មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដក​ហូត​ដី​ចម្ការ​ស្រល់​ជា​សម្បត្តិ​រដ្ឋ​ទាំង​អស់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​មណ្ឌលគិរី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ និង​ស្ថាប័ន​ពាក់ព័ន្ធ ដកហូត​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដែល​ក្រុម​អ្នក​មាន​ឥទ្ធិពល រំលោភ​យក​អស់​រាប់​ពាន់​ហិកតារ។ ការ​លើកឡើង​នេះ ក្រោយពី​ពួក​គេ​សង្កេតឃើញ​ថា ដីចម្ការ​ស្រល់​ឋិតនៅ​ឃុំ​ដាក់ដាំ និង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ត្រូវ​បាន​អ្នកមាន​អំណាច បោះរ​បង​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​បែប​អនាធិបតេយ្យ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង និង មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុម​អ្នក​មាន​អំណាច និង​អាជ្ញាធរ​ខិល​ខូច រំលោភ​បំពាន​យក​ដី​ចម្ការ​ស្រល់ អស់​រាប់ពាន់​ហិកតារ គឺ​ជា​ការ​ធ្វេសប្រហែស មិន​អនុវត្ត​ច្បាប់ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ខេត្ត​មណ្ឌលគិរី។ ពួក​គេ​អះអាង​ថា ដី​ចម្ការ​ស្រល់ មាន​ទំហំ​ប្រមាណ ២ពាន់​ហិកតារ ឋិត​ក្នុង​ភូមិ​ចំនួន៣ នៃ​ឃុំ​សែ​មនោរម្យ ត្រូវ​គេ​ហ៊ុមព័ទ្ធ​យក​ជា​សម្បត្តិ​បុគ្គល នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជន​ជាតិ​ដើម​ភាគ​តិច រស់នៅ​ភូមិ​ពូរាំង ពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ កក្កដា​ថា ក្រុម​អ្នកមាន​អំណាច ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ បាន​យក​ពលរដ្ឋ​ជា​ខែល បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​យក​ដីចម្ការ​ស្រល់​អស់​រាប់ពាន់​ហិកតារ។ លោក​ថា ការ​ច្បាម​យក​ដី​ចម្ការ​ស្រល់​ទាំង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​កន្លែង​ឃ្វាល​គោ ក្របី របស់​អ្នកភូមិ ជាពិសេស បាត់បង់​កេរដំណែល​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង៖ « ព្រួយបារម្ភ​ហួស​ពី​ព្រួយ តាំង​ពី​ដើម​មក ប៉ុន្តែ​គេ​មាន​អំណាច តែ​មិន​ដឹង​ធ្វើ​ម៉េច ? ឃុំ​ដាក់ដាំ និង​ឃុំ​សែនមនោរម្យ មាន​ការ​ព័ន្ធ​របង​ច្រើន។ វា​ប៉ះពាល់​កន្លែង​ចិញ្ចឹម​គោ​ក្របី ដល់​ឥឡូវ​គេ​ព័ទ្ធ​របង និង​កាយ​ប្រឡាយ យើង​មិន​ដឹង ចិញ្ចឹម​សត្វ​នៅ​ឯ​ណា​ទៀត »

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី លោក ក្រើ​ង តុលា សង្កេតឃើញ​ថា ដីចម្ការ​ស្រល់ ឋិត​ក្នុង​ភូមិ​ពូ​រ៉ាង ភូមិ​ពូហ្យាម និង​ភូមិ​ពូ​ទ្រូ ត្រូវ​បាន​ក្រុម​ឈ្មួញ និង​អ្នកមាន​អំណាច រំលោភ​យក​មិន​ក្រោម ២ពាន់​ហិកតារ​នោះ​ទេ ដោយសារ​ទីផ្សារ​ដី​ឡើងថ្លៃ​ខ្ពស់។ លោក​ថា ការបំពាន​ដីចម្ការ​ស្រល់​ដោយ​ខុសច្បាប់​ទាំងនេះ មាន​ជាប់ពាក់ព័ន្ធ មេភូមិ មេឃុំ និង​អាជ្ញាធរ​ស្រុក ធ្វើពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​មិន​ប្រក្រតី៖ « ភូមិ / ឃុំ ជា​អ្នកធ្វើ​ប្លង់​ផ្ទេរ​សិទ្ធិ​កាន់កាប់ ហើយ​អ្នក​មានៗ គេ​ធ្វើ​ដើរ​សុំ​ទិស​អ៊ីចឹង​ទៅ។ ដល់​ពលរដ្ឋ​ឃើញ​គេ ឱ្យ​លុយ ១ពាន់​ដុល្លារ​ទៅ ២ពាន់​ដុល្លារ មានអី​គ្រាន់តែ​ដាក់​ឈ្មោះ​គាត់។ យក​រូបភាព ពលរដ្ឋ​ជា​ខែល ចង់​និយាយ​អ៊ីចឹង »

