តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិ ៣នាក់ ទៅថ្ងៃសុក្រ ទី១៣ សប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់សវនាការជំនុំជម្រះនៅថ្ងៃទី៦ កក្កដា នេះ។ អតីតសកម្មជនមាតាធម្មជាតិ សង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ពួកគេ ដោយទម្លាក់ចោលសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍ ដែលបានកាត់ក្តីឱ្យពួកគេជាប់ពន្ធនាគារ ១៨ខែ ទាំងអយុត្តិធម៌នោះ។
មេធាវីការពារក្ដីឱ្យអតីតសកម្មជនមាតាធម្មជាតិទាំង ៣រូប លោក សំ ចំរើន អះអាងថា ខាងមេធាវីបានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលសម្រេចឱ្យកូនក្តីរបស់លោកបានរួចខ្លួនពីបទចោទប្រកាន់ក្នុងសំណុំរឿងនេះ ខណៈតំណាងមហាអយ្យការបានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះទទួលយកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ លោកបន្តថា ខាងតំណាងមហាអយ្យការមិនបានលើកយកភស្តុតាងបន្ថែមមកដាក់បន្ទុកកូនក្តីរបស់លោកឡើយ ដូច្នេះលោករំពឹងថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់កូនក្តីរបស់លោក ដ្បិតសកម្មភាពរបស់ពួកគេធ្វើឡើងដើម្បីប្រយោជន៍សាធារណៈប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តទោសកំហុសអ្វីឡើយ៖ « ខ្ញុំយល់ថាសេចក្ដីសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍កន្លងមក គឺធ្វើឡើងដោយមានការភ័ន្តច្រឡំទៅលើអង្គហេតុ និងអង្គច្បាប់ដែលកើតឡើងកាលពីឆ្នាំ២០១៥ ដូច្នេះគួរតែតុលាការអនុវត្តច្បាប់ដោយការអត់ឱន និងយោគយល់ ដើម្បីបង្ហាញពីភាពទំនើបរបស់ខ្លួនក្នុងការអនុវត្តច្បាប់ »។
សកម្មជនបរិស្ថាន ៣ រូប រួមមានយុវជន សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ឹម សំណាង ត្រូវបានតុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារ ក្រោមបទចោទ "គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ" ក្រោយពេលពួកគេទាំង ៣ និងពលរដ្ឋជាច្រើននាក់ផ្សេងទៀត នាំគ្នាចុះឃាត់សកម្មភាពបូមខ្សាច់អានាធិបតេយ្យរបស់ក្រុមហ៊ុនមួយចំនួននៅតាមដងព្រែកក្នុងខេត្តកោះកុង។ អ្នកទាំងបីត្រូវបានក្រុមហ៊ុន Direct Access ដែលជាប្រតិបត្តិករបូមខ្សាច់ ប្តឹងទៅតុលាការ ហើយតុលាការក៏បានសម្រេចឃុំខ្លួនអ្នកទាំងបីដាក់ពន្ធនាគារបណ្ដោះអាសន្នអស់រយៈពេលជាង ១០ខែ ទើបដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយពេលប្រកាសសាលក្រមរួច។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា ថ្លែងថា ការចាប់ខ្លួនពួកលោកដាក់ពន្ធនាគារជាង ១០ខែ និងការផ្ដន្ទាទោសរបស់តុលាការទាំងពីរថ្នាក់នេះ គឺជារឿងអយុត្តិធម៌ ព្រោះពួកលោកមិនបានប្រព្រឹត្តកំហុសអ្វីនោះឡើយ។ លោកថាអ្វីដែលពួកលោកបានធ្វើនោះ គឺជាការការពារផលប្រយោជន៍ពលរដ្ឋ និងធនធានធម្មជាតិតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពហាមឃាត់គ្រឿងចក្របូមខ្សាច់នាពេលនោះ គឺធ្វើឡើងទៅតាមឆន្ទៈរបស់ពួកគាត់ មិនមានការញុះញង់ ឬចង្អុលបង្ហាញពីពួកលោកដែលជាសកម្មជនបរិស្ថាននោះទេ។ លោកអះអាងថា ការសម្រេចសេចក្តីរបស់តុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍នោះ ធ្វើឡើងដោយផ្អែកទៅលើតែពាក្យសម្តីនិយាយតគ្នាពីមាត់មួយទៅមាត់មួយរបស់បុគ្គលិកក្រុមហ៊ុនតែប៉ុណ្ណោះ មិនមានអ្វីជាភស្តុតាងច្បាស់លាស់ឡើយ៖ « យើងអត់មានទៅធ្វើការគំរាមកំហែងថានឹងទៅដុតសាឡង់គេ ឬក៏បញ្ជាឱ្យបុគ្គលិកចាក់ខ្សាច់ចេញពីសាឡង់ដែរ។ វាគ្រាន់តែជាការលើកឡើង និងចោទប្រកាន់របស់ខាងដើមបណ្ដឹងសុទ្ធសាធ ព្រោះកាលពីជំនុំជម្រះនៅសាលាដំបូងខេត្តកោះកុង គឺតុលាការរកមិនឃើញទេថា យើងប្រព្រឹត្តអ៊ីចឹង។ បន្ទាប់មកទើបបានតុលាការប្ដូរបទចោទថា យើងជាអ្នកផ្ដើមគំនិតវិញ ដូច្នេះយើងសង្ឃឹមថា តុលាការនឹងពិចារណាដើម្បីទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ »។
