តំណាង​សហគមន៍​អារ៉ែង​ទៅ​ជួប​មេឃុំ​ជំនាប់​ដើម្បី​សុំ​ឱ្យ​រក្សាទុក​ស្នាក់​ការ​សហគមន៍

0:00 / 0:00

តំណាង​សហគមន៍​តំបន់​អារ៉ែង ក្នុង​ឃុំ​ជំនាប់ កាលពី​ថ្ងៃទី២៦ មីនា បាន​ទៅ​ជួប​ជាមួយ​មេឃុំ ដើម្បី​ស្នើ​សុំ​ឱ្យ​រក្សាទុក​ស្នាក់​ការ​សហគមន៍​ឱ្យ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ ទោះជា​យ៉ាងណា មេឃុំ​ជំនាប់​មិន​បាន​សន្យា​អ្វី​ជាក់លាក់​ជាមួយ​តំណាង​សហគមន៍​ជុំវិញ​សំណើ​នោះ​ទេ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង ឃុំ​ជំនាប់ លោក ហ៊ឹង ពៅ ឱ្យ​អាស៊ីសេរី​ដឹង​ថា រូបលោក​និង​ប្រធាន​សហគមន៍​ព្រៃឈើ​ជំនាប់ លោក វ៉ែន វ៉ន បាន​ទៅ​ជួប​ចរចារ​ជាមួយ​មេឃុំ​ជំនាប់ លោក មាស ជ្រាយ ដើម្បី​ស្នើសុំ​កុំ​ឱ្យ​មានការ​រុះរើ​ស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង។ លោក​បន្ត​ថា មេឃុំ​បាន​ប្រាប់​លោក​ថា នឹង​យក​សំណើ​របស់​ប្រជា​សហគមន៍​នេះ ទៅ​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​អាជ្ញាធរ​ភូមិ​ជា​មុន​សិន មុននឹង​សម្រេច​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ស្នាក់​ការ​សហគមន៍​នោះ។

លោក​បន្ត​ថា ខាង​អាជ្ញាធរ​ឃុំ​ហាក់​ដូចជា​បាន​បន្ទន់​ជំហរ​ចំពោះ​ការ​តម្រូវ​ឱ្យ​រុះរើ​ស្នាក់​ការ​សហគមន៍​នោះ ដោយសារ​មេឃុំ​បាន​ទទួល​ស្គាល់​អត្ថប្រយោជន៍​នៃ​ស្នាក់​ការ​សហគមន៍ និង​បញ្ជាក់​ថា លោក​ក៏​មិន​ចង់​ឱ្យ​មាន​ការ​រុះរើ​ដែរ៖ «ប្រសិនបើ​គាត់​ធ្វើ​ទៅ​តាម​អ្វី​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ​ព្រឹក​មិញ​នេះ នោះ​ជា​រឿង​មួយ​ដែល​យើង​សប្បាយចិត្ត និង​ទទួល​យក​បាន ព្រោះ​គាត់​បាន​និយាយ​ថា គាត់​នឹង​វាស់ដី​សាលាឃុំ ១២០ ម៉ែត្រ​នោះ ហើយ​បើ​លើស​ពី​នោះ គាត់​នឹង​ទុក​ឱ្យ​សហគមន៍។ យើង​សម្រួល​គ្នា​ទៅ កុំ​ឱ្យ​ពិបាក​មាន​បញ្ហា​ធំ​ទៅ​ថ្ងៃមុខ សម្រេច​ត្រឹម​ឃុំ​បាន​ហើយ គាត់​ក៏​និយាយ​បែបនេះ​ដែរ»។

លោក ហ៊ឹង ពៅ រំពឹង​ថា អាជ្ញាធរ​ឃុំ​នឹង​ពិចារណា​ក្នុង​ការ​សម្រេច​ទុក​ស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង​នោះ​ឱ្យ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សហគមន៍ និង​បង្ហាញ​ពី​ទំនាក់ទំនង ការ​យោគយល់ និង​អធ្យាស្រ័យ​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ។

កាលពី​សប្ដាហ៍​មុន រដ្ឋបាល​ឃុំ​ជំនាប់​បាន​ចេញ​លិខិត​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល តម្រូវ​ឱ្យ​តំណាង​សហគមន៍​ស្ទឹង​អារ៉ែង រុះរើ​ស្នាក់​ការ​សហគមន៍​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​២៥ មេសា ជា​កំណត់ បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​ឃុំ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ រដ្ឋបាល​ឃុំ​ជំនាប់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ឱ្យ​រុះរើ​នោះ​ថា ដោយសារ​ឃុំ​ត្រូវ​ការ​រៀបចំ​ដី ដើម្បី​សង់​សាលា​ឃុំ បម្រើ​សេវា​ជូន​ពលរដ្ឋ តែ​តាម​ការ​បញ្ជាក់​របស់​មេ​ឃុំ ថា​រដ្ឋបាល​ឃុំ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​សាងសង់​សាលាឃុំ​នោះ​នៅឡើយ​ទេ។

