របប​ក្រុងភ្នំពេញ​គ្រោង​បង្កក​ទ្រព្យ​សម្បត្តិ និង​ចារ​ឈ្មោះ​ក្រុម​ឧក្រិដ្ឋជន​​ព្រៃ​ឈើ​​លើ​​ផ្ទាំង​​ថ្ម

0:00 / 0:00

របប​លោក ហ៊ុន សែន ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ​។ វិធានការ​ទាំងនោះ​ មាន​ដូចជា ការ​លុប​ចោល​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ឈើ​ចេញពី​ដី​សម្បទាន ការ​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ជាដើម​។ សកម្មជន​បរិស្ថាន​មិនទាន់​ជឿជាក់​លើ​វិធានការ​ថ្មី​នេះ​នៅ​ឡើយ ដោយ​រង់​ចាំ​មើល​ការអនុវត្ត​របស់​អាជ្ញាធរ​ជា​មុន​សិន។

របប​លោក ហ៊ុន សែន គ្រោង​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំង​ថ្ម​ដាក់​តាំងនៅ​ទីកន្លែង​គំនរ​រថយន្ត ដែល​ជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ សីហា ថា នេះ​ជា​វិធានការ​ដើម្បី​ឱ្យ​ជនល្មើស ឬ​អ្នក​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស រាងចាល ឈប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​តទៅទៀត៖ «នេះ​ជា​វិធាន​ច្បាប់ អ៊ីចឹង​ខ្ញុំ​មិន​អាច​លើកឡើង​វែងឆ្ងាយ​បានទេ តែ​តាម​ផ្លូវ​ច្បាប់ កាលណា​បង្កក គឺ​យើង​ស្រាវជ្រាវ​។ ពាក់ព័ន្ធ​នឹង​ព្រៃឈើ ត្រូវតែ​រឹបអូស បើ​មិន​ពាក់ព័ន្ធ​ទេ អត់​អី​ទេ​។ ទស្សនវិស័យ និង​គោល​គំ​និង​របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា គឺ​គាត់​ចង់​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​រាងចាល​តែម្ដង កុំ​ឱ្យ​ធ្វើ​តទៅ​ទៀត​។ កាលណា​ធ្វើ គឺ​មាន​ឈ្មោះ​នៅ​ក្នុង​ហ្នឹង»។

ទោះជា​យ៉ាងណា លោក​មិន​បាន​ដឹង​ទេ​ថា តើ​ជន​ណាខ្លះ​នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បង្កក​ទ្រព្យសម្បត្តិ​នោះ​ទេ ពីព្រោះ​លោក​ថា នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​។ ក៏​ប៉ុន្តែ​លោក​ថា ការ​បង្កក​ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​អនុវត្ត​ចាប់​តាំង​ពី​ពេល​ដែល​ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​តុលាការ ដោយ​មិន​រង់ចាំ​រហូតដល់​កាត់​ក្តី​រួច​នោះ​ឡើយ។ ចំណែក​ការ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំង​ថ្ម​វិញ លោក​បញ្ជាក់​ថា អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ណា​ដែល​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ហើយ​សាលក្រម​ចូល​ជា​ស្ថាពរ។

