ក្រុម​យុវជន​នឹង​ធ្វើ​សកម្មភាព​ដោយឡែក​ពី គ្នា​នៅ​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២០

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន នឹង​រៀបចំ​កម្មវិធី​ដោយឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី​៥ មិថុនា ដែល​ជា​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​។ ពួកគេ​ខ្លះ​នឹង​ធ្វើ​កិច្ចពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ដោយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ខ្លះ​ទៀត​គ្រោង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ការពារ​តំបន់​ដែល​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​។ ចំណែក ក្រសួង​បរិស្ថាន​វិញ នឹង​ប្រារព្ធ​ទិវា​នេះ​តាម​ប្រព័ន្ធ​អនឡាញ ព្រោះ​មិន​អាច​ធ្វើ​កម្មវិធី​ជួបជុំ​បាន ដោយសារតែ​ជំងឺ​កូ​វីដ-១៩។

សមាជិក​ក្រុម​យុវជន អិនវ័នអឹម (N1M) លោក សាន់ ម៉ាឡា ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​មិន​មាន​កម្មវិធី​ជួបជុំគ្នា​នោះ​ទេ នៅ​ថ្ងៃ​ទី៥ មិថុនា ដោយសារតែ​ជំងឺ​កូវីដ-១៩ នៅតែ​បន្ត​រាតត្បាត ហើយ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ​ចៀសវាង​ការ​ប្រមូល​ផ្តុំគ្នា​។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​រៀបចំ​កិច្ចពិភាក្សា​តាម​ហ្វេសប៊ុក (Facebook) រយៈពេល​២ ម៉ោង ផ្តោត​លើ​បញ្ហា​បរិស្ថាន ដោយមាន​ការចូលរួម​បកស្រាយ​ពី​វាគ្មិន​ដែល​មាន​ពិសោធន៍​ច្រើន​ផ្នែក​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​។ ក្រៅ​ពី​នេះ ពួក​លោក​នឹង​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា៖ «Platform (​ វេទិកា​ ) ភាគច្រើន គឺ​យើង​លើកស្ទួយ មាន​ន័យថា ជួយ​បំពង​សំឡេង​ឱ្យ​យុវជន ដើម្បី​ឱ្យ​គាត់​ហ្នឹង​កាន់​តែ​មាន​ឥទ្ធិពល ដើម្បី​ជជែក​ជាមួយ​ក្រុម​មនុស្ស​ដែល​គាត់​ជា​អ្នកធ្វើ​សេចក្ដី​សម្រេច​ចិត្ត»។

យុវជន សាន់ ម៉ាឡា ឱ្យ​ដឹង​ថា កិច្ចពិភាក្សា​ពី​បញ្ហា​បរិស្ថាន និង​វីដេអូ​អំពី​បញ្ហា​ព្រៃឈើ​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ទិវា​បរិស្ថាន​ពិភពលោក​២០២០ ដែល​ជា​ភាសា​អង់គ្លេស​ហៅថា World Environment Day Festival-Cambodia ហើយ​ចែកចាយ​បន្ត​ដោយ​ទំព័រ​ហ្វេសប៊ុក​ក្រុម​យុវជន​អិនវ័នអឹម N1M សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត។

សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ​ដោយសារ​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​រូប​នេះ សង្កត់ធ្ងន់​ថា យុវជន និង​ពលរដ្ឋ​ទូទៅ​ត្រូវតែ​រួមគ្នា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ពីព្រោះ​ក្រុម​ឧក្រិដ្ឋជន​បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នក​មាន​អំណាច លួច​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​អស់​ជាច្រើន​។ ជាមួយ​គ្នា​នេះ លោក​ថា ក្រុម​យុវជន​នឹង​បន្ត​សកម្មភាព​រួមគ្នា ដើម្បី​ធានា​ថា ការ​ដក​ហូត​ធនធានធម្មជាតិ​របស់​កម្ពុជា​ធ្វើឡើង​ដោយ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ តម្លាភាព និង​មាន​ចំណូល​ជាក់លាក់​ចូល​ក្នុង​ថវិកាជាតិ៖ «យើង​ត្រូវតែ​នាំគ្នា​ផ្ដួចផ្ដើម និង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ម៉េច កៀរគរ​ឱ្យ​ក្រុម​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​តែមួយ​ហ្នឹង មានឱកាស​ក្នុង​ការ​ធ្វើការ​រួមគ្នា នៅ​ក្នុង​ការ​បំពង​សំឡេង​រួមគ្នា ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ហ្នឹង​គាត់​ចូលរួម​កាន់តែ​សកម្ម​នៅ​ក្នុង​ការ​តាមដាន ក៏ដូចជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ ឬក៏​ធ្វើ​អ្វីមួយ​តាម​ការ​ស្នើសុំ​របស់​យើង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ»។

ក្រុម​យុវជន អិនវ័នអឹម (N1M) បាន​ចាប់ផ្តើម​បង្ហោះ​វីដេអូ​ខ្លីៗ​ស្ដីពី​បទពិសោធន៍​របស់​អ្នកការពារ​ធនធាន​ធម្មជាតិ ចែករំលែក​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​រឿង​បរិស្ថាន ព្រមទាំង​រៀបចំ​កិច្ចពិភាក្សា​ផ្សេងៗ​អំពី​បញ្ហា​បរិស្ថាន ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា រហូត​មក​។ គោលបំណង​នៃ​សកម្មភាព​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​សកម្មជន ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ និង​ប្រឈម​បញ្ហា​រាប់​មិនអស់ ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា រ៉ី រក្សា គាំទ្រ​សកម្មភាព​របស់​ក្រុមយុវជន អិនវ័នអឹម (N1M) ដោយ​យល់​ថា ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​សាធារណជន​កាន់តែ​ច្រើន​ងាក​មក​ចាប់អារម្មណ៍​រឿង​បរិស្ថាន​។​