មេឃុំ​ជំនាប់ លោក មាស ជ្រាយ ថ្លែង​ថា ខាង​អាជ្ញាធរ​ឃុំ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​សំណើ​របស់​សហគមន៍​នេះ តែ​លោក​ស្វាគមន៍​ចំពោះ​ការ​ស្នើសុំ​ជួប​សម្របសម្រួល​ជាមួយ​តំណាង​សហគមន៍។ លោក​បញ្ជាក់​ថា សហគមន៍​តំបន់​អារ៉ែង ឃុំ​ជំនាប់ មិនទាន់​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ដូច្នេះ​ការ​សាងសង់​ស្នាក់​ការ​សហគមន៍​នៅ​លើ​ដី​សាលាឃុំ​នោះ គឺជា​រឿង​ឯកជន​ប៉ុណ្ណោះ៖ «កន្លែង​សហគមន៍​នោះ គឺជា​លក្ខណៈ​ឯកជន​ទេ។ ពួកគាត់​មិន​ទាន់​បាន​ចុះបញ្ជី​ដីធ្លី អត់​មាន​ក្រុមប្រឹក្សាវិន័យ អត់​មាន​អ្វី​ទាំងអស់»។

ស្នាក់ការ​សហគមន៍​ស្ទឹង​អារ៉ែង​ត្រូវ​បាន​សាងសង់​ឡើង​កាលពី​ឆ្នាំ ២០១៥ នៅ​លើ​ផ្ទៃដី​ប្រមាណ ៣០ ម៉ែត្រការ៉េ ដោយ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៨ លាន​រៀល ឬ​ស្មើនឹង ២ ពាន់​ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​ទាំងអស់​នេះ​បាន​មក​ពី​ការ​សន្សំ​របស់​សហគមន៍ និង​ការឧបត្ថម្ភ​ពី​សប្បុរសជន​មួយ​ចំនួន។ ស្នាក់​ការ នេះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​ទទឹង ១២ ម៉ែត្រ និង​បណ្ដោយ ៧ម៉ែត្រ។

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ថ្លែង​ថា ស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង ពិតជា​ស្ថិត​នៅ​លើ​ដី​របស់​សាលាឃុំ​មែន តែ​មុន​នឹង​សាងសង់ ខាង​សហគមន៍​បាន​ស្នើសុំ​ដោយ​ផ្ទាល់​មាត់ ទៅ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​រួចហើយ ហើយ​ក្រុម​អាជ្ញាធរ​សុទ្ធ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​ស្នាក់ការ​សហគមន៍​នោះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ។ នាង​បន្ត​ថា មកដល់​សព្វថ្ងៃ​ស្នាក់ការ​សហគមន៍​នេះ បាន​ក្លាយ​ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​របស់​ប្រជា​សហគមន៍ និង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួប​ប្រជុំ​ដ៏​សំខាន់​របស់​ពួកគាត់។ នាង អំពាវនាវ​ដល់​អាជ្ញាធរ​ពិចារណា​ក្នុង​ការ​រក្សាទុក​ស្នាក់ការ​សហគមន៍​ស្ទឹង​អារ៉ែង​ឱ្យ​នៅ​ដដែល៖ «កន្លែង​នោះ​វា​មិន​ខុស​អ្វី​ពី​កន្លែង​ផ្ដល់​ការអប់រំ​មួយ​ដល់​ប្រជាជន​ទេ អ៊ីចឹង​ប្រសិនបើ​គាត់​គិត​ថា ខុសច្បាប់ គាត់​ជួយ​ពន្លឿន​នីតិវិធី​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ចង់បាន ដូចជា សំណើ​សុំ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ ជាដើម​នោះ ឱ្យ​បាន​ស្របច្បាប់​មក រួចហើយ​បញ្ចូល​សហគមន៍​នោះ​ទៅជា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ស្របច្បាប់​ទៅ ព្រោះ​មេឃុំ​ក៏​គាត់​រស់នៅ​តំបន់​នោះ​ដែរ​ហ្នឹង។ ហើយ​ពេល​ភ្ញៀវ​ទេសចរ​ចូល​មក មិនមែន​បាន​ផលប្រយោជន៍​តែ​ពលរដ្ឋ​ទេ គឺ​វា​បម្រើ​ទាំង​ឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ទាំងនោះ​ទៀត»។

ស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ជួប​ប្រជុំ​របស់​ប្រជា​សហគមន៍​អំពី​ការ​អភិវឌ្ឍ​មូលដ្ឋាន ជា​កន្លែង​បណ្ដុះបណ្ដាល​អំពី​ច្បាប់ និង​សិទ្ធិ និង​ជា​កន្លែង​ជួប​ជាមួយ​ក្រុម​យុវជន​ដែល​ចង់​ដឹង​ចង់​ស្គាល់​តំបន់​អារ៉ែង ហើយ​ក្រោយ​មក​វា​ក៏បាន​ក្លាយ​ជា​ទីកន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់អាស្រ័យ​នៅ​ពេល​ពួកគេ​មក​ដើរ​កម្សាន្ត​នៅ​តំបន់​អារ៉ែង ដែល​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ក្នុង​ខេត្ត​កោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។