មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសព្រៃកាន់តែច្រើន ក្នុងនោះ មានទាំងមន្ត្រីដែលទទួលខុសត្រូវការពារព្រៃឈើ និងឈ្មួញរកស៊ីព្រៃឈើមាន ទាំងជនជាតិខ្មែរ និង ជនជាតិបរទេស។ សង្គមស៊ីវិល ជំរុញឱ្យតុលាការ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ព្រោះបទល្មើសព្រៃឈើនេះធ្វើឡើង ជាប្រព័ន្ធជាច្រើនឆ្នាំមកហើយ។
មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនមន្ត្រីការពារព្រៃឈើក្នុងខេត្ត ៣នាក់ ជនជាតិចិន ៣នាក់ ជនជាតិវៀតណាម ២នាក់ ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបង្ហោះនៅលើហ្វេសប៊ុករបស់ លោកថា នៅថ្ងៃទី២៧ ខែកក្កដា មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនមន្ត្រី៣នាក់ពាក់ព័ន្ធនឹងបទ ល្មើសព្រៃឈើនៅក្រុមហ៊ុនប៉ាស៊ីហ្វិក ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា។ មន្ត្រីទាំង៣រូបនេះ រួមមាននាយកដែនជម្រក សត្វព្រៃភ្នំព្រេច លោក ហាន សាខន នាយរងរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក សារូ រតនា និងនាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ លោក ហ៊ុន វណ្ណេ។ នៅថ្ងៃដដែលនេះ មន្ត្រីកងរាជអាវុធហត្ថ ក៏បានចាប់ខ្លួន និងបញ្ជូនជាតិចិន៣ និងវៀតណាម២នាក់ទៅតុលាការដែរ។ ជនជាតិចិនទាំង៣នាក់ គឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុនថាច់វូដ។ ចំណែកជនជាតិវៀតណាម២នាក់ ពាក់ ព័ន្ធនឹងការប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស ប្រាប់អាស៊ីសេរីថា មន្ត្រីទាំង៣រូប និង ជនជាតិចិន៣រូប ត្រូវបាននាំឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តវិញ ដើម្បីរង់ចាំបន្តនីតិវិធីនៅទី២៨ ខែកក្កដា។ ចំណែកជនជាតិវៀតណាមទាំងពីរនាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងក្រៅដែនព្រៃគប់កំណត់ក្នុងលិខិតអនុញ្ញាត និងបទផ្ទេរសិទ្ធិដោយគ្មានការអនុញ្ញាត តាមមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ៖ «ស្អែកៗបន្តទៀត ព្រោះថ្ងៃនេះឃុំខ្លួនអត់ទេ ព្រោះឥឡូវនៅដំណាក់កាលសាកសួរនៅអយ្យការនៅឡើយ»។
ទន្ទឹមគ្នានេះដែរ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក ទៀង សុថា បានចេញដីកា បង្គាប់ឱ្យមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក សាក់ សារុន ចូលខ្លួនបំភ្លឺ នៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែសីហា ដើម្បីសាកសួរពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ដីកាបង្គាប់ឱ្យចូលខ្លួន ដែលអាស៊ីសេរីទទួលបាន នៅថ្ងៃទី២៧ ខែកក្កដា បញ្ជាក់ថា ក្នុងករណី លោក សាក់ សារុន មិនព្រមចូលមកបង្ហាញខ្លួនតាម ការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា ចំណាត់ការផ្លូវច្បាប់លើមន្ត្រី និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះគឺទើបតែចាប់ផ្ដើម ដំណាក់កាលដំបូង ខណៈបទល្មើសព្រៃឈើនេះកើតឡើងដុសស្លែទៅហើយក្នុងខេត្តមណ្ឌលគិរី។ លោកបន្តថា ការឃាត់ខ្លួនមន្ត្រី និងឈ្មួញរកស៊ីព្រៃឈើនេះ បង្ហាញថា បទល្មើសព្រៃឈើនៅកម្ពុជា កើតឡើងជាប្រព័ន្ធ។ លោកជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និង ស្ថាប័នតុលាការ ចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង និងនាំខ្លួនមន្ត្រីធំៗ និងក្រុមមេខ្លោងរកស៊ីព្រៃឈើ ខុសច្បាប់ដទៃទៀតផ្ដន្ទាទោសតាមច្បាប់៖ «បទល្មើសព្រៃឈើមិនមែនទាល់តែគណៈកម្មការជាតិចុះទៅទើបផ្ទុះទៅការភ្ញាក់ផ្អើលទេ ។ អ្វីដែលស្ងាត់ស្ងៀមនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋសង្ស័យថា បទល្មើសឧក្រិដ្ឋព្រៃឈើវាកើតឡើងជាប្រព័ន្ធ មានអំពើពុករលួយជាប្រព័ន្ធ។ អ៊ីចឹងអ្វីដែលតុលាការកោះហៅនេះនៅមានតទៅទៀត។ ជាពិសេសអ្វីដែលពលរដ្ឋសង្ស័យគឺមិនមែនតែ មន្ត្រីថ្នាក់ក្រោមតែប៉ុណ្ណឹងទេ អាចមានថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិ»។
ការឃាត់ខ្លួនមន្ត្រី និងឈ្មួញរកស៊ីព្រៃឈើជាបន្តបន្ទាប់នេះ កើតឡើងក្រោយចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ៣នាក់ កាលពីថ្ងៃទី៩ កក្កដាកន្លងទៅ។ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញថា មានក្រុមហ៊ុនចំនួន ៥ ដែលទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ច ក្នុងខេត្តមណ្ឌលគិរី ប្រឈមនឹងត្រូវដកអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនម៉ាស្ទ័រខេសិន ក្រុមហ៊ុនចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុនវិជ្ជរី និង ក្រុមហ៊ុនណេងណា។ ទន្ទឹមគ្នានេះ សមត្ថកិច្ចកំពុងរកជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៩នាក់ទៀត។
កាលពីពេលថ្មីៗនេះ អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួនម្ដង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យទាល់តែបាន។ លោក សៅ សុខា អះអាងថា ទោះបីជាជនល្មើសមានតំណែងប៉ុនណាក៏ដោយ ក៏លោកបញ្ជាឱ្យចាប់ទាំងអស់។ ទោះបីជាយ៉ាងណា សង្គមស៊ីវិលថា លោក សៅ សុខា អាចចាញ់ពាក្យសន្យាព្រោះលោកនាយករដ្ឋមន្ត្រី ដែលធ្លាប់ប្រកាសកាត់ក្បាលចោល បើមិនអាចបង្ក្រាបការបំផ្លាញព្រៃឈើនោះ នៅមិនទាន់ធ្វើតាមពាក្យសន្យានៅឡើយទេ។
លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា ដើម្បីឱ្យប្រតិបត្តិការមានប្រសិទ្ធភាពទាំងការបង្ក្រាប និងធ្វើឱ្យ មជ្ឈដ្ឋានព្រៃឈើដូចដើមឡើងវិញ គឺរដ្ឋាភិបាល ត្រូវស្រាវជ្រាវរកអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើ ក្នុងរយៈពេល១៥ឆ្នាំ ហើយនាំយកទៅផ្ដន្ទាទោសតាមច្បាប់ និងតម្រូវឱ្យពួកគេសងសំណងដើម្បី យកទៅដាំដើមឈើឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។