ក្រុមអាជ្ញាធរខណ្ឌដូនពេញរារាំងក្រុមយុវជនស្រឡាញ់បរិស្ថានជិត ២០នាក់ ខណៈពួកគាត់ធ្វើដំណើរពីផ្សាររាត្រី ទល់មុខមាត់ទន្លេឆ្ពោះទៅក្រសួងបរិស្ថាន ដើម្បីដាក់ស្នើឱ្យដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិកនៅថ្ងៃទី៣១ ខែតុលា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការរារាំងរបស់អាជ្ញាធរគឺជាការរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងដល់យុវជន ដែលគិតគូរពីបញ្ហាបរិស្ថាន។
ក្រុមអាជ្ញាធរខណ្ឌដូនពេញស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានចំនួន ២០នាក់ចុះរារាំងរុញច្រាន និងចោទយុវជនថា ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ហើយបានដកបដាចេញពីក្រុមយុវជននៅពេលពួកគេធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងបរិស្ថាន។ យុវជនធ្វើដំណើរទៅដាក់ញត្តិទៅ ក្រសួងបរិស្ថានមានគ្នាជិត ២០នាក់ យកថង់ប្លាស្ទិកមករុំខ្លួន និងចងក្រណាត់ពណ៌ខៀវនៅលើក្បាលដែលមានខ្លឹមសារថា ជីវិតថ្លៃថ្នូរ។

យុវជនសកម្មការងារសង្គម កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែតុលាថា គោលបំណងនៃការដាក់ញត្តិនេះគឺដើម្បីស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធលើការនាំចូលថ្លង់ប្លាស្ទិកចន្លោះពី ១០ភាគរយ ទៅ ១៥ភាយរយ និងដំឡើងតម្លៃថង់ប្លាស្ទិកនៅតាមផ្សារទំនើប ៨០០រៀលក្នុងមួយថង់ដើម្បីជំរុញកុំឲ្យពលរដ្ឋប្រើប្រាស់ ដើម្បីការពារបរិស្ថាន។ កញ្ញាថា តម្លៃថង់ជាមធ្យមនៅក្នុងផ្សារទំនើបថង់មួយថ្លៃចន្លោះពី ៤០០រៀលទៅ ៥០០រៀល។ កញ្ញាបន្តថា តំណាងក្រសួងបរិស្ថានបានចេញមកទទួលយកញត្តិ ប៉ុន្តែកញ្ញាសោកស្ដាយដែលអាជ្ញាធរខណ្ឌដូនពេញបានប្រើពាក្យសំដីមិនសមរម្យ និងរុញច្រានយុវជន។
កញ្ញា រៀម ស្រីពេជ្ររតនា៖«កាន់តែសោកស្ដាយមួយទៀតសោកស្ដាយថាពួកគាត់ជាមន្ត្រីរាជការ មន្ត្រីសណ្ដាប់ធ្នាប់គឺត្រូវការពារប្រជាពលរដ្ឋដែលដើរនៅទីសាធារណៈ ត្រូវតែផ្ដល់នៅសេវាដល់ប្រជាពលរដ្ឋប៉ុន្តែបែរជាពួកគាត់មកហាមឃាត់ហើយប្រើហិង្សាមកលើកាន់ប្រជាពលរដ្ឋ សួរថាពួកគាត់ធ្វើការបម្រើប្រជាពលរដ្ឋឬក៏តែងខ្លួនមកឈរតាំងពិព័ណ៌នៅខាងមុខឱ្យឃើញថាមានសណ្ដាប់ធ្នាប់ហើយគ្រាន់តែមកឈរការពារតែទៅលើអ្នកមានអំណាចឬយ៉ាងណា»។
យុវជនស្រឡាញ់បរិស្ថាន កញ្ញា ជិន ឆវីន ដែលបានចូលរួមដង្ហែញត្តិ លើកឡើងថា បញ្ហាថ្លង់ប្លាស្ទិកបានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋ បរិស្ថាន និងជីវចម្រុះជាច្រើននៅក្នុងទឹក ជាពិសេសអាចធ្វើឱ្យភ្ញៀវទេសចរលេងមកកម្សាន្តដោយសារក្លិនស្អុយនៃកក់សំណល់ទាំងនោះ។
