អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមីនា មិនទទួលយកញត្តិរបស់ក្រុមយុវជនជិត ៥០នាក់ ដែលផ្តិតមេដៃ ស្នើឱ្យអាជ្ញាធរកែលម្អសោភ័ណ្ឌភាពបរិស្ថាន តាមដងស្ទឹងសៀមរាប ដែលគេបង្ហូរទឹកស្អុយចូលស្ទឹង ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះទេ។ ក្រុមយុវជនដែលស្រលាញ់បរិស្ថានខកចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរខេត្តសៀមរាបមិនទទួកយកញត្តិរបស់ពួកគេដើម្បីចាត់វិធានការតាមការស្នើសុំ។
យុវជនដែលស្រឡាញ់បរិស្ថានម្នាក់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមីនាថា មន្ត្រីសាលាខេត្តសៀមរាបលោក សុខ ផល មិនទទួលញត្តិរបស់ពួកលោកនោះទេ ដោយលើកហេតុផលថា ពួកលោក ពុំមែនជាពលរដ្ឋរស់នៅខេត្តសៀមរាបដែលរងផលប៉ះពាល់នោះឡើយ។ លោកបន្តថា មន្ត្រីសាលាខេត្តបានបង្វែរឱ្យពួកលោក យកញត្តិនេះ ដាក់ជូនមន្ទីរសាធារណៈការខេត្ត ដើម្បីដោះស្រាយ។
តំណាងក្រុមយុវជនបរិស្ថានលោក ថុន រដ្ឋា ចាត់ទុក ទង្វើរបស់អាជ្ញាធរខេត្តនេះថា ជាការបង្កលក្ខណៈស្មុគស្មាញ និងមានចេតនាគេចវេះ មិនទទួលខុសត្រូវ សំអាតបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបន្ថែមថា ក្នុងពេលពួកលោកយកញត្តិដាក់ជូនអាជ្ញាធរខេត្ត និងបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គម បង្ហាញពីបំណងនៃការដាក់ញត្តិនេះ ហើយអាជ្ញាធរមួយចំនួនបាននិយាយដៀមដាម ក្នុងន័យគំរាមកំហែងដល់ពួកលោក៖ «យើងឃើញថា ឱ្យតែដាក់ញត្តិស្នើសុំណាមួយទៅស្ថាប័នរដ្ឋហ្នឹងហាក់បីដូចជា មិនបង្កលក្ខណៈងាយស្រួលឱ្យសាធារណជនទេ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ធ្វើយ៉ាងណាឱ្យគាត់មានភាពស្មុគស្មាញថា លើកក្រោយមិនចង់ធ្វើ និងមិនចង់ខ្វល់ពីបញ្ហាទាំងអស់ហ្នឹង»។
ខ្លឹមសារញត្តិ ដែលមានស្នាមមេដៃ ក្រុមយុវជន ជិត ៥០នាក់ (៤៦) ក្នុងបំណងដាក់ជូនអភិបាលខេត្តសៀមរាប កែលម្អសោភ័ណ្ឌភាពបរិស្ថានស្ទឹងសៀមរាប ក្រោយពីពួកគេប្រទះឃើញ មានទឹកស្អុយហូរចេញពីលូ បណ្តោយស្ទឹងសៀមរាប ដោយមានកាកសំណល់សំរាមមកជាមួយ ធ្វើឱ្យទឹកស្ទឹងប្រែជាល្អក់ពណ៌ខ្មៅ មានក្លិនស្អុយ។ លើសពីនេះ ក្នុងក្រុងសៀមរាប អាជ្ញាធរបានសង់អាងចម្រោះទឹកកខ្វក់តម្លៃ ១៤ លានដុល្លារ ដែលជាកញ្ចប់ថវិការបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្នពុំមែនបម្រើប្រយោជន៍សាធារណៈនោះទេ បែរជាកន្លែងចឹញ្ចឹមត្រីទៅវិញ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាបលោក ទៀ សីហា បាននៅឡើយទេ នៅថ្ងៃទី៣០ ខែមីនា។ ប៉ុន្តែមន្ត្រីសាលាខេត្ត លោក សុខ ផល បានប្រាប់ក្រុមយុវជនឱ្យយកញត្តិនេះ ដាក់ជូនមន្ទីរសាធារណៈការខេត្ត ដើម្បីដោះស្រាយបញ្ហានេះ។
អនុប្រធានមន្ទីរសាធារណការខេត្តសៀមរាបលោក ហាប់ មី ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទាន់ទទួលញត្តិរបស់ក្រុមយុវជនទាំងនេះទេ។ លោកថា លោកស្វាគមន៍ចំពោះការដាក់ញត្តិនេះ និងបានជំរុញឱ្យក្រុមយុវជន គួរតែសហការ និងសួរនាំអាជ្ញាធរជំនាញ បកស្រាយរឿងនេះ ស្របតាមលក្ខណៈបច្ចេកទេសជាមុនសិន៖ «គាត់មានលុយប៉ុន្មានឱ្យកែ ធ្វើម៉េចបច្ចេកទេស ? ខាងក្រុមយុវជនបរិស្ថានគេថា ម៉េច ? មានសួរគេអត់ ហើយលក្ខណៈជាប្រព័ន្ធវាយ៉ាងម៉េច ?»។
ពលរដ្ឋរស់នៅក្រុងសៀមរាប អាំង ឆាល ថ្លែងថា ការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាបកើតមានច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរមិនយកចិត្តទុកដាក់ដោះស្រាយ ដែលធ្វើឱ្យទឹកស្ទឹងប្រែជាល្អក់ពណ៌ខ្មៅ កខ្វក់ ដោយសារមានលូបង្កប់ក្នុងដីជាច្រើនកន្លែង បង្ហូរទឹកបង្គន់ចូលស្ទឹង។ លោកយល់ថា បើអាជ្ញាធរមានឆន្ទៈដោះស្រាយរឿងនេះ មិនពិបាកនោះទេ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា អាជ្ញាធរមានករណីកិច្ចទទួលយកសំណូមពររបស់ពលរដ្ឋមកដោះស្រាយ ដោយមិនរើសអើងថា ពលរដ្ឋរស់នៅតំបន់ណានោះទេ ។ លោកបន្តថា ការរកឃើញ របស់ក្រុមយុវជនទាំងនេះ ជាចំណុចល្អ ដែលអាជ្ញាធរគួរតែដោះស្រាយ ដើម្បីចូលរួមកែលម្អចំណុចខ្វះខាតរបស់ខ្លួន៖ «យើងសូមសរសើរឆន្ទៈមោះមុត របស់កម្លាំងយុវជនហ្នឹងដែរ វារុញអាជ្ញាធរខេត្តនេះ ឱ្យគិតពីផលប៉ះពាល់បរិស្ថានទឹកស្ទឹង ដែលហូរចូលដោយទឹកស្អុយហ្នឹង»។
ញត្តិរបស់ក្រុមយុវជន ជំរុញឱ្យអាជ្ញាធរខេត្តនេះ លើកកម្ពស់សោភ័ណភាពបរិស្ថានស្ទឹងសៀមរាបដែលជាស្ទឹងប្រវត្ថិសាស្ត្រ ដើម្បីពលរដ្ឋអាចប្រើប្រាស់ទឹកបាន និងទាក់ទាញភ្ញៀវទេសចរណ៍។ ពួកគេបារម្ភថា ទឹកកខ្វក់ទាំងនេះ មានក្លិនស្អុយ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ ជីវចម្រុះ ការនេសាទត្រី និង ការប្រើប្រាស់ទឹករបស់ប្រជាកសិករជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។