កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ កោះកុងក្រៅលេខ២ នៅថ្ងៃទី១ វិច្ឆិកា បានហាមឃាត់ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណ១០នាក់ មិនឲ្យចូលទៅទស្សនាទឹកជ្រោះ នៅក្រោយភូមិអាវឡាតាន ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងទឹកជ្រោះផ្សេងទៀត។ ទាហានទាំងនោះ មិនបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ អំពីការហាមឃាត់នេះទេ។
ក្រោយការហាមឃាត់នេះ ក្រុមយុវជនចលនាមាតាធម្មជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)នៅថ្ងៃទី១ វិច្ឆិកា ដោយចាត់ទុកការហាមឃាត់របស់ទាហាននេះ ជាទង្វើខុសច្បាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពធ្វើដំណើរ។ ប្រភពដដែលលើកឡើងជាសំណួរថា តើមានអ្វីនៅពីក្រោយការហាមឃាត់នេះ? និងតើប្រជាជនខ្មែរមិនអាចទៅលេងទឹកជ្រោះ របស់ខ្មែរ ឬយ៉ាងណា?
កោះកុងក្រៅ ជាកោះដ៏ធំស្ថិតនៅក្នុងលំហសមុទ្រកម្ពុជា មានទីតាំងក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះកុងក្រៅគ្របដណ្ដប់ដោយព្រៃឈើក្រាស់ឃ្មឹក អមដោយទឹកជ្រោះជាច្រើនកន្លែង មានជីវចម្រុះជាច្រើនប្រភេទ ជាពិសេសកោះនេះ មានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
រដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានប្រគល់សិទ្ធិវិនិយោគកោះកុងក្រៅទាំងមូលដោយស្ងាត់ៗ កាលពីឆ្នាំ២០១៩ ទៅឱ្យក្រុមហ៊ុនកោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាសេដ្ឋីបនល្បែងស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់ពីការផ្ដល់សិទ្ធិវិនិយោគនោះ ក្រុមយុវជនចលនាមាតាធម្មជាតិ ធ្លាប់បានធ្វើយុទ្ធនាការ ដាក់ញត្តិទៅក្រសួងបរិស្ថានឲ្យដកហូតកោះកុងក្រៅមកជាទ្រព្យសម្បត្តិរដ្ឋវិញ ប្រេតមាតាធម្មជាតិ ទាមទារឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ និងការជូនផ្កាទៅក្រសួងបរិស្ថាន ដើម្បីស្នើឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។