សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន សម្ដែងការភ្ញាក់ផ្អើលដែលតុលាការកំពូលសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសអតីតសកម្មជនមាតាធម្មជាតិ ៣ នាក់ របស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ ការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឱ្យសកម្មជនទាំង ៣រូប ត្រូវស្ថិតក្នុងហានិភ័យនៃការជាប់ពន្ធនាគារជាថ្មីម្តងទៀត។
ស្ថាបនិកអង្គការមាតាធម្មជាតិដែលត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចោល លោក អាឡិច ចាត់ទុក សេចក្ដីសម្រេចរបស់តុលាការកំពូលលើអតីតសកម្មជនរបស់លោកនោះ គឺជាការសងសឹក ដោយសាររបបក្រុងភ្នំពេញខឹងសម្បារនឹងអង្គការមាតាធម្មជាតិដែលបានលាតត្រដាងពីអំពើពុករលួយនៃការធ្វើអាជីវកម្មខ្សាច់ ដែលបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងផលប្រយោន៍នៃក្រុមអ្នកកាន់អំណាចទាំងនោះ៖ «ខ្ញុំថាប្រហែលជាសងសឹកនូវអ្វីដែលមាតាធម្មជាតិបានធ្វើក្នុងរយៈកាល ២ ឆ្នាំកន្លងទៅនេះ ទាក់ទងនឹងការលាតត្រដាងរឿងកខ្វក់ពាក់ព័ន្ធនឹងខ្សាច់ ដែលទីមួយធ្វើឱ្យគេអាម៉ាស់ពេញពិភពលោក អាម៉ាស់ប្រជាពលរដ្ឋនៅក្នុងស្រុក។ ទីពីរគឺធ្វើឱ្យខាត ពីព្រោះសិង្ហបុរីបិទទីផ្សារខ្សាច់ខ្មែរ មិនមែនខាតតិចនោះទេ គឺខាតរាប់លានដុល្លារឯណោះ។ ដូច្នេះគេខឹង ហើយគេយល់ថា យកល្អគួរតែសងសឹក គួរតែកុំឱ្យយុវជនមាតាធម្មជាតិនៅស្រួលពេក។ ខ្ញុំគិតថា នេះជាហេតុផលពិតប្រាកដដែលនៅពីក្រោយ ព្រោះហេតុផលដែលពាក់ព័ន្ធនឹងច្បាប់ វាមិនមាននោះទេ អត់មានភស្តុតាង អត់មានសាក្សី អត់មានអ្វីទាំងអស់ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ»។
កាលពីថ្ងៃទី១៣ កក្កដា កន្លងទៅ តុលាការកំពូលនៃរបបលោក ហ៊ុន សែន បានសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសអតីតសកម្មជន ៣ នាក់នៃអង្គការមាតាធម្មជាតិរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ ដូច្នេះមានន័យថា តុលាការគ្រប់ជាន់ថ្នាក់ សម្រេចឱ្យសកម្មជនទាំង ៣ចាញ់ក្តីក្រុមហ៊ុន Direct Access ជាប្រតិបត្តិករបូមខ្សាច់ ដែលជាភាគីដើមបណ្ដឹងក្នុងសំណុំរឿងនេះ។ អ្នកទាំង៣ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ ដោយព្យួរទោសប្រហែល ៨ខែ ក្រោមបទចោទដែលត្រូវបានចៅក្រមជំនុំជម្រះនៃតុលាការខេត្តកោះកុង ផ្លាស់ប្ដូរនៅនាទីចុងក្រោយ គឺបទ “ផ្តើមគំនិតគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដោយភ្ជាប់នឹងបញ្ជាអ្វីមួយ”។ តុលាការក៏បានបង្គាប់ឱ្យអ្នកទាំង៣ សងសំណងចំនួន ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ទៅឱ្យភាគីដើមបណ្តឹង និងប្រាក់ពិន័យ ២លានរៀលផ្សេងទៀត ចូលរដ្ឋផងដែរ។
មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថានទាំង ៣ លោក សំ ចំរើន យល់ឃើញថា ការសម្រេចផ្ដន្ទាទោសកូនក្តីរបស់លោកដោយតុលាការគ្រប់ជាន់ថ្នាក់នេះ គឺជាសេចក្ដីសម្រេចផ្អែកតែទៅលើតម្លៃសេដ្ឋកិច្ច ដោយមិនឈរលើតម្លៃផ្សេងទៀត ដូចជា តម្លៃសីលធម៌ សង្គម និងនយោបាយឡើយ។ ដូច្នេះលោកយល់ថា សេចក្ដីសម្រេចនេះ ជាសេចក្ដីសម្រេចមិនមានលក្ខណៈពេញលេញស្របតាមបទដ្ឋានច្បាប់សាកលឡើយ៖ «យើងពិនិត្យមើលទិសដៅរបស់សកម្មជនបរិស្ថាន គឺគាត់ឱ្យតម្លៃសង្គមខ្ពស់។ គាត់គិតថាបើមនុស្សក្នុងសង្គមមិនសុខសប្បាយហើយ បានលុយរាប់លានក៏មិនសុខសប្បាយដែរ មិនមានសុភមង្គលសម្រាប់សង្គមនោះទេ។ អ៊ីចឹងសម្រាប់សកម្មជនគាត់យល់បែបនេះ ប៉ុន្តែខាងតុលាការផ្ដោតតែលើថា សកម្មភាពរបស់ពួកគាត់បង្កឱ្យមានការខាតបង់ផលប្រយោជន៍ដល់គេផ្សេងៗ ដែលរឿងនេះគឺជាបទល្មើស។ ដូច្នេះតុលាការមិនបានពិចារណាលើតម្លៃផ្សេងៗទេ ថាតើតម្លៃផ្សេងទៀតវាអាចទូទាត់គ្នាជាមួយតម្លៃសេដ្ឋកិច្ចដែលបាត់បង់បានដែរឬក៏អត់ ? សម្រាប់ខ្ញុំជាមេធាវីយល់ថា ក្នុងរឿងក្ដីនេះ តម្លៃផ្សេងៗទៀតមានតម្លៃធំជាងតម្លៃសេដ្ឋកិច្ចហ្នឹង អ៊ីចឹងសាលក្រមនេះមិនទាន់ឈានដល់លំដាប់អន្តរជាតិមួយ ដែលពិចារណាបានគ្រប់ជ្រុងជ្រោយទៅលើតម្លៃនៃការអនុវត្តច្បាប់ក្នុងរឿងក្ដីហ្នឹងទេ»។
ការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឱ្យសកម្មជនបរិស្ថានទាំង ៣នាក់ ត្រូវបន្តស្ថិតក្នុងហានិភ័យនៃការអនុវត្តទោសពន្ធនាគារដែលនៅសល់ ប្រសិនបើពួកគេត្រូវតុលាការផ្ដន្ទាទោសពីបទល្មើសផ្សេងទៀត ក្នុងរយៈពេល ៥ឆ្នាំក្រោយ។ អ្នកទាំង ៣ ក៏អាចប្រឈមនឹងការជាប់ពន្ធនាគារម្តងទៀតដែរ ប្រសិនបើខកខានមិនបានបង់ប្រាក់សំណងឱ្យភាគីដើមបណ្តឹង ក្នុងករណីមានសាលដីកាស្ថាពរបង្ខំឱ្យអ្នកទាំង៣ ត្រូវតែសងសំណងមែននោះ។
យុវជន សាន់ ម៉ាឡា ថ្លែងថា ការសម្រេចសេចក្តីរបស់តុលាការកំពូលនេះ គឺជារឿងអយុត្តិធម៌ចំពោះពួកលោកទាំង ៣ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបន្តថា អាជ្ញាធរ និងតុលាការគួរមានចំណាត់តាមផ្លូវច្បាប់ទៅលើភាគីក្រុមហ៊ុនដែលបានធ្វើសកម្មភាពដោយខុសច្បាប់ និងបំផ្លាញធនធានធម្មជាតិ មិនមែនជាមកដាក់ទោសទណ្ឌពួកលោកដែលជាសកម្មជនការពារបរិស្ថានបែបនេះឡើយ៖ «កន្លងមក សកម្មភាពដែលយើងធ្វើនោះ វាគ្រាន់តែជាការតស៊ូមតិដោយអហិង្សាដើម្បីទាមទារឱ្យបញ្ឈប់ការបូមខ្សាច់តែប៉ុណ្ណោះ មិនមែនជាសកម្មភាពដែលធ្វើឡើងដោយមានអំពើហិង្សា ឬក៏ជេរប្រមាទដល់បុគ្គលិកក្រុមហ៊ុនអ្វីនោះទេ។ សកម្មជនមាតាធម្មជាតិកន្លងមក តែងតែរងការគាបសង្កត់ និងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនពួកយើង ដូច្នេះការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឡើងហាក់បីដូចជាមិនមានភាពយុត្តិធម៌ និងមិនអាចទទួលយកបាននោះទេ»។
យុវជន សាន់ ម៉ាឡា អាយុ ២៦ ឆ្នាំ ថ្លែងទៀតថា តាំងពីចេញពីពន្ធនាគារខេត្តកោះកុងកាលពីដើមខែកក្កដា ឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន លោកមិនទាន់មានការងារធ្វើជាក់លាក់នៅឡើយទេ ដូច្នេះលោកគ្មានលុយឯណាដល់រាប់ម៉ឺនដុល្លារ ដើម្បីបង់ឱ្យក្រុមហ៊ុន និងតុលាការនោះទេ។ លោកអះអាងថា ប្រសិនបើតុលាការកំពូលពិតជាចេញដីកាបង្ខំឱ្យបង់លុយទាំងនោះមែន លោកសុខចិត្តប្រឈមនឹងការជាប់ពន្ធនាគារជាថ្មី៖«បើសិនជាតុលាការបង្ខំឱ្យយើងសង