ស្របពេលមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន មិនហ៊ានស្លាប់ក្រោយបរាជ័យរឿងការពារព្រៃឈើ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួនម្ដង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យទាល់តែបាន។ លោក សៅ សុខា អះអាងថា ទោះបីជាជនល្មើសមានតំណែងប៉ុនណាក៏ដោយ ក៏លោកបញ្ជាឱ្យចាប់ទាំងអស់។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកឃ្លាំមើលបទល្មើសព្រៃឈើ គ្មានជំនឿលើបទបញ្ជានេះទេ និងថា លោក សៅ សុខា នឹងមានភាពអាម៉ាស់ដូចលោក ហ៊ុន សែន ដែរ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ។ លោកអះអាងនៅថ្ងៃទី១៩ កក្កដា ថា យុទ្ធនាការលើកនេះ លោកបញ្ជាឱ្យមន្ត្រីកងរាជអាវុធហត្ថទូទាំងប្រទេសចាប់ជនល្មើសទាំងអស់មិនថា ជននោះមានតំណែងធំប៉ុនណានោះទេ ប្រសិនបើហ៊ានលួចកាប់ឈើនឹងត្រូវចាប់ផ្ដន្ទាទោសតាមច្បាប់ ដោយមិនលើកលែងនោះឡើយ៖ «អីចឹងគឺជនទាំងឡាយណាដែលលូកដៃចូលបញ្ហានេះគឺចាប់កសាងសំណុំរឿងហើយពិនិត្យមើលនីតិវិធីច្បាប់មិនមែនផាកពិន័យជាប្រាក់ ដូចដែលធ្លាប់ធ្វើកន្លងមកទេ។លើកនេះចាប់មនុស្សរឹបអូសយកឈើ បំផ្លាញចោលមធ្យោបាយទ្រព្យសម្បត្តិទាំងអស់ ដោយសុំទៅតុលាការរឹបយកមកដាក់ជាសម្បត្តិជាតិទាំងអស់។ មើលវាមុខរឹងប៉ុនណា អាអ្នករកស៊ីនឹងថែមទៀត ឱ្យវាចេញមកវិញ ឱ្យវាទៅរកស៊ីស្អីទៀតមើល វាចេះដាំស្ពៃដាំអីអត់»។
លោក សៅ សុខា បន្ថែមទៀតថា មានព្រៃឈើគឺមានលុយ ហើយប្រសិនបើបាត់បង់ព្រៃឈើក៏ដូចជាការបាត់បង់ចំណូលរបស់ជាតិដែរ។
មេប៉េអិមរូបនេះ ជាមនុស្សទីពីរហើយ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលហ៊ានប្រកាសក្ដែងៗថា នឹងយកជីវិតទៅប្ដូរប្រសិនបើមិនអាចការពារព្រៃឈើបាន។
ទោះជាយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិល និងព្រះសង្ឃដែលធ្វើការងារផ្នែកឃ្លាំមើលបទល្មើសព្រៃឈើ លើកឡើងថា បទល្មើសព្រៃឈើកើតឡើងជារៀងរាល់ថ្ងៃ និងមានសកម្មភាពកាន់តែខ្លាំងជាងមុន ប៉ុន្តែលោក ហ៊ុន សែន នៅតែនៅរស់ដដែល ដោយមិនឃើញលោកអាករសម្លាប់ខ្លួនតាមការសន្យានោះឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា លោក សៅ សុខា នឹងដើរតាមកន្លងលោក ហ៊ុន សែន ពោលគឺគ្រាន់តែជានិយាយសំដីក្អេងក្អាងសម្ដែងអំណាចរបស់ខ្លួន ដើម្បីឱ្យគេឯងគោរពកោតខ្លាចប៉ុណ្ណោះ។ លោកជឿថា បទល្មើសព្រៃឈើមិនអាចទប់ស្កាត់បានទេ ល្គឹកណាអាជ្ញាធរពាក់ព័ន្ធនៅតែបណ្ដោយក្រុមឧកញ៉ាមួយចំនួនឱ្យបន្តកាប់ឈើនាំចេញទៅលក់នៅប្រទេសវៀតណាមនោះ៖ «ខ្ញុំគិតថាលោក សៅ សុខាមិនបាច់រហូតដល់សម្លាប់ខ្លួនទេ សូមឱ្យលោកអនុវត្តច្បាប់ដែលមាន ដែលអនុម័តដោយរដ្ឋសភានោះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព១០០ភាគរយទៅ យើងគិតបទល្មើសព្រៃឈើ និងការប្រមូលយកថវិកាដែលជនល្មើសប្រមូលដែលកាប់បំផ្លាញព្រៃឈើនិងធ្វើការដាំដើមឈើឡើងវិញ ធ្វើតែប៉ុណ្ណឹងទៅវាគ្រប់គ្រាន់ហើយ»។
