព លោក នង ធារ៉ា មានប្រសាសន៍ថា លោកពុំដែលឮឈ្មោះកោះកុងក្រៅនោះទេ តែលោកបានស្គាល់កោះនេះ បន្ទាប់ពីលោកបានឃើញការផ្សព្វផ្សាយរបស់ក្រុមយុវជនមាតាធម្មជាតិអំពីកោះនេះ ដែលមានព្រៃឈើ ទេសភាព និងខ្សាច់ពណ៌សដ៏ស្រស់ស្អាត ព្រមទាំងសម្បូរណ៍ជីវចម្រុះ។ លោកចង់ឲ្យរដ្ឋាភិបាលអភិរក្សកោះនេះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ៖ « ខ្ញុំគ្រាន់តែជួយជាកម្លាំងចិត្តថា ខ្ញុំគាំទ្រពេញទំហឹងនូវសកម្មភាពយុវជនដែលការពារកោះកុងក្រៅ។ នៅខាងខេត្តកោះកុង និងខេត្តព្រះសីហនុ គេមានទេសភាពឆ្នេរខ្សាច់ដ៏ស្រស់ស្អាត អញ្ចឹងគួរតែអភិរក្ស កុំអភិវឌ្ឍន៍វា ដើម្បីអត្ថប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយទៀតឲ្យវាស្គាល់ថា ប្រទេសកម្ពុជាយើងសម្បូរណ៍ទៅដោយធនធានធម្មជាតិដ៏ស្រស់ស្អាត »។
រីឯយុវជនមកពីសង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាបមួយរូបទៀត លោក អួន វណ្ណៈ មានមុខរបរជាអ្នករត់ឡានឈ្នួល លើកឡើងថា លោកចាប់ផ្ដើមស្គាល់កោះកុងក្រៅតាមរយៈយុទ្ធនាការជិះកង់របស់ក្រុមយុវជនមាតាធម្មជាតិ។
លោកគាំទ្រដែលក្រុមយុវជនព្យាយាមថែរក្សាធនធានធម្មជាតិ ទោះជាមានការរារាំងពីអាជ្ញាធរមិនឲ្យផ្សព្វផ្សាយអំពីកោះកុងក្រៅក៏ដោយ។ លោក ស្នើសុំឲ្យអាជ្ញាធរលុបចោលអាជ្ញាប័ណ្ណវិនិយោគពីក្រុមហ៊ុនឯកជនវិញ ៖« សម្រាប់ខ្ញុំ ដែលជាប្រជាពលរដ្ឋ ខ្ញុំមិនចង់ឲ្យរាជរដ្ឋាភិបាលយកកោះកុងក្រៅទៅវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនទេ ចង់ឲ្យរក្សាភាពដើមដដែល។ ខ្ញុំមានចំណាប់អារម្មណ៍ចង់ទៅខ្លាំងមែនទែន ព្រោះទេសភាពកន្លែងហ្នឹងវាប្លែកភ្នែកខុសពីកោះផ្សេងៗ ព្រោះកោះកុងក្រៅហ្នឹង ជាកោះមួយដែលធំជាងគេនៅក្នុងស្រុកខ្មែរ »។
ក្រុមយុវជនមាតាធម្មជាតិបានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកោះកុងក្រៅចំនួន ៣លើកមកហើយ ដោយពីរលើកដំបូង ជាយុទ្ធនាការជិះកង់ទាមទារឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់អភិរក្ស ហើយចុងក្រោយថ្មីៗ នេះ គឺការតាំងពិព័រណ៍រូបថតកោះកុងក្រៅនៅមុខវត្តបុទុមវត្តី។ ទោះជាយ៉ាងណា អាជ្ញាធរតែងចេញមុខរារាំងសកម្មភាពទាំងនេះដោយសម្អាងថា ក្រុមយុវជនមិនបានសុំច្បាប់អនុញ្ញាត។ នៅពេលក្រុមយុវជនតាមសួរនាំពីច្បាប់អ្វីដែលអាជ្ញាធរយកមកប្រើដើម្បីរារាំងសកម្មភាពរបស់ពួកគេ អាជ្ញាធរបានត្រឹមតែឆ្លើយថា ពួកគេជាអាជ្ញាធរ មានតួនាទីរក្សាសណ្ដាប់ធ្នាប់នៅតាមតំបន់គ្រប់គ្រងរបស់ខ្លួន។
