ប៉ូលិស​ខេត្ត​រតនគិរី​ស្វែងរក​ជនជាតិ​វៀតណាម​៤​នាក់​ជីក​រ៉ែ​មាស​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី កំពុង​ស្វែងរក​ជន​ពាក់ព័ន្ធ​នាំ​ជនជាតិ​វៀតណាម ៤​នាក់​ចូល​មក​ជីក​មាស​នៅ​ស្រុក​លំផាត់ ដោយ​ចាត់​ទុក​ថា ជនជាតិ​វៀតណាម ទាំង​នោះ​ថា​ជា​ជន​សង្ស័យ​ត្រូវ​គេ​នាំ​ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា។ ការ​ស្វែងរក​ពលរដ្ឋ​វៀតណាម នេះ គឺ​ឋិត​ក្នុង​យុទ្ធនាការ​ស្វែងរក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី មិន​ទាន់​រក​ឃើញ​កន្លែង​លាក់​ខ្លួន​ជនជាតិ​វៀតណាម ៤​នាក់ ដែល​គេច​ចេញ​ពី​រណ្ដៅ​ជីក​មាស​នៅ​ភ្នំ​ក្រូច ក្នុង​ភូមិ​កាទៀង ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ជនជាតិ​វៀតណាម ៤​នាក់ បាន​ជម្លៀស​ខ្លួន​ឡើង​ភ្នំ​គេច​ចេញ​ពី​ក្រុម​សមត្ថកិច្ច​ខេត្ត​រតនគិរី ដែល​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជីក​រក​មាស​អនាធិបតេយ្យ​មួយ​កន្លែង នៅ​ភ្នំ​ក្រូច ក៏ប៉ុន្តែ​សាក្សី​បញ្ជាក់​ថា ម្ចាស់​ទីតាំង​ជីក​រក​មាស​ជា​អ្នក​នាំ​ជនជាតិ​វៀតណាម មក​ជីក​រក​មាស និង​ជា​អ្នក​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ពួក​គេ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​រក​ប្រភព​ម្ចាស់​ទីតាំង​ជីក​មាស​នោះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​របាយការណ៍​យ៉ាង​ណា​នៅ​ឡើយ។ លោក​បន្ត​ថា ស្នងការ​ប៉ូលិស​បាន​ដាក់​បទបញ្ជា​ឲ្យ​ស្វែងរក​ជនជាតិ​វៀតណាម ទាំង ៤​នាក់​នេះ ដើម្បី​ត្រួត​ពិនិត្យ​ការ​ស្នាក់នៅ​របស់​ពួក​គេ៖ «ម្សិលមិញ​ខាង​កម្លាំង​ចុះ​ទៅ​ដល់ គឺ​ថា​ពួក​វា​បាន​រត់​គេច​ខ្លួន​អស់ ៤​នាក់​ហ្នឹង​ណា។ ឥឡូវ​យើង​កំពុង​ស្រាវជ្រាវ​រក តើ​នរណា​ជា​អ្នក​នាំ​ជន​បរទេស​ទាំង​នោះ​ចូល​មក? ស្នងការ​កំពុង​ចំណាត់​ការ​ហើយ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (adhoc) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​រក​ឃើញ​ទីតាំង​លួច​លាក់​ជីក​រក​មាស​នៅ​ភ្នំ​ក្រូច ក្នុង​នោះ​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ២​នាក់ កំពុង​ឋិត​ក្នុង​អណ្ដូង​រ៉ែ​មាស និង ២​នាក់​ទៀត​នៅ​ផ្នែក​ខាង​លើ ដើម្បី​យោង​យក​រ៉ែ​មាស​ពី​ក្នុង​អណ្ដូង។ ស្រប​គ្នា​នោះ​ដែរ ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី បាន​ចុះ​មក​ដល់​ទី​កើត​ហេតុ និង​បាន​រក​ឃើញ​ខ្ទម​ប្រក់​កៅស៊ូ​ចំនួន​បី​បន្ថែម​ទៀត​នៅ​ជើង​ភ្នំ​មាត់​អូរ ដែល​មាន​ជនជាតិ​ខ្មែរ​ស្នាក់នៅ​ទីនោះ ៦​នាក់​ផ្សេង​ទៀត។ នៅ​ទីនោះ សមត្ថកិច្ច​ឃើញ​មាន​ម៉ាស៊ីន​កិន​រ៉ែ ម៉ាស៊ីន​ភ្លើង និង​គំនរ​រ៉ែ​គ្រប​សំពត់​កៅស៊ូ និង​សម្ភារៈ​ធ្វើ​អាជីវកម្ម​រ៉ែ​មួយ​ចំនួន​ទៀត។

បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ដី​នៅ​ទីតាំង​នោះ​ឈ្មោះ ជុំ ស្រ៊ាង បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ រិទ្ធិ បាន​សុំ​ជួល​ដី​នៅ​តំបន់​នោះ ហើយ​នាំ​ជនជាតិ​វៀតណាម មក​ជីក​រក​មាស​ប្រមាណ ៤​ថ្ងៃ​កន្លង​ទៅ​នេះ៖ «គេ​សុំ​ខ្ញុំ​ហ្នឹង លោក រិទ្ធិ ខ្ញុំ​អត់​ដឹង​គេ​ធ្វើ​ការ​អ្វី​ដែរ គេ​មក​ទាក់ទង​ខ្ញុំ​ឲ្យ​កូន​ចៅ​គេ​ចុះ​មក ទើប​ចុះ​មក ៣​ថ្ងៃ​ហ្នឹង ៤​នាក់ អត់​ឮ​គេ​និយាយ​ខ្មែរ»

ជនជាតិ​វៀតណាម ៣​នាក់​នៅ​ក្នុង​រោង​អណ្ដូង​រ៉ែ និង​ម្នាក់​កំពុង​នៅ​ក្នុង​អណ្ដូង​រ៉ែ នៅ​ចំណុច​ភ្នំ​ក្រូច ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី រៀប​គេច​ខ្លួន​ខណៈ​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។
ជនជាតិ​វៀតណាម ៣​នាក់​នៅ​ក្នុង​រោង​អណ្ដូង​រ៉ែ និង​ម្នាក់​កំពុង​នៅ​ក្នុង​អណ្ដូង​រ៉ែ នៅ​ចំណុច​ភ្នំ​ក្រូច ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី រៀប​គេច​ខ្លួន​ខណៈ​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។ (RFA/Ratha Visal)

បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​រឹប​អូស​គ្រឿង​សម្ភារៈ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ ស្រាប់​តែ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី គឺ​លោក ម៉ម គឹមឆេង ជា​នាយរង​ការិយាល័យ​កណ្ដាល​មធ្យោបាយ ប្រកាស​ប្រាប់​សមត្ថកិច្ច​នៅ​កន្លែង​បង្ក្រាប​ថា សម្ភារៈ​ទាំងអស់​នោះ​ជា​របស់​ខ្លួន ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​កន្លែង​ជីក​មាស​ផ្សេង​ទៀត​នៅ​តំបន់​ក្បែរ​នោះ​ទៀត​ផង។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ​ឆាយ ធី អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស ស្វែងរក​អ្នក​ដែល​នៅ​ពី​ក្រោយ​នាំ​ជនជាតិ​វៀតណាម មក​ជីក​រ៉ែ​មាស​ខុស​ច្បាប់។ លោក​ថា ជនជាតិ​វៀតណាម ទាំង​នោះ ទំនង​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​ប្រកប​របរ​ខុស​ច្បាប់​បន្ថែម​ទៀត៖ «អ្វី​ដែល​យើង​ទៅ​ទាន់​ហើយ​ឃើញ​វៀតណាម គេច​ខ្លួន​តាម​ជ្រលង​ភ្នំ​ហ្នឹង យើង​សន្និដ្ឋាន​ថា វៀតណាម ត្រូវ​គេ​បញ្ជូន​មក​ជីក​មាស​ខុស​ច្បាប់។ អត្តសញ្ញាណ​អ្នក​នាំ​មក គឺ​ម្ចាស់​ដី ឬ​ម្ចាស់​ម៉ាស៊ីន​នៅ​ហ្នឹង អ៊ីចឹង​មិន​ពិបាក​រក​ម្ចាស់​ម៉ាស៊ីន​ទាំង​៤ នេះ​ទេ បើ​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់»

របាយការណ៍​របស់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បច្ចុប្បន្ន​មាន​ពលរដ្ឋ​វៀតណាម ជាង ៤០០​គ្រួសារ កំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​នេះ។ ដោយឡែក​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៥ ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ជនជាតិ​វៀតណាម ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ៣៤​នាក់ បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។