ចំណែកព្រះសង្ឃដែលស្រលាញ់ និងតែងតែចុះល្បាតការពារព្រៃឈើនិងធនធានធម្មជាតិ ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា ថ្វីត្បិតតែលោក សៅ សុខា អួតក្អេងក្អាងបែបនេះក្ដី ក៏ព្រះអង្គនៅតែគ្មានជំនឿថា លោកហ៊ានស្លាប់ខ្លួនដូចការលើកឡើងដែរ។ ព្រះតេជព្រះគុណ បន្តថា ព្រះអង្គបានចុះល្បាតព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងតែងប្រទះឃើញដើមឈើជាច្រើនកន្លែងត្រូវបានជនល្មើសលួចកាប់ថ្មីៗ ដោយមិនមានអាជ្ញាធរណាទប់ស្កាត់នោះទេ៖ «ដូច្នេះបើយើងគិតថា សន្យាវាផ្សារភ្ជាប់នឹងការអនុវត្ត វាមិនមែនត្រឹមតែលោក សៅ សុខាទេសុំឱ្យបើកចិត្តទូលំទូលាយដល់សកម្មជនបរិស្ថាន សកម្មជនព្រៃឈើអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានត្រូវតែមានសិទ្ធិចូលទប់ស្កាត់ការពារហើយនឹងយកព័ត៌មានទាំងអស់នោះ។ ប៉ុន្តែការពិតអត់ទេ គឺពេលយើងចុះទៅថតសកម្មភាពកាប់បំផ្លាញព្រៃឈើម្ដងៗ គឺមានការរារាំងរហូតចុះទៅល្បាតព្រៃនឹងត្រូវសុំច្បាប់ឯណាឯណីទៅទៀត»។
របាយការណ៍ក្រសួងកសិកម្មឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ក្រសួងប្រមូលចំណូលពីអនុផលព្រៃឈើបានជាង ២លានដុល្លារអាមេរិក។ របាយការណ៍ដដែលឱ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន ៥ ដែលបាននាំចេញផលិតផលគ្រឿងសង្ហារិម និងរានទេវតាធ្វើពីឈើនាំចូល និងឈើកែច្នៃ ទៅក្រៅប្រទេស ព្រមទាំងបានផ្ដល់អាជ្ញាប័ណ្ណនាំចេញឈើ ឱ្យក្រុមហ៊ុនចំនួន ៣ និងផ្ដល់អាជ្ញាប័ណ្ណនាំចូលអនុផលព្រៃឈើឱ្យក្រុមហ៊ុន ២ផ្សេងទៀត។
លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា ចំណូលដែលបានក្រសួងប្រមូលបានតិចតួច មិនសមនឹងព្រៃឈើកាប់ទន្ទ្រានរាល់ថ្ងៃនេះទេ។ លោកយល់ថា ការចាប់ដុតឡាន ដុតឈើ និងចាប់មនុស្សមួយចំនួនកាលពីពេលថ្មីៗនេះ គ្រាន់តែជាការសម្ញែង អំណាចថ្មីមួយទៀតរបស់សមត្ថកិច្ច ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋកុំឱ្យរិះគន់ របបដឹកនាំសព្វថ្ងៃប៉ុណ្ណោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមទៀតថា ព្រៃឈើនៅកម្ពុជាអាចនឹងហិនហោចក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើរបបក្រុងភ្នំពេញ នៅតែមិនអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។