សមត្ថកិច្ចសម្រេចបញ្ជូនសកម្មជនមាតាធម្មជាតិបីនាក់ទៅតុលាការក្រុងភ្នំពេញប្រកាន់ពីបទញុះញង់នៅថ្ងៃទី៤ ខែកញ្ញានេះ។ សមត្ថកិច្ចអះអាងថា សកម្មជនបរិស្ថានទាំងបីនាក់លួចបង្កើតបន្ទប់ផ្សាយព័ត៌មានតាមរលកធាតុអាកាសនិងតាមបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានច្បាប់អនុញ្ញាត។ ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីសិទ្ធិមនុស្សសង្កេតឃើញថា ក្រុមយុវជនមាតាធម្មជាតិគ្រាន់តែធ្វើការងារបរិស្ថាន និងបញ្ចេញសិទ្ធិបញ្ចេញមតិតែប៉ុណ្ណោះ គឺមិនបានប្រព្រឹត្តបទល្មើសនោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលតាមដំណើររឿងនេះមានប្រសាសន៍ថា ការឃាត់ខ្លួនយុវជនចលនាមាតាធម្មជាតិបង្ហាញថា សេរីជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានរឹតត្បិតបន្ថែមទៀតនៅក្នុងសង្គមប្រជាធិបតេយ្យ៖ « បើសិនជាគ្រាន់ជាសកម្មភាពចូលរួមក្នុងកិច្ចការពារបរិស្ថាននាពេលកន្លងមកមិនមានជាបទល្មើសអីចោទប្រកាន់ទេ ក៏ប៉ុន្តែយើងមិនទាន់ដឹងថា តុលាការឬអាជ្ញាធរលោកមានបញ្ហាបញ្ហាឬក៏ភស្តុតាងអីផ្សេងទៀតដើម្បីធ្វើការចោទប្រកាន់។ ទោះជាយ៉ាងណាដោយពេលនេះក៏នៅតែមានការរិះគន់ថា ការឃាត់និងការចាប់ខ្លួននេះជាការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ » ។
លោក អំ សំអាត ឱ្យដឹងថា អង្គការលីកាដូ បានផ្ដល់មេធាវីដើម្បីជួយការពារក្ដីដល់យុវជនទាំងបីរូបនេះ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យអ្នកពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ថា អ្វីដែលក្រុមយុវជនមាតាធម្មជាតិធ្វើ គឺហួសពីព្រំដែននៃការបញ្ចេញមតិ។ លោកចោទប្រកាន់ក្រុមយុវជនលួចបង្កើតបន្ទប់ផ្សាយព័ត៌មានតាមរលកធាតុអាកាស និងតាមបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែលោកមិនទាន់ឱ្យដឹងពីប្រភេទព័ត៌មាន ដែលយុវជនបានផ្សព្វផ្សាយនៅឡើយទេ៖ « ដោយសារកញ្ញាពីរនាក់នោះគាត់បានបង្ហោះសារពាក់ព័ន្ធនឹងការលប់បឹងតាមោក ហើយគាត់គំរាមថា ទៅជួបសម្ដេចតេជោ។ សមត្ថកិច្ចអញ្ជើញគាត់ទៅសាកសួរទេអំពីមូលហេតុអ្វី ? មួយចំនួនដែលគាត់ចង់ជួបសម្ដេចតេជោ។ ប៉ុន្តែតាមរយៈសាកសួរស៊ើបអង្កេតបន្ថែមទៅយើងរកឃើញថា ក្រុមគាត់ហ្នឹង មានរៀបចំកន្លែងមួយ ដែលធ្វើការផ្សាយសំឡេងតាមរលកធាតុអាកាសនៅខណ្ឌពោធិ៍សែនជ័យ » ។
អាជ្ញាធរឃាត់ខ្លួនយុវជនមាតាធម្មជាតិ ៣នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា យកទៅសាកសួរក្នុងពីរករណីដាច់ដោយឡែកពីគ្នាបន្ទាប់ពីពួកគេស្នើសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោក និងយុទ្ធនាការជិះកង់ផ្សព្វផ្សាយអំពីការអភិរក្សកោះកុងក្រៅជាដើម។ យុវជនដែលត្រូវចាប់ខ្លួនរួមមាន៖ យុវជនលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ សមត្ថកិច្ចបានបិទទីតាំងស្ទូឌីយ៉ូមួយកន្លែងរបស់លោក