គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ របស់ លោក សៅ សុខា សម្រេចបញ្ជូនរបាយការណ៍របស់ខ្លួនជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញ បន្ទាប់ពីចាប់បានឈើខុសច្បាប់ជាង ៧ម៉ឺនម៉ែត្រគូប និងប្ដឹងឈ្មួញរកស៊ីចំនួន ៥៧ករណីទៅតុលាការ។ សង្គមស៊ីវិល ស្នើឲ្យគណៈកម្មការនេះបង្ហាញវត្ថុតាងទាំងនោះឲ្យសាធារណជនបានឃើញផង។
អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៩ ខែមេសា ថា នៅពេល លោក ហ៊ុន សែន ពិនិត្យរបាយការណ៍នេះរួចហើយ គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ នឹងបង្ហាញឲ្យបានទូលំទូលាយ។ លោកថា នៅពេលនេះមិនទាន់អាចបញ្ជាក់លម្អិតអំពីរបាយការណ៍នេះនៅឡើយទេ៖ « យើងបានធ្វើរបាយការណ៍ហើយ បណ្ដាខេត្តបានផ្ញើមកហើយ យើងផ្ញើទៅរដ្ឋាភិបាល។ ពេលនេះអត់ទាន់ដឹងទេ រង់ចាំសម្ដេចគាត់មានមតិយ៉ាងម៉េច »។
លោក អេង ហ៊ី អះអាងថា ចាប់ពី លោក សៅ សុខា បើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមក នៅពេលនេះបទល្មើសព្រៃឈើតំបន់ភាគឦសានដែលមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី គឺបទល្មើសព្រៃឈើនានាត្រូវស្ងប់ស្ងាត់ទាំងស្រុង។ ចំណែកការដឹកជញ្ជូនឈើខុសច្បាប់ទៅក្រៅប្រទេស ត្រូវបានទប់ស្កាត់។
លោកបន្តទៀតថា គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ នៅតែបន្តសកម្មភាពរបស់ខ្លួននៅចំណុចគោលដៅ ៩៦ចំណុច រថពាសដែក ១២គ្រឿង ឧទ្ធម្ភាគចក្រ ២គ្រឿង បំពាក់ដោយអាវុធរង់ចាំអន្តរាគមន៍៖ « យើងនៅតែធ្វើជានិច្ចអត់មានផ្អាកទេ ទីតាំងណាមានខេត្តចុះទៅមិនបាន យើងចុះទៅមានទាំងរថពាសដែក និងឧទ្ធម្ភាគចក្រ »។

ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី១៨ មេសា បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចពិនិត្យមើលស្ថានភាពព្រៃឡង់តាមឧទ្ធម្ភាគចក្រជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកបានថ្លែងឲ្យដឹងថា នៅមានករណីកាប់ឈើតំបន់ព្រៃឡង់នៅឡើយ។
ទាក់ទងរឿងនេះដែរ លោក អេង ហ៊ី ថានៅក្នុងខេត្តមានព្រៃឡង់ ដែលគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចុះបង្ក្រាប គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របាយការណ៍ពីថ្នាក់ខេត្តផ្តល់ឲ្យគណៈកម្មការជាតិ គឺគ្មានបទល្មើសព្រៃឈើកើតឡើងទេ។
នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណរ៉ា ចង់ឃើញសកម្មភាពបង្ក្រាបទាំងនេះមានផែនការច្បាស់លាស់ និងតម្លាភាព និងឈើខុសច្បាប់ដែលរឹបអូសបាន ត្រូវបង្ហាញជាសាធារណៈ ថាយកទៅធ្វើអ្វីឲ្យច្បាស់លាស់។ លោកចង់ឃើញស្ថាប័នតុលាការដែលទទួលបានសំណុំរឿងទាំងជាង ៥០ករណីនោះ ស្វែងរកជនប្រព្រឹត្តិឲ្យឃើញ និងផ្ដន្ទាទោស ប្រសិនបើរកឃើញមានទោស៖ « ខ្ញុំយល់ថា នេះជាការវិបត្តិមួយនៃការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលអង្គការសង្គមស៊ីវិលចង់ឃើញ គឺចង់ឃើញឲ្យមានតម្លាភាពក្នុងការបង្ក្រាប »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា បានប្រកាសដាក់តំបន់ព្រៃមួយចំនួនជាតំបន់ព្រៃអភិរក្ស ក្នុងនោះក៏មានតំបន់ព្រៃឡង់ដែរ។ គណៈកម្មការជាតិមួយនេះ បង្កើតឡើងកាលពីថ្ងៃទី១៥ មករា។ កាលពីពេលថ្មីៗនេះដែរ លោក ហ៊ុន សែន បានប្រាប់ទៅ លោក សៅ សុខា ឲ្យប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើណាដែលព្រហើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។