ក្រុម​យុវជន​ផ្សាយ​វីដេអូ​បង្ហាញ​ពី​បញ្ហា​សំរាម​រ៉ាំរ៉ៃ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង

0:00 / 0:00

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចេញផ្សាយ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី៨ ខែ​កុម្ភៈ ដោយ​បង្ហាញ​ពី​វិបត្តិ​សំរាម​រ៉ាំរ៉ៃ​នៅ​មាត់​ស្ទឹង​សង្កែ​។ វីដេអូ​នេះ​បង្ហាញ​ឱ្យ​ឃើញ​សំរាម​ប្លាស្ទិក​ស្អេកស្កះ​នៅ​លើ​ច្រាំង​ស្ទឹង​ប្រវែង​រាប់​សិប​គីឡូម៉ែត្រ​បន្ត​រហូត​ដល់​មាត់​បឹង​ទន្លេសាប ស្ថិត​ក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។

ក្រុម​យុវជន​បាន​ផ្ញើ​សារ​ចោទសួរ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថា តើ​លោក​ដោះស្រាយ​បញ្ហា​នេះ​ដែរ​ឬទេ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​កុមារ ដែល​ប្រើប្រាស់​ទឹកស្ទឹង​សង្កែ​ប្រចាំថ្ងៃ?

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​រក​ឃើញ​ថា ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ រស់នៅ​អម​សងខាង​ដងស្ទឹង​សង្កែ ក្នុង​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ នៅ​មិន​ទាន់​មាន​កន្លែង​ទុកដាក់​សំរាម​ត្រឹមត្រូវ​នៅឡើយ​ទេ មក​ទល់​ពេល​នេះ។

ពលរដ្ឋ​មួយចំនួន​បាន​យក​សំរាម​ទៅ​ចាក់​គរ​ចោល​តាម​មាត់​ទឹក​ស្ទឹង​សង្កែ ហើយ​នៅ​ពេល​មាន​ទឹកជំនន់ សំរាម​ទាំងនោះ​អណ្ដែត​ចូល​ទឹក ហូរ​ឆ្ពោះ​ទៅ​កាន់​បឹង​ទន្លេ​សាប​។ នៅ​ពេល​ទឹក​ស្រក​ទៅ​វិញ សំរាម​ខ្លះ​ទើរ​តាម​ដើមឈើ​ជាប់មាត់​ស្ទឹង​ធ្វើ​ឱ្យ​ខូច​សោភណភាព​មាត់​ស្ទឹង និង​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ដែល​តែងតែ​ជិះទូក​កម្សាន្ត។

វីដេអូ​ជាង ២​នាទី​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) បាន​រៀបរាប់​ពី​បញ្ហា​សំរាម​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ​ថា មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឱ្យ​ដងស្ទឹង​សង្កែ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀវ​ទេសចរ អាច​នឹង​ប្រែក្លាយ​ជា​ដងស្ទឹង​សំរាម​នៅ​ថ្ងៃ​ខាងមុខ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ញាម មុនីរស្មី ដែល​បាន​ចុះ​ស្រាវជ្រាវ​រឿង​នេះ ចោទសួរ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី លោក អ៊ាង សុផល្លែត ថា ក្រោយ​ពី​ឃើញ​វីដេអូ​នេះ​ហើយ តើ​លោក​នឹង​ប្រើប្រាស់​លុយ​ពន្ធ​របស់​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​សំរាម ក្នុង​តំបន់​នេះ​ដែរ​ឬទេ?

បន្ទាប់​ពី​ទទួល​បាន​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តាមរយៈ​សែស្រឡាយ លោក អ៊ាង សុផល្លែត តាមរយៈ​ទំព័រ​ហ្វេសបុក​របស់​ក្រសួង​តែងតែ​បង្ហោះ​អួត​សរសើរ​ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ។

សកម្មជន​ការពារ​បរិស្ថាន ដែល​ធ្វើ​ដំណើរ​ដល់​ទីតាំង​ជាក់ស្តែង​ប្រទះ​ឃើញ សំរាម​ខ្លះ​ស្អុយ​រលួយ​តាម​គុម្ព​ឈើ និង​ខ្លះ​ទៀត​ពលរដ្ឋ​គរ​ទុក រួច​ដុត​ចោល​ជាប់​មាត់​ស្ទឹង ហូរ​កាក​សំណល់​ចូល​ទឹក។