កញ្ញា ជិន ឆវីន៖«វាប៉ះពាល់ទៅដល់មនុស្សសត្វវាអាចធ្វើការបំពុលខ្យល់ទឹកដែលយើងប្រាស្រ័យទាក់ទងនឹងវាដែលមួយវិញទៀតនៅពេលដែលយើងប្រើប្រាស់ថង់ប្លាស្ទិកខ្លាំងដីក៏វាអត់មានជីវិតពេលយើងប្រើប្រាស់ប្លាស្ទិកច្រើនហើយអាចដុតផ្សែងវាហើរទៅលើអាកាសក៏វាប៉ះពាល់ដល់ឧស្ម័នដែរ»។
កាលពីខែធ្នូ ឆ្នាំ២០១៦ ក្រសួងបរិស្ថានបានចេញអនុក្រឹត្យមួយប្រគល់មុខងារគ្រប់គ្រងសំរាមសំណល់ទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានីក្រុង និងស្រុកធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅឱ្យរដ្ឋបាលថ្នាក់ខណ្ឌដោយចាត់វិធានការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន។ ទោះជាបែបនេះក្ដី កន្លងមកពលរដ្ឋ សកម្មជនបរិស្ថាន និងសង្គមស៊ីវិលរិះគន់រដ្ឋាភិបាល ថាអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសំរាមជូនពលរដ្ឋ ហើយជួនកាលមានយុវជនខ្លះហាក់អស់សង្ឃឹមចំពោះចំណាត់ការរបស់មន្ត្រីរដ្ឋាភិបាល ដោយពួកគេបានចងក្រងគ្នាទៅជាក្រុមយុវជនដើរប្រមូលសំរាមនៅតាមទីសាធារណៈ ដូចជាកន្លែងមានការប្រគំតន្ត្រី និងនៅតាមដងទន្លេជាដើម ។
វិទ្យុអាស៊ីសេរីមិនអាចអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣១ តុលា។
ជុំវិញបញ្ហានេះសកម្មជនសិទ្ធិមនុស្ស និងជាអ្នកការពារបរិស្ថាន លោក សាន់ ម៉ាឡា មានប្រសាសន៍ថា អាជ្ញាធរមានកាតព្វកិច្ចការពារពលរដ្ឋ និងបម្រើពលរដ្ឋមិនមែនរារាំង គំរាមកំហែងយុវជននៅពេលពួកគាត់ធ្វើសកម្មភាពបម្រើដល់ផលប្រយោជន៍រួមនោះទេ។ លោកស្នើឱ្យរដ្ឋាភិបាលគួរតែបើកលំហសិទ្ធិសេរីភាព និងទទួលយកការរិះគន់ពីប្រជាពលរដ្ឋ ដើម្បីកែចំណុចខ្វះខាត និងចូលរួមជួយកាត់បន្ថយចំនួនអ្នកប្រើប្រាស់ថង់ប្លាស្ទិក លើកកម្ពស់សោភ័ណភាពប្រទេស។
លោក សាន់ ម៉ាឡា៖«ប៉ុន្តែជាអកុសលនៅក្នុងសង្គមយើងមួយនេះត្រូវបានរងការរឹតត្បិត ការឃ្លាំមើល ការសួរនាំពេលខ្លះក៏មានការយាយីការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋជាអ្នកអនុវត្តផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយបើយើងទៅមើលលើរដ្ឋធម្មនុញ្ញបានធានាសិទ្ធិរបស់ប្រជាពលរដ្ឋ រដ្ឋធម្មនុញ្ញបានចែងថារាល់សេចក្ដីស្នើរបស់ប្រជាពលរដ្ឋអង្គការរដ្ឋត្រូវយកចិត្តទុកពិនិត្យ និងដោះស្រាយដោយម៉ត់ចត់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំការបកស្រាយជុំវិញការរារាំងយុវជនបានទេនៅថ្ងៃទី៣១ តុលា។
របាយការណ៍ក្រសួងបរិស្ថានបង្ហាញថា ក្នុងមួយថ្ងៃកម្ពុជាបង្កើតសំរាមប្រមាណ ១ម៉ឺនតោនហើយនៅក្នុងនោះ រាជធានីភ្នំពេញមាន ៣ពាន់តោន ខេត្តព្រះសីហនុ និងខេត្តសៀមរាបមានប្រមាណ ៤រយតោន។ សំរាមប្លាស្ទិកមាន ២០ភាគរយ សំណល់រឹងប្រមាណ ១០ភាគរយ និងផ្សេងទៀតជាសំរាមសើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។