ក្រុមយុវជនមាតាធម្មជាតិ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមការពារកោះកុងក្រៅ ដោយចែករូបភាពជាច្រើនអំពីទេសភាពរបស់កោះកុងក្រៅ ទៅប្រជាពលរដ្ឋ តាមផ្សារនានានៅក្រុងភ្នំពេញ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់យុវជនឲ្យធ្វើកិច្ចការងារនេះ និងបញ្ឈប់ការរារាំង និងប្រមាថដល់សកម្មភាពរបស់យុវជនក្នុងការការពារធនធានធម្មជាតិ។
យុវជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ឱ្យអាស៊ីសេរីដឹងថា ក្រុមយុវជនមានគ្នា ៥នាក់ បាននាំគ្នាចូលផ្សារធំថ្មី ផ្សារអូរឬស្សី ផ្សារអូឡាំពិក នៅថ្ងៃទី២១ សីហានេះ ដើម្បីចែកចាយរូបភាពជាច្រើននៃទេសភាពកោះកុងក្រៅ ដូចជាឆ្នេរខ្សាច់ ទឹកជ្រោះ និងសត្វព្រៃអមជាមួយធម្មជាតិជាដើម ទៅពលរដ្ឋនៅតាមផ្សារទាំងនេះ។ កញ្ញាប្រាប់ថា គោលបំណងនៃសកម្មភាពនេះគឺដើម្បីឲ្យពលរដ្ឋបានទទួលរូបភាព និងបានទទួលព័ត៌មានបន្ថែមអំពីកោះកុងក្រៅ ហើយអាចចូលរួមការពារកោះកុងក្រៅជាមួយយុវជន។ កញ្ញាបារម្ភ កោះដ៏ធំរបស់កម្ពុជាមួយនេះកំពុងប្រឈមការបំផ្លិចបំផ្លាញ ក្នុងពេលដ៏ខ្លី ដែលទាមទារឲ្យពលរដ្ឋ គ្រប់រូបរួមគ្នានិយាយ និងការពារកុំឲ្យយឺតពេល។
កោះកុងក្រៅ គឺជាឈ្មោះដែលអ្នកស្រុកនិយមហៅ ដើម្បីសម្គាល់កោះកុង ដែលជាកោះធំជាងគេនៅកម្ពុជា។ កោះនេះមានផ្ទៃ ១០៣គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង។ កោះនេះសម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះ រួមមានព្រៃឈើ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំងសត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទ។
រដ្ឋាភិបាលបានប្រគល់សិទ្ធិវិនិយោគកោះនេះទាំងមូលដោយស្ងាត់ៗ ទៅឱ្យក្រុមហ៊ុនកោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រគល់សិទ្ធិវិនិយោគនេះ ធ្វើឡើងតាំងពីឆ្នាំ២០១៩ តែរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មាននេះជាសាធារណៈឡើយ ទាល់តែក្រុមយុវជនចាប់ផ្ដើមធ្វើយុទ្ធនាការកាលពីខែមិថុនាកន្លង ទើបរដ្ឋាភិបាលសម្រេចទម្លាយព័ត៌មាននេះ។ ការទម្លាយព័ត៌មាននេះទៀតសោត រដ្ឋាភិបាលមិនបានបញ្ជាក់ឱ្យលម្អិតនោះទេ ដោយគ្រាន់តែរំលេចនៅក្នុងលិខិតបង្កើតគណៈកម្មការថ្មីមួយ ដើម្បីត្រួតពិនិត្យគម្រោងអភិវឌ្ឍកោះកុងរបស់ក្រុមហ៊ុនអេសអ៊ីហ្សិត ប៉ុណ្ណោះ។
ប្រតិកម្មតបទៅនឹងយុទ្ធនាការរបស់ក្រុមយុវជនមាតាធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក លោក នេត្រ ភក្ត្រា បានចោទប្រកាន់ថា ក្រុមយុវជនធ្វើយុទ្ធនាការនេះគឺដើម្បីញុះញង់ឲ្យមានចលាចលសង្គម ជានយោបាយទុច្ចរិត និងបង្កើតឲ្យមានអនាធិបតេយ្យសង្គមប៉ុណ្ណោះ។ លោកអះអាងដដែលៗថា រដ្ឋាភិបាលបានបង្កើតឲ្យមានគណៈកម្មាធិការត្រួតពិនិត្យការអភិវឌ្ឍកោះកុងក្រៅ ដែលមានការចូលរួមពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម និងធ្វើការសិក្សាអំពីផលប៉ះពាល់នៃការអភិវឌ្ឍនេះ។
អាស៊ីសេរីបានសាកសួរលោក នេត្រ ភក្ត្រា បន្ថែមទៀតអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ប៉ុន្តែលោកមិនឆ្លើយតបឡើយ។ អាស៊ីសេរីក៏បានព្យាយាមសាកសួរអំពីភស្តុតាងរឹងមាំ ដែលក្រសួងបរិស្ថាន និងលោក នេត្រ ភក្ត្រា ផ្ទាល់ប្រើប្រាស់ដើម្បីចោទប្រកាន់ក្រុមយុវជនមាតាធម្មជាតិថា ធ្វើសកម្មភាពក្នុងគោលដៅនយោបាយទុច្ចរិត ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះមិនដែលឆ្លើយតបនឹងចំណុចនេះទេ។
ប្រធានកម្មវិធីសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា ស៊ីវាយអិន (CYN) លោក ស ម៉ូរី គាំទ្រការខិតខំប្រឹងប្រែងរបស់យុវជនមាតាធម្មជាតិ ក្នុងការបង្កើតសកម្មភាពថ្មីៗដើម្បីផ្សព្វផ្សាយឲ្យមានការចូលរួមការពារ កោះកុងក្រៅពីប្រជាពលរដ្ឋទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់ក្រុមយុវជន ដោយបញ្ឈប់ការរារាំង និងការប្រមាថដល់សកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ។ «»
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រសួងបរិស្ថាន និងរដ្ឋាភិបាលត្រូវតែបង្ហាញភាពជាគំរូដល់យុវជន និងដល់ពលរដ្ឋ ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបន្ថែមថា កោះកុងក្រៅគួរតែក្លាយជាតំបន់អភិរក្សសមុទ្រដ៏ធំរបស់ប្រទេសកម្ពុជា ដើម្បីទុកជាកេរដំណែលដល់ក្មេងជំនាន់ក្រោយៗ ឲ្យដូចទៅនឹងមេដឹកនាំជំនាន់មុនដែលបានកសាង និងការពារប្រាសាទអង្គរវត្ត និងមរតកដទៃទៀត បន្សល់ទុកដល់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។