ចំណែក ក្រសួងបរិស្ថាន ដែលបានអះអាងថា មានគម្រោងដាក់កោះកុងក្រៅជាតំបន់អភិរក្សនោះ មិនត្រឹមតែមិនបានជួយគាំទ្រសកម្មភាពរបស់ក្រុមយុវជនទេ តែបែរជាចាត់ទុកសកម្មភាពរបស់យុវជនថា ជាការកេងចំណេញនយោបាយទៅវិញ។
ឆ្លើយតបទៅ និងការចោទប្រកាន់នេះ សកម្មជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បញ្ជាក់ថា ការចោទប្រកាន់របស់អាជ្ញាធរមកលើក្រុមសកម្មជនមាតាធម្មជាតិគ្រាន់តែជាលេសចង់ឲ្យប្រជាពលរដ្ឋមួយចំនួនដែលមិនបានស្វែងយល់អំពីច្បាប់យល់ថា ក្រុមកញ្ញាធ្វើយុទ្ធនាការបំពានច្បាប់។ កញ្ញាអះអាងថា ច្បាប់បានចែងច្បាស់ដែលមិនតម្រូវឲ្យជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធី ឬធ្វើអ្វីដែលជាប្រយោជន៍ដល់សាធារណជន គឺយើងអាចធ្វើបានដោយមិនបាច់ជូនដំណឹងទៅអាជ្ញាធរឡើយ។
កញ្ញាបន្ថែមថា ក្រុមកញ្ញាពុំមានជាប់ពាក់ព័ន្ធនិន្នាការនយោបាយណាមួយ ឬទទួលជំនួយពីខាងបក្សណាមួយដូចការចោទប្រកាន់របស់ក្រុមមួយចំនួននោះទេ។ កញ្ញាទាមទាររដ្ឋាភិបាលបង្ហាញភស្តុតាងជាសាធារណៈដែលបង្ហាញថា ក្រុមកញ្ញាមានជាប់ពាក់ព័ន្ធនឹងនយោបាយមុននឹងធ្វើការចោទប្រកាន់ ឬលាបពណ៌ក្រុមកញ្ញា៖ « ពួកយើងគ្រាន់តែជាយុវជនស្អាតស្អំ អត់មានពាក់ព័ន្ធជាមួយនិន្នាការនយោបាយអីទាំងអស់។ ការធ្វើរបស់យើង គឺដើម្បីកោះកុងក្រៅ គោលដៅរបស់យើង គឺដើម្បីកោះកុងក្រៅតែមួយទេ អត់មានពាក់ព័ន្ធរឿងនយោបាយលើកមកនិយាយ ដើម្បីឲ្យគេស្អប់បក្សនេះ គាំទ្របក្សនោះទេ។ អាហ្នឹង ខ្ញុំត្រូវការឲ្យមានភស្តុតាងច្បាស់លាស់ កុំឲ្យពួកគាត់ចេះតែចោទ ព្រោះថា ពួកខ្ញុំកន្លងមកហ្នឹង តាំងពីធ្វើមក មិនដែលបានទទួលជំនួយពីបក្សណា ឬមួយក៏ធ្វើក្នុងគោលបំណងឲ្យបក្សណាមានមុខ មានមាត់ ហើយបន្ទុចបង្អាប់បក្សណាទេ គឺយើងធ្វើ ដើម្បីកោះកុងក្រៅតែមួយមុខគត់ គោលដៅយើង »។
ក្រុមសកម្មជនមាតាធម្មជាតិ និងត្រៀមគម្រោងបន្តទៀត ដើម្បីសង្គ្រោះកោះកុងក្រៅ។
កោះកុងក្រៅ ជាកោះលធំជាងគេ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ កោះនេះ សម្បូរណ៍ដោយធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃ មច្ឆា ផ្កាថ្ម និងមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត មានពណ៌ខៀវស្រងាត់ នៅលើកោះ មានទឹកជ្រោះ និងភ្នំដ៏ស្រស់បំព្រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។