ជនមិនស្គាល់មុខម្នាក់បានជិះម៉ូតូបុកពេញទំហឹងលើយុវតីបរិស្ថានកញ្ញា សូ មេត្តា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះចាត់ទុកករណីបុកផ្តួលម៉ូតូនេះ គឺចេតនាប៉ុនប៉ងសម្លាប់ ដើម្បីគំរាមកំហែង បំបាក់ស្មារតីរបស់កញ្ញាដែលបន្តការងារសង្គម។ សមត្ថកិច្ចជំរុញឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថិកិច្ចក្នុងមូលដ្ឋាន និងផ្តល់ព័ត៌មានពាក់ព័ន្ធ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលយល់ថា សមត្ថកិច្ចមានតួនាទីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិតដោយតម្លាភាព និងយុត្តិធម៌ជូនដល់ជនរងគ្រោះ។
យុវតីបរិស្ថានដែលទើបចេញពីពន្ធនាគារជាង៥ខែម្នាក់នេះ ត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូបុក នៅម្តុំរង្វង់មូលចោមចៅ កែងផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ ប្រហែលម៉ោង៧ព្រឹកនៅថ្ងៃទី១៩ ខែមេសា បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ត្រង់ក្បាល ក្រិចកដៃ និងស្មាខាងឆ្វេង ដែលបណ្តាលឱ្យស្ពឹកក្បាល វិលមុខ និងឈឺចាប់ពេញរាងកាយ។ ទោះយ៉ាងណា កញ្ញាបានទៅពិនិត្យនិងព្យាបាលដោយគ្រូពេទ្យសិទ្ធិមនុស្សអង្គលីកាដូ។ យុវតីរូបនេះអះអាងថា ការបុកផ្តួលម៉ូតូពីជនដៃដល់ គឺជាអំពើប៉ុនប៉ងសម្លាប់ ពីព្រោះមុនកើតហេតុរូបនាងត្រូវជនមិនស្គាល់អត្តសញ្ញាណតាមឃ្លាំមើលក្រោយពេលបន្តធ្វើការងារសង្គម។
សកម្មជនបរិស្ថាន និងជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលកញ្ញាកំពុងជិះម៉ូតូធ្វើដំណើរត្រឡប់មកពីជូនប្អូនស្រីធ្វើការរោងចក្រស្រាប់តែមានបុរសមិនស្គាល់មុខម្នាក់មាឌធំ ជិះម៉ូតូពាក់អាវយឺតដៃខ្លី បានបុកផ្គួលម៉ូតូរបស់កញ្ញាពីក្រោយពេញទំហឹង ត្រង់ចំណុចរង្វង់មូលចោមចៅ កែងនឹងផ្លូវវេងស្រេងដែលមានអ្នកធ្វើដំណើរតាមដងផ្លូវកកកុញ។ កញ្ញារៀបរាប់បន្តថា ជនបង្កបានសើចបែបឌឺដងដាក់កញ្ញាដោយគ្មានការភ័យខ្លាច ហើយក៏បានជិះម៉ូតូគេចខ្លួនបាត់ ទោះបីអ្នកធ្វើដំណើរស្រែកឱ្យឈប់យ៉ាងណាក្តី។ កញ្ញា សូ មេត្តា ចាត់ទុកទង្វើបែបនេះថា ជាចេតនាប៉ុនប៉ងស្លាប់កញ្ញា ដើម្បីគំរាមកំហែង បំភិតបំភ័យក្រោយពេលកញ្ញាបន្តចូលរួមធ្វើកិច្ចការងារសង្គម៖ «ខ្ញុំដូចមានហេតុ អ្វីមួយបង្ហាញប្លែកៗ អាចជាចេតនាធ្វើឱ្យយើងបាត់បង់ជាជីវិត ឬក៏គ្រោះថ្នាក់ ដោយសារពេលហ្នឹងឡានម៉ូតូច្រើន ជាពិសេសឡានធំៗ ចៃដន្យឡានធំបើកទៅមុខបន្តិចទេ បើម៉ូតូមកមុនហ្នឹងខ្ញុំនឹងអាចបាត់បង់ជីវិតដែរ ព្រោះជៀសគ្នាតែបន្តិចទេ បុកហ្នឹងមួយទំហឹងតែម្តង ហើយរត់ទៅបាត់»។
ជុំវិញរឿងនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា អះអាងថា រាល់បណ្តឹងរបស់ពលរដ្ឋសមត្ថកិច្ចតែងតែយកចិត្តទុកដាក់ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយជនរងគ្រោះចាំបាច់ត្រូវសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ដោយដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានពាក់ព័ន្ធដើម្បីសមត្ថកិច្ចងាយស្រួលស្រាវជ្រាវ។ ប៉ុន្តែលោកចោទថា បុគ្គលមួយចំនួនតែងតែលើកឡើងថា ខ្លួនជារងគ្រោះនោះ ដើម្បីបំពុលសង្គមពីព្រោះគ្មានភស្តុតាងច្បាស់លាស់ ហើយព្យាយាមគេចវេសសហការជាមួយសមត្ថកិច្ច៖ «សមត្ថកិច្ចយើងអនុវត្តជូនប្រជាពលរដ្ឋស្មើភាពគ្នា ហើយករណីអ្វីផ្សេងសមត្ថកិច្ចនឹងអនុវត្តជូន មិនមែនចេះតែលើកថា មានអ្នកនេះតាម មានអ្នកនេះចេះអ្នកនោះចុះទេ អ្នកខ្លះជាករណីរឿងផ្សេងការគិតរបស់គាត់ចេះតែគិតមក ដើម្បីជាការបំពុលមួយឱ្យប្រជាពលរដ្ឋផ្សេងមើលទៅអសន្តិសុខអី ប៉ុន្តែជាទូទៅវាមិនមានជាបញ្ហាចឹងទេ»។
ទោះយ៉ាងណាក្ដីកន្លងមក ជនរងគ្រោះមួយចំនួន ដែលជាសកម្មជនសង្គម និងនយោបាយ តែងបណ្ដឹង ទៅអាជ្ញាធរមានសមត្ថកិច្ចដែរ ប៉ុន្តែមកទល់ពេលនេះ គ្មានករណីណាមួយ ដែលត្រូវបានអាជ្ញាធរបំបែក ឬបង្ហាញលទ្ធផលស៊ើបអង្កេតគួរឲ្យទុកចិត្តបាននោះទេ។
សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកញ្ញា សូ មេត្តា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌច្បារអំពៅ ហើយតុលាការបានសម្រេចឃុំកញ្ញាក្នុងពន្ធនាគារជាងមួយឆ្នាំ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ពាក់ព័ន្ធនឹងគម្រោងស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យតុលាការដោះលែងមេសហជីពលោក រ៉ុង ឈុន។ ក្រោយពីចេញពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងក្រោមបម្រាមយ៉ាងតឹងរ៉ឹងពីតុលាការក៏ដោយ កញ្ញានៅតែប្តេជ្ញារក្សាឆន្ទៈបន្តការងារសង្គម ដោយចាប់ផ្តើមចេញពីការធ្វើយុទ្ធនាការកោរសក់នៅមុខប្រាសាទអង្គរវត្តបួងសួងឲ្យអាជ្ញាធរដោះលែងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ យុនាការដាក់ញត្តិស្នើមេដឹកនាំរុស្ស៊ីបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន រួមទាំងសកម្មភាពតស៊ូមតិដោយសន្តិវិធីជាច្រើនទៀត ដើម្បីរួមចំណែកការពារបរិស្ថាន លើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សង្កេតឃើញថា អំពើហិង្សា ការគំរាមកំហែងចំពោះសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថានកន្លងទៅកម្រឃើញអាជ្ញាធរវែកមុខជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់ណាស់។ លោកថា មូលហេតុនេះហើយ ដែលនាំឱ្យជនរងគ្រោះទាំងនោះតែងតែចោទប្រកាន់អាជ្ញាធរថា ខកខានស្វែងរកយុត្តិធម៌ដោយសារការងាររបស់ពួកគេ។ លោកបន្តថា ដើម្បីបញ្ចៀសការចោទប្រកាន់នានា អាជ្ញាធរត្រូវតែបង្ហាញឆន្ទៈក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋមិនមែនថា បញ្ហាកើតឡើងហើយប្រជាពលរដ្ឋរត់ទៅប្តឹងទៀត ទើបអាជ្ញាធរចាត់វិធានការទេ ពីព្រោះកិច្ចការពារសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ គឺជាតួនាទីអាជ្ញាធរដែលពាក់ព័ន្ធ»។
កញ្ញា សូ មេតា ឱ្យដឹងថា កញ្ញានឹងយកករណីនេះទៅពិភាក្សាជាមួយក្រុមយុវជន មុននឹងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានាការតាមផ្លូវច្បាប់ចំពោះជនប្រព្រឹត្តនោះ។ យ៉ាងណាកញ្ញាអះអាងថា កញ្ញានៅតែរក្សាជំហរចូលរួមសកម្មភាពជួយសង្គមដោយមិនតក់ស្លុតដដែល ទោះបីកញ្ញាមិនទទួលបានយុត្តិធម៌ ឬរងការលួចសម្លាប់ថ្ងៃណាមួយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។