សកម្មជនបរិស្ថាន ​រិះគន់​អាជ្ញាធរ​ខេត្ត​កែប​ថា​ អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

0:00 / 0:00

សកម្មជន​​បរិស្ថាន រិះគន់​​អាជ្ញាធរ​ខេត្ត​កែប​ថា អសមត្ថភាព​​ក្នុង​​ការ​​ទប់​ស្កាត់​​បញ្ហា​​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ម្ដុំ​ច្រក​ចូល​សិលា​ចាំ​ប្ដី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នៅ​ទីនោះ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កែប បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ។

សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​អាជ្ញាធរ​ខេត្ត​កែប​ថា បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បញ្ហា​សំរាម​នៅ​ផ្សារ​ក្ដាម និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដែល​ហូរ​ចេញ​ពី​សណ្ឋាគារ។ ពួកគាត់​ថា ទឹក​ស្អុយ​ និង​សំរាម​ទាំងនោះ នឹង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ដែល​ទៅ​លេង​កម្សាន្ត​​នៅ​ទីនោះ។ ការ​លើកឡើង​នេះ គឺ​ក្រោយពី​ពួកគាត់​បាន​ទៅ​ឃើញ​ផ្ទាល់​នៅ​ទីនោះ កាលពីថ្ងៃ១៩ ខែកុម្ភៈ។

វីដេអូ និង​រូបភាព​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​កាលពី​ថ្មីៗ​នេះ បង្ហាញ​ថា ការ​បង្ហូរទឹក​ស្អុយ​ចេញ​ពី​លូ​ចូល​ទៅ​សមុទ្រ​នោះ​កំពុង​កើត​មាន​នៅ​ទី​តាំង​ជាប់នឹង​ច្រក​ចូល​រូប​សំណាក​ស្រី​ស ឬ​ដែល​គេ​តែងតែ​ហៅ​តៗ​គ្នា​ថា រូបសំណាក​សិលា​ចាំប្ដី។ ទឹក​ស្អុយ​ទាំង​នោះ​មាន​ពណ៌ខ្មៅ រួម​ដោយ​កាកសំណល់​សំរាម​ប្លាស្ទិក បាន​អណ្ដែត​លើ​មាត់​សមុទ្រ​។ ទឹកស្អុយហូរចូលសមុទ្រនេះ មាន​ចម្ងាយ​ប្រហែល​៥ម៉ែត្រ​ពី​កន្លែង​ដែល​ពលរដ្ឋ​លេង​ទឹក។ ចំណែក​ផ្សារក្ដាម​ដែល​មាន​ទីតាំង​ជាប់​នៅ​មាត់​សមុទ្រ​ដែរ​នោះ ទីនោះ​ក៏​មានសំរាមប្លាស្ទិកអណ្ដែតតាមទឹក និង​លើ​ដី​ពាស​ពេញ​យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ឡើយ។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រី ពៅ ដែល​បាន​ចុះ​ដោយ​ផ្ទាល់​ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​នៅ​ទីនោះ​កាល​ពី​ថ្មីៗនេះ ប្រាប់វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី២១ ខែកុម្ភៈថា កញ្ញាព្រួយ​បារម្ភ​ពី​សុខ​ភាព​ពលរដ្ឋ​ដែល​ទៅ​លេង​ទឹក​កម្សាន្ត​នៅក្នុង​សមុទ្រ​ខេត្ត​កែប នាពេលបច្ចុប្បន្ន។ កញ្ញាបាន​ឃើញ​មានការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​ចេញ​ពី​សណ្ឋាគារ​ក្បែរ​នោះយ៉ាងអនាធិបតេយ្យ៖

«យើង​ស្ទើរ​តែ​អត់​ជឿ​ថា​ ស្ថាន​ភាព​ឆ្នេរ​សមុទ្រ​មាន​ពណ៌ខ្មៅ​ដល់​ថ្នាក់​ហ្នឹង។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន ដោយ​សារ​តែ​ម្ខាង​នៃ​គម្លាត​ហ្នឹង ប្រជា​ពលរដ្ឋ​គាត់​លេង​បែប​សប្បាយ​រីករាយ គាត់​អត់​បាន ជា​រឿង​មួយ​ដែល​គាត់​អត់​បាន​គិត​មក​លើ​បញ្ហា​ផ្សេងៗ​ដែល ការ​បង្ហូរ​លូ​ទឹក​ស្អុយ​ចូល​ឬក៏​ស្ថាន​ភាព​ទឹក​ម្ខាង​ទៀត​ដែល​វា​នៅ​ខុស​ពី​កន្លែង​ដែល​គាត់​លេង​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​ទៅ​ដល់​ស្បែក​របស់​គាត់​ទៅ​សុខភាព​របស់​គាត់​ជា​ច្រើន​ហ្នឹង»។