ក្រៅពី​វិធានការ​បង្កក​ទ្រព្យសម្បត្តិ និង​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃឈើ​លើ​ផ្ទាំង​ថ្ម របប​លោក ហ៊ុន សែន ក៏​សម្រេច​លុបចោល​លិខិត​បើកផ្លូវ​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ (LP និង PC) ទាំងអស់​ដែល​ចេញ​នា​ពេល​កន្លងទៅ​នោះ​ដែរ ដើម្បី​រៀបចំ​លិខិតអនុញ្ញាត​សាជាថ្មី ងាយស្រួល​គ្រប់គ្រង​។ បន្ថែម​ពី​លើ​នេះ របប​ក្រុងភ្នំពេញ​បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ ត្រួតពិនិត្យ និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ណា ដែល​មិន​បាន​គោរព​ច្បាប់ និង​កិច្ចសន្យា​របស់​ខ្លួន​ទៀត​ផង។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ជា​កូនប្រុស​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​ទាំងនេះ​បាន​មែន នោះ​ជា​រឿង​ល្អ​សម្រាប់​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​។ ក៏ប៉ុន្តែ​លោក​មិនទាន់​មាន​ជំនឿ​ថា វិធានការ​ទាំងនេះ​នឹង​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​លោក​កត់សម្គាល់​ថា រដ្ឋាភិបាល​តែងតែ​និយាយ​ច្រើនជាង​ធ្វើ​ជាក់​ស្ដែង​។ លោក​បន្ត​ថា វិធានការ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នោះ គឺ​ការ​បិទ​ការ​នាំចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម និង​ការ​នាំ​ខ្លួន​ជនល្មើស​ទៅ​កាត់ទោស​ឱ្យ​បាន​តាម​ផ្លូវ​ច្បាប់។ លោក​បញ្ជាក់​ថា ជនល្មើស​មាន​ពីរ​ប្រភេទ គឺ​អ្នក​ប្រព្រឹត្ត និង​អាជ្ញាធរ​ដែល​អនុគ្រោះ​បទល្មើស​ព្រៃឈើ មាន​ដូចជា​ចៅហ្វាយខេត្ត សមត្ថកិច្ច និង​មន្ត្រី​តុលាការ៖ «ការដែល​ឆ្លាក់​ឈ្មោះ​ឆ្លាក់​អី​ជា​ប្រវត្តិសាស្ត្រ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង ខ្ញុំ​គិត​ថា មិន​បាច់​ក៏បាន​ដែរ សំខាន់​ចាប់​អ្នក​ទាំងអស់​ហ្នឹង​មក​កាត់ទោស​។ បើ​ថា​ពួក​ហ្នឹង​មានទោស​ជាប់​ពន្ធនាគារ ត្រូវ​ដាក់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​អ៊ីចឹង​ទៅ ដើម្បី​ឱ្យ​ជា​ការ​រាង​ចាល ព្រោះ​ធម្មតា​ដាក់​តែ​ឈ្មោះ រួច​មនុស្ស​នៅ​ក្រៅ​ឃុំ វា​នៅតែ​កាប់​ដដែល​ហ្នឹង​។ អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ កុំ​ធ្វើ​មក​របៀប​ដូចជា គាត់​សម្ដែង​ឱ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា គាត់​អស្ចារ្យ​អ៊ីចឹង»។

សកម្មជន​បរិស្ថាន​រូប​នេះ​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ​នៅ​ភាគ​ឦសាន​សុទ្ធសឹងតែ​រកស៊ី​កាប់​ឈើ និង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដូច្នេះ​លោក​ថា អាជ្ញាធរ​ត្រូវតែ​ចុះ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ទាំង​នោះ។ ក្រៅ​ពី​នេះ លោក​គាំទ្រ​ចំពោះ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​ឧក្រិដ្ឋជន និង​អ្នក​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ពីព្រោះ​លុយ​កាក់​របស់​ពួកគេ​បាន​មក​ពី​អំពើ​ទុច្ចរិត ដែល​ហៅថា ជា​លុយ​កខ្វក់៖ «ខ្ញុំ​គាំទ្រ​ចំពោះ​ការ​បង្កក​ទ្រព្យសម្បត្តិ ពី​ព្រោះ​ថា អាហ្នឹង​ជា​លុយ​ខ្មៅ។ តាម​ការ​ពិត វា​ត្រូវតែ​បង្កក​អ៊ីចឹង​ហើយ ព្រោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺ​មាន​ទោស ហើយ​​លុយ​ទាំងអស់​ហ្នឹង​បាន​មកពី​ព្រៃឈើ វា​ប្រៀប​ដូចជា​លុយ​ដែល​អា​ករ​ពី​ប្រជាពលរដ្ឋ ហៅថា លុយ​ខ្មៅ ហ្នឹង​អ៊ីចឹង»។

កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ឧកញ៉ា​មួយ​ចំនួន ដូចជា លោក ស៊ឹង សំអុល និង​លោក គង់ ក្រឹង ជាដើម ដែល​ល្បី​ខាង​នាំ​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​លក់​ប្រទេស​វៀតណាម​។ អាជ្ញាធរ​​ក៏បាន​ឃាត់ខ្លួន​តំណាង​ក្រុមហ៊ុន​ចិន និង​ជនសង្ស័យ​មួយ​ចំនួន​ទៀត​ដែរ បន្ទាប់ពី​រកឃើញ​ថា ពួកគេ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ឦសាន។

សកម្មជន​បរិស្ថាន​លោក ឆឺយ ឧត្តមរស្មី ថ្លែង​ថា អាជ្ញាធរ​ត្រូវតែ​បង្កក និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ក្រុម​ឧកញ៉ា​រកស៊ី​ឈើ​ទាំងនេះ ពីព្រោះ​ពួកគេ​សុទ្ធសឹងតែ​ជា​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​ព្រៃឈើ​របស់​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។