អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​ពលរដ្ឋ ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ដី​បឹង​ពោធិ៍ នៅ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​​ លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​ដី​​បឹង​ពោធិ៍​ នៅ​ខេត្ត​កំពង់ឆ្នាំង​ ដោយ​ថា ពាក្យ​បណ្ដឹង​នោះ គ្មាន​ព័ត៌មាន​ច្បាស់​លាស់។ ពលរដ្ឋ​ថា ការ​ច្រាន​ចោល​ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ ព្រោះ​នេះ​ ជា​​តួនាទី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ បើក​ការ​ស៊ើប​អង្កេត​បន្ត​រក​ភស្តុតាង​ជាក់លាក់។

ពលរដ្ឋ​ចំនួន ៦នាក់ នៅ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច បាន​ឡើង​​មក​ភ្នំពេញ ដើម្បី​​ឆ្លើយ​បំភ្លឺ​បញ្ហា​ដី​បឹង​ពោធិ៍ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯកជន​រំលោភ​យក ធ្វើ​សកម្មភាព​បូម​ខ្សាច់​លក់ ដែល​បង្ក​​​ផល​ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់។ ការ​ឡើង​មក​ឆ្លើយ​បំភ្លឺ​របស់​ពលរដ្ឋ​នេះ តាម​ការ​អញ្ជើញ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រោយ​ពី​ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី៨ ខែកុម្ភៈ​កន្លង​ទៅ។

តំណាង​ពលរដ្ឋ ដែល​បាន​ចូល​រួម​ឆ្លើយ​បំភ្លឺ​នៅ​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ លោក ស្ងួន ញឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ខកចិត្ត ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ច្រាន​ចោល​ពាក្យ​បណ្ដឹង របស់​ពួក​លោក​ហើយ​ថា ពុំ​ធ្វើ​ការ​ស៊ើប​អង្កេត ឬ​ដោះស្រាយ បញ្ហា​ដី​បឹង​ពោធិ៍ ដោយ​អះអាង​ថា ពាក្យ​បណ្ដឹង​នោះ គ្មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ជាពិសេស ព័ត៌មាន​ពាក់ព័ន្ធ​ ឈ្មោះ​ក្រុម​ហ៊ុន និង​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ថា តើ​មាន ឬ​ក៏​អត់។

ទោះ​យ៉ាង​នេះ​ក្ដី លោក ស្ងួន ញឿន ពន្យល់​ថា ពាក្យ​បណ្ដឹង​របស់​ពួក​លោក គ្រាន់​តែ​ជា​មូលដ្ឋានគ្រឹះ​ ដើម្បី​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត ដោយ​សារ​តែ​ពលរដ្ឋ ពុំ​អាច​មាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​បាន​ច្រើន​ ដូច​ការ​ចង់​បាន​នោះ​ទេ។ លោក​បន្ត​ថា កន្លង​ទៅ អាជ្ញាធរ​ មូលដ្ឋាន​តែងតែ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ទាំង​នោះ។

វិទ្យុ​អាស៊ី​សេរីមិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទ​វិចិត្រ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​បកស្រាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ។

ទាក់​ទិន​រឿង​នេះ អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ថ្លែង​ថា ការ​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ជុំ​វិញ​បញ្ហា​ដី​បឹង​ពោធិ៍​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ ​អស់​ជំនឿ​លើ​ស្ថាប័នរដ្ឋ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរតែ​យក​ពាក្យ​បណ្ដឹង​ទាំង​នោះ ទៅ​ស៊ើប​អង្កេត​បន្ត ទើប​ត្រឹម​ត្រូវ ព្រោះ​ពលរដ្ឋ ពុំ​អាច​មាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់​ទេ។

បឹង​ពោធិ៍ ស្ថិត​ភូមិ​ឡ​ពាង ឃុំ​តាជេស ជា​បឹង​ធម្មជាតិ​ដ៏​សំខាន់​របស់​ប្រជា​កសិករ​អាស្រ័យ​ផល យក​ទឹក​ធ្វើ​ស្រូវ​ប្រាំង នេសាទ​ត្រី និង​ប្រមូល​ផល​ផ្សេងៗ ដូច​ជា បេះ​ព្រលឹត និង​ច្រូត​ស្មៅ ដើម្បី​ចិញ្ចឹម​គោក្របី​ជា​ដើម។ បឹង​នេះ​មាន​ទំហំ ៤៧,២២ហិកតារ ហើយ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ជិត ៣០០គ្រួសារ​នៅ​ភូមិឡពាង ភូមិសូវង្ស និង​ភូមិសំរោង ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប៉ុន្តែ រយៈ​ពេល​ជាង ៥ឆ្នាំ​ចុង​ក្រោយ​នេះ បឹង​ពោធិ៍​កាន់​តែ​រាក់ ហើយ​ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​រដូវ​ប្រាំង​ស្ទើរ​តែ​រាល់​ឆ្នាំ ស្រប​ពេល​បច្ចុប្បន្ន បឹង​នេះ​កំពុង​តែ​មាន​គ្រឿង​ចក្រ និង​ម៉ាស៊ីន​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ។ ថ្មីៗ នេះ ពលរដ្ឋ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ បាន​ឃុបឃិត​គ្នា លក់​ដី​បឹង​ទៅ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ ថាន់ សុជាតិ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ជា​មុន ហើយ​អាជ្ញាធរ​ព្យាយាម​លាក់បាំង​ព័ត៌មាន ពេល​ពលរដ្ឋ​តាម​សួរ​នាំ។

ទោះ​ជា​បែប​នេះ​ក្ដី ពលរដ្ឋ​​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ប្ដេជ្ញា​ចិត្ត​បន្ត​សកម្មភាព​តវ៉ា​ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​បឹង​ពោធិ៍​នេះ​ឱ្យ​បាន​ឆាប់ តាម​រយៈ​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន និង​ការ​ដើរ​ដាក់​ញាតិ​ទៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ចាប់​ពី​ថ្នាក់​ខេត្ត និង​​រាជធានី​ភ្នំពេញ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។