ក្រៅពីយុវជនទាំង ៣រូបនេះ សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ២ រូបផ្សេងទៀត គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ក៏ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន និងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំផងដែរ បន្ទាប់ពីពួកគេបានជិះទូកថតរូបកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រក្នុងខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១៧។ អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីដើមឆ្នាំ ២០១៨ នេះ ក្រោយពេលជាប់ពន្ធនាគារជិតកន្លះឆ្នាំ ខណៈអង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន។
យុវជន សាន់ ម៉ាឡា យល់ឃើញថា អ្វីដែលបានកើតឡើងចំពោះពួកលោកទាំង ៥នាក់ និងអង្គការមាតាធម្មជាតិនេះ ស្ដែងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលរបស់អ្នកមានលុយមានអំណាចក្នុងខេត្តកោះកុង ដើម្បីចាត់ការអ្នកហ៊ានចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ៖ « ក្រុមអ្នករកស៊ីដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជននោះ មិនដែលឃើញតុលាការ ឬក៏មន្ត្រីរដ្ឋាភិបាលនាំពួកគាត់ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ទេ បើទោះបីជាកន្លងមក មានរបាយការណ៍ មានការរកឃើញពីបញ្ហាពុករលួយ បាត់លុយនៃការនាំចេញខ្សាច់រាប់រយលានដុល្លារក៏ដោយ។ នេះយើងមើលឃើញថា ការអនុវត្តច្បាប់មានស្តង់ដារពីរ ត្រង់ថាសែស្រឡាយ ឬក៏អ្នកប្រព្រឹត្តដែលជាអ្នកមានអំណាច តែងតែរួចពីសំណាញ់ច្បាប់ ប៉ុន្តែមនុស្សដែលទៅការពារ ហើយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គេ នោះបែរជាគេយកច្បាប់មកគាបសង្កត់គ្របដណ្ដប់លើយើងទៅវិញ »។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក សឹង សែនករុណា ដែលបានតាមដានរឿងនេះតាំងពីដើមដំបូងនោះ ថ្លែងថា សកម្មភាពរបស់យុវជនទាំង ៣នាក់ មិនមែនជាការប្រព្រឹត្តបទល្មើសអ្វីឡើយ ផ្ទុយទៅវិញគឺជាការចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមការចង់បានរបស់ប្រមុខរដ្ឋាភិបាលប៉ុណ្ណោះ ដូច្នេះតុលាការកំពូលគួរតែផ្ដល់យុត្តិធម៌ដល់ពួកគេ៖ « ពួកគាត់ជាសកម្មជនសង្គម ដូច្នេះតើគាត់មានលុយឯណាដល់ទៅមួយរយលានរៀលនោះ ? ជីវភាពពួកគាត់លំបាក ហើយពួកគាត់បានធ្វើកិច្ចការជួយសង្គម ជួយជាតិរបៀបនេះ គួរតែត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត មិនគួរណាមានការចាត់វិធានការ ហើយដាក់សម្ពាធឱ្យពួកគាត់សងសំណងបែបនេះទេ។ គួរតែបញ្ចប់រឿងនេះ នៅត្រឹមតុលាការកំពូលហើយ ដើម្បីឱ្យពួកគាត់មានឆន្ទៈក្នុងការបំពេញតួនាទីរបស់ពួកគាត់បន្តទៀត ដើម្បីជួយការពារធនធានធម្មជាតិ »។
ក្រុមសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ គឺជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់ភ្លូកទឹកភ្លូកដីនៅតាមដងស្ទឹង និងព្រែក នៃតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង បើទោះបីជាពួកគេត្រូវទទួលរងការធ្វើទុក្ខបុកម្នេញម្តងហើយម្ដងទៀតក្តី។ ក្រសួងរ៉ែ និងថាមពលនៃរបបលោក ហ៊ុន សែន តែងបានច្រានចោលការលើកឡើងរបស់ក្រុមសកម្មជនបរិស្ថានទាំងនោះអំពីភាពអានាធិបតេយ្យនៃការធ្វើអាជីវកម្មខ្សាច់ក្នុងខេត្តកោះកុង និងបានបដិសេធរឿងអាស្រូវពុករលួយខាតបង់ចំណូលពន្ធរាប់រយលានដុល្លារពីវិស័យនេះ ក៏ប៉ុន្តែក្រោយមករបបនេះ ហាក់ដូចជាបានទទួលស្គាល់នូវអ្វីដែលក្រុមសកម្មជនបានរកឃើញ ដោយបានបិទលែងឱ្យមានការនាំចេញខ្សាច់ទៅក្រៅប្រទេសតទៅទៀត ហើយក៏បានហាមមិនឱ្យមានការបូមខ្សាច់ទ្រង់ទ្រាយធំក្នុងខេត្តកោះកុងតទៅទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។