ក៏ពួកយើងអត់មានលទ្ធភាពដែរ។ បើសិនជាមិនអាចផ្ដល់យុត្តិធម៌ឱ្យពួកយើងបានទេ តុលាការក៏ពុំគួរធ្វើសកម្មភាពណាមួយដែលយាយី ឬក៏ធ្វើទុក្ខបុកម្នេញមកលើពួកយើងនោះទេ។ រដូវកាលនេះជារដូវកាលឃោសនាបោះឆ្នោត ដូច្នេះខ្ញុំគិតថារដ្ឋាភិបាលក៏គេនឹងពិចារណាថាធ្វើយ៉ាងម៉េចដើម្បីកុំឱ្យប្រជាប្រិយភាពរបស់គេធ្លាក់បាត់បង់ ឬរងការខឹងសម្បារពីប្រជាពលរដ្ឋដែរ ដូច្នេះសុំឱ្យរដ្ឋាភិបាល ឬតុលាការមេត្តាពិចារណា និងយោគយល់ដល់ពួកយើងទាំងបីនាក់ផង ពីព្រោះអ្វីដែលពួកយើងធ្វើ គឺជារឿងសុចរិតត្រឹមត្រូវទេ»។
ចំណែកលោក អាឡិច វិញ ថ្លែងថា អង្គការមាតាធម្មជាតិសុខចិត្តបង់សំណង និងប្រាក់ពិន័យតាមការទាមទាររបស់តុលាការនៃរបបលោក ហ៊ុន សែន លុះត្រាណាតែតុលាការនៃរបបនេះតម្រូវឱ្យក្រុមហ៊ុន Direct Access និងក្រុមហ៊ុនបូមខ្សាច់ដទៃទៀតដែលលោករកឃើញថា មានជាប់ពាក់ព័ន្ធនឹងកូនចៅលោក ហ៊ុន សែន លោក លី យ៉ុងផាត់ និងមន្ត្រីមានអំណាចផ្សេងទៀតនោះ សងថ្លៃខូចខាតបរិស្ថាន និងថ្លៃគេចមិនបង់ពន្ធខ្សាច់រាប់រយលានដុល្លារនោះជាមុនសិន។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ គឺជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់ភ្លូកទឹកភ្លូកដីនៅតាមដងស្ទឹង និងព្រែកនៃតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង ក៏ប៉ុន្តែពួកគេបានរងនូវការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការជាបន្តបន្ទាប់។
គិតជាសរុប មានសកម្មជន ៥ នាក់ នៃអង្គការនេះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងផ្ដន្ទាទោសដោយសារចេញមុខតវ៉ានឹងការធ្វើអាជីវកម្មខ្សាច់ក្នុងខេត្តកោះកុង មុននឹងរបបក្រុងភ្នំពេញលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាល កាលពីខែកញ្ញា ឆ្នាំ២០១៧។
សកម្មជន ៣ នាក់ដំបូងដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០១៥ នោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ឹម សំណាង និងក្រោយមកមាន ២នាក់ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវបានចាប់ខ្លួននៅអំឡុងខែកញ្ញា ឆ្នាំ ២០១៧។ សកម្មជន ៣ នាក់ដំបូង ត្រូវបានជាប់ពន្ធនាគារ ១៨ ខែ និងត្រូវពិន័យជាប្រាក់ ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារ ទៅឱ្យក្រុមហ៊ុន និង ២ លានរៀលផ្សេងទៀតចូលរដ្ឋ។
ចំណែកសកម្មជន ២ នាក់បន្ទាប់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ម្នាក់ ១លានរៀល។ ក៏ប៉ុន្តែពួកគេទាំងអស់សុទ្ធតែត្រូវបានព្យួរទោស ក្រោយមានសាលក្រមពីតុលាការខេត្តកោះកុង បន្ទាប់ពីត្រូវជាប់ពន្ធនាគារជាច្រើនខែរួចទៅហើយនោះ។ ចំណាត់ការទាំងនេះ បានរងនូវការរិះគន់ថា ជាការធ្វើទុក្ខបុកម្នេញដើម្បីបំបិទមាត់អ្នកហ៊ានចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ ដែលប៉ះពាល់ទៅដល់ផលប្រយោជន៍ របស់ក្រុមឈ្មួញទុច្ចរិតនៅក្នុងខេត្តកោះកុងតែប៉ុណ្ណោះ មិនមែនជាការអនុវត្តច្បាប់ពិតប្រាកដឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។