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អភិបាលស្រុក​អូររាំង លោក សៀក មុ​ន្នី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុខ ឃាង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៦ កក្កដា។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី លោក សុក សេ​រ៉ា មាន​ប្រសាសន៍​ថា ដី​ចម្ការ​ស្រល់ គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ នឹង​មិន​អនុញ្ញាត​ឱ្យ​ហ៊ុមព័ទ្ធ​ធ្វើជា​សម្បត្តិ​ឯកជន​នោះ​ទេ។ លោក​បញ្ជាក់​ថា បើ​មាន​ការ​ហ៊ុមព័ទ្ធ​យក​ដី​នៅ​តំបន់​នោះ​ខុស​ច្បាប់ រដ្ឋបាល​ខេត្ត​នឹង​ដក​ហូត​មក​វិញ៖ « ដាច់ខាត​ត្រូវ​តែ​ដក​ហូត មិន​មែន​ជា​ដី​ព្រះមហាក្សត្រ ដាំ​ស្រល់ អា​ហ្នឹង​យើង​ដក​មក​វិញ​ហើយ។ ជា​គោល​ការណ៍ ដី​រដ្ឋ​យើង​ដក​មកវិញ »

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គួរ​តែ​និរាករណ៍ និង​មោឃភាព​រាល់​លិខិត ទិញ​លក់​ដី​នៅ​តំបន់​នោះ​ទាំង​អស់ និង​ត្រូវ​ដក​ហូត​ជា​សម្បត្តិ​រដ្ឋ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ ដែល​ហ៊ុមព័ទ្ធ​យក​ដីចម្ការ​ស្រល់ ឱ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ « មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​ទទួល​ខុស​ត្រូវ​នូវ​តំបន់​ចម្ការ​ស្រល់ ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដោយ​នាំ​យក​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង មាន​បំណង​បំផ្លាញ​ព្រៃ​ស្រល់​យក​ដី ហើយ​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​ខេត្ត​មណ្ឌលគិរី។ ប្រសិនបើ​ខ្លួន​មិន​ធ្វើ​ទេ សហគមន៍ និង​សង្គម​ស៊ីវិល នឹង​ប្ដឹង​បរិហារ​អ្នក​ទាំងអស់​ហ្នឹង »

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បន្ថែម​ថា ដី​ចម្ការ​ស្រល់​មាន​ទំហំ​ជាង ២ម៉ឺន​ហិកតារ​ឋិត​ក្នុង​ស្រុក​អូររាំង ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ ដាំ​នៅ​អំឡុង​ឆ្នាំ១៩៦០ ហើយ​បច្ចុប្បន្ន មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ របស់​ក្រ​សួង​កសិកម្ម​គ្រប់គ្រង និង​អភិរក្ស។ ចម្ការ​ស្រល់ ដែល​ដុះ​តាម​ដំបន់​ភ្នំ​ខ្ពង់រាប​ដី​ក្រហម មាន​ជីវជាតិ អម​ដោយ​ទេសភាព​ស្រស់​ស្អាត ដែល​អតីត​ព្រះមហាក្សត្រ​បាន​ចាត់​ទុក​តំបន់​នោះ ជា​ឋានសួគ៌​ទេសភាព បម្រើ​វិស័យ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។