អ្នកការពារបរិស្ថាន និងប្រជាពលរដ្ឋ ស្នើអាជ្ញាធរឱ្យដាក់កោះកុងជាតំបន់ការពារធម្មជាតិ ដោយសារតែកោះនោះគ្របដណ្ដប់ដោយធម្មជាតិ និងមិនទាន់រងការខូចខាតពីការអភិវឌ្ឍ។ ក្រសួងបរិស្ថានមិនទាន់មានចម្លើយបែបណានៅឡើយទេ ជុំវិញការលើកឡើងរបស់សកម្មជន និងពលរដ្ឋនេះ។
កោះកុង គឺជាឈ្មោះកោះដ៏ធំមួយនៅក្នុងលំហសមុទ្រកម្ពុជា ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។
វីដេអូដែលសកម្មជនបរិស្ថានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញឱ្យឃើញថា កោះនេះគ្របដណ្ដប់ដោយព្រៃឈើក្រាស់ឃ្មឹក អមដោយទឹកជ្រោះជាច្រើនកន្លែង ជាពិសេសកោះនេះ មានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលបានចុះទៅដល់ទីនោះ រៀបរាប់ថា កោះកុង ឬដែលអ្នកខ្លះនិយមហៅថា កោះកុងក្រៅនោះសឹងតែគ្មានមនុស្សរស់នៅ ហើយក៏មិនទាន់មានការអភិវឌ្ឍអ្វីនៅឡើយដែរ។ លោកបន្តថា ដោយសារតែមូលហេតុនេះហើយ ទើបកោះកុងនៅរក្សាលក្ខណៈធម្មជាតិដើមរបស់ខ្លួនបាន៖ «មិនមានទឹកស្អុយបង្ហូរចូលសមុទ្រ មិនមានកាស៊ីណូ មិនមានគំនរសំរាម និងមិនមានសំណង់អាគារសាងសង់រញ៉េរញ៉ៃដូចក្រុងព្រះសីហនុ ប៉ុន្តែទីនេះជាស្ថានសួគ៌ឆ្នេរខ្សាច់សក្បុស មានទឹកថ្លាដូចកញ្ចក់ ដែលអាចឱ្យយើងគេងស្ដាប់សំឡេងទឹករលកបានយ៉ាងស្ងប់ស្ងាត់ កំពុងសំងំលាក់ខ្លួន ស្ទើរតែមិនមានប្រជាជនខ្មែរធ្លាប់បានស្គាល់ពីទីតាំងដ៏អស្ចារ្យនេះទេពីមុនមក»។
លោករៀបរាប់ទៀតថា កោះកុងអំណោយផលដល់ដំណើរកម្សាន្តតាមបែបធម្មជាតិ ដោយសារតែប្រព័ន្ធជីវៈចម្រុះដ៏សម្បូរបែប។ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរទៅទស្សនាកោះនេះឱ្យបានកាន់តែច្រើន ដើម្បីបានឃើញពីធម្មជាតិពិតៗ ហើយក៏ដើម្បីជួយការពារកោះនេះពីការបំផ្លិចបំផ្លាញផងដែរ។ ជាពិសេស លោកចង់ឱ្យក្រសួងបរិស្ថានដាក់បញ្ចូលកោះដ៏ធំមួយនេះ ទៅជាតំបន់ឧទ្យានជាតិ ដើម្បីការពារធម្មជាតិនៅលើកោះនោះកុំឱ្យបាត់បង់៖ «ដោយសារតែបារម្ភពីផលប៉ះពាល់ទាំងអស់នេះ ទើបពួកយើងបង្កើតនូវយុទ្ធនាការមួយមានឈ្មោះថា សង្គ្រោះកោះកុងក្រៅ ដោយតម្រូវឱ្យបងប្អូនចូលរួមជួយសង្គ្រោះជាមួយគ្នា ដើម្បីជំរុញឱ្យដាក់កោះនេះជាតំបន់ការពារ ឬជាឧទ្យានជាតិ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនទាន់ធ្វើអត្ថាធិប្បាយនឹងការលើកឡើងនេះទេ ដោយសារលោកមិនទាន់មានព័ត៌មានគ្រប់គ្រាន់។ លោកបញ្ជាក់ថា លោកនឹងប្រមូលព័ត៌មានបន្ថែមអំពីរឿងនេះ និងឆ្លើយតបនៅពេលក្រោយ។
លោកស្រី ម៉ាត់ យឹមឡាស់ គឺជាប្រជាពលរដ្ឋនៃសហគមន៍កោះស្រឡៅ ដែលស្ថិតនៅចម្ងាយជិត១០ គីឡូម៉ែត្រពីកោះកុង។ លោកស្រីបញ្ជាក់ថា កោះកុងមានទេសភាពដ៏ស្រស់ត្រកាល សក្ដិសមជារមណីយដ្ឋានទេសចរណ៍ដ៏ពិសេសមួយ។ លោកស្រីចង់ឱ្យមានការអភិវឌ្ឍទីនោះឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដូចទៅនឹងកោះរ៉ុង ឬកោះរ៉ុងសន្លឹមក្នុងខេត្តព្រះសីហនុយ៉ាងដូច្នេះដែរ ក៏ប៉ុន្តែមិនមែនអភិវឌ្ឍដូចនៅក្រុងព្រះសីហនុ ដែលសម្បូរដោយអាគារខ្ពស់ និងបំពុលបរិស្ថាននោះដែរ៖ «សំណូមពរទៅដល់ថ្នាក់ដឹកនាំយើងហ្នឹង ឱ្យគាត់បង្កើតកន្លែងហ្នឹងជាតំបន់ទេសចរណ៍មួយដែលដូចនៅកោះរ៉ុងអ៊ីចឹង ព្រោះថា វាមានទេសភាពស្អាត។ ស្អាតមែនកន្លែងហ្នឹង អ៊ីចឹងខ្ញុំចង់ឱ្យពួកគាត់បង្កើតកន្លែងហ្នឹងជាតំបន់ទេសចរណ៍មួយធំជាងគេនៅកម្ពុជាយើងតែម្តងទៅ ព្រោះថានៅសល់តែតំបន់ហ្នឹងមួយទេដែលព្រៃឈើវាស្អាតជាងគេ»។
ខេត្តកោះកុង មានភូមិសាស្ត្រប្លែកពីតំបន់ដទៃនៃប្រទេសកម្ពុជា ដោយសារខេត្តនេះសម្បូរព្រៃភ្នំ ជ្រោះ អូរ ស្ទឹង ដៃសមុទ្រ និងសមុទ្រដ៏ធំល្វឹងល្វើយ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យខេត្តកោះកុងមានតំបន់ការពារធម្មជាតិជាច្រើនកន្លែង មានជាអាទិ៍ ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិបទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។
សកម្មជនបរិស្ថានជឿជាក់ថា ការដាក់កោះកុងក្រៅជាតំបន់ឧទ្យានជាតិ នឹងអាចជួយថែរក្សាការពារធនធានធម្មជាតិក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យបានគង់វង្សថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។