មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ទៀត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​រត់​ពន្ធ​ស្វា​ក្ដាម​ទៅ​អាមេរិក

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ម្នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថា ទំនង​ជា​អាច​ជាប់ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​រត់ពន្ធ​ស្វា​ក្ដាម​ទៅ​សហរដ្ឋអាមេរិក។ សកម្មជន​បរិស្ថាន​យល់​ឃើញ​ថា ស្វា​ក្ដាម​នៅ​តែ​អាច​នាំ​ចេញ​ដោយ​ខុស​ច្បាប់ ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដើម្បី​ការពារ​មន្ត្រី​ខិលខូច ហើយ​អំពាវ​ឱ្យ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​បញ្ឈប់​ការ​នាំចូល​ស្វា​ពី​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម និង​ជា​អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល លោក សេន សុវណ្ណ ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន ចេញ​លិខិត ដើម្បី​បញ្ជាក់​សុខភាព​ស្វា​ក្ដាម​ខុស​ច្បាប់ ដើម្បី​អាច​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​មាន​ទំនាក់ទំនង​ផ្នែក​អាជីវកម្ម​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​នាំ​ចេញ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់។

ទិន្នន័យ​អាជីវកម្ម​ឆ្នាំ​២០១៩ របស់​អង្គការ​ផ្សព្វផ្សាយ​ទិន្នន័យ​សាជីវកម្ម​ជា​សាធារណៈ អូផិន ខប់ភើរេត (OpenCorporates) បង្ហាញ​ថា លោក សេន សុវណ្ណ គឺជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​រូប​នៅ​ក្រុមហ៊ុននាំ​ចេញ ​នាំ​ចូល ភី អេនសី អ៊ីមផត អ៊ឹចស្បត (P and Cei Import Export Co. Ltd) ដែល​ជា​ក្រុមហ៊ុន​រក​ស៊ី​ចិញ្ចឹម​សត្វ​កម្រ និង​សត្វ​ចម្រុះ​ផ្សេងៗ និង​មាន​ទំនាក់​ទំនង​ជាមួយ​លោក ជេម ម៉ាន់សាំងឡៅ (James Mansang Lau) ស្ថាបនិក​ក្រុមហ៊ុន វណ្ណី បាយអូ រីសើច (Vanny Bio Research) ដែល​ជា​ក្រុមហ៊ុន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ថា ពាក់ព័ន្ធ​នឹង​បណ្ដាញ​រត់​ពន្ធ​សត្វ​ស្វា​ក្តាម​ខុស​ច្បាប់​ទៅ​សហរដ្ឋអាមេរិក។

ការ​នាំចេញ​ស្វា​ក្ដាម​ទៅ​សហរដ្ឋអាមេរិកអាច​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​បានប្រសិន​បើ​សត្វ​ស្វា​ក្ដាម​គឺ​ជា​សត្វ​ស្វា​ចិញ្ចឹម​ពី​កសិដ្ឋានមិន​មែន​ជា​ស្វា​ដែល​គេ​ចាប់​មក​ពី​ព្រៃ។

ដើម្បី​អាច​នាំ​ស្វា​ក្ដាម​ទៅ​កាន់​សហរដ្ឋអាមេរិក សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​សត្វ​ស្វា​ត្រូវ​មាន​ឯកសារ​បញ្ជាក់ ​២​សន្លឹក ទៅ​ដល់​អាជ្ញាធរ​សហរដ្ឋអាមេរិក។ ឯកសារ​ទី១ គឺ​ជា​លិខិត​អនុញ្ញាត ដែល​ចេញ​ក្រោម​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ ឬ សាយតេស (CITES)។ លិខិត​អនុញ្ញាត​នេះ​បញ្ជាក់​ថា សត្វ​ស្វា​ដែល​ត្រូវ​នាំ​ចេញ​ គឺជា​ស្វា​ជំនាន់​ទី២ ដែល​ត្រូវ​បាន​បង្កើត និង​ចិញ្ចឹម នៅ​ក្រុមហ៊ុន​នាំ​ចេញ ហើយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ការិយាល័យ​ សាយតេស ​របស់​ប្រទេស​នាំ​ចេញ។ ឯកសារ​ទី២ គឺ​ឯកសារ​បញ្ជាក់​ថា ​សត្វ​ស្វា​នាំ​ចេញ​មាន​សុខភាព​ល្អ ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល​ដឹកនាំ​ដោយ​លោក សេន សុវណ្ណ។

អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីងតោន (Washington) សហរដ្ឋអាមេរិក (United States) អ្នកស្រី លីហ្សា ចន អេងជេល (Lisa Jones Engel) ដែល​បាន​ស្រាវ​ជ្រាវ​ទៅ​លើ​សត្វ​ស្វា​ជាង ៣០ឆ្នាំ រួម​ទាំង​សត្វ​ស្វា​នៅ​កម្ពុជា​ដែរ​នោះ យល់​ឃើញ​ថា ការ​ពាក់ព័ន្ធ​ផ្នែក​អាជីវកម្ម​របស់​លោក សេន សុវណ្ណ និង​ទំនាក់ទំនង​ជាមួយ​លោក ជេម ម៉ាន់សាំងឡៅ បង្ហាញ​ពី​ទំនាស់​ផល​ប្រយោជន៍។ អ្នកស្រី​បន្ថែម​ថា នៅ​ពេល​ដែល​អ្នក​ចេញ​លិខិត​បញ្ជាក់​វិញ្ញាបនបត្រ​សុខភាព​សត្វ​ស្វា​ដើម្បី​នាំ​ចេញ និង​អ្នក​រក​ប្រាក់​ចំណេញ​ពី​ការ​នាំ​ចេញ​សត្វ​ស្វា គឺជា​មនុស្ស​តែ​មួយ នោះ​ការណ៍​នេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ហើយ​វា​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ទាំង​នេះ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម និង​ជា​អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សេន សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​ទូរស័ព្ទ​ថា លោក​បាន​ដក​ខ្លួន​ពី​ក្រុមហ៊ុន នាំ​ចេញ ​នាំ​ចូល ភី អេន សី តាំង​ពី​ឆ្នាំ២០១៦ ម្លេះ ដោយ​លោក​បាន​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ ខាល អ៊ីប (Cald Ip)។ លោក​បាន​បដិសេធ​ថា លោក​មិន​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ លោក ជេម ម៉ាន់សាំងឡៅ ឡើយ។

ទោះ​ជា​យ៉ាង​ណាក្ដី ​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា មិន​មាន​ឈ្មោះ លោក ខាល អ៊ីប ឈរ​ឈ្មោះ​ជា​ម្ចាស់​ភាគ​ហ៊ុន​នេះ​ទេ ដោយ​ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ទៀត​ក្រៅ​ពី​លោក សេន សុវណ្ណ គឺ​លោក ជេម ម៉ាន់សាំងឡៅ ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន វណ្ណី បាយអូ រីស៊ើច ដែល​នាំ​ស្វា​ក្ដាម​ទៅ​សហរដ្ឋអាមេរិក។ តុលាការ​សហរដ្ឋអាមេរិក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ចោទ​ប្រកាន់​លោក ជេម ម៉ាន់សាំងឡៅ រួម​ជា​មួយ​នឹង​បុគ្គលិក​របស់​គាត់​ចំនួន ៥នាក់ និង​មន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ជាន់​ខ្ពស់ ​២នាក់​ទៀត​ថា បាន​នាំចេញ​សត្វ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់​រាប់​ម៉ឺន​ក្បាល​ទៅ​សហរដ្ឋអាមេរិក។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អ្នកនាង អ៊ឹម រចនា ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​មករា។

