អភិបាលខេត្ត​រតនគិរី​ទទួលស្គាល់​មានការ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស ជា​កម្មសិទ្ធិ

អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ថ្លែង​ថា ជម្លោះ​នៅតែ​កើត​មាន​ច្រើន រវាង​ពលរដ្ឋ និង ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ព្រមទាំង​ជម្លោះ​ព្រំប្រទល់​សហគមន៍ និង​សហគមន៍ ជាដើម​។ លោក​បញ្ជាក់​ថា ជម្លោះដីធ្លី​ផ្ទុះឡើង ដោយសារ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ និង​លួច​ទន្ទ្រាន​ដី​សាធារណ​របស់​រដ្ឋ ដោយ​ខុស​ច្បាប់។ លើស​ពី​នេះ​ទៀត លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​អប់រំ​ពលរដ្ឋ ដោយ​ប្រើ​រយៈពេល​យូរអង្វែង។ លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត នឹង​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​ជម្លោះដីធ្លី នៅ​តំបន់​ព្រៃ​អភិរក្ស ដោយ​ត្រូវ​បង្កើត​ក្រុមការងារ សហការ​ជាមួយ​អន្តរក្រសួង ចុះ​ពិនិត្យ​ជាក់ស្ដែង ធ្វើ​យ៉ាងណា ត្រូវ​ដោះស្រាយ​ដោយ​សុក្រឹត្យ និង​ត្រឹមត្រូវ៖ «មានការ​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់ ហើយ​យើង​មានការ​អប់រំ​ផ្សព្វផ្សាយ​ជាច្រើន​តាមរយៈ អង្គភាព​ជំនាញ​ទាំងអស់ មាន​បរិស្ថាន មាន​អាជ្ញាធរ​ស្រុក​ / ក្រុង ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​។ យើង​តាម​អនុសាសន៍ របស់​សម្តេច តេជោ ធ្វើ​យ៉ាងណា​ដោះស្រាយ​ដីធ្លី ពាក់ព័ន្ធ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​អភិរក្ស​។ នៅ​ពេល​ខាងមុខនេះ យើង​នឹង​រៀប​ចំ​គណៈកម្មការ​ជំនាញ សហការ​ជាមួយ​ក្រសួង ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​។ អាហ្នឹង​យើង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​សុក្រឹត្យ»។

លោក ថង សាវុន ថ្លែង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កក្កដា​នេះ នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ នៅតែ​លួច​ស៊ីញេ ធ្វើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី ក្នុង​ព្រៃ​សាធារណ​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស​។ លើស​ពី​នេះ​ទៀត គណៈកម្មការ​ចម្រុះ នឹង​រៀបចំ​ប្លង់​ផែនការមេ​មួយ ដើម្បី​ធ្វើការ ឃ្លុំ​តំបន់​អភិរក្ស និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​។ ចំណែក​ជនជាតិ​ដើម​ភាគតិច សង្កេត​ឃើញ​ថា វិធានការ​ការពារ​ដី​ព្រៃ​សាធារណ​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស របស់​អាជ្ញាធរ​ខេត្ត​នេះ នៅ​ទន់ខ្សោយ​ខ្លាំង មិនសូវ​អើពើ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​ដែល​មាន​អំណាច និង​វិ​អាជ្ញាធរ​ភូមិ​/​ឃុំ ទាំងឡាយ​ដែល​ឃុបឃិត​លក់​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។