ខេត្តកែបជាខេត្តដែលតូចជាងនៅកម្ពុជា។ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​តែង​តែ​ងូត​ទឹក​សមុទ្រ​ ដើរ​តាម​ឆ្នេរ​ខ្សាច់ និង​បរិភោគ​គ្រឿង​សមុទ្រ​ស្រស់ៗ​ជាដើម។ របាយការណ៍​រដ្ឋបាល​ខេត្តបង្ហាញថា ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​មួយឆ្នាំៗ កាលពីឆ្នាំ ២០២២ បង្ហាញថា ជាង​៩ម៉ឺន​នាក់​ (៩៦​,៤៧១​នាក់)។

ពលរដ្ឋ​មួយ​រូប​លើកឡើងថា លោក​ក៏បារម្ភពីបញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រនេះដែរ។ លោកថា បញ្ហា​នេះ​ប្រជាពលរដ្ឋ​ធ្លាប់​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទប់​ស្កាត​ម្ដង​រួច​មក​ហើយ ប៉ុន្តែមិនឃើញមានអាជ្ញាធរដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ។ លោក​ស្នើដល់​អាជ្ញាធរ​ចាត់​វិធាន​ការ​ទប់​ស្កាត​ឱ្យ​បាន​ឆាប់​ ដើម្បី​ជួយកែលម្អតំបន់ទេសចរណ៍មាត់សមុទ្រនេះ ឱ្យស្រស់ស្អាតឡើងវិញ៖

«ចំពោះ​ការ​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​នេះ ខ្ញុំ​គិតថា​វា​ប៉ះពាល់​ដល់​អ្នក​ទេសចរណ៍ ព្រោះ​វា​ធ្វើ​ឱ្យ​ទឹក​មាន​នូវ​មេរោគ ទឹក​វា​អត់​ស្អាត អ្នក​ងូត​ទឹក ទៅ​លេង​ទឹក​លេង​អ៊ី​មាន​រោគ​រមាស​ស្បែក។ អ៊ីចឹង​អាជ្ញាធរ​គួរតែ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​មាត់សមុទ្រ​នេះ»។

ឆ្លើយតប​រឿង​នេះ អភិបាលក្រុងកែប លោក ខេង យ័ន ប្រាប់វិទ្យុអាស៊ីសេរីថា ការ​ចោទ​ប្រកាន់​របស់​សកម្មជន​បរិស្ថាន ដែល​ថា​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នោះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។លោក​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​បាន​ត្រឹម​ត្រូវ​អស់​ហើយ។ ប៉ុន្តែចំពោះបញ្ហាសំរាមប្លាស្ទិក​វិញ លោក​ថា អាច​នឹង​មាន​ខ្លះ​ ដោយសារតែភ្ញៀវទេសចរដែលមកលេងកម្សាន្ត មួយចំនួន មិន​សូវ​យល់ដឹង​ពី​របៀប​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ៖

«តាម​ពិត​ទៅ​នៅ​ក្នុង​ឆ្នេរ​នោះ​មិន​មែន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទេ ប្រហែល​ជា​គាត់​ឃើញ​ទឹក​ដែល​កក់​នៅ​តាម​ធ្លុង​ហ្នឹង​វា កាលមុន​មាន​ស្លឹក​កាប៉ាង គឺ​វា​នៅ​យូរ​ទៅ​វា​អាច​មើល​ឃើញ​ខ្មៅ​នៅ​លើ​តាម​ធ្លុង​ទេ ប៉ុន្តែ​មិន​មានការ​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​សមុទ្រ​ទេ។ ហើយ​និយាយ​រួម​អត់មាន​លូ​បង្ហូរ​ចូល​សមុទ្រ​ទេ​ពាក់ព័ន្ធ​ទឹក​ស្អុយ​ហ្នឹង ខ្ញុំ​អត់​ដឹង​ថា​គាត់​ឃើញ​ទឹក​ស្អុយ​នឹង​ហូរ​ពីណា​ទៅ ដោយ​សារ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ គឺ​មិន​មាន​ទេ គឺ​យើង​ច្បាស់​ណាស់ អត់មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ»។

