ក្រុមយុវជនចលនាមាតាធម្មជាតិ បានរកឃើញថាមានជាតិពុលក្នុងខ្យល់កម្រិតខ្ពស់ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់ ពីភ្នំពេញទៅកំពត ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម ចំពោះអ្នកធ្វើដំណើរ អ្នកលក់ដូរ កម្មករជួសជុលផ្លូវ និងពលរដ្ឋជាច្រើនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវនេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន ចោទប្រកាន់ថា ការរកឃើញ របស់ក្រុមយុវជនទាំងនេះ មានបំណងទុច្ចរិត។
ក្រុមយុវជនចលនាមាតាធម្មជាតិ អះអាងថា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន ឈ្មោះ ឆាយណារ៉ូដ អ៊ែនប្រ៊ីដ ឃូភើរេហ្សិន ( China Road & Bridge Cooperation) កំពុងបង្កឲ្យមានដីហ៊ុយខ្លាំងដូចមេឃចុះអ័ព្ទ ដែលពួកគេព្រួយបារម្ភថា ករណីនេះ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន។
តាមរយៈ វិឌីអូខ្លីរយៈពេលជាង ២នាទី ដែលយុវជនចលនាមាតាធម្មជាតិ ផលិត និងបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែកក្កដា បង្ហាញថា នៅពេលពួកគេប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់កម្រិតគុណភាពខ្យល់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នោះ គឺសន្ទស្សន៍គុណភាពខ្យល់ (AQI) ឡើងរហូតដល់ ជាង៤០០ ដែលមានន័យថា ការបំពុលខ្យល់ឡើងខ្ពស់ក្នុងកម្រិតគ្រោះថ្នាក់ ផ្ទុយពីការអះអាងរបស់ក្រសួងបរិស្ថានដែលថា កម្រិតគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ៖ «
កម្រិតសន្ទស្សន៍គុណភាពខ្យល់ ដែលមានពី ០ ដល់ ៥០មីក្រូម៉ែត គឺល្អ ហើយចន្លោះពី ៥១ ទៅ ១០០មីក្រូម៉ែត គឺមធ្យម និងចន្លោះ ១០១ទៅ ២០០មីក្រូម៉ែត គឺប៉ះពាល់សុខភាព។ ចំណែកចាប់ពី ២០១ ដល់ ៣០០មីក្រូម៉ែត បង្ហាញប៉ះពាល់ខ្លាំងដល់សុខភាព និងកម្រិត ៣០១មីក្រូម៉ែតឡើងទៅ គឺចាត់ទុកក្នុងកម្រិតគ្រោះថ្នាក់។
ទន្ទឹមគ្នានេះ ពលរដ្ឋម្នាក់ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដោយសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា ចាប់តាំងពីការចាប់ផ្តើមធ្វើផ្លូវថ្នល់រហូតមក គឺធូលីដី ចាប់ផ្ដើមហ៊ុយខ្លាំង ហើយក្រុមហ៊ុនសាងសង់ផ្លូវនេះ ស្រោចទឹកត្រង់តែចំណុចណា ដែលគេសាងសង់ និង២ ដងប៉ុណ្ណោះក្នុង ១ថ្ងៃ។ ពលរដ្ឋរូបនេះអះអាងទៀតថា ធូលីដីហ៊ុយខ្លាំងនៅពេលមិនមានភ្លៀង ហើយក៏មិនដឹងថា ផ្លូវនេះនឹងត្រូវរួចរាល់នៅពេលដែរ ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ៖ «
ទាក់ទងនឹងរឿងនេះ មន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមដោយចោទប្រកាន់ថា ការផលិតវីដេអូរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាការព្យាយាមនិយាយពីចំណុចអវិជ្ជមានក្នុងគោលដៅទុច្ចរិតតាមបញ្ជារបស់មេចលនាមាតាធម្មជាតិដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។ លោក អះអាងបន្ថែមថា កន្លែងសាងសង់ផ្លូវដែលត្រូវឈូសឆាយដីនឹងនាំឱ្យមានកម្រិត ខ្យល់ PM2.5ឡើងខ្ពស់។ លោក បន្តថា ជាវិធានការគឺក្រសួង បានតម្រូវឱ្យក្រុមហ៊ុនដែលសាងសង់ត្រូវស្រោចទឹកជាប្រចាំដើម្បីកាត់បន្ថយការបំពុលខ្យល់ និងសុំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវចូលរួមស្រោចទឹកលើដីនៅមុខផ្ទះខ្លួន។
រីឯអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ចួន លោក ប៉ាល់ ចន្ទតារា បានឆ្លើយតបថា ក្រសួងយកចិត្តទុកដាក់ និងប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់នូវផលប៉ះពាល់។ លោកបន្ថែមថា ក្រុមយុវជនអាចផ្ញើរបាយការណ៍ពីផលប៉ះពាល់នេះ ទៅក្រសួងដើម្បីស្រាវជ្រាវ និងមានវិធានការចំពោះករណីនេះ។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា អះអាងថា ការរកឃើញរបស់ ក្រុមយុវជន គឺមិនមែនជាការចោទប្រកាន់ដោយបំណងទុច្ចរិតទៅលើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនោះទេ ប៉ុន្តែវីឌីអូនេះ គឺបង្ហាញអំពីអ្វីដែលយុវជនបានរកឃើញអំពីផលប៉ះពាល់ដោយសារកម្រិតពុលក្នុងខ្យល់ខ្ពស់ ហើយទាមទារឲ្យក្រសួងចាត់វិធានការ ដើម្បីសុខភាពរបស់សាធារណជន ប៉ុណ្ណោះ។ លោកថា ក្រុមយុវជនគួរតែទទួលបានការលើកទឹកចិត្ត ពីក្រសួងចំពោះការរកឃើញនេះ ជាងការចោទប្រកាន់មកលើយុវជនដោយគ្មានមូលដ្ឋាន៖ «
ផ្លូវលេខជាតិ៣ កំពុងសាងសង់ មានប្រវែង ១៣៤ គីឡូមែត្រ ដំណើរសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ដោយគិតមកដល់ពេលនេះ គម្រោងនេះ សាងសង់សម្រេចបានជាង ៧៥ភាគរយហើយ។ គម្រោងនេះគ្រោងចំណាយថវិកាជាង ២រយ ១៩ពាន់ (២១៩.៩១១) លានដុល្លារអាមេរិកជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation)។ ទោះជាយ៉ាងណា កន្លងមក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានព្រមានម្ដងរួចមកហើយទៅលើក្រុមហ៊ុននេះ កាលពីចុងឆ្នាំ២០១៩ ដោយសារការសាងសង់ផ្លូវថ្នល់មិនស្របតាមបច្ចេកទេសត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។