ពួកគាត់​បាន​បង្ហោះ​រូបភាព​លើ​អាកាស​ថត ដោយ​ប្រើ​ឧបករណ៍​ដ្រូន (Drone) និង​កាមេរ៉ា​ទូរស័ព្ទ​ដៃ ដើម្បី​បង្ហាញ​ភស្តុតាង​ជាក់ស្តែង រូបភាព​សំរាម ថង់​ប្លាស្ទិក (Plastic) ដប​ទឹក ខោអាវ​ចាស់ៗ និង​ខោ​កូនក្មេង ជាដើម រាយប៉ាយ​តាម​ច្រាំង ដោយ​គ្មាន​ការ​បោស​សំអាត​ត្រឹមត្រូវ​នោះ​ទេ ជាច្រើន​ឆ្នាំ​មក​ហើយ។

កញ្ញា ញាម មុនីរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​របស់​ក្រុម​យុវជន ចង់​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​គួរ​រៀបចំ​កន្លែង​ដាក់​សំរាម និង​ប្រមូល​សំរាម​ជា​ប្រចាំ។

កញ្ញា​បន្ថែម​ថា ដងស្ទឹង​សង្កែ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ល្បីល្បាញ ក្នុង​ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​គួរតែ​រៀប​ចំ​សោភ័ណភាព​ស្ទឹង​ឱ្យ​ស្អាត​គ្រប់​ច្រកល្ហក។

កញ្ញា ញាម មុនីរស្មី៖ «ស្ទឹង​សង្កែ​ជា​កន្លែង​ទាក់ទាញ​​មិន​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទេ។ ជិះទូក​ជិះ​អី ដើម្បី​ធ្វើដំណើរ​កម្សាន្ត​តាម​ហ្នឹង វា​មាន​ភ្ញៀវ សំរាម​ពេល​ភ្ញៀវ​ទេសចរ​ច្រើន​ពោរពេញ​ដោយ​សំរាម វា​គួរ​មាន​ការ​ចូលរួម​ដោះស្រាយ បើ​មាន​ការ​បណ្តែតបណ្តោយ​សំរាម​នឹង​ខ្លាំង​ជាង​ហ្នឹង​ទៀត»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី​៨ កុម្ភៈ​។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា ការ​បោះ​សំរាម​ចូល​ទឹកស្ទឹង នឹង​បណ្តាល​ឱ្យ​ទឹក​មាន​ជាតិពុល បំផ្លាញ​ជីវចម្រុះ​ក្នុង​ទឹក ប៉ះពាល់​បម្រែបម្រួល​ទឹក និង​ខូចសុខភាព​មនុស្ស និង​សត្វ ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ប្រាក់​ចំណូល​ពលរដ្ឋ និង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់។ «»

អនុក្រឹត្យ​លេខ ២៧ ឆ្នាំ ១៩៩៩ ស្តីពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក មាត្រា​២៩ ចែងថា ក្នុងករណី​ឃើញ​ថា តំបន់​ទឹក​សាធារណៈ​ទទួល​រង​ការ​បំពុល បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង ដល់​ជីវិត​មនុស្ស និង​ជីវចម្រុះ ក្រសួង​បរិស្ថាន​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​បន្ទាន់ និង​ទប់ស្កាត់​ការ​បំពុល​ទឹក ហើយ​ស្ដារ​គុណភាព​ទឹក​តំបន់​សាធារណៈ​នោះ​ឡើង​វិញ។

ស្ទឹង​សង្កែ​ធ្លាប់តែ​មាន​ឈ្មោះ​ល្បី​ថា ស្រស់​ស្អាត​តាមរយៈ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​របស់​កវី​និពន្ធ​កាល​ពី​អំឡុង​ទសវត្សរ៍​៦០។ ស្ទឹង​នេះ​មាន​ប្រវែង ២៥០​គីឡូម៉ែត្រ ហូរ​កាត់​ស្រុក​ចំនួន ៦​ក្នុង​ខេត្ត​បាត់ដំបង មុននឹង​ហូរ​ចូល​បឹង​ទន្លេសាប ។ ស្ទឹង​នេះ​ហូរ​កាត់​ទីប្រជុំជន ក្រុង​បាត់ដំបង ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​មនុស្ស​សត្វ និង​ស្រោចស្រព​ដំណាំ ស្រែ​ចម្ការ។ ស្ទឹង​សង្កែ មាន​ប្រភព​ចេញពី​តំបន់​ភ្នំ ខ្ពង់រាប ខេត្ត​ប៉ៃលិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។