ថ្វីដ្បិតមាន​ការអះអាង​បែបនេះ​ពី​សំណាក់​អាជ្ញាធរក្ដី ក៏សកម្មជន​បរិស្ថាន​ឱ្យ​ដឹង​ថា នៅតំបន់​ដែល​មាន​ការ​បង្ហូរទឹកស្អុយ​ចូល​សមុទ្រ​នោះ ទឹកបានប្រែពណ៌ខ្មៅខ្លាំង និង​មាន​ក្លិន​ស្អុយ​ ខណៈដែលស្ថានភាពដីខ្សាច់ដែលនៅ​ជាប់នឹងមាត់សមុទ្រ​វិញ ធ្លាប់តែ​មាន​ពណ៌​ស​បាន​ក្លាយ​ជា​ពណ៌​ជា​ខ្មៅ។ សកម្មជន​បរិស្ថាន​​អះអាង​ទៀត​ថា មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​នេសាទ​ត្រី នៅក្បែរកន្លែងបង្ហូរទឹកស្អុយនោះ ដោយ​ពួក​គាត់​អះអាង​ថា​ត្រីភាគ​ច្រើន​ចូល​ចិត្ត​មក​រក​ស៊ី​ទីនោះ ព្រោះមានទឹកស្អុយ និង​កាក​សំណល់​ដែល​ហូរចេញ​ពី​លូ។

ជុំវិញ​រឿង​នេះ សកម្មជន​​បរិស្ថានលោក សាន់ ម៉ាឡា លើកឡើងថា បញ្ហា​នេះ គឺ​ជា​បញ្ហា​មួយ​ដែល​បាន​កើតឡើង​ស្ទើរតែ​គ្រប់​កន្លែង​នៅ​តំបន់​ទេសចរណ៍​បែប​សមុទ្រ ក្នុង​ប្រទេស​កម្ពុជា។ លោក​កត់​សម្គាល់ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ចាត់​ទុក​បញ្ហា​បង្ហូរ​ទឹក​ស្អុយ​ចូលទន្លេ ឬសមុទ្រ ជា​បញ្ហា​អាទិភាព​នោះទេ​ ខណៈ​ដែល​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ជា​ច្រើន​ពី​វិស័យ​ទេសចរណ៍​នេះ។ លោក​ថា អាជ្ញាធរគួរតែពិចារណាដោះស្រាយបញ្ហា​នេះ​ឱ្យមានប្រសិទ្ធភាព ដូច​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​វាយកម្ទេច​ចោល​ការសាងសង់​សំណង​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កន្លង​ទៅ​ថ្មីៗនេះ៖

«បញ្ហា​សំរាម ប្លាស្ទិក និង​ការ​បង្ហូរ​ទឹក​កង្វក់​ចូល​នៅតែ​បន្ត​កើតឡើង​ដែល​មាន​ជា​ការ​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​មក​លេង​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ ហើយ​ក៏​ជា​ការ​បង្ហូរ​នូវ​ភាព​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ទាំង​មូល​ទាំង​ម្ដង»។

ការ​បង្ហូរ​ទឹក​កង្វក់​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ​នេះ​បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​កន្លែង​ ជាពិសេស​ហូរ​ចេញ​ពី​សណ្ឋាគារ​ធំៗ និង​ផ្ទះ​លំហែ​របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​។ ជា​ឧទាហរណ៍​ដូចជា នៅ​ខេត្តកំពត ព្រះសីហនុ និង​ខេត្តកោះកុង​ជាដើម។ ថ្វីដ្បិត​បញ្ហា​ទាំងអស់​នេះ សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​ធ្វើ​វីដេអូ​ជា​ញឹកញាប់​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ជាហូរហែ​ក៏​ដោយ ក៏​សកម្មជន​បរិស្ថាន​ទាំងនោះ​ មិនត្រូវ​បាន​អាជ្ញាធរ​ស្វាគមន៍​នោះ​ឡើយ ផ្ទុយ​ទៅ​វិញអាជ្ញាធរ​បែរ​ជា​ចោទ​ប្រកាន់​ពួកគាត់​ថា ជា​អ្នក​ធ្វើ​វីដេអូ​បំពុល​សង្គម ដែល​មាន​ចេតនា​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។