ប្រទេសសិង្ហបុរី ដែលជាប្រទេសនាំចូលខ្សាច់ដ៏ធំជាងគេបំផុតក្នុងពិភពលោក រងការរិះគន់យ៉ាងខ្លាំងថា ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននាំខ្សាច់ចូលប្រទេសខ្លួន ដោយខុសច្បាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាសែតអង់គ្លេស ឈ្មោះ ដឺ ហ្គាឌៀន (The Guardian) ចុះផ្សាយអត្ថបទនៅថ្ងៃទី៣ ខែកក្កដា នេះ ថា រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថា បាននាំចូលខ្សាច់ចំនួន ៣លានតោន ពីប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០០៨ ក៏ប៉ុន្តែស្ថិតិពីខាងរដ្ឋាភិបាលម៉ាឡេស៊ីវិញ គឺមានចំនួនដល់ទៅ ១៣៣លានតោន ដែលខ្សាច់ទាំងនោះរងការចោទថា ជាការរត់ពន្ធនាំចូលដោយខុសច្បាប់។
ក្រៅពីនាំចូលខ្សាច់ពី ប្រទេសម៉ាឡេស៊ី សិង្ហបុរី ក៏បាននាំខ្សាច់ចូលពីប្រទេសឥណ្ឌូណេស៊ី វៀតណាម និងកម្ពុជាផងដែរ។
សកម្មជនបរិស្ថាននៅកម្ពុជា បានរកឃើញស្ថិតិនៃការនាំចេញខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី របស់អង្គការសហប្រជាជាតិ មានការខុសគ្នាជាខ្លាំង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ស្ថិតិរដ្ឋាភិបាលសិង្ហបុរី បង្ហាញថា បាននាំចូលខ្សាច់ពីកម្ពុជា ចំនួនជិត ៧៤លានតោន ប៉ុន្តែស្ថិតិរដ្ឋាភិបាលកម្ពុជាវិញ ថាបាននាំចេញខ្សាច់ ចំនួនជិត ៣លានតោន ប៉ុណ្ណោះ ចាប់ពីឆ្នាំ២០០៧មក។
រដ្ឋាភិបាលកម្ពុជា បានហាមសកម្មភាពបូមខ្សាច់ពីទន្លេ កាលពីឆ្នាំ២០០៩ ដោយសារផលវិបាកនានាផ្នែកបរិស្ថាន បណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋាន នៅតំបន់ទាំងនោះ។ ក៏ប៉ុន្តែ នៅឆ្នាំ២០១០ អង្គការក្រៅរដ្ឋាភិបាលអង់គ្លេសឈ្មោះ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយចោទរដ្ឋាភិបាលសិង្ហបុរី ថា បានទិញខ្សាច់ខុសច្បាប់ ពីក្រុមហ៊ុនបូមខ្សាច់ នៅខេត្តកោះកុង។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី អះអាងថា ការនាំចូលខ្សាច់ទាំងឡាយ ត្រូវគោរពតាមបទដ្ឋានដែលបានកំណត់ដោយច្បាប់។
ប្រទេសសិង្ហបុរី កំពុងត្រូវការខ្សាច់ជាខ្លាំងដើម្បីពង្រីកទឹកដីរបស់ខ្លួន។ ប្រទេសនេះ ក៏រងការចោទប្រកាន់ថា ក្រៅតែពីនាំចូលខ្សាច់ដោយខុសច្បាប់ សិង្ហបុរី ក៏ជាប់ពាក់ព័ន្ធរាល់គ្រប់ទម្រង់នៃការលួចខ្សាច់។ ឧទាហរណ៍ដូចជា ជួលមនុស្សដែលលួចបូម និងដឹកខ្សាច់ពីឆ្នេរសមុទ្ទនៅពេលយប់ ហើយក្រុមនាវាយាមល្បាតរបស់សិង្ហបុរី មិនបានព័ទ្ធស្ទាក់ទូកដឹកខ្សាច់ទាំងនោះដែលបានយកទៅលក់ឲ្យក្រុមឈ្មួញនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។