ថុន រដ្ឋា ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ដែលកំពុងរស់នៅទឹកដីកំណើតប្រទេសអេស្ប៉ាញ (English) ចោទប្រកាន់ថា ការចាប់ និងចោទប្រកាន់លើក្រុមយុវជនរបស់លោកជាឧក្រិដ្ឋកម្មរៀបចំដោយអំណាចរដ្ឋដែលជាការចាប់ខ្លួនមនុស្សតាមអំពើចិត្តដោយគ្មានការប្រព្រឹត្តបទល្មើសណាមួយ។ លោក អាឡិច ថ្លែងអះអាងថា ការបង្កើតស្ទូឌីយ៉ូ គឺដើម្បីផ្សព្វផ្សាយពីកិច្ចការពារបរិស្ថានតាមបណ្ដាញសង្គមហ្វេសប៊ុក។ លោកបញ្ជាក់ថា ក្រុមយុវជនរបស់លោកមិនបានផ្សព្វផ្សាយព័ត៌មានតាមរលកធាតុអាកាសដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ៖ « មានកាមេរ៉ា មានលែបថប់ នៅក្នុងផ្ទះខ្លួនឯង ដើម្បីផ្សាយតាមហ្វេសប៊ុក គឺមានន័យថា ប្រជាជនខ្មែរចូលម៉ឺនសែននាក់ ក៏គួរជាប់គុកដែរដោយសារប្រជាជនកម្ពុជាខ្មែរច្រើនណាស់ ដែលមានលេបថត មានកាមេរ៉ា មានទូរស័ព្ទដែលគេផ្សាយតាហ្វេសប៊ុក ហើយយើងនិយាយនៅលើពិភពលោកទាំងមូល គឺមនុស្សរាប់លាននាក់ជាប់គុកដែរ ព្រោះសម័យអ្នកណាក៏អាចផ្សាយតាមហ្វេសប៊ុកបានទេតើ » ។
កាលពីខែកុម្ភៈសមត្ថកិច្ចខណ្ឌចម្ការរាជធានីភ្នំពេញបានឃាត់ខ្លួនយុវជននៃអង្គការមាតាធម្មជាតិបីនាក់ម្ដងរួចហើយក្នុងនោះមានម្នាក់ជាយុវជន ដែលតែងបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្ហាញពីផលប៉ះពាល់បរិស្ថាន គឺលោក ថុន រដ្ឋា និងយុវជនពីរនាក់ទៀតជាអ្នកថតវីដេអូ និងដកហូតមេម៉ូរីអង្គចងចាំផ្ទុកវីដេអូ ដែលពួកគេបានថត និងអាវយឺតរបស់យុវជន ដែលលើអាវបានសរសេរពាក្យថា "ខ្មែរក្រោកឡើង"។
ក្រុមយុវជនអង្គការមាតាធម្មជាតិតែងតែធ្វើវីដេអូបង្ហោះតាមបណ្ដាញពីការបំផ្លាញបរិស្ថានអំពើពុករលួយ និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការរក្សាទុកភ្លុកដំរី កុយរមាស ឆ្អឹងខ្លា និងស្រកាពង្រូលជាដើម។ សកម្មភាពចុងក្រោយ ដែលយុវជនគ្រោងធ្វើ គឺកញ្ញា ឡុង គន្ធា ប្រកាសនៅលើផេកមាតាធម្មជាតិ (Mother Nature Cambodia) ថា កញ្ញានឹងធ្វើដំណើរថ្មើរជើងចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យដោយស្លៀកពាក់ពណ៌ស ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក ហ៊ុន សែន ក្នុងគោលបំណងបង្ហាញពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោកដែលអាចបង្កឲ្យកើតមានបញ្ហាមួយចំនួន ដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថានការបាត់បង់ជម្រកសត្វស្លាប និងជីវៈចម្រុះក្នុងបឹងជាដើម។ មុនចាប់ខ្លួនកញ្ញា ឡុង គន្ធា មួយថ្ងៃសកម្មជនរូបនេះ ឱ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចមូលដ្ឋានទៅផ្ទះឪពុកម្ដាយរបស់កញ្ញានៅស្រុកកំណើតទៅសួរនាំពីប្រវត្តិរូប និងការងាររបស់កញ្ញា និងព្រមានឱ្យសកម្មភាព ដែលកញ្ញាគ្រោងដើរទៅផ្ទះលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។