សកម្មជនបរិស្ថានប្រតិកម្មចំពោះការលើកឡើង របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទេ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះពិនិត្យទីតាំងអាជីវកម្មឈើរបស់ក្រុមហ៊ុននេះ និងរកឃើញថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បានធ្វើអាជីវកម្មឈើខ្នាតធំជាច្រើនឆ្នាំមកហើយ។
សកម្មជនបរិស្ថានរកឃើញឈើរាប់ពាន់កំណាត់ ឋិតក្នុងបរិវេណដីក្រុមហ៊ុម លឹម រ៉ូយ៉ាល់ ត្រូវបានដាក់ពង្រាយជាច្រើនទីតាំងផ្សេងគ្នា និងមានកម្មករជាច្រើនក្រុម រួមទាំងជនជាតិចិនផង កំពុងអារច្រៀកឈើក្នុងទីតាំងក្រុមហ៊ុននោះ។
សកម្មជនបរិស្ថានមួយក្រុម បានចុះទៅដល់ទីតាំងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ កាលពីថ្ងៃទី២៦ និង២៧ កក្កដា និងបានប្រទះឃើញឈើនៅរាយប៉ាយពាសពេញ បរិវេណដីក្រុមហ៊ុន។ ក្រុមសកម្មជនយល់ថា ក្រុមហ៊ុនធ្វើបែបនេះទំនងជាលេសដោះសាយករួចខ្លួន នៅគ្រាដែលគណៈកម្មការជាតិចុះទៅពិនិត្យដល់ទីតាំងនោះ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ។ ពួកគេសង្ស័យថា មានឈើរាប់រយម៉ែត្រគូបផ្សេងទៀត ទំនងត្រូវបានដឹកចេញ និងលាក់ទុក មុនពេលដែលគណៈកម្មការជាតិចុះបង្ក្រាប។
សកម្មជនបរិស្ថានដែលចុះអង្កេតរឿងនេះ លោក ហេង ស្រស់ ជំរុញឱ្យគណៈកម្មការជាតិ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុននេះឱ្យគ្រប់ជ្រុងជ្រោយ និងត្រូវបង្ហាញភស្តុតាង ដោយភ្ជាប់របាយការណ៍លម្អិតដល់សាធារណជន។ លោកថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជារបស់ ឧកញ៉ា លឹម ប៊ុណ្ណា មានជាប់ពាក់ព័ន្ធនឹងអាជីវកម្មឈើទ្រង់ទ្រាយធំ ដែលគេកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំព្រិច ដោយខុសច្បាប់ជាយូរមកហើយ។
លោកឆ្ងល់ថា ហេតុអ្វីបានជាគណៈកម្មការជាតិ មិនហ៊ានអនុវត្តច្បាប់លើក្រុមហ៊ុននេះ ខណៈដែលពួកគេរកឃើញថា មានជនជាតិចិនជាច្រើននាក់បានរួមចំណែកធ្វើអាជីវកម្មឈើក្នុងក្រុមហ៊ុននេះដែរ។ លោកអះអាងថា កន្លងទៅ មានក្បួនរថយន្តយីឌុប រាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំព្រិច ឆ្លងកាត់ភូមិសំពោច ស្រុកស្នួល ខេត្តក្រចេះ ទៅលក់នៅវៀតណាម៖ «»
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ឋិតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតមានរឿងអាស្រូវធ្វើអាជីវកម្មឈើខុសច្បាប់នៅជាប់តំបន់ព្រៃការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ លោករកឃើញថា វត្តមានក្រុមហ៊ុនទាំងនេះ មិនផ្ដល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋានទេ ផ្ទុយទៅវិញធ្វើឱ្យហិនហោចព្រៃឈើទ្រង់ទ្រាយធំ។ ហេតុនេះ លោកទាមទារឱ្យគណៈកម្មការជាតិត្រូវដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះជាបន្ទាន់៖ «»
អាស៊ីសេរីមិនទាន់អាចទាក់ទងនាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ លោកឧកញ៉ា លឹម ប៊ុណ្ណា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី២៨ កក្កដា។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយលោកមិនលើកទូរស័ព្ទ។
តែទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ ធ្លាប់លើកឡើងថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទេ ក្រោយពីគណៈកម្មការជំនាញបានចុះស្រាវជ្រាវ ដល់ទីតាំងក្រុមហ៊ុន។ លោកថា មន្ត្រីជំនាញបានស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនចំនួន ៥ ទៀតដែលទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយប្រសិនបើរកឃើញថា ក្រុមហ៊ុនទាំងនោះ មានពាក់ព័ន្ធបទល្មើសព្រៃឈើនឹងត្រូវដកអាជ្ញាប័ណ្ណ។
សមាជិកសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា កត់សម្គាល់ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ធ្លាប់មានរឿងអាស្រូវច្រើន ទាក់ទិនសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃការពារធម្មជាតិ និងព្រៃសហគមន៍ដែលជនជាតិដើមភាគតិច ស្នាក់អាស្រ័យ។ លោកថា ពលរដ្ឋតែងរអ៊ូរទាំថា ក្រុមហ៊ុននេះបានគែនពលរដ្ឋឱ្យចូលព្រៃអភិរក្ស ដើម្បីកាប់ឈើដឹកជញ្ជូនចូលក្រុមហ៊ុន ហេតុដូចនេះ លោកចង់ឱ្យគណៈកម្មការជាតិត្រូវស៊ើបអង្កេត និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ៖ «»
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល បន្ថែមថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច បានធ្វើអាជីវកម្មឈើខ្នាតធំ ជាច្រើនឆ្នាំមកហើយ បណ្ដាលឱ្យ ដែនជម្រកសត្វព្រៃស្នូលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងស្រុកកោះញែក ដែលមានផ្ទៃដីជាច្រើនម៉ឺនហិកតារ បានរលាយហិនហោចអស់ទាំងស្រុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបាត់បង់ទំហំព្រៃឈើរាប់សែនហិកតារទាំងនេះ ដោយសារ ក្រុមហ៊ុនឯកជនទាំងនោះ បានឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន បន្លំកាប់ឈើធំៗ លក់នៅប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។