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន ​(Alejandro Gonzalez Davidson) យល់​ឃើញ​ថា ការ​រក​ឃើញ​នេះ​គឺជា​ភស្តុតាង​​បញ្ជាក់​​អំពី​វិនាសកម្ម​ស្វា​ក្ដាម​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ក្រុម​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​​ខិលខូច​​ឃុបឃិត​គ្នា​ជួញ​ដូរ​ដោយ​ខុស​ច្បាប់។ ទោះ​ជា​យ៉ាង​ណា ​លោក​យល់​ឃើញ​ថា រដ្ឋាភិបាល​​នឹង​​បន្ត​​ការពារ​​មន្ត្រី និង​ឈ្មួញ​ខិលខូច​ព្រោះ​រដ្ឋាភិបាល បាន​បង្កើត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដើម្បី​​ការពារ​​គ្នា​​ទៅ​​វិញ​ទៅ​មក និង​យក​លុយ​ពី​អំពើ​ពុក​រលួយ​ទាំង​នេះ ឧបត្ថម្ភ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​​យុទ្ធនាការ​​បោះ​ឆ្នោត។ ក្នុង​នាម​ជា​សកម្មជន​បរិស្ថាន និង​ស្រលាញ់​សត្វ​ព្រៃ លោក អាឡិច សំណូមពរ​​ឱ្យ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក បញ្ឈប់​ការ​នាំចូល​សត្វ​ស្វា​ជា​បន្ទាន់ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ស្វា​ក្ដាម​នៅ​ប្រទេស​កម្ពុជា។

លោក អាឡិច៖ «គណបក្ស​ប្រជាជន​ដាច់​ខាត​ត្រូវ​តែ​ទទួល​ថវិកា​ពី​ក្រុមហ៊ុន​ធំៗ ​នៅ​កម្ពុជា ជាពិសេស ក្រុមហ៊ុន​ដែល​ប្រព្រឹត្តិ​សកម្មភាព​ខុស​ច្បាប់ ឧទាហរណ៍​ថា កាប់​ឈើ បូម​ខ្សាច់​ខុស​ច្បាប់​នាំ​ទៅ​ប្រទេស​សិង្ហបុរី(Singapore)ឬ​ក៏​បូម​ខ្សាច់​តាម​ទន្លេ​មេគង្គ លុប​បឹង ជួញ​ដូរ​សត្វ​ស្វា​ទៅ​អាមេរិក​ហ្នឹង គឺ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​សកម្មភាព​កខ្វក់ ឬក៏​សកម្មភាព​ខុស​ច្បាប់​ហ្នឹង ត្រូវ​តែ​ជួយ​គណបក្ស​ប្រជាជន។ ពាល​ត្រូវ​តែ​ជួយ​ពាល ដោយសារ​អា​ហ្នឹង​វា​មិន​មែន​ត្រឹម​តែ​ជា​រដ្ឋាភិបាល​មួយ​ដែល​ផ្ដាច់​ការ​ទេ ជា​រដ្ឋាភិបាល​មួយ​ដែល​សុទ្ធ​តែ​ថ្នាក់​លើ​ហ្នឹង​សុទ្ធ​តែ​រក​ស៊ី​ខុស​ច្បាប់ សុទ្ធ​តែ​ជើង​កាង សុទ្ធ​តែ​ម៉ាហ្វៀ(ឧក្រិដ្ឋជន)ហ្នឹង សុទ្ធតែ​Gangster (មនុស្ស​ខិលខូច)ហ្នឹង»។

ការ​រក​ឃើញ​ថ្មី​នេះ គឺជា​ភស្តុតាង​ថ្មី​បន្ថែម​ទៀត ពី​លើ​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ទៅ​លើ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​កម្ពុជា ២នាក់​កន្លង​មក ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់។ បុគ្គល​ទាំង​ពីរ​រូប​នោះ គឺ​ម្នាក់​ជា​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម លោក គ្រី ម៉ះផល និង​ម្នាក់​ទៀត​ជា​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស។ ករណី​ជួញ​ដូរ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នេះ ក៏​ត្រូវ​បាន​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ ដោយ​ក្រុមហ៊ុន វណ្ណី បាយអូ រីស៊ើច ធ្លាប់​បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិក (១០.០០០ដុល្លារ) ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។