កញ្ញា រ៉ី រក្សា ឱ្យ​ដឹង​ថា ក្រុម​យុវជន​មាតា​ធម្មជាតិ និង​យុវជន​មួយ​ចំនួន​ទៀត​នឹង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ចេញពី​ទី​រួម​ខេត្ត​កោះកុង​សំដៅ​មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៥ មិថុនា​។ ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង ឬ​ដែល​គេ​និយម​ហៅថា កោះកុង​ក្រៅ ទៅជា​តំបន់​ការពារ ព្រោះ​ទីនោះ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ច្រើន​អនេក និង​មិនទាន់​រង​ការ​បំផ្លិចបំផ្លាញ៖ «ពួក​យើង​ត្រូវតែ​បំបែក​គ្នា​ធ្វើ​សកម្មភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដូច N1M គេ​នឹង​មាន​កិច្ចពិភាក្សា ហើយ​ចំណែក​ខាង​មាតា​ធម្មជាតិ ពួក​យើង​នឹង​មាន​យុវជន​១៥ នាក់ ដែល​ពួក​យើង​នឹង​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ហើយ​ឃើញ​ថា សកម្មភាព​មួយ​នេះ​ក៏​ជា​សកម្មភាព​ដែល​ចូលរួម​ចំណែក​យ៉ាង​ធំ​នៅ​ក្នុង​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ផង​ដែរ»។

ទាក់ទង​នឹង​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​ថា ក្រសួង​នឹង​ប្រារព្ធ​ទិវា​នេះ​តាម​ប្រព័ន្ធ​អនឡាញ ដោយសារ​មិន​អាច​ធ្វើ​កម្មវិធី​ជួបជុំគ្នា​ឡើយ ព្រោះតែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩​។ លោក​ថា ទិវា​បរិស្ថាន​ឆ្នាំ​២០២០​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ "​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើង​ទាំងអស់​គ្នា​''៖ «យើង​ផ្ដោត​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ការពារ​នូវ​ជីវចម្រុះ ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​។ កម្ពុជា​របស់​យើង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ ដែល​មាន​ប្រភេទ​សត្វ​គ្រប់​ប្រភេទ​។ មាន​ថនិកសត្វ​ជាង​១៦០ ប្រភេទ សត្វ​ស្លាប​ជាង ៨ រយ​ប្រភេទ ត្រី​ជាង ១ ពាន់​ប្រភេទ ហើយ​មាន​រុក្ខជាតិ​ជាច្រើន​ពាន់​ប្រភេទ​ថែមទៀត»។

កម្ពុជាមាន​តំបន់​អភិរក្ស​ធម្មជាតិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ចំនួន​៦៩កន្លែង ក្នុង​នោះ​៩ កន្លែង ទើបតែ​បង្កើត​ថ្មី​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។ តំបន់​អភិរក្ស​ទាំងនោះ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៧ លាន ៣​សែន​ហិកតារ។

ទោះជា​យ៉ាងណា ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា តំបន់​ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង កំពុង​រង​ការ​កាប់បំផ្លាញ និង​ការ​រុករាន​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​។ តំបន់​ទាំងនោះ មាន​ជាអាទិ៍ ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឧទ្យាន​ជាតិ​វីរជ័យ ឧទ្យាន​ជាតិ​ក្រវាញ​កណ្ដាល ព្រមទាំង​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​ទៀត​។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ព្រៃ​អភិរក្ស​២ កន្លែង រួមមាន ដែន​ជម្រក​សត្វព្រៃ​ស្នួល​នៅ​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូនសំ នៅ​ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​សរុប​ជាង ១១​ម៉ឺន​ហិកតារ ត្រូវ​វិនាស​ហិនហោច​ទាំងស្រុង ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំងពីរ​ចោល ដោយ​មិនបាន​នាំ​ខ្លួន​ជនណា​ម្នាក់​មក​ទទួលខុស​ត្រូវ​ឡើយ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​បានជា​ប់​ឈ្មោះថា ជា​ប្រទេស​ដែល​បាត់បង់​ព្រៃឈើ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៤​។ ការសិក្សា​របស់​អ្នក​ជំនាញ​នៃ​សាកលវិទ្យាល័យ​ម៉ារីឡេនដ៍ (University of Maryland) នៅ​សហរដ្ឋអាមេរិក បង្ហាញ​​ថា ក្នុង​ឆ្នាំ​១៩៧០ កម្ពុជា​មាន​ព្រៃឈើ​ចំនួន ៧២% នៃ​ផ្ទៃដី​សរុប ក៏ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​ត្រឹម​ជាង​៤០% ក្នុង​ឆ្នាំ​២០១៤។ ការសិក្សា​ដដែល​នេះ រក​ឃើញ​ទៀត​ថា យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២​សែន​ហិកតារ នៅ​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៦។

ក្រៅ​ពី​ការបាត់បង់​ព្រៃឈើ​ច្រើន​គំហុក​បែប​នេះ​ហើយ កម្ពុជា​នៅ​មាន​ការបំផ្លាញ​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​មួយទៀត នោះ​គឺ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ប្រភព​ទឹក។ ក្រុម​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ទីតាំង​កាស៊ីណូ និង​សណ្ឋាគារ​ជាច្រើន​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ បាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ចំណែក​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​ជាច្រើន​ទៀត ទឹក​កខ្វក់​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ក្នុង​ទន្លេ និង​ស្ទឹង ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ​ត្រឹមត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។